Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីសុខាភិបាល ៖ ការផ្តល់សេវាថែទាំសុខភាព ដោយឥតបង់ថ្លៃជូនបុគ្គលិក និងអ្នកដោះមីន

spot_img

ភ្នំពេញ៖ ដោយយោងតាមអនុសាសន៍របស់សម្តេចតេជោនាយករដ្ឋមន្រ្តី លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីសុខាភិបាល​ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានចេញលិខិតប្រាប់ទៅអង្គភាពក្រោមឱវាទរបស់ក្រសួងសុខាភិបាល ការផ្តល់សេវាថែទាំសុខភាពដោយឥតបង់ថ្លៃ នៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ ជូនដល់បុគ្គលិក និងអ្នកជំនាញដោះមីន នៃប្រតិបត្តិករបោសសម្អាតមីន ចាប់ពីថ្ងៃទី២១ ខែកុម្ភៈនេះតទៅ។

ជាមួយគ្នានោះដែរ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា ហៅកាត់ថា ស៊ីម៉ាក់ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានសរសេរក្នុងផេកហ្វេសប៊ុកផ្លូវការរបស់លោកផងដែរថា ការផ្តល់កាដូសេវាព្យាបាលសុខភាពឥតគិតថ្លៃ របស់សម្តេច ហ៊ុន សែន ជូនអ្នកជំនាញដោះមីន និងប្រតិបត្តិករដោះមីននៅកម្ពុជា គឺជាការជំរុញលើកទឹកចិត្តឲ្យមន្ត្រីកាន់ តែមានភាពស្វាហាប់ ក្នុងប្រតិបត្តិការដោះមីន។

លោក ហេង រតនា បានឲ្យដឹងថា ការលើកទឹកចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាដ៏ថ្លៃថ្លានេះ គឺជាកត្តាមួយដែលជំរុញឲ្យបុគ្គលិកស៊ីម៉ាក់ និងមន្ត្រីដោះមីនផ្សេងទៀត ក្នុងប្រតិបត្តិការដោះមីននៅកម្ពុជា ឲ្យកាន់តែមានភាពស្វាហាប់ ម៉ឺងម៉ាត់ និងសម្រេចបាននូវភាពជោគជ័យកាន់តែលឿនថែមទៀត។ បើតាមលោកអគ្គនាយកស៊ីម៉ាក់ ៖ “ខ្ញុំបាទតាងនាមប្រតិបត្តិករបោសសម្អាតមីននៅកម្ពុជា និងមន្ត្រីបុគ្គលិកអង្គភាពស៊ីម៉ាក់ទាំងអស់ សូមគោរពសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះទឹកចិត្តមេត្តាធម៌ និងយកចិត្តទុកដាក់ខ្ពស់បំផុត របស់សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាលចំពោះអ្នកជំនាញដោះមីន គ្រាប់សំណល់ពីសង្គ្រាម ដោយសម្តេចតេជោ បានសម្រេចផ្តល់សេវាកម្មពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ។ ក្រោយពីបានទទួលអនុសាសន៍របស់សម្តេចតេជោ​ភ្លាម​ លោករដ្ឋមន្ត្រីក្រសួងសុខាភិបាល​ក៏បានសម្របសម្រួលជាមួយខ្ញុំបាទផងដែរ។ សូមឆ្លៀតឱកាសនេះ​ សូមគោរពជូនពរសម្តេចតេជោនិងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត​ មានសុខភាពល្អរឹងមាំ​ ដើម្បីបន្តដឹកនាំព្រះរាជាណាចក្រដ៏កម្សត់នេះ​ ដោយរក្សាបាននូវសុខសន្តិភាពនិងអភិវឌ្ឍន៍រុងរឿងជានិច្ចនិរន្តរ៍”។

សូមបញ្ជាក់ថា ​នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ក្នុងឱកាសសម្ដេចតេជោ ហ៊ុន​ សែន បន្តជួបសំណេះ​សំណាល​ជាមួយកម្មករ-កម្មការិនីមកពី ១៥រោងចក្រ នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាជ្ញាធរមីនកម្ពុជា ប្រកាសអនុញ្ញាតឲ្យអ្នកប្រតិបត្តិករស៊ីម៉ាក់ទាំងអស់ រួមទាំងអ្នកបម្រើការនៅតាមអង្គការពាក់ព័ន្ធការបោសសំអាតមីនផ្សេងៗទៀត អាចទទួលបានសេវាពិនិត្យព្យាបាលជំងឺនៅតាមមន្ទីរពេទ្យមិនគិតថ្លៃ។

ប្រមុខរាជរដ្ឋាភិបាលបានលើកឡើងថា ដោយសារយល់ឃើញថា កម្លាំងប្រតិបត្តិករដោះមីន ជាកម្លាំងស្នូលមួយក្នុងការបោះសម្អាតមីន និងគ្រាប់មិនទាន់ផ្ទុះនៅកម្ពុជា ប៉ុន្តែបើកម្លាំងទាំងនេះមាន បញ្ហាសុខភាព ឬមានសុខភាពមិនល្អនោះទេ ដំណើរការប្រតិបត្តិការដោះមីននៅកម្ពុជា នឹងមានការយឺតយ៉ាវជាក់ជាមិនខាន ដូច្នេះការយកចិត្តទុកចំពោះសុខភាពពួកគាត់ គឺត្រូវតែធ្វើឲ្យបានដិតដល់បំផុត ហើយបញ្ហានេះក៏មានការស្នើសុំរួចហើយ ពីសំណាក់ប្រធានអង្គភាពស៊ីម៉ាក់។

ដើម្បីឆ្លើយតបនឹងសំណូមពររបស់ប្រធានស៊ីម៉ាក់ ដែលស្នើសុំរាជរដ្ឋាភិបាលអនុញ្ញាតឲ្យប្រតិបត្តិករដោះមីននៅកម្ពុជា ទទួលបានការពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃនោះ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសអនុញ្ញាតតាមសំណើរបស់មជ្ឈមណ្ឌលស៊ីម៉ាក់ នៅថ្ងៃនេះតែម្ដង ដោយណែនាំទៅរដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង ត្រូវសហការបំពេញការងារនេះ ជាមួយលោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ នៃអាជ្ញាធរមីនកម្ពុជា។

សម្ដេចតេជោ បានថ្លែងថា “ក្នុងឋានៈជានាយករដ្ឋមន្ត្រី ខ្ញុំសូមប្រកាសជូនបងប្អូនប្រតិបត្តិករដោះមីនទាំងអស់​នៅកម្ពុជា ឲ្យទទួលបានការពិនិត្យ និងព្យាបាលដោយឥតគិតថ្លៃដូចកម្មករ-កម្មការិនីដែរ”៕ ដោយ៖បញ្ញាស័ក្តិ

spot_img
×