Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនសង្ស័យ​១​នាក់ ពាក់ព័ន្ធ​នឹង​ករណី​អំពើ​លួច​ឆក់​កាបូប ភ្ញៀវ​បរទេស​ជិះ​កង់​កម្សាន្ត​នៅ​តំបន់​អង្គរវត្ត ត្រូវ​បញ្ជូនទៅ​តុលាការ​

spot_img

​ក្រុង​សៀមរាប​៖​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប បាន​ឲ្យ​ដឹងថា កម្លាំង​នគរបាល​ក្រុង​សៀមរាប​ស្រាវជ្រាវ​និង​ឃាត់ខ្លួន ជនសង្ស័យ​បាន​ចំនួន​១​នាក់​ពាក់ព័ន្ធ​នឹង​ករណី​អំពើ​លួច​(​ឆក់​កាបូប​)​ភ្ញៀវ​បរទេស​ជិះ​កង់​កម្សាន្ត​នៅ​តំបន់​អង្គរវត្ត និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ហើយ​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​នៃ​ច្បាប់ ។

កាលពី​ថ្ងៃ​សុក្រ ទី​៨ ខែមករា ឆ្នាំ​២០២១ វេលា​ម៉ោង​១២:០០ នាទី​រសៀល នៅ​ចំណុច​ខាងជើង​វត្ត​ថ្មី តាម​បណ្តោយ​ផ្លូវ​កូ​ម៉ៃ ស្ថិតនៅ​ភូមិ​ត្រពាំង​សេះ សង្កាត់​គោកចក ក្រុង​សៀមរាប ខេត្តសៀមរាប មាន​ករណី​អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស​(​ឆក់​កាបូប​) បង្កឡើង​ដោយ​ជនសង្ស័យ​០១​នាក់ បានធ្វើ​សកម្មភាព​ជិះ​ម៉ូតូ​ឆក់​កាបូប​របស់​ជនរងគ្រោះ​ឈ្មោះ​MARQUT GENEIEVE ភេទ​ស្រី អាយុ​៧១​ឆ្នាំ ជនជាតិ​បារាំង ដោយ​ក្នុង​កាបូប​មាន​ទូរស័ព្ទ​ម៉ាក​Iphone6s plus ពណ៌​ទឹកប្រាក់ ចំនួន​០១​គ្រឿង លុយ​១០០​ដុល្លារ លុយ​ខ្មែរ ៨​ម៉ឺន​រៀល និង​កាត​ធនាគារ បណ្ណ​បើកបរ ព្រមទាំង​សម្ភារៈ​មួយចំនួន ខ​ណះ​ពេលដែល​ជនរងគ្រោះ​ជិះ​កង់​មកពី​កម្សាន្ត​នៅ​តំបន់​ប្រាសាទ​អង្គរ ដោយ​ដាក់​កាបូប​ក្នុង​កន្ត្រក ពុំបាន​ចងខ្សែ​កាបូប​ភ្ជាប់​នឹង​កង់ ។

​បន្ទាប់ពី​បានទទួល​ពាក្យបណ្តឹង​ពី​ជនរងគ្រោះ លោក​វរសេនីយ៍ទោ ដា ចំរើន អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប បាន​ដឹកនាំ​កម្លាំង​នគរបាល​រដ្ឋបាល​ប៉ុស្តិ៍​ស្វាយដង្គំ និង​គោកចក ព្រមទាំង​កម្លាំង​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ ចុះ​ដល់​កន្លែងកើតហេតុ បើក​ការស្រាវជ្រាវ រហូត​ឈានដល់​កំណត់​បាន​អត្តសញ្ញាណ​ជនសង្ស័យ លុះដល់​ព្រឹក​ថ្ងៃទី​០៩ ខែមករា ឆ្នាំ​២០២១ ដោយមាន​ការ ឯកភាព ពី​លោក ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត និង​ស្នងការរង​ទទួល​ផែន​ព្រហ្មទណ្ឌ នៅ​ចំណុច​ភូមិ​ស្វាយព្រៃ សង្កាត់​ស្វាយដង្គំ ក្រុង​/​ខេត្តសៀមរាប យើង​បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ ឈ្មោះ ឡា​ច ភី​រម្យ ហៅ​ទីន ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ស្នាក់នៅ​ភូមិ​ត្រពាំង​សេះ សង្កាត់​គោកចក ក្រុង​សៀមរាប ខេត្តសៀមរាប មក​សាក​សួរនាំ ។

​ក្រោយពី​សួរនាំ​ជនសង្ស័យ​ខាងលើ បាន​ឆ្លើយថា​សារភាពថា​ខ្លួន​ពិតជា​បាន​ឆក់​កាបូប ជនរងគ្រោះ​ដោយមាន​ទូរស័ព្ទ និង​ប្រាក់​ខាងលើ​ពិតមែន រីឯ​កាបូប រូបគេ​បាន​ដុតបំផ្លាញ​ចោល បន្ទាប់មក កម្លាំង​យើង​បានធ្វើ​តេស្ត​រកសារ​ធាតុ​ញៀន​លើ​ជនសង្ស័យ​លទ្ធផល​វិជ្ជមាន (+)​ផងដែរ ។ វត្ថុតាង​ដកហូត​
​ទូរស័ព្ទ​ម៉ាក​Iphone6s plus ចំនួន ០១​គ្រឿង និង​ម៉ូតូ​ជា​មធ្យោបាយ​ដែល​ជនសង្ស័យ​ជិះ​ធ្វើ​សកម្មភាព ចំនួន ១​គ្រឿង​។​

​ជនសង្ស័យ និង​វត្ថុតាង​ត្រូវបាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​នៃ​ច្បាប់ នៅ ថ្ងៃ ទី​១០ ខែមករា ឆ្នាំ​២០២១៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×