Wednesday, April 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងពាណិជ្ជកម្ម រៀបចំ​យុទ្ធសាស្ត្រ​ពាណិជ្ជកម្ម ដើម្បី​ទាញយក​ប្រយោជន៍​ជា​អតិបរមា​ពី​កិច្ចព្រមព្រៀង​សេរី (FTA)

spot_img

​ភ្នំពេញ​៖ លោក ប៉ែន សុ​វិជាតិ អនុរដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម​បាន​ដឹកនាំ​កិច្ចប្រជុំ​លើក​ទី​៦ ដើម្បី​ពិនិត្យ មើល​វឌ្ឍនភាព​នៃ​ការរៀបចំ​យុទ្ធសាស្ត្រ​ពាណិជ្ជកម្ម ដើម្បី​ទាញយក​ប្រយោជន៍​ជា​អតិបរមា​ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី (FTA)​។​

​លោក​អនុរដ្ឋលេខាធិការ​បាន​មានប្រសាសន៍ថា ដោយ​ផ្អែក​តាម​អនុសាសន៍​របស់​ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​ណែនាំ​ឱ្យ​ក្រុមការងារ​បង្កើត​តារាង​ម៉ា​ទ្រិ​ច (Matrix) ដោយមាន​រាយ​មុខទំនិញ​ចំនួន ៥០ មុខ ក្នុងនោះ​មាន​ទំនិញ​ជា​ផលិតផល​ថ្មី ចំនួន ២០ មុខទំនិញ ផលិតផល​កំពុង​លូតលាស់​ចំនួន​២០ មុខទំនិញ និង ផលិតផល​ចាស់ទុំ​ចំនួន​១០ មុខទំនិញ ដោយ​ត្រូវ​សិក្សា​លើ​របាំង​បច្ចេកទេស របាំង​ពន្ធគយ ភាពអនុគ្រោះ​ពន្ធ​នានា​ដែល​ប្រទេស​ចិន​ផ្តល់ជូន​កម្ពុជា ដើម្បី​ជម្រុញ​ការនាំ​ចេញទៅ​ប្រទេស​ចិន​ឱ្យ​បានជា​អតិបរមា​។​

​ជាមួយគ្នានេះ​លោក​អនុរដ្ឋលេខាធិការ​បាន​ស្នើ​ឲ្យ​ក្រុមការងារ​លេខា​ធិ​ដ្ឋា​ន​សិក្សា​ស្រាវជ្រាវ​បន្ថែមទៀត ដោយ​ត្រូវ​ពង្រីក​ការសិក្សា​ស្រាវជ្រាវ​មុខទំនិញ​ពី HS code ៤​ខ្ទង់ ទៅជា HS Code ៦​ខ្ទង់ ឬ ៨ ខ្ទង់ និង​ផ្តល់​អនុសាសន៍​លើ​ទំនិញ​ណាមួយ​ឲ្យ​បានច្បាស់លាស់​ដែល​យើង​ផលិត​បាន និង​មាន​តម្រូវការ​ទីផ្សារ ហើយ​ក្រុម​លេខាធិការដ្ឋាន FTA ត្រូវ​សហការ​ជាមួយ​នាយកដ្ឋាន​គោលនយោបាយ និង​អភិវឌ្ឍ​ទីផ្សារ​ក្នុងការ​ជ្រើសរើស​មុខទំនិញ​សម្រាប់​រៀបចំ Factsheet និង​កំណត់​ផលិតផល​សក្តានុពល​ស​ម្រា​ប់​ជម្រុញ​ការនាំចេញ​ដើម្បី​ឲ្យ​ស្របតាម​គោលនយោបាយ​ពាណិជ្ជកម្ម​របស់​រដ្ឋាភិបាល ។​

​ជា​លទ្ធផល​អង្គ​ប្រជុំបាន​ឯកភាពគ្នា​ចំនួន​៣​ចំនុច រួមមាន​៖ (១) បន្ថែម​ការវិភាគ SWOT Analysis នៅក្នុង Factsheet ដើម្បី​ធ្វើជា​មូលដ្ឋាន​ក្នុង​ការផ្តល់​អនុសាសន៍​គោលនយោបាយ​ចំពោះមុខ​ទំនិញ​នីមួយៗ និង​ត្រូវ​កំណត់​យក Factsheet ពី ២​ទៅ​៣​ទំព័រ ប៉ុន្តែ​ត្រូវតែមាន​ព័ត៌មាន​គ្រប់​ជ្រុងជ្រោយ​ងាយស្រួល​សម្រាប់​ថ្នាក់ដឹកនាំ អ្នក​នាំចេញ ធ្វើការ​សម្រេច​ចិត្តបាន​ភ្លាមៗ (២)​បាន​ឯកភាព​លើ​មាតិកា​នៃ​របាយការណ៍​យុទ្ធសាស្ត្រ​ពាណិជ្ជកម្ម ដើម្បី​ទាញយក​ប្រយោជន៍​ជា​អតិបរិមា​ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​(FTA) ដោយ​បញ្ចូល​ចំនុច​ចក្ខុវិស័យ​និង​គោលបំណង​ទៅក្នុង​សេចក្តី​ផ្តើម​វិញ និង​បន្ថែម​តារាង​ឧបសម្ព័ន្ធ (៣)​បង្កើត​តារាង​ម៉ា​ទ្រិ​ច​(Matrix) រាយ​មុខទំនិញ​ចំនួន ៥០ មុខ តាម​អនុសាសន៍​របស់​ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ហើយ​ចំនុច​ដែល​បាន​ឯកភាព​ទាំង​៣​ខាងលើនេះ នឹងត្រូវ​ដាក់ចូល​ទៅក្នុង​របៀបវារៈ​នៅក្នុង​កិច្ចប្រជុំ​លើក​ក្រោយ​ទៀត​៕
​រក្សា​សិទ្ធិ​ដោយ​៖CEN


spot_img
×