Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​រដ្ឋមន្ត្រីក្រសួង​អប់រំ ៖ ឆ្នាំ​សិក្សា​ថ្មី ឆ្នាំ​២០២០-២០២១​នេះ មាន​សិស្ស​សិក្សា​ជិត ៤​លាន​នាក់​

spot_img

​កំពង់ចាម​៖ រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា ឯកឧត្តម ហង់​ជួន ណា​រ៉ុ​ន បានឱ្យដឹងថា ឆ្នាំ​សិក្សា​ថ្មី ឆ្នាំ​២០២០-២០២១​នេះ មាន​សិស្ស​សិក្សា​ជិត ៤​លាន​នាក់​។ ក្នុងនោះ​សិស្ស​ថ្នាក់​ម​ត្តេ​យ្យ និង​ចំណេះដឹង​ទូទៅ​ទាំង​រដ្ឋ និង​ឯកជន មាន​ប្រមាណ ៣​លាន ៥​សែន​នាក់ សិស្សស្រី​មាន​ប្រមាណ ៤៩​ភាគរយ​។ ដោយឡែក​ថ្នាក់​ឧ​ត្ត​ម​សិក្សា​ទាំង​រដ្ឋ និង​ឯកជន មាន​ប្រមាណ ២១​ម៉ឺន​នាក់ និស្សិត​ស្រី​ប្រមាណ ៤៦​ភាគរយ​។​

​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​អប់រំ បាន​ថ្លែង​ឱ្យដឹង​បែបនេះ ក្នុងឱកាស​អញ្ជើញ​បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី ដែល​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០២១​នេះ នៅ​វិទ្យាល័យ​អប់រំ​ពិសេស​កំពង់ចាម ខេត្តកំពង់ចាម​។ ពិធី​បើក​បវេសនកាល​ដែល​ធ្វើឡើង​នៅ​ខេត្តកំពង់ចាម ត្រូវបាន​ធ្វើឡើង​ក្រោម​អធិបតីភាព​របស់​ឯក​ឧ​ត្ត​ម​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង​។​

​គ្រឹះស្ថានសិក្សា​សាធារណៈ ទូទាំងប្រទេស បានរៀបចំ​ពិធី​បើក​បវេសនកាល
​ឆ្នាំ​សិក្សា​ថ្មី ២០២០-២០២១ ដែលជា​ថ្ងៃ​នៃ​ការ​រៀបចំខ្លួន​អបអរសាទរ​ថ្ងៃ​ផ្ដើម​ជីវិត​សិក្សា​ដំបូង​របស់​កុមារ​តូចៗ ដែល​ទើប​គ្រប់​អាយុ​សិក្សា និង​ជា​ថ្ងៃ​ដែល​ប្អូនៗ​សិស្សានុសិស្ស និស្សិត​បន្ត​ចូលរៀន​នៅ​កម្រិត​ថ្នាក់ខ្ពស់​បន្តទៀត​នៅ​ទូទាំងប្រទេស​ដែល មានការ​អញ្ជើញ ចូលរួម​ពី​សំណាក់​ថ្នាក់ដឹកនាំ​ក្រសួង​អប់រំ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និស្សិត សិស្ស នៅតាម​សាលា​រៀងៗ ខ្លួន​។
​ប៉ុន្តែ​បរិបទ​ថ្មី ដើម្បី​ធានា​ដំណើរការ​គ្រឹះស្ថាន​ដោយមាន​ប្រសិទ្ធភាព និង​សុវត្ថិភាព​ក្នុង​បរិបទ​កូ​វីដ​-១៩ គ្រឹះស្ថានសិក្សា​ទាំងអស់​អនុវត្ត​គោលការណ៍​ប្រតិបត្តិ​ស្តង់ដា SOP ដែល​សំណុំ​នៃ​ការណែនាំ​ជា​ជំហានៗ ដើម្បី​ជួយ​ឲ្យ​គ្រឹះស្ថានសិក្សា​ធ្វើ​ប្រតិបត្តិ​ការសម្រេចបាន​នូវ​ប្រសិទ្ធភាព និង​គុណភាព​បង្កា​ការឆ្លង​កូ​វីដ​១៩​។​
​ក្នុង​សារលិខិត​បើក​បវេសនកាល​ឆ្នាំ​សិក្សា ២០២០-២០២១ សម្តេច តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​មានប្រសាសន៍ថា វិស័យ​អប់រំ និង​សុខាភិបាល​ជា​អាទិភាព​ទី​១ ដោយ​ស្នើឱ្យ​ក្រសួង​អប់រំ យុវជន និង​កីឡា បុគ្គលិក​អប់រំ និង​សិស្សានុសិស្ស ត្រូវអនុវត្ត​វិធានការ​សុវត្ថិភាព​សុខភាព​អនាម័យ តាម​អភិក្រម ៣​ការពារ ៣​កុំ ក្នុង​បរិបទ​កូ​វិដ​-១៩ ត្រូវ​រៀបចំ និង​អនុវត្ត ទស្សនាទាន គន្លង​ជីវិត​ថ្មី​ក្នុង​វិស័យ​អប់រំ បន្ត​ជំរុញ​ការអប់រំ​ឌីជីថល និង​អនុវត្ត​វិធីសាស្ត្រ​ការអប់រំ​តាមបែប​ចម្រុះ​ចាំបាច់​ក្នុង​យុគសម័យ​ឌីជីថល និង​សេដ្ឋកិច្ច​ឌីជីថល ក្នុង​សតវត្ស​ទី​២១​។
​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ក៏បាន​ថ្លែង​នូវ​អំណរគុណ​ចំពោះ​បងប្អូន​ជនរួមជាតិ បុគ្គលិក​អប់រំ លោកគ្រូ អ្នកគ្រូ​ទាំងអស់ ព្រមទាំង​ដៃគូ​អភិវឌ្ឍ វិស័យ​ឯកជន អង្គការ​មិនមែន​រដ្ឋាភិបាល​ជាតិ អន្តរជាតិ និង​សប្បុរសជន​នានា ដែល​តែងតែបាន​រួមចំណែក កសាង និង​អភិវឌ្ឍ​វិស័យ​អប់រំ​នៅ​កម្ពុជា​ឱ្យមាន​ដំណើរការ​រីកចម្រើន​គួរ​ជាទី​មោទនៈ​ក្នុង​រយៈកាល​កន្លងមក​នេះ និង​សូម​បន្ត​ជួយឧបត្ថម្ភ​គាំទ្រ និង​ផ្ដល់នូវ​កិច្ចសហការ​ល្អ​តទៅទៀត រីឯ​យុវជន យុវនារី និស្សិត សិស្សានុសិស្ស ទាំងអស់ សូម​បន្ត​ខិតខំ​រៀនសូត្រ ត្រូវ​នៅ​ឱ្យ​ឆ្ងាយ​ពី​គ្រឿងញៀន និង​ធ្វើការ​សិក្សា​ស្រាវជ្រាវ​ឱ្យបាន​ខ្ជាប់ខ្ជួន ដើម្បី​ការរីកចម្រើន​នៅក្នុង​គ្រួសារ ក្នុង​សង្គមជាតិ និង​ប្រទេសជាតិ​ទាំងមូល​។

សារលិខិត​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងឱកាស​បើកប​វេ​សន កាល​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០២១ ជា​ថ្ងៃ​បើក​ទំព័រ​ថ្មី​នៃ​ការចាប់ផ្ដើម​ជីវិត​សិក្សា​ដំបូង​របស់​ក្មួយៗ​ដែល​ទើប​ដល់​អាយុ​ត្រូវ​ចូល​សាលារៀន និង​ជា​ថ្ងៃ​ត្រឡប់​មកកាន់​សាលារៀន​វិញ​ក្នុង​ឆ្នាំ​សិក្សា​ថ្មី​បន្ទាប់ពី​បាន​ឆ្លងកាត់ និង​ទទួល​បទពិសោធន៍​នៃ​ការអប់រំ​ក្នុងសម័យ Covid- ១៩ ក្នុង​ឆ្នាំ​សិក្សា​២០១៩- ២០២០ កន្លងមក ថ្វី​ត្បិត​ឆ្នាំនេះ​ព្រះរាជាណាចក្រ​កម្ពុជា ក៏ដូចជា​ពិភពលោក​កំពុងតែ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ ដែល​មិនទាន់មាន​ភាពច្បាស់លាស់​ពាក់ព័ន្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ យ៉ាងណាក៏ដោយ ក៏​រាជរដ្ឋាភិបាល​កម្ពុជា នៅតែ​ប្រារព្ធ​ពិធី​បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី​២០២០-២០២១ ក្រោម​ទស្សនទាន​ថ្មី​នៃ​គន្លង​ជីវិត​ថ្មី ក្នុង​វិស័យ​អប់រំ ៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ


spot_img
×