Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាល​ខេត្តតាកែវ ណែនាំ​ដល់​មន្ទីរជំនាញ និង​អង្គភាព​ពាក់ព័ន្ធ ចុះ​បិទ​តាម​យានដ្ឋាន​កែច្នៃ​រថយន្ត​បែន ដែល​គ្មាន​ច្បាប់​អនុញ្ញាត​

spot_img

​តាកែវ​៖​លោក អ៊ូច ភា អភិបាល​ខេត្តតាកែវ បាន​ជម្រុញ​ដល់​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត ត្រូវអនុវត្ត នីតិវិធី​បិទ​យានដ្ឋាន​កែច្នៃ ខុស​លក្ខណៈ​បច្ចេកទេស ដែលជា​ប្រភព​នៃ​ការកែច្នៃ​យានយន្ត​ដឹកជញ្ជូន​លើស​ទម្ងន់ នៃ​កម្រិត​កំណត់ ដែលជា​ហេតុ​នាំ​ឲ្យ​ខូចខាត​ផ្លូវថ្នល់ ស្ពាន និង​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ នៅលើ​ដងផ្លូវ​។

​លោក​ថ្លែង​បែបនេះ នៅក្នុង​ពិធី​ប្រជុំ​បូកសរុប​លទ្ធផល​ការងារ អនុគណៈកម្មការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ខេត្តតាកែវ ប្រចាំ​ខែធ្នូ និង​ប្រចាំឆ្នាំ​២០២០ និង​លោក​ទិសដៅ​អនុវត្ត​បន្ត ឆ្នាំ​២០២១ នៅ​សាលប្រជុំ​សាលាខេត្ត​តាកែវ នា​ព្រឹក​ថ្ងៃទី ១១​ខែមករា ឆ្នាំ​២០២១ ។​

​លោក​ថ្លែងថា មន្ទីរជំនាញ​សហការ​ជាមួយ​កងកម្លាំង​នគរបាល​ចរាចរណ៍ ត្រូវ​បន្តធ្វើ​យុទ្ធនាការ​ផ្សព្វផ្សាយ អំពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក​បន្ថែមទៀត ដល់​បងប្អូន​ប្រជាពលរដ្ឋ​នៅតាម​សាលារៀន ទីប្រជុំជន ឲ្យ​ពួកគាត់​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា បើកបរ​ម៉ូតូ​ត្រូវ​ពាក់មួក​សុវត្ថិភាព ជិះ​រថយន្ត​ត្រូវ​ពាក់​ខ្សែរ​ក្រវ៉ាត់ ព្រមទាំង​ធ្វើការ​បិទ​ចំណាំងផ្លាត​សុវត្ថិភាព (​ស្ទីក​គ័​រ​ចំណាំងផ្លាត​ពន្លឺ​ពេលយប់​) ដល់​គោយន្ត ឬ រថយន្ត ម៉ូតូ ម៉ូតូ​រ៉ឺម៉ក កង់​បី​ជាដើម ដើម្បី​ការពារ​អាយុជីវិត​អ្នកបើកបរ​នាពេល​យប់​ពី​ករណី​គ្រោះថ្នាក់​ចរាចរ ដែល​អាច​កើតឡើង​ជាយថាហេតុ ។​

​ជាមួយគ្នានេះដែរ​លោក អ៊ូច ភា អភិបាល​ខេត្តតាកែវ ក៏បាន​ស្នើសុំ​ឲ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ ក្នុងពេល​ត្រួតពិនិត្យ​យានយន្ត​ដឹកជញ្ជូន​តាម​ដងផ្លូវ ត្រូវ​បង្កើន​ការត្រួតពិនិត្យ វិញ្ញាបនបត្រ ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត បណ្ណ​បើកបរ បណ្ណ​សម្គាល់​យានយន្ត ការផាកពិន័យ​រថយន្ត​ដឹក​លើស​ទម្ងន់ រថយន្ត​ដឹក​សំពីងសំពោង ត្រួតពិនិត្យ​គ្រឿងញៀន ឬ​ជាតិ​អ​កុល​។​ល​។ ដើម្បី​ធានា​សុវត្ថិភាព ក៏ដូចជា​បង្ការ​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​របស់​បងប្អូន​ប្រជាពលរដ្ឋ​។ ចុងបញ្ចប់​នៃ​កម្មវិធី ឯកឧត្តម​អភិបាលខេត្ត ក៏បាន​ថ្លែងអំណរគុណ និង​ធ្វើការ​កោតសរសើរ ដល់​កងកម្លាំង​សមត្ថកិច្ច ក៏ដូចជា​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ទាំងអស់ ដែល​បាន​ខិតខំ​ប្រឹងប្រែង​អនុវត្ត​ការងារ​ប្រកបដោយ​ជោគជ័យ​កន្លងមក និង​បាន​ជំរុញ​លើកទឹកចិត្ត​ឲ្យ​ក្រុមការងារ​ខិតខំ​ប្រឹងប្រែង​ការងារ​បន្តទៀត ដើម្បី​ឲ្យ​ខេត្តតាកែវ ក៏ដូចជា​ប្រទេស​កម្ពុជា​កាត់បន្ថយ​បាន​នូវ​គ្រោះថ្នាក់​ចរាចរណ៍​៕​រក្សា​សិទ្ធិ​ដោយ​៖ តាកែវ​

spot_img
×