Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​មន្ត្រី​គឺ​អ្នកបម្រើ​រាស្ត្រ មិនមែនជា​ចៅហ្វាយនាយ​រាស្ត្រ​ឡើយ​, ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល​ធ្វើ​បាឋកថា​តាម​អន​ឡាញ​ជូន​ដល់​កម្មសិក្សាការី និង​សិស្ស​មន្ត្រីជាន់ខ្ពស់​ជំនា​ន់ទី​១១ នៃ​សាលា​ភូមិន្ទ​រដ្ឋបាល​

spot_img

​ភ្នំពេញ​៖ ឯកឧត្ដម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​ផ្ដាំ​ផ្ញើឱ្យ​កម្មសិក្សាការី និង​សិស្ស​មន្ត្រីជាន់ខ្ពស់​ជំនា​ន់ទី​១១ នៃ​សាលា​ភូមិន្ទ​រដ្ឋបាល​យកចំណេះ​ដឹង និង​បទពិសោធន៍​របស់ខ្លួន​ទៅ​បម្រើ​ជាតិ​មាតុភូមិ ឱ្យ​កាន់តែ​មានការ​រីកចម្រើន​ថែមទៀត និង​គួរ​ចងចាំ​នូវ​ពាក្យស្លោក​មួយចំនួន​ដូចជា​៖ មន្ត្រី​គឺ​អ្នកបម្រើ​រាស្ត្រ មិនមែនជា​ចៅហ្វាយនាយ​រាស្ត្រ​ឡើយ ត្រូវធ្វើ​អ្វីៗ​ដោយ​ឆន្ទៈ​និង​ធ្វើឱ្យបាន​បើ​ធ្វើ​មិនបាន​កុំ​ធ្វើ និង​សំដី​ឥតប្រយោជន៍ នាំឱ្យ​ជាតិ​បែកបាក់​ការងារ មាន​ប្រសិទ្ធភាព​នាំឱ្យ​ជាតិ​រុងរឿង​។​

​នៅ​ថ្ងៃ​ចន្ទ​ទី​១១ ខែមករា ឆ្នាំ​២០២១ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​អញ្ជើញ​ធ្វើ​បាឋកថា​តាម​អន​ឡាញ (Online) ជូន​ដល់​កម្មសិក្សាការី និង​សិស្ស​មន្ត្រីជាន់ខ្ពស់​ជំនា​ន់ទី​១១ នៃ​សាលា​ភូមិន្ទ​រដ្ឋបាល ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ពាក់ព័ន្ធ​របស់​ក្រសួង​ផងដែរ​។​

​បាឋកថា​នេះ​ធ្វើឡើង​ដើម្បី​ចែករំលែក​នូវ​ព័ត៌មាន ពាក់ព័ន្ធ​ទៅនឹង​ការកែទម្រង់​ស៊ីជម្រៅ​ក្នុង​វិស័យ​សាធារណការ និង​ដឹកជញ្ជូន ដើម្បីឱ្យ​ពួកគាត់​បាន​យល់ច្បាស់​អំពី​ទិសដៅ ក៏ដូចជា​ចក្ខុវិស័យ​របស់​ក្រសួង និង​ត្រៀមខ្លួន​រួចជាស្រេច​ដើម្បី​ចូលរួម​សហការ​អនុវត្ត​ប្រកបដោយ​ឆន្ទៈ​ខ្ពស់​។​

​ថ្លែង​ក្នុង​បាឋកថា​នាឱកាស​នោះ ឯកឧត្ដម​ទេសរដ្ឋមន្ត្រី​បាន​រំលឹក​ឡើងវិញ អំពី​ប្រវត្តិ​ដំបូង​នៃ​ការធ្វើសមាហរណកម្ម​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​របស់​កម្ពុជា ដើម្បី​ត​ភ្ជាប់​ពី​រាជធានី​ភ្នំពេញ​ទៅកាន់​បណ្ដា​ខេត្ត​នានា និង​ត​ភ្ជាប់​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ ដោយ​ការចាក់​កៅស៊ូ​ពីរ​ស្រទាប់​ស្ដើង​(DBST) សំដៅ​ពង្រឹង និង​ពង្រីក​កិច្ចសហការ និង​ទំនាក់ទំនង​ក្នុង​ក្របខ័ណ្ឌ​សង្គម​និង​សេដ្ឋកិច្ច​ប៉ុណ្ណោះ ប៉ុន្តែ​ឈានដល់​ដំណាក់កាល​ថ្មី​នេះ កម្ពុជា​តម្រូវឱ្យ​មានកា​រ​ពង្រីក និង​លើកកម្ពស់​គុណភាព​ផ្លូវ​ពី​ប្រភេទ​ផ្លូវ​ចាក់​កៅស៊ូ​ពីរ​ស្រទាប់​ស្ដើង (DBST) ទៅជា​ប្រភេទ​ផ្លូវ​បេតុង​កៅស៊ូ​(AC) ដោយ​ក្នុងនោះ​រួមមាន​៖ ផ្លូវជាតិ​លេខ​១ លេខ​២ លេខ​៣ លេខ​៤ លេខ​៥ លេខ​៦ លេខ​៧ លេខ​៨ លេខ​៩ និង​ផ្លូវជាតិ​នានា​ទៀត ព្រមទាំង​កំពុង​កសាង​ផ្លូវ​ថ្មី​ពី​វាលវែង​ទៅ​ខេត្តកោះកុង (​ផ្លូវជាតិ​លេខ​១០) ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះសីហនុ​ជាដើម ឱ្យ​សមស្រប​តាម​កំណើន សេដ្ឋកិច្ច​នាពេល​បច្ចុប្បន្ន​របស់​ប្រទេស​។

​ជាងនេះទៅទៀត ឯកឧត្ដម​ទេសរដ្ឋមន្ត្រី​បានឱ្យដឹងថា​៖ ក្រសួង​បាន​ទិញ​គ្រឿងចក្រ​ទំនើបៗ ដែល​មិន​ធ្លាប់មាន​ជូន​មន្ទីរ​រាជធានី​-​ខេត្ត​ទាំង​២៥ ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​ការងារ​សាងសង់​ថែមទៀត ព្រោះថា​ក្រសួង មិន​ទទួលយក​ផ្លូវ​ធ្វើ​មុខខូច​ក្រោយ ធ្វើ​ក្រោយ​ខូច​មុខ ឬ​ចាក់​ស្ដើង​ស៊ី​ក្រាស់ ចាក់​ក្រាស់​ស៊ី​ស្ដើង​ទៀតឡើយ ពោលគឺ​ត្រូវធ្វើ​ផ្លូវ​ឱ្យមាន​គុណភាព​តាម​ស្តង់ដា​បច្ចេកទេស និង​សៀវភៅ​បន្ទុក​។

​ជាមួយគ្នា​នោះ ឯកឧត្ដម​ទេសរដ្ឋមន្ត្រី​បានលើកឡើង​ផងដែរ​អំពី​៖ គម្រោង​សិក្សា​លើ​ការពង្រីក​កំពង់ផែ​កុងតឺន័រ​ជម្រៅ​១៤,៥​ម៉ែត្រ និង​១៧​ម៉ែត្រ​នៅ​ខេត្ត​ព្រះសីហនុ ដែល​អាចឱ្យ​នាវា​ខ្នាត​ធំ​អាច​ចូល​ចត​បាន សំដៅ​ដោះស្រាយ​កំណើន​នៃ​ការធ្វើ​ពាណិជ្ជកម្ម​តាមផ្លូវ​ទឹកជា​លំដាប់​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ការអភិវឌ្ឍ​ផែនការមេ​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់​នៅ​ខេត្ត​ព្រះសីហនុ ដើម្បី​ថែរក្សា​អនាម័យ និង​សោភ័ណភាព​ទីក្រុង​ទេសចរណ៍​មួយ​នេះ ឱ្យ​កាន់តែ​ប្រសើរឡើង និង​ទាក់ទាញ​វិនិយោគិន ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​ឱ្យ​ចូលមក​បណ្ដាក់ទុន និង​ទស្សនា​ខេត្ត​នេះ​ឱ្យ​កាន់តែច្រើន​ថែមទៀត​។​

​ទាក់ទង​នឹង​វិស័យ​ដឹកជញ្ជូន ឯកឧត្ដម​ទេសរដ្ឋមន្ត្រី​បានឱ្យដឹងថា ក្រសួង​បាន​ប្រើប្រាស់​យន្តការ​ព័ត៌មានវិទ្យា ដើម្បី​ធ្វើ​ទំនើបកម្ម​សេវាសាធារណៈ​ដូចជា​៖ ការចុះបញ្ជី​យានជំនិះ ការប្ដូរ​និង​ពន្យារ​បណ្ណ​បើកបរ ការស្នើសុំ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានជំនិះ និង​ការប្រឡង​យក​បណ្ណ​បើកបរ​តាម​អន​ឡាញ ក៏ដូចជា បង្កើត​កម្មវិធី​ព័ត៌មានវិទ្យា​នានា ឱ្យ​ស្របតាម​ការរីកចម្រើន​ផ្នែក​ព័ត៌មានវិទ្យា​របស់​សក​ល​លោក​។​

​ឯកឧត្ដម​ទេសរដ្ឋមន្ត្រី​បាន​បន្ថែមថា​៖ ក្រសួង​បាន​សហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​ក្នុងការ​អភិវឌ្ឍ​ផែនការមេ​ភ័ស្តុភារ​កម្ម​កម្ពុជា ដើម្បី​ជំរុញ និង​លើកកម្ពស់​ការប្រកួតប្រជែង​វិស័យ​ភ័ស្តុភា​រកម្ម​នៅក្នុង​តំបន់ និង ពិភពលោក ដោយហេតុថា​៖ កម្ពុ​ជាមាន​ទីតាំង​ភូមិសាស្ត្រ​អំណោយផល ឋិត​នៅ​ចំ​ចំណុចកណ្ដាល​នៃ​ប្រទេស​ក្នុង​តំបន់​អាស៊ាន​។ ជាងនេះទៀត បច្ចុប្បន្ន​ក្រសួង​ត្រៀម​នឹង​ចុះ​កិច្ចព្រមព្រៀង​ក្របខណ្ឌ​ជាមួយ​ក្រុមហ៊ុន YCH ដើម្បី​បង្កើត​មជ្ឈមណ្ឌល​ភ័ស្តុភារ​កម្ម​ភ្នំពេញ​សម្រាប់​ជំហាន​ទី​១ និង​ជំហាន​បន្ទាប់​នៅ​ខេត្ត ព្រះសីហនុ​។​

​ទាក់ទង​នឹង​ការទប់ស្កាត់​ការដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ ឯកឧត្ដម​ទេសរដ្ឋមន្ត្រី​បាន​ថ្លែងថា​៖ ក្រសួង​បានរៀបចំ​ជញ្ជីង​អចល័ត ជញ្ជីង​ចល័ត និង​ជញ្ជីង​ស្វ័យប្រវត្តិ ( Weight in Motion Sensor ) ដើម្បី​ទប់ស្កាត់​ការដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ ដែលនាំឱ្យ​ផ្លូវ​ឆាប់​ខូចខាត​មុន​អាយុកាល និង​បានធ្វើ​យុទ្ធនាការ​ដើម្បី​ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍ តាមរយៈ​ការចែក​មួកសុវត្ថិភាព បិទ​ចំណាំងផ្លាត និង​ការផលិត​ខ្សែ​វីដេអូ​អប់រំ​ខ្លីៗ​។​

​ឯកឧត្ដម​ទេសរដ្ឋមន្ត្រី​បានឱ្យដឹង​ផងដែរ​ថា​៖ ក្រសួង​នឹងដាក់​ឱ្យ​ដំណើរការ​វិទ្យាស្ថាន​តេ​ជោ​សែន សាធារណការ និង​ដឹកជញ្ជូន​នៅពេល​ដ៏​ខ្លី​ខាងមុខ ដើម្បី​បង្កើត​ថ្នាល​បណ្ដុះបណ្ដាល​ចំណេះដឹង​ផ្នែក​បច្ចេកទេស​សាងសង់​ផ្លូវ​-​ស្ពាន ដល់​អ្នកជំនាន់ក្រោយ​ឱ្យមាន​សមត្ថភាព​ពេញលេញ និង​អាច​កសាង​ស្ពាន​ឆ្លងទន្លេ មេគង្គ​បាន​ដោយ​កម្ពុជា​ខ្លួនឯង​៕​រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×