Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្កើត​ថ្នាល​បណ្ដុះបណ្ដាល​លើ​ជំនាញ​បច្ចេកទេស​សាធារណការ និង​ដឹកជញ្ជូន ដើម្បី​ផ្តល់​ចំណេះដឹង​ដល់​កូន​ខ្មែរ​បម្រើ​ជាតិ​មាតុភូមិ​ឱ្យ​កាន់តែ​រីក​ច្រើន​រុងរឿង​

spot_img

​ភ្នំពេញ​៖​ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន សហការ​ជាមួយ​ក្រសួង​អប់រំ យុវជន និង​កីឡា តាមរយៈ​វិទ្យា​សា្ថ​ន​តេ​ជោ​សែន សាធារណការ និង​ដឹកជញ្ជូន និង​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​បង្កើត​ថ្នាល​បណ្ដុះបណ្ដាល​និស្សិត​ខ្មែរលើ​ជំនាញ​បច្ចេកទេស​សាធារណការ និង​ដឹកជញ្ជូន ដើម្បី​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​ឲ្យ​កាន់តែ​មានការ​រីកចម្រើន​ថែមទៀត​។ ឯកឧត្ដម​ទេសរដ្ឋមន្ត្រី បាន​បញ្ជាក់ថា​៖ យើង​មានលទ្ធភាព​កសាង​គ្រឹះស្ថានសិក្សា ដើម្បី​ផ្តល់​ចំណេះដឹង​ដល់​កូន​ខ្មែរ ប៉ុន្តែ​កូន​ខ្មែរ​ទាំងអស់​ត្រូវមាន​ឆន្ទៈ​ខ្ពស់ និង​មុត​ស្រួច ក្នុង​ការយក​ចំណេះដឹង​ទាំងនោះ​ទៅ​បម្រើ​ជាតិ​មាតុភូមិ​នៃ​យើង​ឱ្យ​កាន់តែ​រីក​ច្រើន​រុងរឿង​។​

ថ្ងៃ​អង្គារ ទី​១២ ខែមករា ឆ្នាំ​២០២១ នៅ​ទីស្ដីការក្រសួង ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ឯកឧត្ដម​បណ្ឌិត​សភាចា​រ្យ ហង់ ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បាន​អញ្ជើញ​ផ្ដល់​កិត្តិយស​ជា​សក្ខីភាព​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់ រវាង​វិទ្យាស្ថាន​តេ​ជោ​សែន សាធារណការ និង​ដឹកជញ្ជូន និង​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ក្រសួង និង​ភាគី​ពាក់ព័ន្ធ​។​

​ថ្លែង​ក្នុង​ពិធី​សំណេះសំណាល​នាឱកាស​នោះ ឯកឧត្ដម​ទេសរដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា​៖ នេះ​គឺជា​ប្រវត្តិសាស្ត្រ ដែល​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​សហការ​ជាមួយ​ក្រសួង​អប់រំ យុវជន និង​កីឡា តាមរយៈ​វិទ្យាស្ថាន​តេ​ជោ​សែន​សាធារណការ និង​ដឹកជញ្ជូន និង​វិទ្យា​សា្ថ​ន​បច្ចេកវិទ្យា​កម្ពុជា បង្កើត​ថ្នាល​បណ្ដុះបណ្ដាល​លើ​ជំនាញ​បច្ចេកទេស​សាធារណការ និង​ដឹកជញ្ជូន ដោយ​កន្លងមក​មិនទាន់​ឃើញ​មាន​គ្រឹះស្ថាន​ណាមួយ​ផ្ដោតលើ​ការបណ្ដុះបណ្ដាល​លើ​ជំនាញ​បច្ចេកទេស​សាងសង់​ស្ពាន ថ្នល់ កំពង់ផែ និង​ផ្លូវដែក​ទេ​។​

​ឯកឧត្ដម​ទេសរដ្ឋមន្ត្រី​បាន​បន្តថា​៖ លោក​ចង់ឃើញ​កូន​ខ្មែរ​យើង​ជំនាន់​នេះ និង​ជំនាន់​បន្តបន្ទាប់ មាន​សមត្ថភាព​ដូច​បុព្វបុរស​យើង​សម័យមុន ដែលមាន​សមត្ថភាព​ក​សាង​ប្រាង្គ​ប្រាសាទ​ដ៏​ស្រស់បំព្រង និង​មាន​គុណភាព​ជាប់​បាន​រាប់រយ​ពាន់​ឆ្នាំ ថែមទាំង​ល្បីល្បាញ​ពាសពេញ​សកលលោក​ទៀតផង​។​

​ឯកឧត្ដម​ទេសរដ្ឋមន្ត្រី បាន​សម្តែង​មោទនភាព​ប្រកបដោយ​ទំនុកចិត្ត​ថា​និស្សិត​ខ្មែរ​នឹងមាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​កម្ពុជា​បាន​យ៉ាង​មាន​ប្រសិទ្ធភាព និង​គុណភាព​ខ្ពស់ បន្ទាប់ពី​បានបញ្ចប់​ការសិក្សា​នៅក្នុង​វិទ្យាស្ថាន​នេះ​។​

​ឯកឧត្ដម​ទេសរដ្ឋមន្ត្រី​បានឱ្យដឹង​ទៀតថា​៖ ក្នុង​ឆ្នាំ​សិក្សា​២០២០-២០២១​នេះ វិទ្យាស្ថាន​តេ​ជោ​សែន សាធារណការ និង​ដឹកជញ្ជូន សហការ​ជាមួយ​វិទ្យា​សា្ថ​ន​បច្ចេកវិទ្យា​កម្ពុជា នឹង​ជ្រើសរើស​និស្សិត​ចំនួន ២០០​នាក់ ដើម្បី​សិក្សា​នៅ​វិ​ទ្យ​សា្ថ​ន​តេ​ជោ​សែន សាធារណការ និង​ដឹកជញ្ជូន ប៉ុន្តែ​ក្រសួង​ទាំងពីរ​កំពុង​ពិភាក្សា​លើ​ថ្លៃ​សិក្សា ឬ​ការផ្ដល់​អាហារូបករណ៍​។

​ជាមួយគ្នា​នោះ​ផងដែរ ឯកឧត្ដម​ទេសរដ្ឋមន្ត្រី​បាន​បង្ហាញថា​៖ ក្រសួង​នឹង​ខិតខំ​ប្រឹងប្រែង​ស្វែងរក​មូលនិធិ​នានា​ពី​ដៃគូ​អភិវឌ្ឍន៍ ដើម្បី​ផ្ដល់​អាហារូបករណ៍​ជូន​និស្សិត​ដែល​ជួប​ការលំបាក ប៉ុន្តែ​មាន​សមត្ថភាព និង​មហិច្ឆតា​ចង់​សិក្សា​ជំនាញ​នេះ នៅ​វិទ្យាស្ថាន​តេ​ជោ​សែន សាធារណការ និង​ដឹកជញ្ជូន​។​

​ជាងនេះទៅទៀត ឯកឧត្ដម​ទេសរដ្ឋមន្ត្រី បាន​បញ្ជាក់ថា​៖ យើង​មានលទ្ធភាព​កសាង​គ្រឹះស្ថានសិក្សា ដើម្បី​ផ្តល់​ចំណេះដឹង​ដល់​កូន​ខ្មែរ ប៉ុន្តែ​កូន​ខ្មែរ​ទាំងអស់​ត្រូវមាន​ឆន្ទៈ​ខ្ពស់ និង​មុត​ស្រួច ក្នុង​ការយក​ចំណេះដឹង​ទាំងនោះ​ទៅ​បម្រើ​ជាតិ​មាតុភូមិ​នៃ​យើង​ឱ្យ​កាន់តែ​រីក​ច្រើន​រុងរឿង ប្រកបដោយ​កេរ្តិ៍ឈ្មោះ​ល្បី​រន្ទឺ​ពាសពេញ​ពិភពលោក​។​

​ឯកឧត្ដម​ទេសរដ្ឋមន្ត្រី​បាន​សម្តែង​នូវ​ការកោតសរសើរ និង​ថ្លែងអំណរគុណ​ដល់​ក្រុមការងារ​របស់​ក្រសួង​ទាំងពីរ ដែល​បាន​ខិតខំ​ប្រឹងប្រែង​បំពេញការងារ​រហូត​សម្រេចបាន​លទ្ធផល​ជា​ផ្លែផ្កា​គួរ​ឲ្យ​កត់សម្គាល់ និង​បានបង្ហាញ​ពី​កិច្ចសហការ​ខ្ពស់​ជាមួយ​វិទ្យា​សា្ថ​ន​បច្ចេកវិទ្យា​កម្ពុជា ក្នុងការ​បញ្ជូន​និស្សិត​ចុះ​ធ្វើ​កម្មសិក្សា​នៅតាម​ការដ្ឋាន​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ក្រោម​សមត្ថកិច្ច​របស់​ក្រសួង​ផងដែរ ៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×