Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភ្នាក់ងារ​សន្ដិសុខ​ឯកជន​ទាំងអស់ ពេល​ចាប់បាន​ជនល្មើស​ត្រូវ​រាយការណ៍​បន្ទាន់​ទៅ​នគរបាល​មូលដ្ឋាន ហាម​ប្រើ​អំពើហិង្សា​ដាច់ខាត​

spot_img

ភ្នំពេញ ៖ អគ្គ​ស្នងការរង​នគរបាលជាតិ ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក អ៉ី សុខ​ឃី បាន​ប្រាប់​ទៅ​ភ្នាក់ងារ​សន្ដិសុខ​ឯកជន​ទាំងអស់ នៅពេល​ចាប់បាន​ជន​ប្រព្រឹត្ត​បទល្មើស​ណា​ម្នាក់ ត្រូវ​រាយការណ៍​បន្ទាន់​ភ្លាមៗ​ទៅកាន់​មន្ដ្រីនគរបាល​មូលដ្ឋាន ពិសេស​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល ដែល​នៅ​ជិត​បំផុត ហើយ​ហាម​ប្រើប្រាស់​អំពើហិង្សា​ដាច់ខាត​។​

​ក្នុង​ពិធី​បិទ​វគ្គ​បំប៉ន​ជំនាញ​ភ្នាក់ងារ​សន្ដិសុខ​ឯកជន លើក​ទី​៣០ ដែល​រៀបចំ​ដោយ​នាយកដ្ឋាន​គ្រប់គ្រង​សន្ដិសុខ​ឯកជន នៅ​ល្ងាច​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០២១​នេះ ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក អ៉ី សុខ​ឃី បាន​ណែនាំ​ទៅកាន់​ភ្នាក់ងារ​សន្ដិសុខ​ឯកជន​ទាំងអស់​ទៀតថា ក្រៅពី​រាយការណ៍​នៅពេល​ចាប់បាន​ជន​ប្រព្រឹត្ត​បទល្មើស​ហើយ​នោះ ភ្នាក់ងារ​សន្ដិសុខ​ឯកជន ក៏មាន​តួនាទី​ត្រូវ​ចូលរួម​រក្សា និង​ការពារ​ទីតាំង​កើតហេតុ​ផងដែរ ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​ដល់​កម្លាំង​នគរបាល​ជំនាញ​បំពេញ​កិច្ចការងារ​ស្រាវជ្រាវ​។​

​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក អ៉ី សុខ​ឃី បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា «​នៅពេល​យើង​ឃាត់​ជនល្មើស​បាន យើង​ត្រូវ​រាយការណ៍​ទៅ​ប៉ុស្ដិ៍នគរបាល​ដែល​នៅ​ជិត ដើម្បី​ឲ្យ​សមត្ថកិច្ច​មកជួយ និង​យក​ជនល្មើស​នោះ​ទៅ​ចាត់វិធានការ​តាមផ្លូវ​ច្បាប់ ហើយ​ភ្នាក់ងារ​សន្ដិសុខ​ឯកជន មិនអាច​ឃាត់​ជនល្មើស​នោះ​យូរ​បាន​នោះទេ ជាពិសេស​នៅពេល​គោលដៅ​យើង​ការពារ​មាន​ហេតុការណ៍​កើតឡើង យើង​ត្រូវ​ជួយ​ការពារ​កុំ​ឲ្យ​បាត់​ស្ថានភាព​ដែល​កើតហេតុ​ដំបូង ហើយ​ទុក​ឲ្យ​សមត្ថកិច្ច​បន្ដ​កិច្ចការ​ជំនាញ​»​។​

​អគ្គ​ស្នងការរង​នគរបាលជាតិ​រូបនេះ ក៏បាន​ក្រើនរំលឹក​ដល់​ភ្នាក់ងារ​សន្ដិសុខ​ទាំងអស់​ទៀតថា នៅពេល​បំពេញការងារ​ត្រូវ​ពាក់​ឯកសណ្ឋាន​ដែល​ក្រុមហ៊ុន ឬ​សហគ្រាស​ដែល​ខ្លួន​កំណត់​ឲ្យ​បាន​ត្រឹមត្រូវ ពិសេស​ត្រូវមាន​ផ្លាកសញ្ញា​ច្បាស់លាស់ ក៏ដូចជា​សម្ភារ​ដែល​ត្រូវ​បំពាក់​នៅលើ​ខ្លួន ហើយ​ពិសេស​ត្រូវ​ធ្វើជា​គំរូ​ដល់​ប្រជាពលរដ្ឋ​។​

​លើសពីនេះ ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក អ៉ី សុខ​ឃី បាន​ណែនាំ​ដល់​ភ្នាក់ងារ​សន្ដិសុខ​ឯកជន ដែល​ទទួល​បានការ​បំប៉ន​ជំនាញ​រយៈពេល​២​ថ្ងៃ​មកនេះ ត្រូវយក​ចំណេះដឹង​ដែល​ទទួលបាន​ទៅប្រើ​ប្រាស់​ក្នុងការ​បំពេញ​តួនាទី​ភារកិច្ច​ឲ្យ​បាន​ត្រឹមត្រូវ ជៀសវាង​នូវ​ការប្រព្រឹត្ត​អំពើ​ដែល​ខុសឆ្គង និង​ខុស​នឹង​ច្បាប់​ដែល​បានកំណត់​។​

​បន្ថែម​ពីនេះ ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក អ៉ី សុខ​ឃី បាន​គូសបញ្ជាក់ថា ភ្នាក់ងារ​សន្ដិសុខ​ឯកជន ត្រូវ​ចូលរួមចំណែក​ថែរក្សា​សន្ដិសុខ សណ្ដាប់ធ្នាប់​សង្គម ជាពិសេស​រួមគ្នា​អនុវត្ត​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ដែល​បានចេញ​គោលនយោបាយ​ភូមិ ឃុំ មាន​សុវត្ថិភាព រួមចំណែក​ទប់ស្កាត់​ប​ទ​ល្មើស​ដែល​កើតឡើង​នៅ​មូលដ្ឋាន​។​

​ជាមួយគ្នានេះ ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក លឹម សុខា​រស្មី ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​សន្ដិសុខ​ឯកជន បាន​ឲ្យ​ដឹងថា វគ្គ​បំប៉ន​ជំនាញ​ភ្នាក់ងារ​សន្ដិសុខ​ឯកជន លើក​ទី​៣០​នេះ ប្រព្រឹត្តទៅ​ចំនួន​២​ថ្ងៃ ចាប់ពី​ថ្ងៃទី​១១ ដល់​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០២១​។​

​ឯកឧត្តម​ប្រធាន​នាយកដ្ឋាន បាន​បន្ដថា វគ្គ​បំប៉ន​ជំនាញ​នេះ ធ្វើឡើង​ក្នុង​គោលបំណង​ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ នៃ​ការបង្កើន​សមត្ថភាព ដើម្បី​ក្លាយខ្លួនជា​ភ្នាក់ងារ​សន្ដិសុខ​ឯកជន ដែលមាន​ជំនាញ និង​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់​សម្រាប់​ការចូលរួមចំណែក​ក្នុង​សកម្មភាព​ថែរក្សា និង​ការពារ​ស្ថេរភាព សន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និង​អាយុជីវិត​ប្រជាពលរដ្ឋ ព្រមទាំង​លើកកម្ពស់​គោលនយោបាយ​ភូមិ ឃុំ មាន​សុវត្ថិភាព​ឲ្យ​បានល្អ​ប្រសើរ​។​

​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក លឹម សុខា​រស្មី បាន​បញ្ជាក់ថា សិក្ខាកាម​បានទទួល​នូវ​មេរៀន​ដែល​រៀបចំ​ចងក្រង​ដោយ​យកចិត្តទុកដាក់ ក្នុងនោះ​ផ្ដោតទៅលើ​មេរៀន ដូចជា​៖ ទី​១៖ តួនាទី និង​ភារកិច្ច​ភ្នាក់ងារ​សន្ដិសុខ​ឯកជន​, ទី​២៖ វិធីសាស្ដ្រ​ការពារ​គោលដៅ​, ទី​៣៖ វិធានការណ៍​ពន្លត់អគ្គីភ័យ និង​ការជម្លៀស​ខ្លួន​ចេញពី​អគ្គីភ័យ​, ទី​៤៖ កិច្ចសហការ​ជាមួយ​ភ្នាក់ងារ​សន្ដិសុខ​ឯកជន ជាមួយ​សមត្ថកិច្ច​មូល​ដ្ឋា​ន​, ទី​៥៖ ការស្វែងយល់​អំពី​បទល្មើស និង​នីតិវិធី​ព្រហ្មទណ្ឌ សម្រាប់​ភ្នាក់ងារ​សន្ដិសុខ ឯកជន​, ទី​៦៖ ការការពារ និង​រក្សា​សុវត្ថិភាព​កន្លែងកើតហេតុ​របស់​ភ្នាក់ងារ​សន្ដិសុខ​ឯកជន​, ទី​៧៖ ពិនិត្យ និង​វិភាគ​កន្លែងកើតហេតុ និង​ឧបសម្ព័ន្ធ​សញ្ញា​ចរាចរណ៍​ផ្លូវគោក​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×