Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលរដ្ឋ​ចោទថា ទំនិញគេចពន្ធ​កំពុង​ធ្វើ​សកម្មភាព​តាម​ច្រកព្រំដែន​ខេត្តកោះកុង​ដោយ​គ្មាន​សមត្ថកិច្ច​បង្ក្រាប​ទេ​

spot_img

កោះកុង​៖អ្នកឃ្លាំមើល​ផែនការ​អភិវឌ្ឍ​សង្គម និង​ប្រជាពលរដ្ឋ ស្នើ​ឲ្យ​សមត្ថកិច្ច​ជំនាញ​ស្ថាប័ន​ពាក់ព័ន្ធ ប្រចាំការ​នៅ​ច្រកទ្វារ​អន្តរជាតិ​កម្ពុជា​-​ថៃ ច្រក​ចាំ​យាម​ខេត្តកោះកុង ឲ្យ​ពង្រឹង​ងារ​ងារ​ចុះ​ត្រួតពិនិត្យ​ទំនិញ​គ្រប់​ប្រភេទ​ដែល​នាំចូល​ពី​ប្រទេស​ថៃ ឲ្យ​បាន​ត្រឹមត្រូវ​តាមច្បាប់ ដើម្បី​ទប់ស្កាត់​ទំនិញគេចពន្ធ និង​ទំនិញ​ខូចគុណភាព​ឲ្យ​មាន​ប្រសិទ្ធភាព​។​

​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​មួយចំនួន មាន​សមាគម​អាដហុក (Adhoc) និង​អង្គការ​លីកាដូ (Licadho) ប្រចាំខេត្ត​កោះកុង បាន​ឲ្យ​អ្នកយកព័ត៌មាន CEN.COM.KH ប្រចាំខេត្ត​កោះកុង​ដឹងថា រាលថ្ងៃនេះ សកម្ម​ភាពចុះ​ត្រួតពិនិត្យ​ទំនិញ ដែល​នាំចូល​តាម​ច្រកទ្វារ​ច្រក​ចាំ​យាម របស់​មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ​មួយចំនួន រួមមាន​៖ មន្ត្រី​សាខា​កាំកុងត្រូល​ខេត្ត និង​មន្ត្រី​សាខាគយ និង​រដ្ឋាករ​ខេត្តកោះកុង​ជាដើម​ហាក់​មាន​ភាព​ធូរ​លុង​។​

​អ្នក​ស​ម្រួ​ប​សម្រួល​សមាគម​អាដហុក ប្រចាំខេត្ត​កោះកុង លោក ញៀប សំអឿន ផ្តល់​សម្ភាស​ថា ទំនិញ​ដឹក​តាម​រទេះ ពិសេស​ទំនិញ​ដឹក​តាម​រថយន្ត​ធំៗ ឆ្លងកាត់​តាម​ច្រក​ចាំ​យាម មន្ត្រី​ពាក់ព័ន្ធ ពិសេស​មន្ត្រី​សាខាគយ និង​រដ្ឋាករ​ខេត្តកោះកុង និង​មន្ត្រី​សាខា​កាំកុងត្រូល​ខេត្តកោះកុង មិនបាន​ត្រួតពិនិត្យ​ឲ្យ​បាន​ត្រឹមត្រូវ​ទេ​។ បញ្ហា​នេះ លោក​ស្នើ​ដល់ លោក​បណ្ឌិត គុណ ញឹម អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា និង​លោក ម៉ក ពេ​ជ្ជ​រិ​ទ្ធ អគ្គនាយកដ្ឋាន​កាំកុងត្រូល នៃ​ក្រសួងពាណិជ្ជកម្ម ពិសេស​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ លោក ឱម យ៉ិនទៀង ឲ្យ​បញ្ជូន​មន្ត្រី​ចុះ​ស៊ើបអង្កេត​ទៅ​ល​សកម្មភាព របស់​មន្ត្រី​ប្រចាំការ​នៅ​ច្រកព្រំដែន​ចាំ​យាម ខេត្តកោះកុង ថា​តើ​អាចមាន​ជាប់​ពាក់ព័ន្ធ ការអនុញ្ញាតិ​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ និង​ខូចគុណភាព​តាម​ច្រកទ្វារ​នេះ​ខុសច្បាប់ ជា​ថ្នូរ​ទទួលបាន​សំណូក​ពុករលួយ​ដែរ​ឬ​យ៉ាងណា​។​

​លោក ញៀប សំអឿន កត់សម្គាល់ថា កន្លងមក មន្ត្រី​ជំនាញ​ស្ថាប័ន​ខ្លះ នៅ​ច្រកទ្វារ​ចាំ​យាម បាន​ត្រួតពិនិត្យ​តែ​ទៅលើ​ឯកសារ​នាំចូល​ទំនិញ ឬ​ទទួលយក​ត្រឹម​សំណូក​លុយកាក់ ដែល​ឈ្មួញ ឬ​ពាណិជ្ជករ​ទាំងនោះ​បង់​ជូន​ស្ថាប័ន​នីមួយៗ​នៅតាម​ច្រកព្រំដែន​ជា​ប្រចាំថ្ងៃ​តែប៉ុណ្ណោះ ដោយ​មិនបាន​ត្រួតពិនិត្យ​ទំនិញ​នាំចូល​នោះទេ​។​

​ចំណែក លោក អ៊ិន គង់​ជិត អ្នកសម្របសម្រួល​អង្គ​ការ​លីកាដូ (Licadho) ប្រចាំខេត្ត​កោះកុង ក៏​ស្នើ ដល់​ស្ថាប័ន​ប្រឆាំង​អំពើពុករលួយ និង​ថ្នាក់ដឹកនាំ​ក្រសួង​ពាក់ព័ន្ធ ឲ្យ​បញ្ជូន​មន្ត្រី​ស្អាតស្អំ ឲ្យ​ចុះ​ស៊ើបអង្កេត​សកម្មភាព​បំពេញការងារ របស់​មន្ត្រី​ជំនាញ​ប្រចាំការ​នៅ​ច្រកទ្វារ​ចាំ​យាម​ខេត្តកោះកុង ដើម្បី​ឈានទៅ​ទប់ស្កាត់​អំពើពុករលួយ កើតចេញពី​ការអនុញ្ញាតិ​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ និង​ទំនិញ​ខូចគុណភាព​នៅតាម​ច្រករបៀង តាមផ្លូវ​សមុទ្រ និង​តាម​ច្រកទ្វារ​អន្តរជាតិ​កម្ពុជា​ថៃ​ច្រក​ចាំ​យាម​នេះដែរ​។​

​ទាក់ទិន​បញ្ហា​នេះ ទាំង​មន្ត្រី​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ ខេត្តកោះកុង កន្លងមក​ធ្លាប់បាន​រិះគន់​មន្ត្រី​ប្រចាំការ​នៅ​ច្រកទ្វារ​អន្តរជាតិ​ចាំ​យាម ពិសេស​មន្ត្រី​គយ និង​រដ្ឋាករ ព្រមទាំង​មន្ត្រី​សាខា​កាំកុងត្រូល​ខេត្តកោះកុង​ជាដើម ដែល​បានអនុញ្ញាត​ឲ្យ​ពាណិជ្ជករ​ថៃ នាំចូល​ទំនិញគេចពន្ធ និង​ទំនិញ​ខូចគុណភាព ចូលមក​កម្ពុជា​យ៉ាង​អនាធិបតេយ្យ ជា​ថ្នូរ​ទទួលបាន​សំណូក​ពុករលួយ ឬ​ចែក​ផលប្រយោជន៍​ឲ្យ​គ្នា​ទៅវិញទៅមក​។​

​ប៉ុន្តែ​ការចោទប្រកាន់​នេះ ត្រូវបាន​មន្ត្រី​ជំនាញ​ស្ថាប័ន​ពាក់ព័ន្ធ មួយចំនួន​ប្រចាំការ​នៅ​ច្រកទ្វារ​ចាំ​យាម ខេត្តកោះកុង មាន​មន្ត្រី​គយ និង​រដ្ឋាករ​ខេត្ត​នេះ​ជាដើម បាន​ឆ្លើយ​ដោះសា​រថា មិនបាន​ដឹងថា មាន​ករណី​នាំចូល​ទំនិញគេចពន្ធ​នាំចូល​មកពី​ប្រទេស​ថៃ​នោះទេ​។ ជាង​នេះ​ក៏បាន​ឆ្លើយ​បដិសេធន៍​ថា ពួកគេ​មិន​ឃុបឃិត ឬ​អនុញ្ញាត​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ និង​ទំនិញ​ហួស​ថ្ងៃ​ប្រើប្រាស់​ចូល​តាម​ច្រកព្រំដែន​កម្ពុជា​ថៃ ច្រក​ចាំ​យាម​ខេត្តកោះកុង តាម​សមុទ្រ​និង​ច្រករបៀង​ផ្សេងៗ តាម​ព្រណ​ដែន ជា​ថ្នូរ​ទទួលបាន​សំណូក​លុយកាក់​នោះទេ​។​

​យ៉ាងនេះ​ក្តី ក្រុម​អ្នកឃ្លាំមើល​ផែនការ​អភិវឌ្ឍ​សង្គម ប្រចាំខេត្ត​កោះកុង បាន​អះអាងថា ទាំង​ច្រក​តាមផ្លូវ​សមុទ្រ និង​ច្រក​ចាំ​យាម ពិតជា​ច្រក​ធ្លាប់​ឆ្លងកាត់​ទំនិញគេចពន្ធ​គ្រប់​ប្រភេទ​ជា​បន្តបន្ទាប់​នាពេល​កន្លងមក និង​បន្ត​មកដល់​បច្ចុប្បន្ននេះ​។ ហើយ​សមត្ថកិច្ច​ជំនាញ​ស្ថាប័ន​មួយចំនួន នា​មូលដ្ឋាន​នេះ ក៏បាន​ទទួលផល​ប្រយោជន៍​ពី​ឈ្មួញ​ជា​ថ្នូរ អនុញ្ញាតិ​ឲ្យ​នាំចូល​ទំនិញគេចពន្ធ​មាន​ម៉ូតូ អាហារ​សមុទ្រ​ស្រស់ៗ គ្រឿង​សម្អាត​កាយ ភេសជ្ជៈ និង​អាហារ​កំប៉ុង​គ្រប់​ប្រភេទ ដែល​ខូចគុណភាព ឬ​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់​ជាដើម​។​

​បញ្ហា​នេះ ប្រជាពលរដ្ឋ​រស់នៅ​ខេត្តកោះកុង បាន​ឲ្យ​អ្នកយកព័ត៌មាន CEN.COM.KH ប្រចាំខេត្ត​កោះកុង​ដឹងថា ទំនិញ​មិន​បង់ពន្ធ ឬ​គេចពន្ធ​ជាច្រើន​ប្រភេទ​ដូចជា​៖ ស្រា​ស្រា​បៀរ គ្រឿង​ភេសជ្ជៈ ឥ​វ៉ាន់​ចាប់ហួយ សម្ភារៈ​សំណង់ និង​ម៉ូតូ​សេរី​ថី្មៗ​ជាដើម ត្រូវ​ក្រុម​ឈ្មួញ​នាំចូល​ពី​ប្រទេស​ថៃ តាម​ច្រករបៀង​មួយចំនួន​ខេត្តកោះកុង ក្នុងនោះ ក៏មាន​ច្រក​ចាំ​យាម​នេះដែរ​។ ទំនិញ​ខ្លះ​ឈ្មួញ​បាន​ដឹក​តាម​រថយន្ត និង​ដឹក​កតា​មទូក​ជាដើម មក​ចែកចាយ​នៅ​ទី​រួម​ខេត្តកោះកុង និង​ចែក​ឲ្យ​ម៉ូយ​មួយចំនួន​នៅតាម​បណ្តា​រាជធានី​ខេត្ត​ផ្សេងៗ​។ ហើយ​ឈ្មួញ​ទាំងនោះ បាន​ចែក​ផលប្រយោជន៍​ជូន​ដល់​មន្ត្រី​ស្ថាប័ន​ជំនាញ ប្រចាំការ​នៅតាម​ច្រកព្រំដែន​ខេត្តកោះកុង និង​មន្ត្រី​ជំនាញ ដែល​ដាក់ពង្រាយ ប្រចាំការ នៅតាម​ផ្លូវ ឆ្លងកាត់ ជា​ថ្នូរ​អាច​ដឹកទំនិញ​គេចពន្ធ​ឆ្លងកាត់​បាន​ដោយ​រលូន​។​


​កាលពី​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១៧ កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស នៃ​ស្នងការ​នគរបាល​ខេត្តកោះកុង ដឹកនាំ​ដោយ លោក​វរសេនីយ៍ឯក មីន រស្មី ស្នងការរង​នគរបាល​ខេត្ត​ព្រះសីហនុ បាន​ចុះ​ត្រួតពិនិត្យ និង​បង្ក្រាប បទល្មើស​នាំចូល​សាច់មាន់ និង​ប្រហិត​ស្រស់ ពី​ប្រទេស​ថៃ​ចូលមក​ខេត្តកោះកុង ដោយបាន​ដកហូត​ទំនិញ​ខុសច្បាប់​ទាំង​នោះបាន​ចំនួន ១៦៨៧​គីឡូក្រាម​។ ក្នុងនោះ​សាច់មាន់​ខូចគុណភាព​មាន​ចំនួន ១១១៤​គីឡូក្រាម និង​ប្រហិត​ខូចគុណភាព​មាន​ចំនួន ៥៦៤​គីឡូក្រាម​។ ក្រោយ​ការបង្ក្រាប ទំនិញ​ទាំងនេះ កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកោះកុង បាន​ប្រគល់ជូន​មន្ត្រី​សាខា​កាំកុងត្រូល​ខេត្តកោះកុង ដើម្បី​ចាត់ការ​តាម​នីតិវិធី និង​ដុត​បំផ្លាញចោល​៕ សត្យា

spot_img
×