Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនល្មើសប្លន់សម្លាប់យកម៉ូតូជាងបីឆ្នាំមុន ត្រូវបានកម្លាំងអាវុធហត្ថ ស្រាវជ្រាវបង្ក្រាប បានពីរនាក់ ឯម្នាក់ទៀតកំពុងជាប់គុក គឺមិនពាក់ព័ន្ធ

spot_img

កណ្តាល៖ ការបង្រ្កាបករណីឃាតកម្មគិតទុកជាមុន ប្លន់សម្លាប់យកម៉ូតូ កាលពីបីឆ្នាំមុន ត្រូវបានកម្លាំងអាវុធហត្ថ ស្រាវជ្រាវបង្ក្រាបបានជនដៃដល់ពីរនាក់ ចំណែកជនសង្ស័យម្នាក់ទៀត ដែលកំពុងជាប់ឃុំខ្លួន ក្នុងពន្ធនាគារខេត្តកណ្តាល គឺពុំមានការពាក់ព័ន្ធនឹងអំពើឃាតកម្មនោះទេ។

បច្ចុប្បន្នជនល្មើសទាំងពីរនាក់ ត្រូវបាននាំខ្លួនបញ្ជូនពីខេត្តបន្ទាយមានជ័យ ទីដែលចាប់ខ្លួន មកអង្គភាពអាវុធហត្ថខេត្តកណ្តាល ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តកណ្តាល និងបានឃុំខ្លួនដាក់ពន្ធនាគារខេត្តរួចហើយ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៦ វេលាម៉ោង ១១ និង ១៥នាទី មានការប្រទះឃើញសាកសពមួយ នៅសល់តែគ្រោងឆ្អឹង នៅចំណុចក្នុងព្រៃឫស្សីចម្ងាយពីផ្លូវលំប្រហែល១៥០ម៉ែត្រ ស្ថិតក្នុងភូមិតាឡឹក ឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ ក្រោយពីធ្វើការត្រួតពិនិត្យសាកសព និងការធ្វើកោសលវិច្ច័យរបស់មន្ត្រីជំនាញ ជាមួយអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ ព្រមទាំងការស្រាវជ្រាវ បានសន្និដ្ឋានថាៈ ជាករណីឃាតកម្ម ប្លន់សម្លាប់យកម៉ូតូ គឺសពជនរងគ្រោះមានឈ្មោះ សេង ប៊ុនលី ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិជ្រលង ឃុំត្បែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

នៅថ្ងៃទី៣១ ដដែល កម្លាំងនគរបាល បានស្រាវជ្រាវចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ប៉ាត់ តុល ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅភូមិត្បែង ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ (បច្ចុប្បន្នឃុំខ្លួនបណ្តោះអាសន្នក្នុងពន្ធនាគារខេត្តកណ្តាល) បានធ្វើសកម្មភាពជាមួយបក្ខពួកម្នាក់ទៀតមានឈ្មោះ យឺន ចន្ទី ហៅ ទី ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិត្បែង ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ (កំពុងរត់គេចខ្លួន និងមានដីកាបង្គាប់ឲ្យចាប់ខ្លួន លេខ១៣១ ដក.បចខ ចុះថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៦ របស់លោក ផូង វណ្ណ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល)។

លុះមកដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ ជនល្មើសឈ្មោះ យឺន ចន្ទី ហៅ ទី ដែលបានរត់គេចមកលាក់ខ្លួននៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ត្រូវបានកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ចាប់ឃាត់ខ្លួន ពាក់ព័ន្ធនឹងករណីហឹង្សាដោយចេតនា (ជាក់ស្តែង) ហើយជនល្មើសរូបនោះ បានសារភាពថា ខ្លួនធ្លាប់បានធ្វើសកម្មភាព ជាមួយបក្ខពួកម្នាក់ទៀតឈ្មោះ ឆាយ ផារ៉ុត ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នករៀបចំឆាកអកកាដង់ រស់នៅភូមិត្បែង ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ ធ្វើសកម្មភាពប្លន់សម្លាប់ឈ្មោះ សេង ប៊ុនលី (សព) យកម៉ូតូ កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៥ វេលាម៉ោងជិត ៦ល្ងាច នៅចំណុចក្នុងព្រៃឬស្សី ក្នុងស្រុកកណ្តាលស្ទឹង។

ព័ត៌មាននេះ ត្រូវបានកម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ ទំនាក់ទំនងមកកម្លាំងអាវុធហត្ថខេត្តកណ្តាល ធ្វើការស្រាវជ្រាវ និងបានសុំគោលការអនុញ្ញាត ពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល ពន្លាតដែនដីសហការជាមួយកម្លាំងអាវុធហត្ថខេត្តតាកែវ នាំខ្លួនឈ្មោះ ឆាយ ផារ៉ុត នៅវេលាម៉ោង១១ ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចមុខផ្ទះ យកមកសាកសួរតែម្តង។ ក្រោយពេលធ្វើការសាកសួរបឋម​ ជនល្មើសឈ្មោះ យឺន ចន្ទី ហៅ ទី និងជនល្មើសឈ្មោះ ឆាយ ផារ៉ុត បានឆ្លើយសារភាព មានភាពស៊ីសង្វាក់គ្នា ដូចគ្នាថា ពួកគេទាំងពីរនាក់ ពិតជាបានរៀបចំគិតទុកជាមុន ធ្វើសកម្មភាពសម្លាប់ឈ្មោះ សេង ប៊ុនលី ប្លន់យកម៉ូតូ ប្រាកដមែន ម៉ាកឌ្រីមសង់ ស៊េរីឆ្នាំ២០១៥ ហើយម៉ូតូនោះ យកទៅលក់នៅផ្សារឃ្លាំងរំសេវ បានតម្លៃ៥០០ដុល្លារ។

ដោយឡែកឈ្មោះ ប៉ាត់ តុល បច្ចុប្បន្នកំពុងជាប់ឃុំខ្លួន ក្នុងពន្ធនាគារខេត្តកណ្តាល គឺពុំមានការពាក់ព័ន្ធ នឹងអំពើឃាតកម្មនោះទេ។

បច្ចុប្បន្នជនល្មើសឈ្មោះ យឺន ចន្ទី ហៅ ទី និងឈ្មោះ ឆាយ ផារ៉ុត ត្រូវបាននាំខ្លួនបញ្ជូនមកអង្គភាពអាវុធហត្ថខេត្តកណ្តាល ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត និងពន្ធនាគាររួចហើយ៕ ដោយ៖បញ្ញាស័ក្តិ

spot_img
×