Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​សម្តេច​តេ​ជោ ហ៊ុន សែន​៖ ជំងឺ​កូ​វីដ​១៩ ជា​ជំងឺឆ្លង​ដ៏​កាច​សាហាវ ប៉ុន្តែ ការផ្សព្វផ្សាយ​ព័ត៌មាន បំពុលសង្គម គឺ​វា​កាច​សាហាវ​ឆ្លង​លឿន​ជាង​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​ទៅ ទៀត ដែល​ទាមទារ​ឱ្យ​រាជរដ្ឋាភិបាល ចាត់វិធានការ​ចាំបាច់

spot_img

​ភ្នំពេញ​៖ សារលិខិត​របស់ សម្តេច​តេ​ជោ ហ៊ុន សែន ផ្ញើជូន​អ្នកសារព័ត៌មាន​ជាតិ និង​អន្តរជាតិក្នុងឱកាស​ទិវា​នៃ​ពិធី​ជំនួប​រវាង​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ជាមួយ​អ្នកសារព័ត៌មាន​កម្ពុជា លើក​ទី​៥ ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០២១ , សម្តេច សូម អធ្យាស្រ័យ​ចំពោះ​បងប្អូន​អ្នកសារព័ត៌មាន​ទាំងអស់​ដែល​ឆ្នាំនេះ រាជរដ្ឋាភិបាល​មិនអាច​រៀបចំ​ពិធី​ជួបជុំ រវាង​ប្រមុខ​រាជរដ្ឋាភិបាល​ជាមួយ​អ្នកសារព័ត៌មាន​កម្ពុជា​ដូច​ឆ្នាំ​កន្លងទៅ​ដោយសារ​ការរីក​រាលដាល​ឆ្លង ជាស​កល​នៃ​ជំងឺ​កូ​វីដ​-១៩ ដែល​កំពុង​រាតត្បាត និង​គម្រាមកំហែង​ដល់​សុខភាព​សាធារណៈ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា ថ្ងៃនេះ បាន​ផ្ញើ​សារ​នេះ​ជូន​បងប្អូន​អ្នកសារព័ត៌មាន​ជាតិ និង​អន្តរជាតិ ដើម្បី​អបអរសាទរ​ទិវា​ជំនួប​រវាង​ប្រមុខ​រាជ​រដ្ឋា ភិ​បាល​កម្ពុជា ជាមួយ​អ្នកសារព័ត៌មាន​កម្ពុជា ដែល​កំពុង​បំពេញការងារ​លើ​វិស័យ​ព័ត៌មាន​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដែលជា​ទំលាប់​ត្រូវបាន​ប្រារព្ធ​ធ្វើឡើង​នៅ​ថ្ងៃទី​១៤​ខែមករា​រៀងរាល់ឆ្នាំ ហើយក៏​សូម អធ្យាស្រ័យ​ចំពោះ​បងប្អូន​អ្នកសារព័ត៌មាន​ទាំងអស់​ដែល​ឆ្នាំនេះ រាជរដ្ឋាភិបាល​មិនអាច​រៀបចំ​ពិធី​ជួបជុំ រវាង​ប្រមុខ​រាជរដ្ឋាភិបាល​ជាមួយ​អ្នកសារព័ត៌មាន​កម្ពុជា​ដូច​ឆ្នាំ​កន្លងទៅ​ដោយសារ​ការរីក​រាលដាល​ឆ្លង ជាស​កល​នៃ​ជំងឺ​កូ​វីដ​-១៩ ដែល​កំពុង​រាតត្បាត និង​គម្រាមកំហែង​ដល់​សុខភាព​សាធារណៈ សេចក្តីសុខ សាន្ត និង​អាយុជីវិត​ប្រជាជន​កម្ពុជា ក៏ដូចជា​ប្រជាជន​នៅ​ទូទាំង​សកលលោក​។​

​ឆ្នាំនេះ​គឺជា​លើក​ទី​៥ ដែល​ត្រូវ​រៀបចំ​ពិធី​ជំនួប​រវាង​ប្រមុខ​រាជរដ្ឋាភិបាល​ជាមួយ​អ្នកសារព័ត៌មាន កម្ពុជា ដែល​ជំនួប​លើក​ទី​៤​កាលពី​ឆ្នាំ​កន្លងទៅ​មាន​អ្នកសារព័ត៌មាន​ចូលរួម​ប្រមាណ​ជាង​៥០០០​នាក់ ដែល ជាការ​ជួបជុំ​ដ៏​ធំ​ប្រចាំឆ្នាំ​រវាង​ប្រមុខ​រាជរដ្ឋាភិបាល​ជាមួយ​ស្ថាប័ន​សារព័ត៌មាន ក្នុង​គោលបំណង​បង្កើន សាមគ្គីភាព​និង​ពង្រឹង​ភាពជា​ដៃគូរ​រវាង​រាជរដ្ឋាភិបាល​ជាមួយ​ស្ថាប័ន​សារព័ត៌មាន ដើម្បី​លើកស្ទួយ​សិទ្ធិ សេរីភាព​ខាង​ការបញ្ចេញមតិ សេរីភាព​ខាង​សារព័ត៌មាន​ដែល​គាំពារ​ដោយ​ច្បាប់​រដ្ឋ និង​ធានាបាន​នូវ សុខដុម​នីយកម្ម​នៅក្នុង​សង្គម ការថែរក្សា​សុខសន្តិភាព និង​ជំរុញ​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​យូរអង្វែង​។​

​ជំងឺ​កូ​វីដ​-១៩​ដ៏​កាច​សាហាវ​ដែល​បាន​ឆ្លង​រាតត្បាត​នៅ​ទូទាំង​សកលលោក​ដ៏​គួរឱ្យ​ព្រួយបារម្ភ​នេះ មិន​ត្រឹមតែ​មិនទាន់បាន​ថយចុះ​នៅលើ​សកលលោក​ប៉ុណ្ណោះ​ទេ ថែមទាំង​បំ​លែង​ជា​វីរុស​កូ​វីដ​-១៩ ប្រភេទ​ថ្មី កំពុង​ឆ្លង​រីក​រាលដាល​យ៉ាង​ឆាប់រហ័ស​នៅក្នុង​ប្រទេស​អង់គ្លេស ហើយ​ត្រូវបាន​រកឃើញ​ផងដែរ​នៅក្នុង ប្រទេស​មួយចំនួនទៀត​ក្នុង​ទ្វីបអឺរ៉ុប ដែល​ទាមទារ​ឱ្យ​យើង​យកចិត្តទុកដាក់​ចូលរួម​ប្រយុទ្ធ​ប្រឆាំងនឹង​ការ រីក​រាលដាល​ឆ្លង​ជាស​កល​នៃ​ជំងឺ​កូ​វីដ -១៩​ឱ្យ​កាន់តែ​សកម្ម​ថែមទៀត​។ បច្ចុប្បន្ន ប្រទេស​ក្នុង​តំបន់​អាស៊ាន មួយចំនួន​កំពុងតែ​ប្រយុទ្ធប្រឆាំង​និង​ទប់ស្កាត់​ការរីក​រាល​នៃ​រលក​ទី​៣ និង​ទី​៤​នៃ​ជំងឺ​កូ​វីដ​-១៩ ដែល​រហូត មកដល់ពេលនេះ​នៅ​ទូទាំង​សកលលោក មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ជាង​៨៣​លាន​នាក់ និង​អ្នកស្លាប់​ជិត ២​លាន​នាក់​។ សភាពការណ៍​នេះ​នៅតែ​ធ្ងន់ធ្ងរ​នៅឡើយ ដែល​តម្រូវឱ្យ​យើង​អាក់ខាន​ក្នុងការ​រៀបចំ​ពិធី ជួបជុំ​ផ្សេងៗ និង​ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន​ដោយ​គោរព និង​អនុវត្តតាម​វិធានការ​បន្ទាន់​នានា​របស់​រាជរដ្ឋាភិបាល និង​វិធាន​សុវត្ថិភាព​របស់​ក្រសួងសុខាភិបាល​ជាការ​ចាំបាច់​បំផុត​។​

​សម្រាប់​ប្រទេស​កម្ពុជា ព្រឹត្តិការណ៍​ឆ្លង​សហគមន៍​២៨​វិច្ឆិកា បានបញ្ចប់​ទាំងស្រុង​ប្រកបដោយ ជោគជ័យ​។ ប៉ុន្តែ យើង​មិនអាច​មើលស្រាល​ពី​ស្ថានការណ៍ និង​ឱកាស​នៃ​ការវិល​ត្រឡប់មកវិញ​របស់ មេរោគ​ដ៏​កាច​សាហាវ​នេះ​បានទេ​។ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចាត់វិធានការ និង​ឆ្លើយតបបាន​ទាន់ពេលវេលា ដែល​អាច​គ្រប់គ្រង​ស្ថានការណ៍​បាន​ដោយ​ការ​កាត់ផ្តាច់​មធ្យោបាយ​ដែលនាំឱ្យ​ជំងឺ​កូ​វីដ​-១៩​ឆ្លង​រីក​រាលដាល​ចូលក្នុង​សហគមន៍​ក្នុង​ទ្រង់ទ្រាយ​ធំ​។ បើ​ប្រៀបធៀប​ប្រទេស​ក្នុង​តំបន់ ចំនួន​អ្នក​ឆ្លង​មេរោគ​កូ​វីដ -១៩ នៅ​កម្ពុ​ជាមាន​ចំនួន​តិច​ហើយ​ត្រូវបាន​ព្យាបាល​ឱ្យ​ជាសះស្បើយ​ជា​បន្តបន្ទាប់ ដោយ​គ្មាន​ប្រជាពលរដ្ឋ ខ្មែរ ឬ​ជនបរទេស​ណា​ម្នាក់​ស្លាប់​ដោយសារ​ជំងឺ​នេះ​នៅ​កម្ពុជា​នៅឡើយ​ទេ​។ នេះ​គឺជា​ជោគជ័យ​ដ៏​ធំធេង ដែល​កើតចេញពី​កិច្ចខិតខំ​ប្រឹងប្រែង និង​កិច្ចសហប្រតិបត្តិការ​បា​ន​ល្អ​ទាន់ពេលវេលា​របស់​ស្ថាប័ន​ជំនាញ និង​អាជ្ញាធរ​ពាក់ព័ន្ធ​គ្រប់លំដាប់​ថ្នាក់​ដែល​បាន​យកចិត្តទុកដាក់​អនុវត្ត​វិធានការ​បន្ទាន់​និង​ចាំបាច់​របស់ រាជរដ្ឋាភិបាល​កម្ពុជា និង​វិធានការ​របស់​ក្រសួង ស្ថាប័ន​ជំនាញ ហើយក៏​មិនអាច​កាត់ផ្តាច់​ពី​ការខិតខំ​ប្រឹង ។ ប្រែង​ចូលរួម​យ៉ាងសកម្ម​ពី​ស្ថាប័ន​ព័ត៌មាន និង​អ្នកសារព័ត៌មាន​របស់​យើង​បានឡើយ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា ខ្ញុំ​សូម​ឆ្លៀត​យក​ឱកាស​នេះ​ថ្លែង​នូវ​ការកោតសរសើរ​ចំពោះ​ស្ថាប័ន​ព័ត៌មាន និង​បងប្អូន​អ្នកសារព័ត៌មាន​ដែល​ខិតខំ​ផ្សព្វផ្សាយ​ព័ត៌មាន​ច្បាស់លាស់​ទាក់ទង​នឹង​ការវិវត្ត​នៃ​ជំងឺ​កូ​វីដ​-១៩ និង​សភាពការណ៍ វិ​វត្ត​នៅក្នុង​ប្រទេស​កម្ពុជា​ក៏ដូចជា​នៅក្នុង​តំបន់​និង​នៅលើ​សកលលោក​ទាំងមូល ជាពិសេស​ការផ្សព្វផ្សាយ វិធានការ​បន្ទាន់​ទាំងឡាយ​របស់​រាជរដ្ឋាភិបាល និង​វិធានការ​សុវត្ថិភាព​របស់​ក្រសួងសុខាភិបាល ដើម្បី​បង្ការ ទប់ស្កាត់ និង​លុបបំបាត់​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​បាន​រហ័ស​ទាន់ពេលវេលា​ប្រកបដោយ​ការទទួលខុសត្រូវ​តាម​វិជ្ជាជីវៈ​។ រយៈពេល​ជិត​មួយឆ្នាំ​កន្លងទៅនេះ ទោះបី​ប្រឈម​នឹង​ឧបសគ្គ​នៃ​ការរីក​រាល ដាល​នៃ​ការឆ្លង​ជំងឺ​កូ​វីដ -១៩ យ៉ាងណាក្តី ក៏​បងប្អូន​អ្នកសារព័ត៌មាន​របស់​យើង​បាន​ខិតខំ​ពុះពារ​ជំនះ​រាល់ ការលំបាក​នានា​បំពេញការងារ​របស់ខ្លួន​យ៉ាងសកម្ម​ក្នុងការ​ផ្សារភ្ជាប់​ទំនាក់​ទំនង​ពី​រាជរដ្ឋាភិបាល​ទៅកាន់ ប្រជាពលរដ្ឋ និង​ពី​ប្រជាពលរដ្ឋ​មកកាន់​រាជរដ្ឋាភិបាល​វិញ តាមរយៈ​ការផ្សព្វផ្សាយ និង​ចែករំលែក​ព័ត៌មាន ជូន​ប្រជាពលរដ្ឋ​បាន​យល់ដឹង​អំពី​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល និង​ស្វែងយល់​ពី​សភាពការណ៍​ពិត នៅ​កម្ពុជា និង​នាំយក​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​មកកាន់​រាជរដ្ឋាភិបាល​វិញ ដើម្បី​បានដឹង​អំពី​តម្រូវការ​របស់ ប្រជាពលរដ្ឋ ជាការ​រួមចំណែក​យ៉ាងសកម្ម​ក្នុងការ​អភិវឌ្ឍ​ប្រទេសជាតិ និង​ថែរក្សា​សុខសន្តិភាព​យូរអង្វែង នៅ​កម្ពុជា​។​

​ស្ថិតក្នុង​ស្ថានភាព​នៃ​ការ​រាតត្បាត ជាស​កល​នៃ​ជំងឺ​កូ​វីដ​-១៩ ដែល​តម្រូវឱ្យ​ប្រជាជន​កម្ពុជា ក៏​ដូច ជា​ប្រជាជន​នៅ​ទូទាំង​សកលលោក​ចេះ​រស់នៅ និង​ការបំពេញ​ការងារ​តាម​គន្លង​ថ្មី​ដើម្បី​បញ្ចៀស​ការឆ្លង ជំងឺ​ដ៏​កាច​សាហាវ និង​ដើរ​ទាន់​ការវិវត្ត​នៃ​បច្ចេកវិទ្យា​ឌីជីថល​នៃ​បដិវត្ត​ឧស្សាហកម្ម​ជំនា​ន់ទី​៤ មាន​ស្ថាប័ន ព័ត៌មាន​និង​អ្នកសារព័ត៌មាន​មួយចំនួន​មាន​សមត្ថភាព​យល់ដឹង​អាច​ប្រើប្រាស់​បច្ចេកវិទ្យា​ឌីជីថល​ដើម្បី សម្រួល​ដល់​ការបំពេញ​ការងារ​បាន​រហ័ស​ទាន់សភាពការណ៍​និង​មាន​សុវត្ថិភាព​ក្នុងការ​បំពេញភារកិច្ច របស់​ពួកគេ​។ ទន្ទឹមនេះ ក៏មាន​ស្ថាប័ន​ព័ត៌មាន​និង​អ្នកសារព័ត៌មាន​របស់​យើង​មួយចំនួន​ពុំទាន់​បាន​រស់ នៅក្នុង​បរិបទ​គន្លង​ថ្មី ហើយ​កំពុង​បំពេញការងារ​តាមបែប​ប្រពៃណី​នៅ​ពីក្រោយ​ការរីកចម្រើន​នៃ​បច្ចេក វិទ្យា​ឌីជីថល​ដែល​អាច​ប្រឈម​ទៅនឹង​ជំងឺឆ្លង​កូ​វីដ -១៩ និង​ប៉ះពាល់​ដល់​ការប្រកួតប្រជែង​ទីផ្សារ​ដោយ សារ​តែ​ការដើរ​មិនទាន់​ការវិវត្ត​នៃ​សភាពការណ៍​ដែល​ទាមទារ​ឱ្យ​ស្ថាប័ន​សារព័ត៌មាន និង​បងប្អូន​អ្នក​សារ ព័ត៌មាន​ខិតខំ​ប្រឹងប្រែង​អភិវឌ្ឍ​ខ្លួន​ឱ្យមាន​សមត្ថភាព​បន្ថែមទៀត ដើម្បី​សម្រួល​ដល់​ការបំពេញភារកិច្ច របស់ខ្លួន​ស្របតាម​គន្លង​ថ្មី និង​ដើរ​ទាន់​ការវិវត្ត​នៃ​បច្ចេកវិទ្យា​ឌីជីថល​នាពេល​បច្ចុប្បន្ន ហើយ​ត្រៀមខ្លួន ការពារ​ជំងឺឆ្លង​រាតត្បាត​សកល​ដែល​អាច​នឹង​កើតមាន​នៅពេល​អនាគត​មិនអាច​ប៉ាន់ស្មាន​បាន​។​

​ជាថ្មី​ម្តងទៀត ខ្ញុំ​សូម​ណែនាំ​ដល់​បងប្អូន​អ្នកសារព័ត៌មាន​ទាំងអស់​ឱ្យ​ប្រកាន់ខ្ជាប់​នូវ​ការអនុវត្ត​ឱ្យ បាន​ត្រឹមត្រូវ​តាម​វិជ្ជាជីវៈ និង​ច្បាប់​ស្តីពី​របប​សារព័ត៌មាន និង​គោរព​តាម​គោលការណ៍ «​កុំ​បំពាន​សិទ្ធិ អ្នកដទៃ កុំ​បំភ្លៃ​ការពិត » ។ ក្នុង​រយៈពេល​មួយឆ្នាំ​កន្លងទៅនេះ មាន​អ្នកសារព័ត៌មាន​និង​ជន​ឱកាសនិយម មួយចំនួន​តូច​បាននិងកំពុង​ប្រើប្រាស់​ស្ថាប័ន​ព័ត៌មាន​ធ្វើ​សកម្មភាព​ទុច្ចរិត​ជំរិត​ទារប្រាក់​ជា​ថ្នូរ​នឹង​ការមិន ចុះផ្សាយ ឬ​លុប​ព័ត៌មាន​ដែល​បាន​ចុះផ្សាយ ការដើរ​តួនាទី​ជា​ចៅក្រម​កាត់សេចក្ដី​នូវ​រឿង​ទំនាស់​បញ្ហា ដីធ្លី ការផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងក្លាយ​បំភ្លៃ​ការពិត បំប៉ោង​សភាពការណ៍ ជេរប្រមាថ ញុះញង់ និង​បំពុល បរិយាកាស​សង្គម​ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ដែល​ប្រាសចាក​ពី​វិជ្ជាជីវៈ​សារព័ត៌មាន​ដែល​ធ្វើឱ្យ​ខូច​តម្លៃ​កិត្តិយស សេចក្តីថ្លៃថ្នូរ និង​កិត្យានុភាព​របស់​ស្ថាប័ន​សារព័ត៌មាន​និង​អ្នកសារព័ត៌មាន​ដែល​អនុវត្តបាន ត្រឹមត្រូវ​តាម​ក្រមសីលធម៌​វិជ្ជាជីវៈ​។​

​សម្តេច ក៏​សូម​រំលឹក​ផងដែរ​ថា នៅក្នុង​ជំនួប​លើក​ទី​៤ រវាង​រាជរដ្ឋាភិបាល​ជាមួយ​អ្នកសារព័ត៌មាន​កាល ពី​ឆ្នាំ​កន្លងទៅ រាជរដ្ឋាភិបាល​បានផ្តល់​មេធាវី​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ​សែន ដើម្បី​ការពារ​អ្នកសារព័ត៌មាន​តាម ការស្នើសុំ​របស់​ស្ថាប័ន​សារព័ត៌មាន ដើម្បី​ជួយ​សម្រួល​ដល់​ការលំបាក​របស់​បងប្អូន ។ ប៉ុន្តែ​រាជរដ្ឋាភិបាល នឹងមិន​អត់ឱន​ដល់​អ្នកសារព័ត៌មាន​ដែល​បំពាន​ច្បាប់ មិន​គោរព​វិជ្ជាជីវៈ ហើយ​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ជ្រក​ក្រោម ស្លាក​សារព័ត៌មាន​បម្រើ​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ដែល​ធ្វើឱ្យប៉ះពាល់​ដល់​សន្តិសុខ សណ្តាប់ធ្នាប់​របៀប រៀបរយ​សង្គម​ឡើយ ។ កន្លងមក ខ្ញុំ​បានលើកឡើង​ហើយ​ថា ជំងឺ​កូ​វីដ​១៩ ជា​ជំងឺឆ្លង​ដ៏​កាច​សាហាវ ប៉ុន្តែ ការផ្សព្វផ្សាយ​ព័ត៌មាន​បំពុលសង្គម​គឺ​វា​កាច​សាហាវ​ឆ្លង​លឿន​ជាង​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​ទៅ ទៀត ដែល​ទាមទារ​ឱ្យ​រាជរដ្ឋាភិបាល​ចាត់វិធានការ​ចាំបាច់ ដើម្បី​ការពារ​សេចក្តីសុខសាន្ត​របស់​ប្រជាជន និង​ការថែរក្សា​សុខសន្តិភាព ការអភិវឌ្ឍ​នៅ​កម្ពុជា​។​

​មុននឹង​បញ្ចប់ ប្រមុខ​រាជរដ្ឋាភិបាល សូម​អំពាវនាវ​សារជាថ្មី​ម្តងទៀត សូម ឱ្យ​ស្ថាប័ន​សារព័ត៌មាន និង​អ្នក​សារ ព័ត៌មាន​ទាំងអស់​ចូលរួម​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺឆ្លង​កូ​វីដ​-១៩ ដោយ​ធ្វើការ​ផ្សព្វផ្សាយ​នូវ​ព័ត៌មាន​អប់រំ និង វិធានការ​សុវត្ថិភាព​របស់​ក្រសួងសុខាភិបាល​ជូន​ប្រជាពលរដ្ឋ​ឱ្យបាន​យល់ដឹង​ច្បាស់ និង​ចូលរួម​ប្រឆាំង ទប់ស្កាត់ លុបបំបាត់​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ដែល​អាច​ឆ្លង​ក្នុង​សហគមន៍​។ ជាមួយគ្នានេះដែរ ក៏​សូម​ចូលរួម​ប្រយុទ្ធ​ប្រឆាំងនឹង​ព័ត៌មាន​ក្លែងក្លាយ​ដោយ​ផ្សព្វផ្សាយ​ព័ត៌មាន​ពិត ដើម្បី​បន្សាប និង​បំផ្លាញ ចោល​ព័ត៌មាន​ក្លែងក្លាយ​ដែល​បំពុលបរិយាកាស​សង្គម និង​ពង្រឹងសមត្ថភាព​ខាង​វិជ្ជាជីវៈ និង​ការប្រើប្រាស់ បច្ចេកវិទ្យា​ជំនាន់​ថ្មី ព្រមទាំង​ចេះ​បន្សំ​ខ្លួន​ក្នុងការ​រស់នៅ និង​ការបំពេញ​ការងារ​តាម​គន្លង​ថ្មី ដើម្បី​ការពារ និង​ទប់ស្កាត់​ជំងឺ​រាតត្បាត​ផ្សេងទៀត​ដែល​អាច​កើតមាន​នៅពេល​អនាគត​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×