Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នារី​ម្នាក់​រៀបរាប់​ពី​ទុក្ខលំបាក ក្រោយ​ផឹកស្រា​ដូច​ផឹកទឹក និង​ព្រមាន​ដល់​ស្រីៗ​ពិសេស​អ្នកធ្វើការ​នៅ​ហាង​ផឹកស៊ី ឲ្យ​ចេះ​ស្រឡាញ់​ខ្លួន ព្រោះថា​…

spot_img

​ នារី​អាយុ ២០ ឆ្នាំ​ម្នាក់ មកពី Sungai Petani បាន​ចេញមុខ​ព្រមាន​អ្នកដទៃ​ឲ្យ​ផឹក​គ្រឿង​ស្រវឹង​ប្រកបដោយ​ទំនួល​ខុសត្រូវ និង​ស្រឡាញ់​រាងកាយ​ខ្លួនឯង បន្ទាប់ពី​នាង​ទទួលរង និង​កំពុង​រង​ទុក្ខលំបាក​ជាខ្លាំង ពី​បញ្ហា​សុខភាព​មួយចំនួន ដោយសារតែ​លទ្ធផល​ផឹកស្រា​ច្រើនពេក​។​

​នៅក្នុង​ការ​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក​កាលពី​ថ្ងៃទី​១០ ខែមករា នារី​ឈ្មោះ Jia Ying បាន​និយាយថា នាង​ចេះ​ផឹកស្រា​តាំងពី​នៅ​ក្មេង​ម្ល៉េះ ហើយ​តែងតែ​ផឹក​ជានិច្ច ទោះបី​នៅក្នុង​ព្រឹត្តិការណ៍​អ្វី​ក៏ដោយ​។ នាង​បាន​លើក​ហេតុផល​ថា មិន​អី​ទេ​ព្រោះ​នាង​នៅ​ក្មេង ហើយ​សូម្បីតែ​ផឹក​រហូតដល់​ថ្នាក់​ស្បថ​ថា​ឈប់​ហើយ ក៏​នាង​នៅតែ​បន្ត​ផឹក​ដដែល​។​

​នាង​បាន​និយាយថា “​ខ្ញុំ​មាន​អារម្មណ៍​ថា​ផឹក​ច្រើន​គឺ​ត្រជាក់​ចិត្តខ្លាំង​”​។​

Ying បាន​ឲ្យ​ដឹងថា កាលពី​ឆ្នាំមុន (២០២០) នាង​មាន​ការងារ​ធ្វើ​នៅក្នុង​បារ​ក្លឹប​រាត្រី ហើយ​ចាប់ផ្តើម​ផឹកស្រា​រាល់ថ្ងៃ ដូច​ជាការ​ផឹកទឹក​អ៊ីចឹង​។ ទោះយ៉ាងណា នាង​ចាប់ផ្តើម​ក្អួត​ចេញឈាម​នៅ​ថ្ងៃមួយ ហើយ​បាន​ទៅ​មន្ទីរពេទ្យ​ដែល​គ្រូពេទ្យ​បាន​ប្រាប់ថា នាង​មាន​ឈាម​ក្រពះ​ពោះវៀន ដែលជា​លទ្ធផល​ទូទៅ​នៃ​ការ​ផឹកស្រា​ច្រើនពេក​។​

​ប៉ុន្តែ នោះ​មិនបាន​បញ្ឈប់​នាង​ឱ្យ​ឈប់​ផឹក​ទេ ព្រោះថា បន្ទាប់ពី​ទទួល​ការព្យាបាល​នៅ​មន្ទីរពេទ្យ នាង​បាន​ត្រឡប់ទៅផ្ទះ​វិញ ហើយ​ចាប់ផ្តើម​ផឹកស្រា​ជាប្រចាំ​ដដែល​។​

​នៅ​ពាក់កណ្តាល​ខែតុលា ឆ្នាំ ២០២០ Ying បាន​និយាយថា នាង​ចាប់ផ្តើម​មានការ​ឈឺចាប់​នៅក្នុង​ពោះ ហើយ​ត្រូវបានធ្វើ​រោគវិនិច្ឆ័យ​ថា​មាន​ជំងឺ​រលាក​ខ្នែងពោះវៀន ហើយ​ត្រូវធ្វើ​ការវះកាត់​។​

​នាង​និយាយថា​៖ «​ខ្ញុំ​បាន​គិតថា បន្ទាប់ពី​សម្រាក​មួយរ​យៈ ខ្ញុំ​នឹងមិន​អី​ទេ ហើយ​ខ្ញុំ​អាច​បន្ត​ភាពសប្បាយ​រីករាយ​ទៀត​។ តើ​ខ្ញុំ​អាច​ដឹងថា សុខភាព​ខ្ញុំ​មិនអាច​គ្រប់គ្រង​បាន​ដោយ​របៀប​ណា​ទេ​?”​។​

​បន្ទាប់ពី​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ Ying បានចាប់ផ្តើម​ជួប​បញ្ហា​សុខភាព​ជាច្រើន ហើយ​ត្រូវ​លេបថ្នាំ​ក្រពះ​ជាប្រចាំ​។ នាង​ក៏បាន​ឲ្យ​ដឹង​ទៀតថា នាង​មាន​ជំងឺ​ខ្យល់​ក្នុង​ក្រពះ ដែល​ធ្វើឱ្យ​នាង​មាន​អារម្មណ៍​មិន​ស្រួល ហើយ​នាង​ក៏​ចាប់ផ្តើម​បាត់បង់​ចំណង់​អាហារ ដោយសារ​នាង​លេបថ្នាំ​រាល់ថ្ងៃ​។ នាង​ក៏​មិនអាច​ញ៉ាំ​អាហារ​ដែល​ហឹរ ឬ​ជា​ភេសជ្ជៈ​ត្រជាក់​បានដែរ ព្រោះ​វា​ប៉ះពាល់​ដល់​ក្រពះ​របស់​នាង​។​

Ying បញ្ជាក់ថា​៖ “​ខ្ញុំ​ជាទូទៅ តែងតែមាន​អារម្មណ៍​ចង់​ក្អួតចង្អោរ ដូចជា​នៅពេល​ស្ត្រី​មាន​ផ្ទៃពោះ​មាន​អាការ​ចាញ់កូន​អ៊ីចឹង​” ។​

​នាង Jia Ying បាន​រៀបរាប់​ឲ្យ​ដឹង​ទៀតថា ចាប់តាំងពី​ពេលនោះ​មក នាង​សាកល្បង​ផឹកថ្នាំ​គ្រប់​ប្រភេទ​រួមទាំង​ថ្នាំបុរាណ​ចិន ហើយ​ព្រមទាំង​លេបថ្នាំ​ពេទ្យ​ជាង ១០០ គ្រាប់ ក្នុង​រយៈពេល​តែ​៣​ខែ​។​

​តែ​យ៉ាងណា នាង​បាន​ត្អូញត្អែរថា «​ជាការ​ពិតណាស់ ការចំណាយ​ក៏​ច្រើន​! ខ្ញុំ​ពិតជា​ឆ្ងល់​ពី​ជីវិត​របស់ខ្ញុំ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​នេះ​ណាស់​! ព្រោះ​ឈានចូល​ឆ្នាំ​២០២១ នេះ ខ្ញុំ​មិន​ហ៊ាន​ទទួលទាន​អ្វី​ដែលមាន​រសជាតិ​ហិ​រ ឬ​ជូរ​បានឡើយ​»​។​

​ជា​ចុងក្រោយ នាង​ចង់​ប្រាប់​ទៅកាន់​អ្នក​រាល់គ្នា ជាពិសេស​ស្រី​យ៉ាង​ដូច្នេះ​ថា​៖ «​ខ្ញុំ​គ្រាន់តែ​ចង់​ព្រមាន​អ្នក​ថា វា​មិនមាន​បញ្ហា​ទេ​ប្រសិនបើ​អ្នក​នៅ​ជា​យុវវ័យ​មិន​ថា​ប្រុស ឬ​ស្រី ហើយ​ផឹកស្រា​ក្នុង​កម្រិត​មធ្យម​។ តែ​កុំ​ភ្លេច​ណា៎​! ព្រោះ​អ្នក​នៅ​ក្មេង អ្នក​អាច​ព្រងើយកន្តើយ​នឹង​រាងកាយ​របស់​អ្នក​ដូចជា​រូបខ្ញុំ​អ៊ីចឹង​។ អ្វីដែល​សំខាន់បំផុត​គឺ​ត្រូវ​បរិភោគ​ឱ្យបាន​ទៀងទាត់​។ ខ្ញុំ​មាន​អារម្មណ៍​ថា ពេលនេះ​ខ្ញុំ​មាន​រាងកាយ​ដូច​អាយុ ៥០ ឆ្នាំ ទៅហើយ​។ ដូច្នេះ​សូម​ថែរក្សា​ខ្លួន​អ្នក​!!»៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​

spot_img
×