Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​ក្រឡាហោម ស ខេង ដឹកនាំ​កិច្ចប្រជុំ​ស្តីពី​ការរុករក​នាវាចម្បាំង និង​បោសសម្អាត​គ្រាប់​យុ​ទ្ឋ​ភណ្ឌ​មិនទាន់​ផ្ទុះ​នៅ​បាតទន្លេ​

spot_img

​ភ្នំពេញៈ សម្តេច​ក្រឡាហោម ស ខេង ឧ​ប​នាយ​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ដឹកនាំ​កិច្ចប្រជុំ​បច្ចុប្បន្នភាព​នៃ​កិច្ចប្រតិបត្តិការ​រុករក​នាវាចម្បាំង និង​បោសសម្អាត​គ្រាប់​យុ​ទ្ឋ​ភណ្ឌ​មិនទាន់​ផ្ទុះ​នៅ​បាតទន្លេ ក្នុងអំឡុង​សង្គ្រាម​ឆ្នាំ​១៩៧០-១៩៧៥ ស្ថិតនៅ​ឃុំ​មានជ័យ ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម​។ កិច្ចប្រជុំ​នេះ បានធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០២១ នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ​។

សម្ដេច​ក្រឡាហោម ស ខេង បាន​មានប្រសាសន៍ថា កិច្ចប្រជុំ​នា​ថ្ងៃនេះ ធ្វើឡើង​ស្របតាម​សំណើ​របស់​នាយ​ឧ​ត្ត​ម​សេនីយ៍ នាង ផាត ប្រធាន​ក្រុម​ប្រតិបត្តិការ​ការប្រមូល​អាវុធយុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ នៅ​ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម តាម​ការចង្អុលបង្ហាញ​ដ៏​ខ្ពង់ខ្ពស់​ពីស​ម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ដោយ​ទទួលបាន​លទ្ធផល​យ៉ាង​ល្អប្រសើរ​។​

យោងតាម​របាយការណ៍​ស្តីពី​កិច្ចប្រតិបត្តិការ​រុករក​នាវាចម្បាំង និង​បោសសម្អាត​គ្រាប់​យុ​ទ្ឋ​ភណ្ឌ​មិនទាន់​ផ្ទុះ​នៅ​បាតទន្លេ ក្នុងអំឡុង​សង្គ្រាម​ឆ្នាំ​១៩៧០-១៩៧៥ ស្ថិតនៅ​ឃុំ​មានជ័យ ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០២០ ក្រោយពី​ទទួលបាន​សេចក្តីសម្រេច​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ក្រុម​ជំនាញ​របស់​មជ្ឈមណ្ឌល​ជាតិ​បាន​ចុះទៅ​កាន់​ទីតាំង​ភូមិសាស្ត្រ ឃុំ​មានជ័យ ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម ទីតាំង​ដែលមាន​នាវាចម្បាំង​លិច និង​មាន​បន្សល់ទុក​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​នៅ អំឡុង​សង្គ្រាម​ឆ្នាំ​១៩៧០-១៩៧៥ ។ ដើម្បី​ធ្វើការ​សិក្សា​ស្រាវជ្រាវ​លម្អិត​ស្តីពី​ប្រវត្តិ​សង្គ្រាម​នៅ​តំបន់​នោះ មូលហេតុ​នៃ​ការ​លិច​នាវា ការគំរៀមកំហែង​ដោយ​គ្រាប់​មិនទាន់​ផ្ទុះ និង​បញ្ហា​ផ្សេងៗ​។​

​ដើម្បី​អនុវត្តតាម​បទបញ្ជា​ដ៏​មាន​សារៈសំខាន់​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា កាលពី​ថ្ងៃទី​៣០ ខែ កញ្ញា ឆ្នាំ​២០២០ មជ្ឈមណ្ឌល​ជាតិ​គ្រប់គ្រង​កងកម្លាំង​រក្សា​សន្តិភាព បោសសម្អាត​មីន និង​កាក សំណល់​សង្គ្រាម រួម​សហប្រតិបត្តិការ​ជាមួយ​បញ្ជាការដ្ឋាន​ទ័ព​ពិសេស កងទ័ពជើងគោក បាន​បង្កើត កងអនុសេនាធំ បោសសំអាត​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ក្រោម​ទឹក ក្នុង​គោលដៅ​ចុះ​អនុវត្ត​កិច្ចប្រតិបត្តិការ រុករក​នាវាចម្បាំង​លិច និង​ធ្វើការ​បោសសម្អាត​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ជាច្រើន​តោន ដែល​បាន បន្សល់ទុក​កាលពី​អំឡុង​សង្គ្រាម​ឆ្នាំ​១៩៧០ – ១៩៧៥​។

​កិច្ចប្រតិបត្តិការ​រុករក​នាវា និង​បោសសម្អាត​គ្រាប់ៈ​
​កងអនុសេនាធំ​មាន​តួនាទី​យ៉ាងសំខាន់​ក្នុងការ​ប្រមូលផ្តុំ​កម្លាំង និង​បាន​បង្កើត​ទីបញ្ជាការ​ស្រាល នៅក្នុង​វត្តមាន់​ដប់ ចាប់ពី​ថ្ងៃទី​០៣ ខែតុលា ឆ្នាំ​២០២០ ដើម្បី​ធ្វើការ​ហ្វឹកហ្វឺន ធ្វើ​សមាហរណកម្ម​ជំនាញ បញ្ចូល​គ្នា ត្រៀម​បើក​កិច្ចប្រតិបត្តិការ​រួមគ្នា ដោយ​ធ្វើការ​សិក្សា​ស្រាវជ្រាវ រុករក និង​ធ្វើការ​បោសសម្អាត​គ្រាប់​ទ្ធ​ភណ្ឌ​មិនទាន់​ផ្ទុះ​ក្នុង​នាវា លិច​ក្នុង​ទន្លេ នៅលើ​វិសាលភាព​នៃ​ផ្ទៃ​ទន្លេ បណ្តោយ​១៥០០​ម និង​ទទឹង ១០០០​ម (១៥០​ហិកតា​) និង​បាន​បែង​ចែកជា​៣​តំបន់ រួមមាន​៖ តំបន់​ហានិភ័យ​ខ្ពស់ ទំហំ​២០០​ម x ២០០​ម ចំនុច​នាវា​លិច តំបន់​មាន​ហា​ខំ​ភ័យ​មធ្យម ទំហំ​៥០០​ម​x១០០០​ម និង​តំបន់​នៅសល់​មាន​ហានិភ័យ ទាប​។ រហូតមកដល់​ពេលបច្ចុប្បន្ន​នេះ ដំណើរការ​ប្រតិបត្តិកា​រ​បាន​រុក​រកឃើញ​ទីតាំង​នាវា​លិច​ហើយ និង​កំពុង​ប្រតិបត្តិការ​បូម​ខ្សាច​បណ្តើរ ធ្វើការ​រុករក និង​ស្រង់​យក​គ្រាប់​ចេញពី​នាវា ព្រមទាំង​ភិ​ច្ចការ ស្តារ​ស្រង់​គល់ឈើ និង​គល់​ឫស្សី ដែល​នៅជាប់​គាំង​ជុំវិញ​នាវា ដែលជា​ឧបសគ្គ​រាំងស្ទះ​ដល់​ប្រតិបត្តិការ​ស្រង់​យក​គ្រាប់​ចេញពី​នាវា​។

​លទ្ធផល​សម្រេចបានៈ​
​កិច្ចប្រតិបត្តិការ​រយៈ​ពេល​០៣​ខែ​កន្លងមកនេះ កម្លាំង​ជំនាញ​បានធ្វើការ​បោសសំអាត​គ្រាប់​ក្រោម​ទឹក និង​នៅតាម​ភូមិឋាន​ប្រជាពលរដ្ឋ​រស់នៅ​ជុំវិញ​តំបន់​ប្រតិបត្តិការ បាន​ចំនួន​សរុប ៩១២​គ្រាប់​។ គ្រាប់​ទាំងនេះ​ត្រូវបាន​ស្តុក​ទុក​នៅ​ទីតាំង​សុវត្ថិភាព​ឆ្ងាយ ពី​ទីប្រជុំជន នៅជាប់​មាត់ទន្លេរ និង​មានការ​យាម​ការពារ ២៤/២៤​ម៉ោង​។ កិច្ចប្រតិបត្តិការ​នេះ​នឹង​ត្រូវខិតខំ​ប្រឹងប្រែង រះ​ក​គ្រប់​មធ្យោបាយ ដើម្បី អោយ​ទទួលបាន​ជោគជ័យ​ទាំងស្រុង នា​ដើមខែ​ឧសភា​ខាងមុខនេះ គឺ​មុន​រដូវវស្សា​មកដល់​។​

​កិច្ចសហប្រតិបត្តិការ​ជាមួយ​ជ្ញា​ធរ​ដែនដី ស្រុក​ស្រី​សន្ធរ​
​ក្នុង​គោលបំណង​ជម្រុញ​កិច្ចប្រតិបត្តិការ​ឱ្យ​ដំណើរការ​ទៅដោយ​រលូន និង​ទទួលជោគជ័យ​តាម​ផែនការ​គ្រោងទុក ការចូលរួម​សហការ​ណ៍​ដ៏​សកម្ម​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​ស្រី​សន្ធរ មេឃុំ មានជ័យ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​មានជ័យ ទាំង​ផ្នែក​កិច្ចការរដ្ឋបាល ការងារ​ធានា​សន្តិសុខ និង សណ្តាប់ធ្នាប់ ជាពិសេស​ការចូលរួម​ផ្សព្វផ្សាយ​យល់ដឹង​អំពី​គ្រោះថ្នាក់​គ្រាប់​យុទ្ធភណ្ឌ ដល់​ប្រជា ពលរដ្ឋ​រស់នៅ​ជុំវិញ​តំបន់​ប្រតិបត្តិការ ទាំងនេះ​ជា​កត្តា​ដ៏​ចាំបាច់​មិនអាច​ខ្វះ​បាន​៕
រក្សា​សិទ្ធិ​ដោយៈ ចេស្តារ​

 

spot_img
×