Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គណៈកម្មាធិការ​ជាតិ​ការពារ​អ្នកប្រើប្រាស់ បានរៀបចំ​កិច្ចប្រជុំ ដើម្បី​ពិនិត្យ ពិភាក្សា និង​អនុម័ត បទបញ្ជាផ្ទៃក្នុង ផែនការ​សកម្មភាព និង​លិខិតបទដ្ឋាន​គតិយុត្ត​ក្រោម​ច្បាប់​ស្តីពី​កិច្ចការពារ​អ្នកប្រើប្រាស់​

spot_img

​ភ្នំពេញ​៖ នា​រសៀល​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០២១ គណៈកម្មាធិការ​ជាតិ​ការពារ​អ្នកប្រើប្រាស់ «​គ​.​ជ​.​ក​.​ប​» បានរៀបចំ​កិច្ចប្រជុំ​លើក​ទី​២ របស់ខ្លួន ក្រោម​អធិបតីភាព ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម និង​ជា​ប្រធាន គ​.​ជ​.​ក​.​ប ដើម្បី​ពិនិត្យ ពិភាក្សា និង​អនុម័ត បទបញ្ជាផ្ទៃក្នុង ផែនការ​សកម្មភាពរ​បស់ គ​.​ជ​.​ក​.​ប​. និង​លិខិតបទដ្ឋាន​គតិយុត្ត​ក្រោម​ច្បាប់​ស្តីពី​កិច្ចការពារ​អ្នកប្រើប្រាស់​មួយចំនួន ដោយមាន​ចូលរួម​ពី ឯកឧត្តម​អនុប្រធាន​អចិន្ត្រៃយ៍ ឯកឧត្តម លោកជំទាវ ជា​អនុប្រធាន និង​សមាជិក ព្រមទាំង​ឯកឧត្តម លោកជំទាវ លោក​លោកស្រី ក្រុម​លេខាធិការ និង​ជំនួយការ​។​

​ថ្លែង​ក្នុង​កិច្ចប្រជុំ​នេះ ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម និង​ជា​ប្រធាន គ​.​ជ​.​ក​.​ប​. បាន​សម្តែង​នូវ​ការកោតសរសើរ និង​ថ្លែងអំណរគុណ​ដល់​អគ្គនាយក​ដ្ឋា​ន ក​.​ប​.​ប​. ដែលជា​លេខាធិការដ្ឋាន​នៃ គ​.​ជ​.​ក​.​ប​. ដែល​តែងតែ​យកចិត្តទុកដាក់​បំពេញ​ការងារ​តាម​តួនាទី​និង​ភារកិច្ច​របស់ខ្លួន និង​បាន​សម្របសម្រួល​កិច្ចការរដ្ឋបាល​យ៉ាង​រលូន​សម្រាប់​ដំណើរការ​នៃ​គណៈកម្មាធិការ​ជាតិ​ការពារ​អ្នកប្រើប្រាស់ ក្នុង​កាលៈទេសៈ​ដ៏​លំបាក​នៃ​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩​។​

​ជាមួយគ្នានេះដែរ ឯកឧត្តម​រដ្ឋមន្ត្រី​បានស្នើ ឯកឧត្តម​អនុប្រធាន​អចិន្ត្រៃយ៍ ឯកឧត្តម លោកជំទាវ ជា​អនុប្រធាន និង​សមាជិក​នៃ គ​.​ជ​.​ក​.​ប ពិនិត្យ ពិភាក្សា និង​ផ្តល់​ធាតុ​ចូល​លើ​ឯកសារ​គតិយុត្ត​មួយចំនួន ហើយ​ជា​លទ្ធផល កិច្ចប្រជុំ​សម្រេច​កែសម្រួល និង​អនុម័ត​សេចក្តីព្រាង​បទបញ្ជាផ្ទៃក្នុង​ស្តីពី​របៀបរបប​ការងារ​របស់ គ​.​ជ​.​ក​.​ប​. និង​បាន​ណែ​នាំឱ្យ​អង្គប្រជុំ​ពិនិត្យ ពិភាក្សា​និង​ផ្តល់យោបល់​បន្ត​លើ​សេចក្តីព្រាង​ដូចខាងក្រោម​៖
• សេចក្តីព្រាង​ផែនការ​សកម្មភាព​សម្រាប់​អនុវត្ត​ឆ្នាំ​២០២១ របស់ គ​.​ជ​.​ក​.​ប​.
• សេចក្តីព្រាង​ប្រកាស​ស្តីពី​បែបបទ និង​នីតិវិធី​នៃ​ការត្រួតពិនិត្យ​និង​ស៊ើបអង្កេត​ក្រោម​ច្បាប់​ស្តីពី​កិច្ចការពារ​អ្នកប្រើប្រាស់​
• សេចក្តីព្រាង​ប្រកាស​ស្តីពី​នីតិវិធី​នៃ​ការដោះស្រាយ​តាមរយៈ​ការចរចា​ចំពោះ​បទល្មើស​ក្រោម​ច្បាប់​ស្តីពី​កិច្ចការពារ​អ្នកប្រើប្រាស់​
• សេចក្តីព្រាង​អនុក្រឹត្យ​ស្តីពី​ការគ្រប់គ្រង​ការផ្សាយពាណិជ្ជកម្ម លើ​ផលិតផល​ទំនិញ និង​សេវា​
• សេចក្តីព្រាង​ទម្រង់​សេចក្តីសម្រេច​របស់​អគ្គ​នាយក​
• សេចក្តីព្រាង​ទម្រង់​សេចក្តីសម្រេច​របស់ គ​.​ជ​.​ក​.​ប​.
• សេចក្តីព្រាង​ទម្រង់​សេចក្តីសម្រេច​លើ​ពាក្យ​បណ្តឹងតវ៉ា​
• សេចក្តីព្រាង​ពាក្យស្នើសុំ​ដោះស្រាយ​តាម​ការចចារ​។​

​ក្នុងឱកាស​នោះ ឯកឧត្តម ផាន អូន អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ «​ក​.​ប​.​ប​.» ជា​សមាជិក និង​ជា​លេខាធិការ​នៃ គ​.​ជ​.​ក​.​ប បាន​រាយការណ៍​ជូន​អង្គប្រជុំ អំពី​សកម្មភាព​ការងារ​សំខាន់ៗ​ដែល​អគ្គនាយកដ្ឋាន ក​.​ប​.​ប​. សម្រេចបាន​កន្លងមក​មានដូចជា ការចុះ​ឃ្លាំ​ពិនិត្យ​តម្លៃ​ទំនិញប្រើប្រាស់​ប្រចាំថ្ងៃ ម៉ាស់ អាល់កុល និង​ជែ​ល​លាង​សម្អាត​ដៃ ការចុះ​ស្រាវជ្រាវ​បាតុភាព​ករណី​សង្ស័យ​ពុល​ស្រា​នៅ​ខេត្តកំពង់ឆ្នាំង ការចុះ​បង្ក្រាប​ទីតាំង​ស្តុក​ទុក​និង​ចែកចាយ​អាល់កុល​ក្លែងក្លាយ ការអញ្ជើញ​ក្រុមហ៊ុន​មួយចំនួន​ឱ្យមក​បំភ្លឺ​លើ​ករណី​ផ្សាយពាណិជ្ជកម្ម​ផលិតផល ក៏ដូចជា​ការអញ្ជើញ​ក្រុមហ៊ុន​ផ្សព្វផ្សាយ​លក់​ផលិតផល​អាហារ​បំប៉ន​តាម​អន​ទ្បា​ញ​ដើម្បី​ចូលរួម​ផ្សព្វផ្សាយ​ច្បាប់​ពាក់ព័ន្ធ​នឹង​កិច្ចការពារ​អ្នកប្រើប្រាស់​៕​រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×