Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បិទ​វគ្គ​ហ្វឹកហ្វឺន​ជំនាញ​កុម្ម៉ង់ដូ​ជំនា​ន់ទី​១០ វគ្គ​ហ្វឹកហ្វឺន​ជំនាញ​ឆត្រយោង ជំនា​ន់ទី​២៩

spot_img

​ភ្នំពេញៈ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក អញ្ជើញ​បិទ​វគ្គ​ហ្វឹកហ្វឺន​ជំនាញ​កុម្ម៉ង់ដូ ជំនា​ន់ទី​១០ វគ្គ​ហ្វឹកហ្វឺន​ជំនាញ​ឆត្រយោង ជំនា​ន់ទី​២៩ និង​បើក​វគ្គ​ហ្វឹកហ្វឺន​ជំនាញ​ឆត្រយោង ជំនា​ន់ទី​៣០ និង​ចូលរួម​ពិធី​បញ្ចុះបឋមសិលា​សាង​សង់​សំណង់​ប​ចេ្ច​ក​ទេស​លោត​ឆត្រយោង សម្ពោធ​សមិទ្ធផល នៅ​ខេត្តកំពង់ស្ពឺ កាលពី​ព្រឹក​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០២១​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​នាំមក​នូវ​ការ​ផ្តាំផ្ញើរ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​ថ្នាក់ដឹកនាំ​គ្រប់​ជាន់ថ្នាក់​នៃ​ក្រសួងការពារជាតិ និង​អគ្គបញ្ជាការដ្ឋាន ដែលជា​និច្ច​ជា​កាល តែង​គិតគូរ​អំពី​សុខទុក្ខ ហើយ​យកចិត្តទុកដាក់​ចំពោះ​យោធិន​ទាំងអស់​ព្រមទាំង​ក្រុមគ្រួសារ និង​បាន​ជួយ​ជ្រោមជ្រែង​ដល់​កិច្ចការ​ហ្វឹកហ្វឺន​។ ជាក់ស្តែង​សមិទ្ធផល​នានា​ដែល​ត្រូវ​បានដាក់​សម្ពោធ​ថ្ងៃនេះ​មាន អគារ​ស្នាក់នៅ​របស់​សិ​ក្ខា​កាម និង​អគារ​អាហារ​ដ្ឋា​ន រួមទាំង​អគារ​សំណង់​បច្ចេកទេស​ឆត្រយោង​ដែល​ទើប​ត្រូ​បាន​បញ្ចុះបឋមសិលា​សាង​សង់ ជា​អំណោយ​ដ៏​ថ្លៃថ្លារ​របស់​សម្តេច​តេ​ជោ និង​សម្តេច​កិ​តិ​ព្រឹទ្ធ​បណ្ឌិត គឺជា​ផ្នែក​មួយ​នៃ​ការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​នានា​របស់​សាលា​ហ្វឹកហ្វឺន​ទ័ព​ពិសេស​តេ​ជោ​សែន​ឱ​រ៉ា​ល់ សម្រាប់​បម្រើឱ្យ​ការងារ​ហ្វឹកហ្វឺន​ជំនាញ​ទ័ព​ពិសេស ដែល​ស្ថិតនៅក្នុង​លំដាប់​ការងារ​អាទិភាព​មួយ​របស់​កងទ័ពជើងគោក​។

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ថ្នាក់ដឹកនាំ និង​យោធិន​ទាំងអស់​នៃ​បញ្ជាការដ្ឋាន​ទ័ព​ពិសេស ក្នុង​ការខិតខំ​ប្រឹងប្រែង​ប្រែក្លាយ​ទីនេះ ឲ្យ​ទៅជា​កន្លែង​ហ្វឹកហ្វឺន​ក្នុងការ​លោត​ឆត្រ​ដែលជា​មូលដ្ឋាន​រឹងមាំ ដើម្បី​កសាង​នូវ​ទីតាំង​យូរអង្វែង ហើយ​ស្រប​ពេលដែល អង្គភាព​៩១១ បានប្រែក្លាយ​ខ្លួន​ពី​កងពលតូច​ទៅជា​បញ្ជាការដ្ឋាន​ទ័ព​ពិសេស ដោយ​បង្កើន​នូវ​វិសាលភាព​តួនាទី និង​ភារកិច្ច​កាន់តែ​ធំ​ជាង​មុន​។ ទីតាំង​នេះ នឹង​ជា​មូលដ្ឋាន​សម្រាប់​ជួយ​ពង្រឹង​ជំនាញ​ទ័ព​ពិសេស​សម្រាប់​គ្រប់​អង្គភាព​ចំណុះ ក៏ដូចជា​គ្រប់​បណ្តា​កងកម្លាំងប្រដាប់អាវុធ​ជាតិ​ទាំងអស់​។ ម្យ៉ាងវិញទៀត បញ្ជាការដ្ឋាន​ទ័ព​ពិសេស​មាន​វិសាលភាព​ធំធេង​ក្នុងការ​ចូលរួមចំណែក​ថែរក្សា​សុខសន្តិភាព និង​ស្ថិរភាព​សង្គម ដោយហេតុថា​ជំនាញ​ទ័ព​ពិសេស​នេះ​គឺជា​តម្រូវការ​ចាំបាច់​ស​ម្រា​ប់​បរិបទ​ថ្មី​នៃ​សង្គ្រាម​បែប​មិន​ប្រពៃណី​ដូចជា គ្រោះមហន្តរាយធម្មជាតិ និង​អំពើ​ភេរវកម្ម ជាដើម​។

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ក៏បាន​អរគុណ និង​កោតសរសើរ​ចំពោះ​បញ្ជាការដ្ឋាន​ទ័ព​ពិសេស ក៏ដូចជា​គ្រប់​បណ្តា​ស្ថាប័ន​-​កងឯកភាព​ទាំងអស់ ដែល​កន្លងមក​បាន​ចាត់វិធានការ​ប្រុងប្រយ័ត្ន​រឹងមាំ និង​បាន​អនុវត្ត​នូវ​រាល់​វិធានការ​សុខាភិបាល​បាន​យ៉ាង​ខ្ជាប់ខ្ជួន ដោយ​មិនទាន់មាន​យោធិន​ក្នុងប្រទេស​ណា​ម្នាក់​រងគ្រោះ​ដោយសារ​ជំងឺ​កូ​វីដ​-១៩ នៅឡើយ​។ ស្ថានភាព​ទូទៅ​ក្នុង​ពិភពលោក​បច្ចុប្បន្ន​នៃ​ជំងឺ​កូ​វីដ​-១៩ នៅ​មិនទាន់បាន​ធូរស្រាល​នៅឡើយ ហើយ​ក្នុងនោះ​ប្រទេសមួយ​ចំនួន​កំពុង​បន្ត​រងគ្រោះ​ដោយសារ​រលក​ទី​២ និង​ទី​៣ ដូច្នេះ​យើង​មិនអាច​មើលស្រាល ឬ​ធ្វេសប្រហែស​នឹង​បញ្ហា​នេះឡើយ​។ យើង​ត្រូវ​បន្ត​ប្រុងប្រយ័ត្ន​ខ្ពស់​ជាប់​ជានិច្ច ដោយ​អនុវត្តតាម​ការណែនាំ​នានា​របស់​ក្រសួងសុខាភិបាល ដើម្បី​ការពារ​ទប់ស្កាត់​ការឆ្លង​រាលដាល​នៅក្នុង​អង្គភាព ក៏ដូចជា​ចូលរួម​បង្ការ​ការឆ្លង​នៅក្នុង​សហគមន៍​គ្រួសារ​កងទ័ព និង​គ្រួសារ​ប្រជាពលរដ្ឋ ដោយ​រួមទាំង​ការត្រៀម​លក្ខណៈ​ចូលរួម​ឆ្លើយតប តាម​ផែនការ​ទិសដៅ​ការងារ​របស់​គណៈកម្មាធិកា​រ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ នៅពេល​មាន​តម្រូវការ​។​

​សូម​អបអរសាទរ និង​កោតសរសើរ​ចំពោះ​សិក្ខាកាម​ទាំងអស់ ដែល​បាន​ហែល​ឆ្លង​បញ្ចប់​វគ្គ​ហ្វឹកហ្វឺន​ដ៏​លំបាក​នេះ​។ ជោគជ័យ​នេះ គឺ​កើតចេញពី​ការ​ហាត់ពត់លត់ដំ​កាយសម្បទា ស្មារតី និង​សតិអារម្មណ៍​ក្នុងការ​ជម្នះ​នូវ​ការលំបាក​គ្រប់បែបយ៉ាង ហើយ​គឺ​មោទនភាព​សម្រាប់​សិក្ខាកាម​បញ្ចប់​វគ្គ​គ្រប់រូប ជាមួយ​ការសង្ឃឹម​យ៉ាង​មុតមាំ​ថា សិក្ខាកាម​ទាំងអស់​នឹង​យកចិត្តទុកដាក់​ខិតខំ​ប្រឹងប្រែង​បន្ត​រៀនសូត្រ និង​ប្រើប្រាស់​ចំណេះដឹង​ទាំង​ផ្នែក​ទ្រឹស្តី និង​ការអនុវត្ត​ទទួលបាន​ពី​វគ្គ​ហ្វឹកហ្វឺន​ទាំងនេះ សម្រាប់​យកទៅ​បំពេញ​រាល់​ភារកិច្ច​ឱ្យ​ទទួលបាន​ជោគជ័យ និង​កាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់ ក្នុង​បុព្វហេតុ​បម្រើ​ជាតិ មាតុភូមិ និង​ប្រជាជន​របស់​យើង​។​

​មេបញ្ជាការ​កងទ័ពជើងគោក ក៏​សូម​អរគុណ​ចំពោះ​ថ្នាក់ដឹកនាំ​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ និង​អាជ្ញាធរ​ដែនដី​គ្រប់លំដាប់​ថ្នាក់ ភាគី​មិត្ត និង​សប្បុរសជន​ទាំងអស់ ដែល​បាន​ជ្រោមជ្រែង​ក្នុង​កិច្ច​ការកសាង​សមត្ថភាព​កងទ័ព​លើ​គ្រប់ផ្នែក​ទាំង​ការកសាង​ហេ​ដ្ឋា​ចរ​នា​សម្ព័ន្ធ ការហ្វឹកហ្វឺន និង​ការធានា​ផ្សេងៗ​។ ទាំងអស់នេះ​បាន​ស្តែង​ឱ្យឃើញ​នូវ​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា ដោយ​ឈរលើ​បុព្វហេតុ​រួម គឺ​ការកសាង​មូលដ្ឋាន​នៃ​កិច្ច​ការពារជាតិ ដើម្បី​ធានាបាន​នូវ​សន្តិភាព​ស្ថិតស្ថេរ​យូរអង្វែង និង​ការកសាង​ឱកាស​សម្រាប់​ការអភិវឌ្ឍ​ជាតិ​។ និយាយ​បក​ត្រឡប់​ទៅវិញ សន្តិភាព ស្ថិរភាព​នយោបាយ និង​ការរីកចម្រើន​ផ្នែក​សេដ្ឋកិច្ច ក៏​ជាការ​ផ្តល់នូវ​ឱកាស​សម្រាប់​ការកសាង និង​អភិវឌ្ឍ​សមត្ថភាព​កងយោធពល​ខេមរភូមិន្ទ​ផងដែរ ជាពិសេស​ក្នុងពេលដែល​កម្ពុជា​ទទួល​បាន​នូវ​សុខសន្តិភាព ឯកភាព​ជាតិ ឯកភាព​ទឹកដី និង​ការអភិវឌ្ឍ​រីកចម្រើន​ដូច​សព្វថ្ងៃ ជា​សមិទ្ធផល​នៃ​នយោបាយ​ឈ្នះ​-​ឈ្នះ ដែលមាន សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ជា​ស្ថាបនិក​៕ រក្សា​សិទ្ធិ​ដោយៈ ចេស្តារ​

spot_img
×