Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដីព្រៃក្នុងតំបន់ការពាររាប់ពាន់ហិកតា នៅស្រុកកោះញែក កំពុងត្រូវគេកាប់រានដីធ្វើកម្មសិទ្ធិ

spot_img

ខេត្តមណ្ឌលគិរី៖ ប្រជាពលរដ្ឋនៅស្រុកកោះញែក បានឲ្យដឹងថា ដីព្រៃឈើរាប់ពាន់ហិកតា មានដើមឈើដុះរាប់​លានដើម នៅក្នុងតំបន់ព្រៃការពារជិត ១មឺនហិកតា កំពុងរងកាប់កាប់បំផ្លាញយ៉ាងរង្គាល់ដីព្រៃតំបន់អភិរក្សភ្នំព្រិចកំពុងរងការកាប់រានយកដីធ្វើអាជីវកម្មលក់ដូរដោយសេរី។

នេះបើតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋរស់នៅចំណុច ព្រៃខៀវ ភូមិ រវ៉ាក់ ឃុំ រយ៉ ស្រុកកោះញ៉ែកខេត្តមណ្ឌលគិរី។ ប្រជាពលរដ្ឋ បានអះអាងថា រយៈពេលជាងមួយឆ្នាំមកនេះ ពួកគាត់តែងតែឃើញមានប្រជាជនចំណាកស្រុកមកពីខេត្តផ្សេងគ្នា ក្នុងមួយថ្ងៃៗចាប់ពី ១៥ ទៅ ២០នាក់ បានជិះរថយន្ដ និងម៉ូតូ ប្រដាប់ដោយម៉ាស៊ីនត្រង់សឺន័រ កាំបិត ពូថៅគ្រប់ៗដៃ បានចូលមកចំណុចខាងលើ។

ប្រភពដដែលបានអះអាងថា មេខ្យល់ដែលបំផុសអោយពលរដ្ឋចូលកាប់ព្រៃខុសច្បាប់ក្នុងដែនអភិរក្សភ្នំព្រេច មានឈ្មោះ កែវ វុទ្ធី ហើយជនរូបនេះមានជាប់ពាក់ព័ន្ធ និងករណីកាប់ទន្ទ្រានដីព្រៃ របស់រដ្ឋជាច្រើនកន្លែង រហូតដល់មាន ដីកាតាមចាប់ខ្លួន របស់តុលាការទៀតផង។ ពលរដ្ឋថា បច្ចុប្បន្ន លោក កែវ វុទ្ធី ជនត្រូវចោទខាងលើនេះកំពុងរត់គេចខ្លួន ប៉ុន្តែបុគ្គលរូបនេះ បានដាក់កូនចៅនៅកន្លែងដីព្រៃខៀវ ដើម្បីកាប់លក់បន្តដដែល។ មនុស្សជំនិត របស់លោក កែវ វុទ្ធី ទាំង ៦នាក់នោះត្រូវបានគេស្គាល់ឈ្មោះទាំងអស់ ទី១ឈ្មោះ សេង ទូច ទី២ឈ្មោះលេះ គិន ទី៣ឈ្មោះ ស៊ឹម ផ្លី ទី០ឈ្មោះ ម៉ៅ ពិកា ទី៥ឈ្មោះ ស្រី ម៉ាស់ និងទី៦ ឈ្មោះ ស្រី ប្រីយ។ មនុស្សទាំង៦នាក់នេះកំពុងតែមានចលនាយ៉ាងសស្រាក់សស្រាំ ដាក់កម្មករ មានម៉ាស៊ីនត្រង់ន័រ កាំបិតពូថៅ ចូលកាប់ព្រៃរាន់យ៉ាងរង្គាលយកទៅលក់។ មិនតែប៉ុណ្ណោះលោក កែវ វុទ្ធី បានចាត់ចែងឲ្យមនុស្សជំនិតក្រោមឱវ៉ាទមានគ្នា៦នាក់ផ្សេងទៀត ដើម្បីឲ្យដើរវាស់វែងដី និងកត់ឈ្មោះប្រមូលប្រាក់ ពីប្រជាពលរដ្ឋមកពីទីឆ្ងាយទៀតផង។ ចំណែកនៅជំរំ របស់គាត់មានមនុស្សចំនួន ១៤គ្រួសារ ដែលបានទទួលបង្កាន់ដៃកាន់កាប់ដី( ហៅថា ចុងសន្លឹក)គ្រប់គ្នាដែលមានក្បាលដីទទឹង ៥០ម៉ែត្រគុណ ១០០០ម៉ែត្រ ដោយម្នាក់តម្រូវឲ្យបង់១០០.០០០០៛(មួយលានរៀល)មុនពេលចុះកាប់ដីព្រៃនោះ។ ប្រភពបន្តទៀតថា មានគ្រួសារខ្លះបង់លុយទៅឲ្យលោក កែវ វុទ្ធី ចាប់ពី ៧០០ដុល្លារទៅ ១៥០០ដុល្លារ។

លោក ស្រេន ស្លេះ តំណាងពលរដ្ឋប្រមាណ ២០០គ្រួសារ ដែលធ្លាប់ទៅបោះទីតាំងនៅតំបន់ព្រៃខៀវដែរ បានឲ្យដឹងថា ប្រជាជនដែលរស់នៅកាប់រានដីដំបូងមានចំនួន ២៥១គ្រួសារ ប៉ុន្តែត្រូវបានអាជ្ញាធរដេញចេញពីកន្លែងរស់នៅរបស់ពួកគាត់អស់រយៈពេលពីរឆ្នាំមកហើយ។ លោកបានបន្តថា បើសិនជារដ្ឋដកដីទាំងនេះយកជាសម្បត្តិរដ្ឋនោះពួកគាត់មិនតូចចិត្តទេ ប៉ុន្ដែផ្ទុយទៅវិញដីចំណុចនោះត្រូវបានលេចចេញមនុស្សថ្មី ឈ្មោះ កែវ វុទ្ធី មកដើរតួជាមេខ្យល់ គៀងគរប្រជាពលរដ្ឋថ្មីៗ មកពីចម្ងាយដោយប្រមូលប្រាក់ដាក់ខោប៉ាវខ្លួនឯង រួចចេញលិខិតក្លែងក្លាយបន្លំបោកប្រាស់ប្រជាពលរដ្ឋមកពីខេត្តឆ្ងាយៗមានទៅដល់ ៥៨៩ គ្រួសារឯណោះ។

អ្នកនាំពាក្យរដ្ឋបាលសាលាខេត្តមណ្ឌលគិរី លោក សុក សេរ៉ា ប្រាប់តាមទូរស័ព្ទឲ្យដឹងថា ពិតជាមានករណីកាប់ទន្ទ្រានដីព្រៃ របស់រដ្ឋនៅចំណុចព្រៃខៀវពិតជាមានប្រាកដមែន កន្លងមកអាជ្ញាធរខេត្តបានបង្កើតក្រុមគណៈកម្មការចុះទៅពិនិត្យ និង ចុះទៅហាមឃាត់ រហូតដល់កំណត់មុខសញ្ញា ជនជាមេខ្យល់ ដែលសមត្ថកិច្ចកំពុងតាមចាប់ខ្លួននទៀតផង។

លោកថា ចប្ចប្បន្នអាជ្ញាធរនៅមិនទាន់ ដឹងពីតួរលេខច្បាស់លាស់នៃការកាប់ទន្ទ្រាន់ដីព្រៃរបស់រដ្ឋនៅចំណុចនោះនៅឡើយ ដោយក្រុមគណៈកម្មការ និងរៀបចំក្រុមការងារអោយចុះទៅវាស់វែងជាក់ស្ដែងនៅសប្ដាហ៍ក្រោយ ក្រោយដឹងតួរលេខជាក់លាក់ ពីទំហំ ការកាប់ទន្ទ្រានដីព្រៃ និងចំនួនពលរដ្ឋពិតប្រាកដ ទើបសុំគោលការទៅថ្នាក់លើដើម្បីចាត់ការបន្ត លោកបញ្ជាក់ប្រាប់ថា មានពលរដ្ឋរហូតដល់ខ្ទង់រយគ្រួសារពិតមែន និងចែកជាច្រើនក្រុម ដែលកំពុងធ្វើសកម្មភាព ចូលទៅកាប់ទន្ទ្រានដីព្រៃរដ្ឋហាមឃាត់នៅតំបន់ខាងលើនោះ៕ ដោយ៖ សមុទ្រឈើ

spot_img
×