Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេ​ជោ ហ៊ុន សែន ថ្វាយ​សារលិខិត រំលែក​ទុក្ខ​ក្រៀមក្រំ និង​សោកស្ដាយ ចំពោះ​ការយាង​ចូល​ទិវង្គត សម្តេច ព្រះបរមរាមា នរោត្តម យុវនាថ​

spot_img

ភ្នំពេញ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន នៅ​ព្រឹក​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០២១​នេះ បាន​សម្ដែង​ការចូលរួម​រំលែក​ទុក្ខ​ក្រៀមក្រំ និង​ថ្វាយ​សារលិខិត​មួយ ចំពោះ ការយាង​ចូល​ទិវង្គត​របស់ សម្តេច ព្រះបរមរាមា នរោត្តម យុវនាថ ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ​កម្ពុជា ។

​សូមបញ្ជាក់ថា សម្តេច ព្រះបរមរាមា នរោត្តម យុវនាថ ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ​កម្ពុជា បាន​យាង​ចូល​ព្រះ​ទិវង្គត ក្នុង​ព្រះ​ជន្មាយុ ៧៨​ព្រះវស្សា នៅ​សហរដ្ឋអាមេរិក ដោយ​ព្រះ​ជរាពាធ នា​យប់​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០២១ (​ម៉ោង​នៅ​ប្រទេស​កម្ពុជា​)​។ នេះ​បើតាម​ការជូនដំណឹងរ​បស់​មន្ត្រី​ព្រះបរមរាជវាំង ។

​ក្នុង​សារលិខិត​ចូលរួម​ស​ម្ដែ​ការសោកស្តាយ និង​រំលែក​ទុក្ខ​នេះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​គូសបញ្ជាក់ថា «​ក្នុងឱកាស​ប្រកបដោយ​សមាន​ទុក្ខ​ដ៏​ក្រៀមក្រំ​នេះ រូបខ្ញុំ និង​ភរិយា សូម​ចូលរួម​រំលែក​នូវ​មរណទុក្ខ​ជាមួយ​អ្នក​ម្នាង រួមទាំង​បុត្រាបុត្រី ប្រកបដោយ​អនិច្ចលក្ខណ​ធម៌ សង្វេគ សោកស្តាយ ស្រណោះ អាឡោះអាល័យ ស្ទើរ​រក​ទីបំផុត​គ្មាន ព្រោះថា ការបាត់បង់​សម្តេច ព្រះបរមរាមា នរោត្តម យុវនាថ គឺជា​ការបាត់បង់​ព្រះ​ស្វាមី​ប្រកបដោយ​សង្គហធម៌ និង​ការបាត់បង់​ព្រះបិតា ប្រកបដោយ​ព្រះព្រហ្ម​វិហារធម៌​ដ៏​ជ្រាលជ្រៅ ពិសេស​គឺជា​ការបាត់បង់ អង្គ​ព្រះ​រាជវង្ស​ទ្រង់​ស្នេហា​ជាតិ សាសនា ព្រះមហាក្សត្រ​មួយអង្គ​ដ៏​ល្អ​ឆ្នើម​បំផុត​ផងដែរ​» ។

​សូមបញ្ជាក់ថា សម្តេច ព្រះបរមរាមា នរោត្តម យុវនាថ ជា​ព្រះរាជ​បុត្រា​ច្បង នៃ​ព្រះករុណា ព្រះបាទ សម្ដេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា​ឯករាជ្យ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិខ្មែរ ព្រះ​បរម​រតន​កោដ្ឋ ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត និង​ព្រះអង្គម្ចាស់​ក្ស​ត្រី សុ​ី​សុវត្ថិ ពង្ស​សាន​មុនី ។​

​សម្តេច ព្រះបរមរាមា ត្រូវជា​ព្រះរៀម​បង្កើត​មាតា​ទីទៃ នៃ​ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ។

​ជាមួយនឹង​សារលិខិត​រំលែក​ទុក្ខ​នេះ​ទៀតសោត សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត បាន​ឧទ្ទិស​បួងសួង​ដល់​ដួង​ព្រះ​វិញ្ញាណក្ខន្ធ សម្តេច ព្រះបរមរាមា នរោត្តម យុវនាថ ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ ទ្រង់​យាង​យោនយកកំណើត​ក្នុង​សុគតិភព​គ្រប់ៗ​ព្រះ​បរ​ជាតិ កុំបី​ឃ្លៀងឃ្លាត​ឡើយ ៕ រក្សា​សិទ្ធិ​ដោយ ពិសិដ្ឋ CEN​

spot_img
×