Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ក្រុមហ៊ុន​សែ​ល​កាត ប្រកាស​ដាក់ឱ្យ​ដំណើរការ​មជ្ឈមណ្ឌល​អ​ប់​រំ​តាម​អន​ឡាញ​ទំនើប​ថ្មី​

spot_img

​ភ្នំពេញ​៖ ថ្ងៃទី 15 មករា 2021 ក្រុមហ៊ុន​សែ​ល​កាត បានប្រកាស​ពី​ការបើក​ដំណើរការ មជ្ឈមណ្ឌល​អប់រំ (Education Hub) តាម​អន​ឡាញ ដើម្បី​អនុញ្ញាតឱ្យ​អតិថិជន​សែ​ល​កាត​របស់ខ្លួន អាច​ចូល​ទស្សនា​មាតិកា​អប់រំ​តាម​អន​ឡាញ ដោយ​ឥត​ដែន​កំណត់​នៅ​ទូទាំងប្រទេស​កម្ពុជា​។​

​សេវាកម្ម​នវានុវត្តន៍​ផ្នែក​ឌីជីថល ដែលមាន​ផ្តល់ជូន​នៅលើ Education Hub នេះ រួមមាន​សាលា​អេ​ឡិច​ត្រូ​និ​ច (E-School) កម្មវិធី ឃីម សុខ​ហេង (Khim Sok Heng) និង កម្មវិធី iKnow iKnow ជាដើម​។ Education Hub គឺជា​មធ្យោបាយ​ដ៏​ល្អ​បំផុត​មួយ សម្រាប់​អ្នកសិក្សា​គ្រប់រូប​ដែលមាន​បំណង​ចង់​បង្កើន​ចំណេះដឹង​របស់ខ្លួន ជាមួយនឹង​សមត្ថភាព​ក្នុង​ការទទួល​បានការ​អប់រំ​ឌីជីថល​គ្រប់​ទីកន្លែង​នៅ​ទូទាំងប្រទេស​កម្ពុជា ដែល​ដំណើរការ​ដោយ​សែ​ល​កាត​។​

​លោក អៀន វ៉ាត​សុន (Ian Watson) នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​សែ​ល​កាត បាន​មានប្រសាសន៍ថា Education Hub គឺជា​ផ្នែក​មួយ​នៃ​គោលដៅ​របស់​ក្រុមហ៊ុន​សែ​ល​កាត និង​រ៉ូយ៉ាល់​គ្រុប ដើម្បី​បង្កើន​អក្ខរកម្ម​ឌីជីថល និង​សមត្ថភាព​យុវជន​នៅក្នុង​ប្រទេស​កម្ពុជា ក៏ដូចជា​ដើម្បី​ធានា​ឱ្យបាន​នូវ​ការអប់រំ​ប្រកបដោយ​គុណភាព នៅក្នុង​អំឡុង​ស្ថានការណ៍​ឥត​ទិសដៅ​ច្បាស់លាស់​នេះ​ផងដែរ​។​

​លោក វ៉ាត​សុន បាន​មានប្រសាសន៍​បន្តថា​៖ “​តាមរយៈ​អនុសាសន៍​ណែនាំ​របស់​អ្នកឧកញ៉ា គិត ម៉េង អគ្គនាយក​ក្រុមហ៊ុន រ៉ូយ៉ាល់​គ្រុប ពួកយើង​នឹង​នៅតែ​បន្ត​ផ្តល់ជូន​នូវ​នវានុវត្តន៍​ផ្នែក​ឌីជីថល ដើម្បី​ជួយ​ព​ន្លឿ​ន​ដល់​ការធ្វើ​ឌីជីថល​នីយកម្ម​នៅ​កម្ពុជា​។ ការអប់រំ​តាម​អន​ឡាញ ពិត​ជាមាន​សារៈសំខាន់​ណាស់​នៅពេលនេះ ហើយ​ពួកយើង​អាច​មើលឃើញ​យ៉ាងច្បាស់​ថា សិស្ស​និស្សិត​នឹង​នៅតែ​ត្រូវ​ពឹង​ផ្អែកលើ​ថ្នាល​សិក្សា​និម្មិត (virtual learning platforms) ជា​បន្ត​”​។​

​ក្រុមហ៊ុន​សែ​ល​កាត បានដាក់​ឱ្យ​ដំណើរការ​កម្មវិធី​អប់រំ​តាមរយៈ​កម្មវិធី​ទូរស័ព្ទ iKnow iKnow នៅក្នុង​ឆ្នាំ ២០២០ ដើម្បី​ផ្តោតទៅលើ​សិស្សសាលា​ចាប់ពី​ថ្នាក់​ទី ៦ ដល់ទី ១២​។ សេវា​កម្មនេះ មាន​ផ្តល់ជូន​នៅ​ទូទាំងប្រទេស ដោយ​អ្នកប្រើប្រាស់​ត្រូវ​ចំណាយ​ត្រឹមតែ 1200 រៀល​ប៉ុណ្ណោះ ក្នុង​មួយ​សប្តាហ៍​។​

​អតិ​ជន​សែ​ល​កាត អាច​បន្ត​មានឱកាស​ឈ្នះ​រង្វាន់​អាហារូបករណ៍​រយៈពេល​មួយឆ្នាំ​ដោយ​ឥតគិតថ្លៃ ដើម្បី​សិក្សា​នៅ​សាកលវិទ្យាល័យ​នាំមុខគេ​ចំនួន ៣ នៅ​កម្ពុជា ដោយ​ក្នុងនោះ​រួមមាន​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង (NUM) សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា (PUC) និង​សាកលវិទ្យាល័យ​កម្ពុជា (UC) តាមរយៈ​ការចូលរួម​ប្រើប្រាស់​កម្មវិធី​អប់រំ ដើម្បី​ឆ្លើយ​សំណួរ​ស្វែងរក​ចម្លើយ​ត្រឹមត្រូវ​។ កាន់តែ​ពិសេស​ទៀត​នោះ អតិថិជន​ក៏​នឹង​មានឱកាស​ប្រចាំខែ ដើម្បី​ឈ្នះ​ម៉ូតូ​យ៉ាម៉ាហា X-Ride ចំនួន 2 គ្រឿង​ផងដែរ​។​

​កម្មវិធី E-School Cambodia ដែលមាន​នៅលើ Education Hub របស់​សែ​ល​កាត នឹង​ផ្តល់ជូន​វគ្គ​សិក្សា​តាម​វីដេអូ (Video On Demand) ចំនួន ១២ វគ្គ ដោយ​ផ្តោតលើ​ថ្នាក់​បរិញ្ញាបត្រ​ភាសា​អង់គ្លេស ដោយ​ឥតគិតថ្លៃ​រយៈពេល​មួយខែ សម្រាប់​រាល់​អតិថិជន​សែ​ល​កាត​ដែល​ប្រើប្រាស់​លេខ​កូដ​ប្រូ​ម៉ូ​សិន “Cellcard”​។ មុខវិជ្ជា​ជាច្រើន ដែល​អនុលោម​តាម​ស្តង់ដារ​អប់រំ​កម្ពុជា​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា សម្រាប់​គ្រប់​កម្រិត​ចាប់ពី​ម​ត្តេ​យ្យ​សិក្សា​ដល់​ថ្នាក់​វិទ្យាល័យ ក៏​នឹងមាន​ដាក់ជូន​ឱ្យប្រើ​ប្រាស់​ផងដែរ​។​

​កម្មវិធីសិក្សា Khim Sok Heng មាន​ផ្តល់ជូន​នូវ​មាតិការ​សិក្សា​តាម​វីដេអូ (Video On Demand) ដល់​អតិថិជន ជាមួយនឹង​គម្រោង​បង់ថ្លៃ​ប្រចាំថ្ងៃ ប្រចាំ​សប្តាហ៍ និង ប្រចាំខែ ដែល​អតិថិជន​អាច​បង់ថ្លៃ​គម្រោង​ដោយ​ប្រើប្រាស់​ទឹកប្រាក់​នៅក្នុង​គណនី​សែ​ល​កាត​របស់ខ្លួន​។ លោក ឃីម សុខ​ហេង (Khim Sok Heng) គឺជា​សាស្ត្រាចារ្យ​ដ៏​ល្បីល្បាញ និង​ទទួលបាន​ការគោរព​ដ៏​ខ្ពស់​មួយរូប ខាង​ផ្នែក​បណ្តុះបណ្តាល​ជំនាញ​ទន់​។ មាតិកា​តាម​អន​ឡាញ រួមមាន​វគ្គ​ស្តីពី​ភាពជា​អ្នកដឹកនាំ ទំនាក់ទំនង​គ្រួសារ ជំនាញ​ធុរកិច្ច ការលើកទឹកចិត្ត​និង​ការកែលំអ​ខ្លួនឯង និង​មាន​ជំនាញ​ដទៃៗ​ទៀត​ជាច្រើន​។

​លោក វ៉ាត​សុន បាន​ថ្លែង​ទៀតថា​៖ “Education Hub គឺជា​ផ្នែក​មួយ​នៃ​ការប្តេជ្ញាចិត្ត​របស់​ពួកយើង ដើម្បី​ធានាបាន​នូវ​ការអភិវឌ្ឍ​ទៅ​មុខជា​បន្តបន្ទាប់​នៅក្នុង​ប្រទេស​កម្ពុជា​។ សេវាកម្ម​សិក្សា​តាម​អន​ឡាញ​នេះ គឺជា​ធនធាន​បន្ថែម​ដ៏​អស្ចារ្យ​មួយ សម្រាប់​ជួយ​ដល់​សិស្ស​និស្សិត​ក្នុងការ​រៀនសូត្រ​នូវ​ជំនាញ​ឌីជីថល ក៏ដូចជា​ជួយ​ដល់​ការអភិវឌ្ឍ​គំនិត​របស់​យុវជន​ខ្មែរ​ផងដែរ​”​។

​អតិថិជន​សែ​ល​កាត​ដែលមាន​ចំណាប់អារម្មណ៍​ក្នុងការ​ប្រើប្រាស់ Education Hub អាច​ចូល​ទស្សនា​មាតិកា​របស់​កម្មវិធី​នេះ​បាន តាមរយៈ Cellcard App ដែល​អាច​ស្វែង​រកបាន​នៅលើ​ហាង​របស់ iOS និង Android៕​រក្សា​សិទ្ធិ​ដោយ​៖CEN


spot_img
×