Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ៖ កម្ពុជា​សម្រេច​ប្រើ​វ៉ាក់សាំង​ជំងឺ​កូ​វីដ​១៩​របស់​ចិន គឺ​មិនអាច​រង់ចាំ​វ៉ាក់សាំង ដែល​ទទួលស្គាល់​ដោយ​អង្គការ​សុខភាព​ពិភពលោក (WHO)

spot_img

​ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់ថា ដើមឡើយ​សម្តេច​បានប្រកាស​ពី​ការទទួល​វ៉ាក់សាំង ដែល​ទទួលស្គាល់​ដោយ​អង្គការ​សុខភាព​ពិភពលោក (WHO) តែ​ក្នុង​បរិបទ​កម្ពុជា កំពុង​ទទួលរង​ការរីក​រាលដាល​ដូច​ពេលបច្ចុប្បន្ន គឺ​មិនអាច​រង់ចាំ​បាន​ទៀត​នោះទេ អាស្រ័យហេតុនេះ​ទើប​កម្ពុជា​សម្រេច​ប្រើ​វ៉ាក់សាំង​ជំងឺ​កូ​វីដ​១៩​។​

​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា នៅ​រាត្រី​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០២០​នេះ តាមរយៈ​សារ​សំឡេង​ជាពិសេស​ផ្ញើជូន​ប្រជាពលរដ្ឋ ប្រកាស​ឱ្យដឹងថា រដ្ឋាភិបាល​ចិន បានផ្តល់​វ៉ា​ក់​សា​ជំងឺ​កូ​វីដ​១៩ ចំនួន ១​លាន​ដូ​ស​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ចាក់​ជូន​ប្រជាពលរដ្ឋ​ប្រមាណ ៥០​ម៉ឺន​នាក់​។​

សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់ថា វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូ​វីដ​១៩​នេះ ត្រូវបាន​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល​ចិន ប្រធានាធិបតី និង​ប្រជាជន​ឥណ្ឌូនេស៊ី និង​មនុស្ស​រាប់លាន​នាក់​លើ​ពិភពលោក​បាន​ប្រើប្រាស់​វ៉ាក់សាំង​នេះ​រួចហើយ​។ យើង​មិនអាច​រង់ចាំ​បន្តទៅទៀត​បាន​នោះទេ តម្រូវការ​ការពារជាតិ ការពារ​ប្រជាជន កុំឱ្យ​ឆ្លង​នូវ​រោគរាតត្បាត​ដ៏​កាច​សាហាវ​នេះ គឺ​យើង​ត្រូវ​ប្រើប្រាស់​នូ​វ៉ាក់សាំង ដែល​បាន​ប្រើប្រាស់​រួចមកហើយ​សម្រាប់​មេដឹកនាំ​ចិន ដែលមាន​មនុស្ស​ដល់​រាប់លាន​នាក់ បាន​ប្រើប្រាស់ និង​មាន​ប្រទេស​មួយចំនួន​ផ្សេងទៀត រាប់ទាំង​ប្រទេស​ឥណ្ឌូនេស៊ី ដែល​ប្រធានាធិបតី​ឥណ្ឌូនេស៊ី ទទួល​វ៉ាក់សាំង​លើកដំបូង គឺជា​វ៉ាក់សាំង​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។ យើង​មិនអាច​បន្ត​រង់ចាំ​បន្តទៀត​បានទេ ដោយសារ​ភាពចាំបាច់​នៃ​ការការពារ​ដល់​សុខភាព​របស់​ប្រជាពលរដ្ឋ​របស់​យើង ដែល​សព្វថ្ងៃនេះ ម្សិលមិញ​នេះ​មាន​ការឆ្លង​រហូតដល់ ១៥​នាក់​។ ថ្ងៃនេះ​ក៏មាន​ការឆ្លង​រហូតដល់ ១០​នាក់​បន្ថែមទៀត ដែល​សុទ្ធតែ​ចេញ​មកពី​ប្រទេស​ថៃ​នៅ​ជិតខាង​យើង​។ ដូច្នេះ​យើង​មានការ​ចាំបាច់ ដើម្បី​ប្រើប្រាស់​នូវ​វ៉ាក់សាំង​នេះ សម្រាប់​ការការពារ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន មកដល់ពេលនេះ មិន​ថា តែ​វ៉ាក់សាំង​ចិន​ទេ វ៉ាក់សាំង​ប្រទេស​ដទៃទៀត ក៏​មិនទាន់​ដឹង​ពី​សុពលភាព ឬ​ប្រសិទ្ធភាព​នៅឡើយ​ទេ​។ ប៉ុន្តែ​សម្រាប់​មេដឹកនាំ​ចិន បាន​ប្រើប្រាស់​វ៉ាក់សាំង​ចិន​នេះ តាំងពី​ខែតុលា ឆ្នាំ​២០២០​មកម្ល៉េះ​។ ខ្ញុំ​ជឿជាក់ថា វ៉ាក់សាំង​នេះ នឹង​អាច​សម្រួល​ឱ្យ​យើង​ដោះស្រាយបាន​បញ្ហា​មួយផ្នែក​។ បើទោះបីជា​យើង​មិនទាន់​ដឹង​ប្រសិទ្ធភាព​ពិតប្រាកដ​។ មិនមែន​គ្រាន់តែ​វ៉ាក់សាំង​របស់​ចិន​នោះទេ ប៉ុន្តែ​វ៉ាក់សាំង​នៅ​គ្រប់​ប្រទេស​ទាំងអស់ មិនទាន់​ដឹងថា តើ​មាន​សុពលភាព​រយៈពេល​ប៉ុន្មាន​ខែ ឬ​ប៉ុន្មាន​ឆ្នាំ ឬមួយ​ជីវិត​នោះឡើយ​។ ប៉ុន្តែ​យ៉ាងណាក៏ដោយ​ខ្ញុំព្រះករុណាខ្ញុំ​បានដឹងថា មេដឹកនាំ​ចិន បាន​ចាក់​តាំងពី​ខែតុលា​ឯណោះ​។​

« រហូតមកដល់​ពេលនេះ​រដ្ឋមន្ត្រីការបរទេស វ៉ាង យី របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន មាន​សុខ​ភាពល្អ​ណាស់ ហើយ​ដើរ​ស្ទើរ​គ្រប់​ទីកន្លែង​។ ឥឡូវ​កំពុង​ទស្សនកិច្ច​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​របស់​យើង​នេះ​ផងដែរ បន្ទាប់ពី​ទស្សនកិច្ច​នៅ​តំបន់​អាហ្វ្រិក​។ ដូច្នេះ​បទពិសោធន៍​នៃ​រដ្ឋមន្ត្រីការបរទេស វ៉ាង យី ដែលជា​មេដឹកនាំ​ដ៏​សំខាន់​មួយរូប​របស់​ចិន បានផ្តល់​ឱ្យ​យើង​មាន​ជំនឿ​ជឿជាក់ថា វា​ពុំមាន​ហានិភ័យ​ណាមួយ​ទៅដល់​អាយុជីវិត​របស់​មនុស្ស​នោះទេ សម្រាប់​វ៉ាក់សាំង​របស់​ចិន​» សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បន្ថែម​យ៉ាង​ដូច្នេះ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់ថា វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូ​វីដ​១៩ របស់​រដ្ឋាភិបាល​ចិន ដែល​កម្ពុជា​យកមកប្រើ​ប្រាស់​នេះ គឺជា​វ៉ាក់សាំង​ស៊ី​ណូ​ហ្វា​ម​។ មូលហេតុ ដែល​ប្រើ​វ៉ាក់សាំង​ស៊ី​ណូ​ហ្វា​ម​នេះ ដោយសារ​វា​អាច​រក្សា​នៅក្នុង​សីតុណ្ហភាព ២ ទៅ​៨​អង្សា​លើ​សូន្យ ងាយស្រួល​ក្នុងការ​រក្សាទុក បើ​ធៀប​ជាមួយ​វ៉ាក់សាំង​ប្រទេស​ខ្លះ តម្រូវឱ្យ​រក្សា​នៅក្នុង​សីតុណ្ហភាព ៧០​អង្សា​ក្រោម​សូន្យ​។ បន្ថែម​ពីលើ​នោះ ការប្រើប្រាស់​វ៉ាក់សាំង​របស់​ចិន ងាយស្រួល​ក្នុងការ​ដឹកជញ្ជូន​ផងដែរ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ​ដល់​ប្រធានាធិបតី​ចិន លោក ស៊ី​ជិន ភីង​, លោកនាយក​រដ្ឋមន្ត្រី​ចិន លី ខឺ​ឈាង និង​រដ្ឋមន្ត្រី​ការពារ​ជាតិចិន ដែល​បានផ្តល់​ការឧបត្ថម្ភ​គាំទ្រ​ដល់​កងយោធពល​ខេមរភូមិន្ទ​។ សម្តេច​តេ​ជោ បាន​បញ្ជាក់ថា តាមរយៈ​ការគាំទ្រ​ដល់​កងយោធពល​ខេមរភូមិន្ទ​នេះ គឺ​កម្ពុជា​នឹង​ប្រើ​ទៅ​អង្គភាព​ជួរមុខ​ទាំងអស់​។​

​សម្តេច​តេ​ជោ បាន​បញ្ជាក់ដែរថា ក្រៅពី​ការ​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូ​វីដ​១៩ ចំនួន ១​លាន​ដូ​ស​ជា​ជំនួយ​របស់​ចិន​នេះ​ទៅ កម្ពុជា​នឹង​បន្ត​ស្វះ​ស្វែងរក​វ៉ាក់សាំង​ចាក់​ជូន​ប្រជាជន​ឱ្យបាន ១០​លាន​នាក់ ឬ​រហូតដល់ ១៣​លាន បើ​មាន​តម្រូវ​ការឱ្យ​ចាក់​វ៉ាក់សាំង ដល់ ៨០​ភាគរយ នៃ​ចំនួន​ប្រជាពលរដ្ឋ​នោះ​។​

​បើតាម​សម្តេច​តេ​ជោ ហ៊ុន សែន ជន​អាទិភាព​ដែល​នឹងត្រូវ​ទទួលបាន​វ៉ាក់សាំង​នោះ រួមមាន​៖ អ្នក​នៅ​ជុំវិញ​ព្រះមហាក្សត្រ​, សម្តេច​តេ​ជោ​, ប្រធានព្រឹទ្ធសភា​, ប្រធានរដ្ឋសភា ព្រមទាំង​គ្រូពេទ្យ គ្រូបង្រៀន កម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ នគរបាល​យុត្តិធម៌​គ្រប់ផ្នែក បុគ្គលិក​អនាម័យ​ទាំងអស់ ដែល​ពាក់ព័ន្ធ​នឹង​ការផ្តល់សេវា អ្នករត់ម៉ូតូឌុប ម៉ូតូ​កង់​៣ និង​តាក់ស៊ី​ជាដើម​។ ការចាក់​វ៉ាក់សាំង​នឹងធ្វើ​ឡើង​ដោយ​មិន​គិតថ្លៃ និង​ឈរលើ​គោលការណ៍​ស្ម័គ្រចិត្ត​។ បើទោះបី​មាន​វ៉ាក់សាំង​ក្តី តែ​សម្តេច​តេ​ជោ បាន​អំពាវនាវ​ប្រជាពលរដ្ឋ​បន្ត​ប្រកាន់​វិធាន​របស់​ក្រសួងសុខាភិបាល ក្នុងការ​ការពារ​ជំងឺ​កូ​វីដ​១៩៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​


spot_img
×