Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជាពលរដ្ឋ ចោទ​ក្រុមហ៊ុន​ជីករណ្តៅ​ដី ប៉ះពាល់​ទួល​បញ្ចុះសព និង​ផ្លូវលំ​សាធារណៈ នៅ​ស្រុក​ស្វាយជ្រំ​

spot_img

​ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​អូ​ស្រ​ង៉ាំ ឃុំ​ដូន​សរ ស្រុក​ស្វាយជ្រំ បាន​ប្រតិកម្ម​លើកគ្នា​តវា ចោទប្រកាន់ថា ក្រុមហ៊ុន​ជីករណ្តៅ​ដី​យក​អាចម៍ដី លក់​ធ្វើ​ឲ្យ​ប៉ះពាល់​ដី​ទួល​បូជា និង​បញ្ចុះសព​ប៉ះពាល់​ដី​អូរ​សាធារណៈ និង​ប៉ះពាល់​ផ្លូវថ្នល់​លំ របស់​ប្រជាពលរដ្ឋ​ប្រវែង​ជាង​៣០០​ម៉ែត្រ​។ ការ​តវា​នេះ​មាន​រយៈពេល​២​ថ្ងៃ ទើប​អាជ្ញាធរ​ចុះមក​សម្របសម្រួល និង​ឲ្យ​ក្រុមហ៊ុន​ផ្អាក​សកម្មភាព ជីករណ្តៅ​ដី​បណ្តោះអាសន្ន ក៏ប៉ុន្តែ​ប្រជាពលរដ្ឋ​មិន​យល់ព្រម​ទទួលយក​ដំណោះស្រាយ​នោះទេ ពួកគាត់​សំណូមពរ ចំនួន​៣​ចំណុច​សុំ​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​។​

​ទី​១, លុបរណ្តៅ​ដី នៅខាងមុខ​ទូល​បូជាសព​និង​ថ្នូរ​សព ឲ្យ​បាន​១០​ម៉ែត្រ​ពីរ​ណ្តៅ​ដី ដើម្បី​ការពារ​កុំ​ឲ្យ​បាក់​ដី​ធ្លាក់​ថ្នូរ​ចូលក្នុងរ​ណ្តី​ដី​។ ទី​២, សូម​ឲ្យ​ជីករណ្តៅ​តាម​បច្ចេកទេស ទុក​ទំនប់​អម​សងខាង​រណ្តៅ​ដី ជៀសវាង​បាក់​ដីស្រែ​របស់​ប្រជាពលរដ្ឋ​។ ទី​៣, លើក​បំពេញ​ថ្នល់​លំ​ប្រវែង​៣០០​ម៉ែត្រ ឲ្យ​បាន​ខ្ពស់​ស្មើ​ថ្នល់​ចាស់​វិញ​។ ការ​ប្រតិ​កម្មនេះ កើតឡើង​នៅ​ថ្ងៃទី​១៤ និង​១៥ មករា ២០២១ នៅ​ភូមិ​អូ​ស្រ​ង៉ាំ ឃុំ​ដូន​សរ ស្រុក​ស្វាយជ្រំ​។ បើតាម​លោកយាយ​ជ័យ អេ​ន អាយុ​៦៩​ឆ្នាំ នៅ​ភូមិ​អូ​ស្រ​ង៉ាំ បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន ឈ្មោះ​សៅ បាន​យក​គ្រឿងចក្រ​មក​ជីកដី​ក្នុង​អូរ​ស្រ​ង៉ាំ យក​អាច​ម៌​ដី​ទៅ​លក់ ធ្វើ​ឲ្យ​ប៉ះពាល់​ទួល​បូជាសព​និង​បញ្ចុះសព អ្នកភូមិ ជាពិសេស​ជីករណ្តៅ​ដី​ជ្រៅ ជាប់​និង​ថ្នូរ​ខ្មោច ទុក​ប្រវែង​០២​ម៉ែត្រ​ដល់​ថ្នូរ​ខ្មោច ០២​នាក់​ប្តី​ប្រពន្ធ គឺ​៖​ថ្នូរ​ឈ្មោះ​ខៀវ សំអាត និង​ថ្នូរ​ប្រពន្ធ​ឈ្មោះ​ប៉ាន់ យ៉ឹ​ង ដែល​ប្រជាពលរដ្ឋ​សុំ​ឲ្យ​ក្រុមហ៊ុន​លោក​សៅ ជីករណ្តៅ​ដី ទុក​គម្លាត​ពី​ថ្នូ​១០​ម៉ែត្រ​ទៅ​១៥​ម៉ែត្រ ដើម្បី​កុំ​ឲ្យ​បាក់​ដី​ដល់​ថ្នូរ ក៏ប៉ុន្តែ​លោក​សៅ​បាន​ជីករណ្តៅ​ជ្រៅ ចម្ងាយ​២​ម៉ែត្រ​ដល់​ថ្នូរ​តែម្តង​។​

​ដោយឡែក​តាម​ប្រជាពលរដ្ឋ បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន​កែវ សុ​ភ័​គ្រ ហៅ​សៅ បាន​យក​គ្រឿងចក្រ​ជីរ​ណ្តៅ​ដី​យក​អាច​ម៌​ដី​លក់ មិនត្រូវ​តាម​ស្តង់ដារ​បច្ចេកទេស ជីរ​ណ្តៅ​ជ្រៅ ហើយ​អត់​ជើងទេ អត់​ទុក​ចំណី​អូរ និង​ទប់​ទំនប់​អម​សងខាង​រណ្តៅ ដើម្បី​ការពារ​បាក់​ដី​និង​ហូរ​ទឹក​ចេញពី​ស្រែ​របស់​ប្រជាពលរដ្ឋ ។ ហើយ​ក្រុមហ៊ុន​បាន​ឈុ​ស​ផ្លូវលំ របស់​ប្រជាពលរដ្ឋ​អស់​ប្រវែង​៣០០​ម៉ែត្រ ធ្វើ​ផ្លូវ​ដឹក​ដី​ចេញ ដែល​ថ្នល់​លំ​នេះ​ប្រជាពលរដ្ឋ​ចំនួន​២​ភូមិ គឺ​ភូមិ​អូរ​ស្រ​ង៉ាំ ឃុំ​ដូន​សរ ស្រុក​ស្វាយជ្រំ និង​ភូមិ​ហែក​សំណាញ់ ឃុំ​ធ្មា ស្រុក​រំដួល រៃ​លុយ​គ្នា ចាក់ដី​លើក​ធ្វើជា​ថ្នល់​លំ សម្រាប់​ប្រជាពលរដ្ឋ និង​សិស្សានុសិស្ស​ធ្វើដំណើរ​មក​ផ្សារ​ដូន​សរ និង​មក​រៀន​នៅ​វិទ្យាល័យ​ហ៊ុនសែន​ដូន​សរ​។ ហើយ​ពេល​អាជ្ញាធរ​ឃុំ​ស្រុក មក​ដោះស្រាយ គឺ​គ្រាន់តែ​ឲ្យ​ក្រុមហ៊ុន​ផ្អាក​សកម្មភាព​បណ្តោះអាសន្ន មិនបាន​ឆ្លើយតប​តាម​សំណូមពរ របស់​ប្រជាពលរដ្ឋ​ទេ​។ ហើយ​ចំពោះ​ថ្នូរ​សព​០២​នាក់​ប្តី​ប្រពន្ធ​នេះ គឺជា​គ្រួសារ​ក្រីក្រ មាន​ជំងឺ​រ៉ាំរ៉ៃ បាន​លក់​ដីស្រែ​និង​ដី​លំនៅឋាន យកទៅ​ព្យាបាល​ជំងឺ អស់ហើយ​នៅតែ​មិនជា បាន​ស្លាប់​បន្តបន្ទាប់​នៅ​ឆ្នាំ​២០១៩ និង​២០២០​កន្លងទៅ បន្សល់​កូនប្រុស​១​នាក់ ឈ្មោះ​ក្រក អាយុ​១០​ឆ្នាំ ដោយ​ជីវភាព​ក្រីក្រ គ្មាន​ទីពឹង​ប្រជាពលរដ្ឋ​បាន​នាំយកទៅ​ផ្ញើ​ព្រះសង្ឃ​នៅ​វត្ត​ល្ងើ​ន ឃុំ​ដូន​សរ និង​ធ្វើបុណ្យ​បំបួស​ជាស​ង្ឃ នេន​តូច​គង់នៅ​វត្ត​ល្ងើ​ន​ដល់​សព​ថ្ងៃ​។​

​ទាក់ទិន​ករណីនេះ​ដែរ លោក​សៅ ប្រធាន​ក្រុមហ៊ុន​កែវ សុ​ភ័​គ្រ បាន​ឆ្លើយ​បំភ្លឺថា ក្រុមហ៊ុន​លោក​មានច្បាប់​អនុញ្ញាត ជីករណ្តៅ​ដី​ក្នុង​អូរ​ស្រ​ង៉ាំ​យក​អាច​ម៌​ដី ទៅ​ចាក់​ធ្វើ​ថ្នល់ជាតិ​លេខ​៣១៥ ប្រវែង​៨,៥០០​ម៉ែត្រ ទទឹង​បាត​ក្រោម​១៥​ម៉ែត្រ ខ្នង​លើ​១២​ម៉ែត្រ​កម្ពស់​១,៤​ម៉ែត្រ ចំពោះ​ប្រជាពលរដ្ឋ​ទាមទារ​ឲ្យ​ជី​ដី តាម​ស្តង់ដារ​បច្ចេកទេស​នោះ លោក​មិនអាច​ធ្វើ​បានទេ ដោយ​លោក​គ្មាន​ប្រាក់​ជួល​អ្នកបច្ចេកទេស​មក​សិក្សា វាយតម្លៃ​ពី​ផលប៉ះពាល់​ទេ គឺ​ជីកដី​តាម​លំនាំ​អូរ​តែប៉ុណ្ណោះ​។ ហើយ​បញ្ហា ប៉ះពាល់​ទួល​បូជាសព​និង​បញ្ចុះសព គឺ​ដី​នោះ​មិនមែនជា​ទួល​បុរាណ​ទេ គឺជា​ក្បាលដី​របស់​ឈ្មោះ​ម៉ិច ដែល​គេ​មាន​ប័ណ្ណ​សម្គាល់​សិទ្ធិ​ស្របច្បាប់ ហើយ​ឈ្មោះ​ម៉ិច​ជា​ម្ចាស់​ដី ជា​អ្នក​ឈរ​ចង្អុល​ឲ្យ​ជីករណ្តៅ​ដី​នេះ ដើម្បី​យក​អាច​ម៌​ដី​ទៅ​ចាក់​លើក​ជា​ភូមិ​សង់​លំនៅឋាន​របស់គេ ដោយ​ខ្វះ​អាច​ម៌​ដី​ទើប​ម្ចាស់​ដី ឲ្យ​ជីក​ដល់​ជិត​ថ្នូរ​គឺ​ទុក​ចម្ងាយ​ពី​ថ្នូរ ដោយ​សំអាងថា​ដី​ទួល​បូជាសព និង​បញ្ចុះសព​នោះ ជា​ដី​របស់ខ្លួន​ហើយ​សាច់ញាតិ​សព ពេល​យក​សព​ទៅ​បូជា និង​បញ្ចុះសព គឺ​ទៅសុំ​ម្តាយក្មេក​របស់ខ្លួន​(​ឈ្មោះ​ម៉ិច​) មិនបាន​ដឹង​ទេ ពីព្រោះ​ខ្លួន​នៅឯ​ភ្នំពេញ ហើយ​មុន​និង​ជីកដី​នេះ គឺ​គាត់​ម្ចាស់​ដី​បាន​ឲ្យ​សាច់ញាតិ​សព​គាស់​លើក​ថ្នរ​យក​អដ្ឋិធាតុ ឬ​សព​ទៅ​ដា​ក់នៅ​កន្លែង​ផ្សេង ក៏ប៉ុន្តែ​អ្នកស្រុក​យល់ថា កូន​បួស​ជា​សង្ឃ​កូន​នេន​តូច គ្មាន​ដី ទើប​មិនទាន់​លើក​ថ្នរ​ចេញ​។ ចំពោះ​ថ្នល់​លំ ក្រុមហ៊ុន​បាន​ដឹក​ដី​ចាក់​២០​រថយន្ត ដាក់​តាម​ក្រឡុក​រួច​កៀរ កិន​ពង្រាប ឡើងវិញ​ហើយ ក៏ប៉ុន្តែ​ប្រជាពលរដ្ឋ​មិន​ព្រម​ទទួលយក​ដាយ​ថា ទាប​ជាង​ថ្នល់​ពួកគាត់​លើក​។ ទាក់ទិន​ករណីនេះ​ដែរ ខាង​អាជ្ញាធរ​ស្រុក​ប្រាប់ថា អាជ្ញាធរ​កំពុង​ដោយ​ស្រាយ​ជូន​ប្រជាពលរដ្ឋ​ហើយ​៕ រក្សា​សិទ្ធិ​ដោយ​៖​វ៉ៃ​កូ​

spot_img
×