ភ្នំពេញ៖ មន្ដ្រីយោធាពាក់ស័ក្ដិ៥ បម្រើការនៅអគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ដែលផ្ទុះអាវុធក្នុងរថយន្តបណ្តាលឲ្យ អ្នកបើករថយន្តតាក់ស៊ីរងរបួសធ្ងន់ នៅល្ងាចថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ត្រូវបានលោក ប៊ុន ធី ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួន ដាក់ពន្ធនាគារជាបណ្ដោះអាសន្ន។
មន្ដ្រីតុលាការបានបញ្ជាក់ថា លោក ងិន ពេជ ជាតំណាងអយ្យការបានបើកការស៊ើបសួរ និងចោទប្រកាន់លើ ឈ្មោះ ប៉ែន សាយវ័ន្ត អាយុ៣៤ឆ្នាំ មុខរបរយោធា មានឋានន្តរស័ក្តិ វរសេនីយ៍ឯកបម្រើការងារនៅអគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស នៃក្រសួងការពារជាតិ ពីបទប្រើប្រាស់អាវុធខុសច្បាប់ និងបទ ហិង្សាដោយអចេតនា លើជនរងគ្រោះ មានឈ្មោះ ជុំ គា អាយុ៤៨ឆ្នាំ មុខរបររត់តាក់ស៊ី មានទីលំនៅភូមិត្រពាំងអញ្ចាញ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ប្រព្រឹត្តកាលពីវេលាទៀបភ្លឺថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចម្តុំមុខអតីតរោងកុនអង្គរ ខណ្ឌ៧មករា៕ ដោយ៖បញ្ញាស័ក្តិ