Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ ៖ រដ្ឋមន្រ្តីមិនព្រមធ្វើអាណត្តិទី៥ តើចាំបាច់ត្រូវតែងតាំងឲ្យធ្វើរដ្ឋមន្រ្តីក្នុងអាណត្តិទី៦ទៀតទេ

spot_img

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យសម្តេចក្រឡាហោមរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បង្កើតគណៈកម្មការមួយសម្រាប់តាមដានការងាររបស់រដ្ឋមន្រ្តីតាមក្រសួងនានា និងព្រមានមិនតែងតាំងរដ្ឋមន្ត្រីអសកម្ម និងមិនគិតពីផលប្រយោជន៍ប្រជាជន នៅក្នុងអាណត្តិទី៦ ។

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីភាព ក្នុងពិធីបិទសន្និសីទជាតិស្តីពី កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ នៅតកោះពេជ្រ នារសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ ឥឡូវហ្នឹងខ្ញុំក៏ចង់ បើមិនទាន់មានទេ ស្នើឲ្យសម្តេចក្រឡាហោម និងបង្កើតគណៈកម្មការហៅថា ប័ណ្ណប្រតិបត្តិតាមដាន។ តើក្រសួងណាគាត់ធ្វើបានប៉ុន្មានពិន្ទុ? ព្រោះបើមិនអញ្ចឹងទេអស់លោកគ្រាន់តែមកអង្គុយស្តាប់ រួចហើយទៅវិញដដែល។ ផ្ទេរក៏មិនព្រមផ្ទេរ ធ្វើអីក៏មិនព្រមធ្វើ លិខិតបទដ្ឋានគតិយុត្តក៏មិនព្រមធ្វើ អីក៏មិនព្រមធ្វើ អញ្ចឹងទេបើស្ទុយៗអញ្ចឹង ក៏ជាលក្ខណ្ឌមួយក្នុងចំណោមដែលលក្ខខណ្ឌ។ អាណត្តិទី៦ នឹងត្រូវរៀបចំគណៈរដ្ឋមន្ត្រីឡើងវិញ។ អញ្ចឹងទេបើរដ្ឋមន្រ្តីគាត់មិនព្រមធ្វើអាណត្តិទី៥ផង តើចាំបាច់ត្រូវតែងតាំងគាត់ឲ្យធ្វើរដ្ឋមន្រ្តីក្នុងអាណត្តិទី៦ទៀតទេ និយាយឲ្យត្រង់ៗតែម្តង ចុះបើរដ្ឋមន្រ្តីមកគ្រាន់តែមកស្តាប់ហើយទៅវិញដដែល តើមានការចាំបាច់ដើម្បីតែងតាំងឲ្យ ធ្វើរដ្ឋមន្ត្រី នៅអាណត្តិទី៦ទៀតទេ វានាំតែអាខូច ទៅវាមិនរួច ដូច្នេះយើងត្រូវមានតារាងតាមដានមើល។

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានធ្វើការរម្លឹកដាស់តឿនសាជាថ្មីម្ដងទៀត ឱ្យប្រធានស្ថាប័នទាំងអស់ខិត ខំជំរុញការអនុវត្ត ច្បាប់ជាជាងរង់ចាំបទបញ្ជា ហើយបានបញ្ជាក់ថា កំណែទម្រង់នៅក្នុងដំណាក់កាលរដ្ឋសភានីតិកាលទី៦ នាពេលខាងមុខ នឹងពិនិត្យមើលតើស្ថាប័នណាទៅមុខ ស្ថាប័នណាមិនទៅមុខ រដ្ឋមន្ត្រីណាធ្វើកើត រដ្ឋមន្ត្រីណាធ្វើមិនកើត។

ដូច្នេះស្នើឱ្យប្រធានស្ថាប័ន ទាំងអស់ប្រញាប់ប្រញាល់ធ្វើកិច្ចការទាំងឡាយដែលនៅក្នុងក្របខ័ណ្ឌ នៃគណៈកម្មា​ធិការ ដំណើរការប្រជាធិបតេយ្យថ្នាក់ក្រោមជាតិ ដែលបានណែនាំកន្លងមក កុំរង់ចាំតែបទបញ្ជា។

សម្ដេចតេជោបានបញ្ជាក់ថា ការផ្ទេរមុខងារក្នុងក្របខ័ណ្ឌ គោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ ជាការផ្ទេរការ ទទួលខុសត្រូវក្នុងការផ្ដល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន ពីក្រសួង ស្ថាប័នទៅថ្នាក់ក្រោមជាតិ ក្នុងគោលបំណងលើកកម្ពស់ប្រសិទ្ធភាព គណនេយ្យភាព នៃការផ្ដល់សេវា ជូនប្រជាជន ការរៀបចំផ្ទេរមុខងាររបស់ក្រសួងស្ថាប័នមិនទាន់រលូន និងមានរបៀបមិនដូចគ្នា នៅឡើយ។

សម្ដេចបានលើកឡើងថា បច្ចុប្បន្នមានមុខងារមួយចំនួនតូចប៉ុណ្ណោះ ដែលត្រូវបានផ្ទេរទៅឱ្យរដ្ឋបាល ថ្នាក់ក្រោមជាតិ។ដូច្នេះក្រសួងស្ថាប័នពាក់ព័ន្ធ ត្រូវខិតខំជំរុញ ការផ្ទេរមុខងារដែលមានលក្ខណៈសមស្រប និងជាក់លាក់ ក្នុងវិស័យនីមួយៗ ទាំងក្នុងបែប ផែននៃការផ្ទេរ ជាការប្រគល់ និងជាការធ្វើប្រតិភូកម្ម ទៅឱ្យរដ្ឋបាល ថ្នាក់ក្រោមជាតិ ព្រមទាំង បន្តជួយគាំទ្រក្នុងការអភិវឌ្ឍសមត្ថភាពផ្នែកបច្ចេកទេសឱ្យរដ្ឋបាលថ្នាក់ ក្រោមជាតិ ដើម្បីធានាថារដ្ឋបាលថ្នាក់ក្រោមជាតិ កាន់តែមានសមត្ថភាព និងលទ្ធភាពក្នុងការអនុវត្តនូវ មុខងារនេះឱ្យបានពេញលេញ និងមានប្រសិទ្ធភាព៕ ដោយ៖បញ្ញាស័ក្តិ

spot_img
×