Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកជំនួញ​ស្រូវ​អង្ករ ៖ កម្ពុជា គួរ​គិតគូរ​ខ្លាំង​លើ​ការរក្សា​កេរ្តិ៍ឈ្មោះ និង​ទីផ្សារ​អង្ករ​ក្រអូប ខណៈ​កម្ពុជា​កំពុង​ឈានដល់​ដំណាក់កាល​ប្រកួតប្រជែង ជាមួយ​ប្រទេស​វៀតណាម

spot_img

​ភ្នំពេញ​៖ វៀតណាម ជា​ប្រទេស​គេ​ស្គាល់​ថា ផលិត​អង្ក​រស បាន​បែប​ទិសដៅ​មក​ផលិត​អង្ករ​ក្រអូប ខណៈដែល​ប្រទេស​កម្ពុជា មានកេរ្តិ៍ឈ្មោះ​ល្អ​ក្នុង​ទីផ្សារ​អង្ករ​ក្រអូប​នេះ​។​
​ទន្ទឹម​និង​នេះដែរ ការប្តូរ​មក​ផលិត​អង្ករ​ក្រអូប​របស់​វៀតណាម​នេះ អ្នកជំនាញ​ក្នុង​វិស័យ​ស្រូវ​អង្ករ​កម្ពុជា បាន​អំពាវនាវ​ដល់​អ្នករក​ស៊ី​ស្រូវ​អង្ករ ត្រូវធ្វើ​យ៉ាងណា​រក្សា​កេរ្តិ៍ឈ្មោះ និង​ទីផ្សារ​អង្ករ​ក្រអូប​របស់​ខ្មែរ ខណៈដែល​កម្ពុជា​កំពុង​ឈាន ដល់​ដំណាក់កាល​ប្រកួតប្រជែង ជាមួយ​ប្រទេស​វៀតណាម លើ​ការនាំចេញ​អង្ករ​ក្រអូប​។​

​កម្ពុជា​បានក្លាយ​ជា​ប្រទេសមួយ ក្នុងចំណោម​ប្រទេស​៣ ដែល​នាំចេញ​អង្ករ​មាន​ភាព​វិជ្ជមាន ក្នុង​ឆ្នាំ​២០២០ ក្នុងនោះ​អង្ករ​ក្រអូប​បាន​ឈរ​លំដាប់ថ្នាក់​ល្អ ក្នុងការ​នាំចេញ​។ ការប្រែប្រួល​គួរ​ឲ្យ​កត់សម្គាល់ ដែល​វៀតណាម ជា​ប្រទេស ផលិត​អង្ក​រស បែប​ជា​ប្តូរ​មក​ផលិត​អង្ករ​ក្រអូប​វិញ ហើយ​ធ្វើឱ្យមាន​ការខ្វះខាត​អង្ក​រស ដោយ​ត្រូវ​ទិញ​អង្ករ​ពី​ប្រទេស​ឥណ្ឌា និង​សម្រុក​ទិញស្រូវ​ពី​កម្ពុជា​។​

​ការផ្លាស់ប្តូរ​នេះ បាន​បង្កើត​ក្តីបារម្ភ​សម្រាប់​កម្ពុជា​ផងដែរ ដែល​ទាមទារ​ឲ្យ​អ្នករក​ស៊ីក្នុង​វិស័យ​ស្រូវ​អង្ករ​ត្រូវ​គិតគូរ​ខ្លាំង​ជាង​មុន លើ​ការងារ​ថែរក្សា​កេរ្តិ៍ឈ្មោះ​អង្ករ​ក្រអូប​របស់​កម្ពុជា​។​
​លោក​ឧកញ៉ា សុង សារ៉ន ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បានឱ្យដឹងថា ការផ្លាស់ប្ដូរ​របស់​វៀ​ត​ណា​ម ក៏​ជា​ក្ដី​ព្រួយបារម្ភ​សម្រាប់​កម្ពុជា ព្រោះ​ការនាំចេញ​អង្ករ​ក្រអូប​របស់​វៀតណាម នាំចេញ​ក្នុងតម្លៃ​ចន្លោះ​ពី​៥៥០-៦០០​ដុល្លារ ប៉ុន្ដែ​តម្លៃ​អង្ករ​ក្រអូប​របស់​កម្ពុជា​វិញ នាំចេញ​មានតម្លៃ​មិន​ក្រោម​៧០០​ដុល្លារ​នោះឡើយ​។ ជា​ក្ដីបារម្ភ​របស់​កម្ពុជា​ត្រង់​ថា វៀតណាម​អាច​ទាញយក​ទីផ្សារ​កម្ពុជា តាមរយៈ​តម្លៃ​នេះ​។​

​ប៉ុន្តែ​លោក​ឧកញ៉ា​គូសបញ្ជាក់ថា ចំណុច​ពិសេស​របស់​អង្ករ​ក្រអូប​កម្ពុជា លើស​វៀតណាម គឺ​រសជាតិ​អង្ករ​ក្រអូប ដែលមាន​រសជាតិ​ឆ្ងាញ់ រូបរាង​ល្អ និង​មាន​គុណភាព​ខ្ពស់ ក្នុងការ​រក្សាទុក​បាន​យូរ ប៉ុន្ដែ​ចំពោះ​អង្ករ​ក្រអូប​វៀតណាម​វិញ មាន​រសជាតិ​អាច​ត្រឹម​រយៈពេល​ត្រឹម​១​ខែ​ប៉ុណ្ណោះ​។ ដូចនេះ រស់ជាតិ អង្ករ​កម្ពុជា ឈរ​លំដាប់ថ្នាក់​ល្អ​ជាង​វៀតណាម ប៉ុន្ដែ​តម្លៃ​កម្ពុជា ខ្ពស់ជាង​វៀតណាម​។​

​លោក​ឧកញ៉ា​បន្ថែមថា កេរ្តិ៍ឈ្មោះ​អង្ករ​របស់​កម្ពុជា គឺជា​ប្រទេស​គោរព​នូវ​បរិស្ថាន ដោយ​ដាំ​ដុះ​មិន​ប្រើ​សារជាតិ​ដែល​បំផ្លាញ​បរិស្ថាន ការប្រើប្រាស់​ថ្នាំពុល​មានការ​គ្រប់គ្រង​បានល្អ ការប្រើប្រាស់​ជីគីមី​ក៏​គ្រប់គ្រង​បានល្អ​ប្រសើរ និង​ក្លាយជា​ប្រទេសមួយ​ដែល​គេ​ទទួលស្គាល់ថា ជា​ប្រទេស​ផលិត​អង្ករ ដែលមាន​សុវត្ថិភាព នេះ​ជា​ចំណុច​មួយទៀត​ដែល​កម្ពុជា អាច​ទាញយក​ទីផ្សារ​ឈរជើង​បាន ត្បិត​ថា​វៀតណាម​ផលិត​អង្ករ​ក្រអូប​ដូច​កម្ពុជា​ក៏ពិតមែន ប៉ុន្ដែ​ដំណើរការ​នៃ​ការដាំដុះ ការផលិត​មាន​ភាពខុសគ្នា និង​រសជាតិ​ខុសគ្នា​។ ដូច្នេះ​កម្ពុជា​នៅតែ​អាច​រក្សាបាន​ចំណែក​ទីផ្សារ ក្នុង​កម្រិត​មធ្យម និង​ខ្ពស់ ហើយ​វៀតណាម​អាច​ចាប់យក​ចំណែក​ទីផ្សារ ក្នុង​កម្រិត​មធ្យម និង​ទាប​។​

​សូមជម្រាបថា នៅ​ឆ្នាំ​២០២០ វៀតណាម​នាំចេញ​អង្ករ​បាន​ជាង ៦​លាន​តោន ខណៈ​នៅ​ឆ្នាំ​២០២០ ប្រទេស​កម្ពុជា បាន​នាំចេញ​អង្ករ​ជិត ៧០​ម៉ឺន​តោន ទៅកាន់​ទីផ្សារ ៦០​ប្រទេស នៅលើ​ពិភពលោក​៕
​រក្សា​សិទ្ធិ​ដោយ​៖CEN

spot_img
×