Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ថានភាពជំងឺគ្រុនចាញ់នៅឆ្នាំនេះ នឹងអាចមានការកើនឡើង ហើយអាចប្រឈមនឹងការរាតត្បាត

spot_img

សៀមរាប៖ ស្ថានភាពជំងឺគ្រុនចាញ់នៅឆ្នាំនេះ នឹងអាចមានការកើនឡើង ហើយអាចប្រឈមនឹងការរាតត្បាត ជាយថា ហេតុក្នុងឆ្នាំ២០១៨ ដូចនេះដើម្បីទប់ស្កាត់ និងគ្រប់គ្រងហានិភ័យ ដោយការរាតត្បាតជំងឺនេះ ឲ្យបានទាន់ពេលវេលា សូមឲ្យអ្នកពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ត្រូវលើកកម្ពស់ និងបង្កើនសកម្មភាពផ្សព្វផ្សាយ ការងារអប់រំសុខភាព តាមប្រព័ន្ធផ្សព្វផ្សាយនានា និងនៅតាមមូលដ្ឋានសហគមន៍ឲ្យបានទូលំទូលាយ នេះជាការលើកឡើងរបស់លោកស្រី តាន់ ហួចឆេង រដ្ឋលេខាធិការក្រសួងសុខាភិបាល ថ្លែងក្នុងសន្និបាតបូកសរុបការងារមជ្ឈ​មណ្ឌល​ជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្ត​ ឆ្នាំ២០១៧ និងលើកទិសដៅឆ្នាំ២០១៨ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ នាសណ្ឋាគារអេមព្រីសអង្គរ។

ថ្លែងក្នុងឱកាសនេះ​ លោកស្រី តាន់ហួចឆេង រដ្ឋលេខាធិការក្រសួងសុខាភិបាល បានមានប្រសាសន៍ណែនាំ
ដល់​មន្រ្តីសុខាភិបាល ទាំងអស់ត្រូវពង្រឹងប្រព័ន្ធសេវាព្យាបាលជំងឺគ្រុនចាញ់នៅតាមសេវាសុខភាពសាធារណៈ មន្ទីរសុខាភិបាលរាជធានី​ ខេត្តទាំងអស់ ត្រូវទទួលខុសត្រូវទាំងស្រុងលើភាពជោគជ័យ នៃការអនុវត្តផែនការយុទ្ធសាស្រ្តជាតិលុបបំបាត់ជំងឺគ្រុនចាញ់ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងគោលដៅរបស់រាជរដ្ឋាភិបាល ដែលបានកំណត់ថា ជំងឺគ្រុនចាញ់នឹងត្រូវលុបបំបាត់ជាស្ថាពរក្នុងប្រទេសកម្ពុជានៅឆ្នាំ២០២៥។ ឃ្លាំង​​ឱសថកណ្តាល និងមន្ទីរសុខាភិបាលរាជធានី​ ខេត្តទាំងអស់ ត្រូវធានាឲ្យបាននូវការផ្គត់ផ្គង់ឱសថគ្រុនចាញ់ តេស្តរហ័ស ក៏ដូចជាសម្ភារៈប្រតិករ ឬ បរិក្ខារផ្សេងៗ ឲ្យបានគ្រប់គ្រាន់តាមតម្រូវការ និងទាន់ពេលវេលា។ ស្ថាប័ន​​អន្តរក្រសួងដែលពាក់ព័ន្ធទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក៏ដូចជាដៃគូពាក់ព័ន្ធនានា បន្តសហការ និងបង្កើនសមត្ថភាពមន្រ្តីសុខាភិបាល ដែលពាក់ព័ន្ធគ្រប់កម្រិត ស្តីពីការគ្រប់គ្រង និងបង្ការជម្ងឺដង្កូវព្រូនគ្រប់ប្រភេទ ជាពិសេសតាមសាលារៀន និងភូមិ។

រាជរដ្ឋាភិបាលកម្ពុជា ជានិច្ចកាលបានយកចិត្តទុកដាក់ខ្ពស់ និងផ្តួចផ្តើម ឧបត្ថម្ភ គាំទ្រដល់ក្រសួងសុខា​ភិបាលលើសុខភាពរបស់ប្រជាជនយើងជាពិសេសការអនុវត្តន៍ឲ្យបានសម្រេចនូវផែនការយុទ្ធសាស្រ្តជាតិលុបបំបាត់ជំងឺគ្រុនចាញ់ឆ្នាំ២០១១-២០២៥ និងភាពកាន់តែប្រសើរឡើងនូវស្ថានភាពជំងឺគ្រុនឈាម និងជំងឺដង្កូវព្រូនជាដើមដោយបានចូលរួមវិនិយោគ និងកៀរគរជំនួយបន្ថែមពីអន្តរជាតិ និងដៃគូអភិវឌ្ឍ​ន៍នានា ដើម្បី​ជួយលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋកម្ពុជា ក៏ ដូចជាឈានទៅរកការលុបបំបាត់ជំងឺគ្រុនចាញ់ នាពេលខាងមុខ។

ឆ្លៀតក្នុងឱកាសនេះដែរ​ លោកស្រី បានសំដែងនូវការកោតសរសើរចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកនៃមជ្ឃមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ រួមទាំងថ្នាក់ដឹកនាំ មន្រ្តី បុគ្គលិក​កម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម និងជំងឺដង្កូវព្រូន តាមបណ្តារាជធានី-ខេត្ត​ និងអង្គការជាដៃគូទាំងអស់ ដែលបានជួយគាំទ្រកម្មវិធីជាតិទាំងបី លើផ្នែកបច្ចេកទេស និងថវិកា ជារៀងរហូត​មក។

លោកស្រីមានសង្ឃឹមយ៉ាងមុតមាំថា ដៃគូអភិវឌ្ឍទាំងអស់នឹងនៅតែបន្តជួយដល់មជ្ឈ​មណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្ត្រ ធ្វើកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ជៀសវាងនូវការបង្ក​ភាពរាំងស្ទះនិងប្រកបដោយការទុកចិត្តគ្នាថែមទៀត ដើម្បីបន្តកាត់បន្ថយអត្រាឈឺ និងគ្រោះថ្នាក់ដោយសារជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម និងជំងឺដង្កូវព្រូន ជាពិសេសទិសដៅឈានទៅរកការលុបបំបាត់ជំងឺគ្រុនចាញ់ទាំងស្រុងនៅក្នុងឆ្នាំ២០២៥៕ ដោយ ៖ បញ្ញាស័ក្តិ

spot_img
×