Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេច​ក្រឡាហោម ស ខេង ៖ អំពើហិង្សា​ផ្លូវភេទ​គ្រប់​ទម្រង់ និង​គ្រឿងញៀន​នៅតែ​ជា​ក្ដីកង្វល់ ត្រូវ​ដោះស្រាយ​ជា​ចំ​បាច់​

spot_img

​ភ្នំពេញៈ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ បាន​បញ្ជាក់ថា បញ្ហា​អំពើហិង្សា​ក្នុង​គ្រួសារ ការរំលោភ​សេពសន្ថវៈ អំពើ​ជួញដូរ​មនុស្ស និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ​លើ​ស្ត្រី និង​កុមារ ព្រមទាំង​បញ្ហា​គ្រឿងញៀន នៅតែ​ជា​ក្ដីកង្វល់​ចំពោះមុខ ដែល​ទាមទារ​ឲ្យ​ភាគី​ពាក់ព័ន្ធ​ត្រូវ​ដោះស្រាយ​ប្រកបដោយ​យុត្តិធម៌ និង​ត្រឹមត្រូវ​បំផុត​។
​ការបញ្ជាក់​របស់​សម្ដេច​ក្រឡាហោម ស ខេង បាន​ធ្វើឡើង​នៅក្នុង​កម្មវិធី​ប្រកាស​ផ្សព្វផ្សាយ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ ផែនការ​សកម្ម​ភាពជា​តិ ស្ដីពី​ការទប់ស្កាត់​អំពើហិង្សា​លើ​ស្ដ្រី ២០១៩-២០២៣ នៅ​ព្រឹក​ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០២០ នៅ​សណ្ឋាគារ សូ​ហ្វី​តែ​ល ភ្នំពេញ ភូ​គី​ត្រា​។​

​សម្ដេច​ក្រឡាហោម ស ខេង បានបញ្ជាក់​យ៉ាង​ថា “​បញ្ហា​អំពើហិង្សា​ក្នុង​គ្រួសារ ការរំលោភ​សេពសន្ថវៈ អំពើ​ជួញដូរ​មនុស្ស និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ​លើ​ស្ត្រី និង​កុមារ ព្រមទាំង​បញ្ហា​គ្រឿងញៀន នៅតែ​ជា​កង្វល់​ចំពោះមុខ​របស់​យើង​នៅឡើយ​។ បញ្ហា​ទាំងអស់នេះ ទាមទារ​ឱ្យ​យើងទាំងអស់គ្នា​ជា​អ្នកពាក់ព័ន្ធ បន្ត​យកចិត្តទុកដាក់​ខិតខំ​ប្រឹងប្រែង​ពុះពារ​ជំនះ និង​ដោះស្រាយ​ប្រកបដោយ​យុត្តិធម៌ និង​កាន់​តែមាន​ប្រសិទ្ធភាព​ថែមទៀត​ដើម្បីឱ្យ​ប្រជាជន​យើង ជាពិសេស​ស្ត្រី​កម្ពុជា​ដែលមាន​ចំនួន រហូតដល់​៥២​ភាគរយ នៃ​ប្រជាជន​សរុប​រស់នៅ​ប្រកបដោយ​ការគោរព​សិ​ទិ្ធ សេចក្តីសុខ និង​សុវត្ថិភាព​ក្នុង​ជីវិត និង​ភាពសុខដុមរមនា​ក្នុងសង្គម​”​។​

​សម្ដ​ចក្រ​ឡា​ហោ​បាន​បន្ដថា ដើម្បី​សម្រេចបាន​គោលបំណង​នេះ រាជរដ្ឋាភិបាល​បាន​នឹង​កំពុង​អនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល ទី​១ ទី​២ ទី​៣ និង​ទី​៤ ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ កម្មវិធី​កំណែទម្រង់​ច្បាប់ និង​ប្រព័ន្ធយុត្តិធម៌ គោលនយោបាយ និង​កម្មវិធី​តាម​វិស័យ ជាពិសេស ការអនុវត្ត​គោលនយោបាយ ភូមិ​-​ឃុំ មាន​សុវត្ថិភាព ដែល​លក្ខ​ណៈស​ម្ប​តិ្ត​ទី​៣​ចែងថា «​គ្មាន​អំពើ​អនាចារ ការជួញដូរ​ស្ត្រី​និង​កុមារ និង​អំពើហិង្សា​ក្នុង​គ្រួសារ » ព្រមទាំង បាន​បង្កើត​យន្តការ លិខិតបទដ្ឋាន​គតិយុត្ត គោលនយោបាយ និង​ផែនការ​សកម្មភាព​ជាតិ​នានា ដើម្បី​ឆ្លើយតប​ចំពោះ​អំពើហិង្សា​គ្រប់​ទម្រង់​លើ​ស្ត្រី និង​ក្មេងស្រី និង​លើកកម្ពស់​គុណភាព​និង​ប្រសិទ្ធភាព​នៃ​ការផ្តល់ សេវា​ជា​ពហុ​វិស័យ​ជួយ​ស្ត្រី​រងគ្រោះ​ដោយ​អំពើហិង្សា​ឱ្យបាន​ទាន់ពេលវេលា​។​

​សម្ដេច​ក្រឡាហោម ស ខេង បាន​បន្តទៀតថា រាជរដ្ឋាភិបាល​កម្ពុជា​ក៏បាន​នឹង​កំពុង​បន្ត​បោះជំហាន​ទៅមុខ​លើ​ទិសដៅ ដ៏​ត្រឹមត្រូវ និង​ប្រកបដោយ​យុទ្ធសាស្ត្រ​ក្នុងការ​ពង្រឹង​ស្ថាប័ន និង​កិច្ចការពារ​ដល់​ប្រជាពលរដ្ឋ ជាពិសេស​គឺ​ផ្តោត​ការយកចិត្តទុកដាក់​ខ្ពស់​ទៅលើ​ស្ត្រី និង​កុមារ​នៅ​កម្រិត​សហគមន៍​ដើម្បី​ធានា​នូវ​សិទ្ធិ​ស្មើភាព​គ្នា​រវាង​ស្ត្រី​និង​បុរស​។​

​សម្ដេច​ក្រឡាហោម ស ខេង ក៏បាន​លើកឡើងថា សម្តេច​ជឿជាក់ថា ផែនការ​សកម្ម​ភាពជា​តិ ស្តីពី​ការទប់ស្កាត់​អំពើហិង្សា​លើ​ស្ត្រី ២០១៩-២០២៣​នេះ នឹង​ក្លាយជា​ផែនទី​តម្រង់ទិស​ដ៏​ស័ក្តិសិទ្ធិ​មួយ ដែល​នឹង​ជួយ​ជំរុញ​បន្ថែមទៀត​ក្នុងការ​អនុវត្ត​ការងារ​ទប់ស្កាត់​និង​លុបបំបាត់​អំពើហិង្សា​លើ​ស្ត្រី​គ្រប់​ទម្រង់​ឱ្យ​កាន់តែ​សម្រេចបាន​ឆាប់រហ័ស​តាម​ការរំពឹងទុក​៕ រក្សា​សិទ្ធិ​ដោយៈ ចេស្តារ​

spot_img
×