ភ្នំពេញ ៖ ជារឿងមួយកំពុងតែក្តៅគកុកលើបណ្តាញសង្គម ទាក់ទងនឹង Miss Grand Cambodia ២០២០ ត្រូវប្រឈមនឹងការដកដំណែងក្រោយពីម្ចាស់គ្រប់គ្រងកម្មវិធីលោក អ៉ិន សុភិន ស្នើឱ្យកញ្ញា សេង រដ្ឋា ដែលជាម្ចាស់ជ័យលាភីលេខ១ ចូលខ្លួនមកដោះស្រាយបញ្ហាដែលកើតឡើងកន្លងមក ត្រឹមម៉ោង៣រសៀល ថ្ងៃទី១៩មករានេះ ពុំដូច្នោះទេ នឹងដកដំណែងតែម្តង។
រហូតមកដល់ពេលនេះ គ្រប់គ្នានៅតែមិនទាន់បានដឹងច្បាស់នៅឡើយថា មូលហេតុអ្វីទើបបណ្តាលឱ្យលោក អ៉ិន សុភិន ឈានដល់ការប្រកាសជាសាធារណៈហៅកញ្ញា សេង រដ្ឋា ចូលខ្លួនមកដោះស្រាយបែបនេះ។ យ៉ាងណាក៏ដោយនៅមុននេះបន្តិចកញ្ញា សេង រដ្ឋា បានបង្ហោះសារយ៉ាងដូចច្នេះថា «សុំទោសផង fan beauty pageant និងអ្នកគាំទ្រដ៏សែនល្អរបស់ខ្ញុំ សេង រដ្ឋា ខ្ញុំពិតជាមិនអាចទទួលយកបាននូវអ្វីដែលអ្នកគ្រប់គ្រងកម្មវិធី បានបរិហារកេរ្តិ៍ឈ្មោះរបស់ខ្ញុំនៅលើបណ្តាញសង្គម រហូតដល់មានការចុះផ្សាយព័ត៌មានជាសាធារណៈបែបនេះ។ ខ្ញុំនឹងធ្វើតាមអ្វីដែរអ្នកគ្រប់គ្រងកម្មវិធី បានប្រកាសជាសាធារណៈកន្លងមក (ដកតំណែង) ហើយអ្វីដែលខ្ញុំធ្វើបាននៅពេលនេះគឺចូលខ្លួនបង្ហាញវត្តមាន នៅថ្ងៃសន្និសីទកាសែតតែមួយគត់ ដែលនិងប្រព្រឹត្តឡើងដោយមានកាលបរិច្ឆេទ ពេលវេលាច្បាស់លាស់ណាមួយតែប៉ុណ្ណោះ ដើម្បីដកតំណែងនាងខ្ញុំ ដូចអ្វីដែលអ្នកគ្រប់គ្រងកម្មវិធីបានប្រកាសជាសាធារណៈកន្លងមក។
ខ្ញុំពិតជាស្រឡាញ់វិស័យមួយនេះណាស់ ទម្រាំមានថ្ងៃនេះ ទោះខ្ញុំលំបាកយ៉ាងណា ក៏ខ្ញុំនៅតែញញឹមដើម្បីអ្នកទាំងអស់គ្នា love u my Fan I like simple life »។
ដោយឡែកអ្នកគាំទ្រ Miss Grand សេង រដ្ឋា ជាច្រើនបង្ហាញអារម្មណ៍ខឹងសម្បារ មិនពេញចិត្តនឹងម្ចាស់កម្មវិធី ដោយលើកជាខមិនយ៉ាងដូចច្នេះថា «មិនអាចទទួលយកបានទេ បើដកដំណែងខ្ញុំនឹងឈប់មើលកម្មវិធីនិងមួយជីវិត ព្រោះមិនងាយនិងមានអ្នកមានសមត្ថភាពអ៊ីចឹង បើដកដំណែងខ្ញុំក៏ឈប់មើល Miss grand និងរហូតដែរ, តើខុសអ្វីទៅ? ហេតុអ្វីចាំបាច់ដកតំណែង?, អ្នករៀបចំពិតជាឡូយមែន ធ្វើឆ្នាំដំបូងអត់ល្អហើយរញ៉េរញ៉ៃទៀត»។
យ៉ាងណាក៏ដោយ រហូតមកដល់វេលាម៉ោង៦រសៀល ថ្ងៃទី១៩មករានេះ ទាំងភាគីលោក អ៉ិន សុភិន និងកញ្ញា សេង រដ្ឋា ម្ចាស់ជ័យលាភី Miss Grand Cambodia មិនទាន់មានសកម្មភាពអ្វីឡើយ៕ រក្សាសិទ្ធិដោយ៖ កូលាបក្រហម