Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឥណ្ឌា បង្ហាញ​គម្រោង​ជំនួយ និង​វិនិយោគ​ជាច្រើន នៅ​កម្ពុជា​

spot_img

​ភ្នំពេញៈ ក្នុងឱកាស​ចូលជួប​ស​ម្តែ​ង​ការគួរសម​ជាមួយ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា លោកជំទាវ​បណ្ឌិត ដេ​វី​យ៉ា​នី ឧ​ត្តាំ ខូ​ប្រា​ហ្គា​ដ (H.E. Mrs. Devyani Uttam Khobragade) ឯកអគ្គរដ្ឋទូត ដែល​ទើប​តែងតាំង​ថ្មី នៃ​សាធារណរដ្ឋ​ឥណ្ឌា ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ជម្រាប​សម្តេច​ពី​គម្រោង​ជំនួយ​និង​ការ​វិយោគ​ជាច្រើន របស់​ប្រទេស​ឥណ្ឌា​មក​កម្ពុជា​។ ពិសេស​លោកជំទាវ បាន​ប្តេជ្ញាចិត្ត​នៅក្នុង​ការពង្រឹង​ពង្រីក​ចំណងមិត្តភាព កិច្ចសហប្រតិបត្តិការ​ជា​ប្រពៃណី ដែលមាន​តាំងពី​យូរលុង​ណាស់​មកហើយ រវាង​ប្រទេស​ទាំងពីរ​ឱ្យ​កាន់តែ​រឹងមាំ​ថែមទៀត​ទាំង​នៅ​ស្ថាប័ន​នីតិប្បញ្ញត្តិ និង​នីតិប្រតិបត្តិ​។​

​នៅក្នុង​ជំនួប​សវនាកា​រ នា​ព្រឹក​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០២១​នេះ លោកជំទាវ​បណ្ឌិត ដេ​វី​យ៉ា​នី ឧ​ត្តាំ ខូ​ប្រា​ហ្គា​ដ បាន​លើកឡើងថា ឥណ្ឌា​មាន​គម្រោង​ចូលរួម​ជួយ​ជួសជុល​អភិរក្ស​ប្រាសាទព្រះវិហារ ដែលជា​បេតិកភណ្ឌ​ពិភពលោក ចូលរួម​ជំរុញ​លើកកម្ពស់​ការប្រើប្រាស់​ទឹកស្អាត​នៅ​ជនបទ និង​ជួយ​ដល់​វិស័យ​សុខាភិបាល ការប្រយុទ្ធប្រឆាំង​ជំងឺគ្រុនចាញ់ និង​ការកសាង​សមត្ថភាព​សមាជិក​សមា​ជិ​កា​សភា​និង​មន្ត្រីរាជការ ជាដើម​។​

​ជាមួយគ្នានេះ លោកជំទាវ​បាន​ប្តេជ្ញា​ថា នឹង​ខិតខំ​ជំរុញ​ដល់​អ្នក​វិនិយោគិន​ពី​ប្រទេស​ឥណ្ឌា មក​បណ្ដាក់ទុន​នៅ​កម្ពុជា ក្នុង​វិស័យ​សុខាភិបាល ជំរុញឱ្យមាន​ជើងហោះហើរ​ត្រង់​រវាង​ប្រទេស​ទាំងពីរ​។ លោកជំទាវ​ឯកអគ្គរដ្ឋទូត​បាន​ជម្រាប សម្តេច​ដែរ​ថា ឥណ្ឌា​នឹង​លើកកម្ពស់​ការទំនាក់ទំនង​រវាង​ប្រជាជន​និង​ប្រជាជន តាមបែប​ឌីជីថល នៅក្នុង​នោះ​មាន ប្រជាជន​កម្ពុជា​និង​ប្រជាជន​ឥណ្ឌា ប្រជាជន​ឥណ្ឌា​និង​ប្រជាជន​ក្នុង​តំបន់​អាស៊ាន ហើយ​ឥណ្ឌា​នឹង​កសាង​ផ្លូវ​គមនាគមន៍​ដ៏​ធំ​មកកាន់​បណ្តា​ប្រទេស​សមាជិក​អាស៊ាន​ផងដែរ​។​

​លោកជំទាវ​ឯកអគ្គរដ្ឋទូត បាន​ជម្រាប សម្តេច​ប្រធានរដ្ឋសភា ដែលថា ចំពោះ​សំណើ​របស់ សម្តេចនាយក​រដ្ឋមន្ត្រី ដែល​បានស្នើ​ដល់​ប្រទេស​ឥណ្ឌា​ជួយផ្តល់​ជំនួយ​មនុស្សធម៌​វ៉ាក់សាំង​ការពារ​កូ​វីដ​១៩ ដល់​ប្រទេស​កម្ពុជា​នោះ លោកជំទាវ​នឹង​រាយការណ៍​ជូន​ថ្នាក់ដឹកនាំ​ឥណ្ឌា​បាន​ជ្រាប​និង​សម្រេច​នៅក្នុង​កិច្ចការ​នេះ​។​

​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន បាន​គាំទ្រ​បេសកកម្ម​ការទូត​ថ្មី​របស់ លោកជំទាវ នៅ​កម្ពុជា​។ សម្តេច​បាន​លើកឡើងថា បេសកកម្ម​នេះ ពិត​ជាមាន​សារៈសំខាន់​ខ្លាំងណាស់ ក្នុង​ការបន្ត​រួមចំណែក​លើកកម្ពស់​ទំនាក់​ទំនង ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​យើង​ទាំងពីរ ដែលមាន​ស្រាប់ ឱ្យ​កាន់តែ​ល្អប្រសើរ​ថែម​មួយកម្រិត​ថែមទៀត​។​

​កម្ពុជា​-​ឥណ្ឌា មាន​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ការទូត​នេះ​ជាមួយគ្នា​ជា​យូរយារ​ណាស់​មកហើយ ទាំង​ផ្នែក​សិល្បៈ វប្បធម៌ និង​ជំនឿ​សាសនា​។ សម្តេច​ប្រធានរដ្ឋសភា បាន​មានប្រសាសន៍ថា ឥណ្ឌា​ជា​ប្រទេសមួយ ក្នុងចំណោម​ប្រទេស​មិន​ច្រើន​ទេ ដែល​បាន​គាំទ្រ​ដល់​រដ្ឋាភិបាល​កម្ពុជា នៅក្រោយ​ថ្ងៃ​រំដោះ​៧​មករា ឆ្នាំ​១៩៧៩ ខណៈ​ប្រទេស​ជាច្រើន ពិសេស​ប្រទេស​លោកខាងលិច បាន​ហ៊ុមព័ទ្ធ​សេដ្ឋកិច្ចកម្ពុជា​។

​សម្តេច​បាន​លើកឡើងថា រដ្ឋសភា​កម្ពុជា មានការ​ពេញចិត្ត ដោយ​សង្កេតឃើញ​ពី​វឌ្ឍនភាព នៃ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី រវាង​ប្រទេស​យើង​ទាំងពីរ កម្ពុជា​-​ឥណ្ឌា មានការ​រីកចម្រើន​ឥតឈប់ឈរ ទាំង​វិស័យ នយោបាយ ការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម សង្គមកិច្ច វប្បធម៌ អប់រំ សុខាភិបាល និង​ការអភិវឌ្ឍ​ធនធានមនុស្ស ។​

​ក្នុងនាម​រដ្ឋសភា​កម្ពុ​ជា សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន បាន​ថ្លែងអំណរគុណ​ដល់​ប្រទេស​ឥណ្ឌា ដែល​រយៈពេល​កន្លងមក​នេះ បាន​ជួយ​បណ្តុះបណ្តាល​ធនធានមនុស្ស​រយៈពេល​ខ្លី និង​វែង ដល់​និស្សិត និង​មន្ត្រី​កម្ពុជា ជាង​មួយ​ពាន់​នាក់ និង​សូម​ស្នើ​ឥណ្ឌា​បន្ត​ជួយ​បណ្តុះបណ្តាល​ជំនាញ​ផ្សេងៗ​បន្ថែមទៀត​។ សម្តេច​ប្រធានរដ្ឋសភា​បាន​គូសបញ្ជាក់ថា រដ្ឋសភា​កម្ពុជា​សូម​អបអរសាទរ រដ្ឋាភិបាល​ប្រទេស​ទាំងពីរ​ដែល​បាន​ចុះ​កិច្ចព្រមព្រៀង និង​អនុស្សរណៈ ជាមួយគ្នា ក្នុង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​អាទិភាព​ជាច្រើន និង​បាន​ត្រៀម​ចុះហត្ថលេខា​លើ​ឯកសារ​សំខាន់ៗ​ជាច្រើន​ទៀត ។

​លោកជំទាវ ដេ​វី​យ៉ា​នី ឧ​ត្តាំ ខូ​ប្រា​ហ្គា​ដ បាន​ស្នើសុំ​សម្តេច​បន្ត​ពង្រឹងពង្រីក​កិច្ចសហប្រតិបត្តិការ​រ​វាង​សភា​ប្រទេស​ទាំងពីរ​ឱ្យ​កាន់តែ​រឹងមាំ​ថែមទៀត និង​បាន​គោរព​អញ្ជើញសម្តេច​ដឹកនាំ​គណៈប្រតិភូ​រដ្ឋសភា​កម្ពុ​ជា ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ឥណ្ឌា​ក្រោយពេល​ជំងឺ​កូ​វីដ​១៩ ធូរស្រាល​។​

​សម្តេច​ប្រធាន បាន​ទទួលយក​សំណើ​នេះ និង​បាន​គូសបញ្ជាក់ថា រដ្ឋសភា​កម្ពុជា បានធ្វើ​កិច្ចសហប្រតិបត្តិការ​ជាច្រើន​ជាមួយ​រដ្ឋសភា​ឥណ្ឌា នៅក្នុង​ក្របខណ្ឌ​ក្រុម​មិត្តភាព​សភា​ទាំងពីរ តាមរយៈ​ការផ្លាស់ប្តូរ​ទស្សនកិច្ច ការគាំទ្រ​គ្នា​ទៅវិញទៅមក នៅលើ​វេទិកា​អន្តរ​សភា​នានា នៅក្នុង​តំបន់​និង​សកលលោក មាន​ជាអាទិ៍ អន្តរ​សភា​អាស៊ាន និង​សហភាព​អន្តរ​សភា​(IPU) ជាដើម​៕ រក្សា​សិទ្ធិ ដោយៈ ចេស្តារ​

spot_img
×