Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា​និង​ឥណ្ឌា ប្តេជ្ញា​បង្កើន​កិច្ចសហប្រតិបត្តិការ នៅក្នុង​វិស័យ​ធនាគារ​នៃ​ប្រទេស​ទាំងពីរ​

spot_img

​ភ្នំពេញ ៖ ក្នុងជំនួប​សម្តែង​ការគួរសម​និង​ពិភាក្សា​ការងារ ជាមួយ​លោកស្រី ដេ​វ​យ៉ា​នី អូ​តាំ ឃូ​ប្រា​ហ្គេ​ត (Devyani Uttam Khobragade) ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​ប្រទេស​ឥណ្ឌា​ប្រចាំ​កម្ពុជា​កាលពី​ថ្ងៃ​អង្គារ លោក ជា ចាន់តូ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា​បាន​ថ្លែងអំណរគុណ​ចំពោះ​រដ្ឋាភិបាល​ឥណ្ឌា និង​ធនាគារកណ្តាល​ឥណ្ឌា ដែល​កន្លងមក​បានរួម​ចំណែក​អភិវឌ្ឍ​ធនធានមនុស្ស​នៅ​ធនាគារជាតិ​នៃ​កម្ពុជា តាមរយៈ​ការសិក្សា​រយៈពេល​វែង​និង​វគ្គ​បណ្តុះបណ្តាល​រយៈពេល​ខ្លី​។​

​លោក​ក៏បាន​ជម្រាប​ផងដែរ​ថា ប្រទេស​ឥណ្ឌា​និង​កម្ពុ​ជាមាន​ទំនាក់ទំនង​សហប្រតិបត្តិ​ការល្អ​តាំងពី​បុរាណកាល​មកម្ល៉េះ ហើយ​ក្រោយ​ថ្ងៃ​រំដោះ ៧ មករា ១៩៧៩ រដ្ឋាភិបាល​ឥណ្ឌា ក៏បាន​ជួយ​កម្ពុជា​ក្នុង​ដំណើរ​ការស្តារ​និង​អភិវឌ្ឍ​ប្រទេស​ផងដែរ​។​

​លោក​ទេសាភិបាល ក៏បាន​ជម្រាប​លោកស្រី អគ្គរដ្ឋទូត​ពី​ស្ថានភាព​ម៉ា​សេ​ក្រូ​សេដ្ឋកិច្ច​និង​វិស័យ​ធនាគារ​ថា រដ្ឋាភិបាល​ក្រោម​ការដឹកនាំ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​គ្រប់គ្រង​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ យ៉ាង​ល្អប្រសើរ និង​បាន​ដាក់ចេញ​វិធានការ​កាត់បន្ថយ​ផលប៉ះពាល់​មកលើ​សេដ្ឋកិច្ច ប្រកបដោយ​ប្រសិទ្ធភាព​។

​ដោយឡែក​ចំពោះ​អតិផរណា​ត្រូវបាន​រក្សា​ឱ្យ​ស្ថិតក្នុង​កម្រិត​ទាប ជាមួយនឹង​ស្ថិរភាព​អត្រា​ប្តូរប្រាក់ និង​កម្រិត​គ្រប់គ្រាន់​នៃ​ទុនបម្រុង​អន្តរជាតិ ដែល​រួមចំណែក​រក្សា​ជំនឿ​ទុកចិត្ត​មកលើ​សេដ្ឋកិច្ចកម្ពុជា​។ ចំពោះ​វិស័យ​ធនាគារ ធនាគារជាតិ​នៃ​កម្ពុជា បានដាក់​ចេញ​នូវ​វិធានការ​ពង្រឹង​សុខមាលភាព​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ ផ្តល់​សន្ទនីយ​ភាព និង​ការធ្វើ​ឥណទាន​ឡើងវិញ ដែល​បាន​ជួយ​ដល់​អាជីវកម្ម​និង​ប្រជាជន​ក្រីក្រ​ដែល​ទទួលរង​ផលប៉ះពាល់​។ ទន្ទឹមនេះ វិស័យ​ធនាគារ​ធានាបាន​គុណភាព​ឥណទាន​ល្អប្រសើរ​។​

​ថ្លែង​ទៅកាន់​លោក​ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា លោកស្រី​ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​ប្រទេស​ឥណ្ឌា​ប្រចាំ​កម្ពុជា បាន​សម្តែង​ការអបអរសាទរ​ជូន​ចំពោះ លោក ទេសាភិបាល ដែល​កាលពីពេល​ថ្មីៗ​នេះ​ទស្សនា​វ​ដ្តី​អន្តរជាតិ​ដែលមាន​ទីតាំងនៅ​ប្រទេស​អង់គ្លេស​ផ្តល់​ចំណាត់ថ្នាក់​ជា ថ្នាក់ដឹកនាំ​ធនាគារកណ្តាល​ឆ្នើម ឆ្នាំ​២០២១ នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ក្នុងចំណោម​ទេសាភិបាល ៥ រូប​នៅលើ​ពិភពលោក​។
​លោកស្រី មានបំណង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​ធនាគារ​រវាង​ប្រទេស​ទាំងពីរ​ឱ្យ​កាន់តែ​ស៊ីជម្រៅ​បន្ថែមទៀត ដើម្បី​ជា​ប្រយោជន៍​ដល់​ភាគី​ទាំងពីរ​។

​លោកស្រី​បន្តថា​បាន​ថ្លែង​ការកោតសរសើរ​ពី​ការអភិវឌ្ឍ​ថ្មីៗ​នៅក្នុង​វិស័យ​ហិរញ្ញវត្ថុ​កម្ពុជា ជាពិសេស តួនាទី​ដ៏​សំខាន់​របស់​ធនាគារជាតិ​នៃ​កម្ពុជា ក្នុងការ​រក្សា​លំនឹង​ម៉ាក្រូសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង​គាំទ្រ​សកម្មភាព​សេដ្ឋកិច្ច ក្នុងស្ថានភាព​ដែល​កម្ពុជា ក៏ដូចជា​ប្រទេស​នានា​លើ​ពិភពលោក​កំពុង​រង​នូវ​វ​ប​ត្តិ​សុខាភិបាល​និង​សេដ្ឋកិច្ច​។

​លោកស្រី​បាន​អបអរសាទរ​នូវ​ការធ្វើ​ទំនើបកម្ម​ប្រព័ន្ធ​ទូទាត់ ដូចជា ការដាក់ឱ្យ​ប្រព័ន្ធ​បាគង ដែលជា​ប្រព័ន្ធ​ទូទាត់​កន្លោង ដែល​ជួយ​សម្រួល​ការទូទាត់​ទូទៅ​និង​ឆ្លង​គ្រឹះស្ថាន ដោយបាន​បន្ថយ​កម្រៃ​ប្រតិបត្តិការ​និង​ធ្វើឱ្យ​ទឹកប្រាក់​ទូទាត់​ទទួលបាន​ភ្លាមៗ​។​

​លោក​ទេសាភិបាល និង​លោកស្រី​ឯកអគ្គ​រដ្ឋ បាន​យល់​ស្របគ្នា​លើ​ការបង្កើន​កិច្ចសហប្រតិបត្តិការ​នៅក្នុង​វិស័យ​ធនាគារ​នៃ​ប្រទេស​ទាំងពីរ ដូចជា លើ​ការផ្លាស់ប្តូរ​បទពិសោធ​ន៍​ពី​ការអភិវឌ្ឍ​ប្រព័ន្ធ​ទូទាត់ ការពង្រឹង​យន្តការ​ប្រឆាំង​ការសម្អាត​ប្រាក់​និង​ហិរញ្ញប្បទាន​ភេរវកម្ម និង​ការបណ្តុះបណ្តាល​៕
​រក្សា​សិទ្ធិ​ដោយ​៖ CEN

spot_img
×