Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នងការរង ៖ សមត្ថកិច្ច​នគរបាល​រាជធានី​ភ្នំពេញ​ឃាត់​ម៉ូតូ​កែច្នៃ​បំពង់​ស៊ី​ម៉ាំង ១០០​គ្រឿង ត្រឹម​ថ្ងៃ​២០ មករា​

spot_img

​ភ្នំពេញ ៖ សមត្ថកិច្ច​បានធ្វើការ​ឃាត់ទុក​ម៉ូតូ​ដែល​បាន​កែច្នៃ​បំពង់​ស៊ី​ម៉ាំង​ខុស​បច្ចេកទេស ដែលមាន​សំឡេង​ឭ​ខ្លាំង​ប្រមាណ ១០០​គ្រឿង នៅក្នុង​រាជធានី​ភ្នំពេញ​។ នេះ​បើ​យោងតាម​ការ​ឱ្យដឹងពី​លោក​ស្នងការរង​នគរបាល​រាជធានី​ភ្នំពេញ ក្នុង​កិច្ចប្រជុំ​ជាមួយ​អភិបាល​រាជធានី​ភ្នំពេញ និង​អាជ្ញាធរ​ពាក់ព័ន្ធ នៅ​ព្រឹក​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០២១​នេះ នៅ​សាលា​រាជធានី​ភ្នំពេញ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សុង លី ស្នងការរង​នគរបាល​រាជធានី​ភ្នំពេញ បាន​លើកឡើងថា ស្របតាម​អនុសាសន៍​ណែនាំ​របស់​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ណែនាំ​ដល់​សម​ត្ថិ​កិច្ច​ឱ្យ​ចុះ​អនុវត្ត​ឃាត់​ម៉ូតូ​ដែល​បាន​កែច្នៃ​ខុស​បច្ចេកទេស​ប្រមាណ ១០០​គ្រឿង​។ ក្នុងចំណោម​ម៉ូតូ​ទាំង ១០០​គ្រឿង​នោះ មាន​ចំនួន ៤០​គ្រឿង សមត្ថកិច្ច​បានធ្វើ​បច្ចុប្បន្ន​ភាពចុះ​ស្រង់​ស្ថិតិ​បញ្ជាក់​អត្តសញ្ញាណ​ម្ចាស់​នៅតាម​ផ្ទះ និង​បានឱ្យ​ម្ចាស់​ម៉ូតូ​ទាំងនោះ​ធ្វើ​កិច្ចសន្យា​ដោយ​កំណត់​រយៈពេល ៣​ថ្ងៃ ដើម្បីឱ្យ​យក​ស៊ី​ម៉ាំង​ទៅធ្វើ​ការផ្លាស់ប្តូរ នៅតាម​ទីតាំង​ដែល​បាន​ឃាត់​ម៉ូតូ​នោះ​ទុក​។​

​ទន្ទឹមនឹងនោះ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​បញ្ជាក់ដែរថា ការធ្វើ​កិច្ចសន្យា​ក៏បាន​តម្រូវឱ្យ​ភ្ជាប់​ជាមួយ​អត្តសញ្ញាណប័ណ្ណ​របស់​ម្ចាស់​ផងដែរ ដើម្បី​បញ្ចូល​ទៅក្នុង​ទិន្នន័យ​ដើម្បី​ធ្វើការ​គ្រប់គ្រង​ថា តើ​លើក​ក្រោយ​អ្នកប្រព្រឹត្ត​មាន​ពាក់ព័ន្ធ​ជាមួយ​បទល្មើស​ដដែលៗ​នេះ​ឬទេ​? នៅ​ជំហាន​ដំបូង​នេះ សមត្ថកិច្ច​គ្រាន់តែ​ឃាត់​ដើម្បី​ធ្វើការ​អប់​រំជា​ចម្បង ដោយ​មិនមាន​ការផាកពិន័យ​នៅឡើយ​ទេ​។ ជាមួយគ្នានេះ សមត្ថកិច្ច​ក៏​នឹង​អនុវត្ត​ការងារ​នេះ ដោយ​ធ្វើការ​ដាក់ពិន័យ​ផងដែរ​ចំពោះ​ម៉ូតូ​រ៉ឺម៉ក​ដឹកទំនិញ​ផ្សេងៗ​ដែល​ដឹក​ចូលក្នុង​រាជធានី ព្រមទាំង​រថយន្ត​ដែល​ធ្វើការ​កែច្នៃ​បំពង់​ស៊ី​ម៉ាំង​ខុសពី​ភាព​ដើម​។​

​សូមបញ្ជាក់ថា កាលពី​ព្រឹក​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០២១ សម្តេច​ក្រឡាហោម ស ខេង បាន​ណែនាំ​ដល់​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែលមាន​ស្នងការដ្ឋាន​នគរបាល​រាជធានី ខេត្ត អធិការដ្ឋាន​នគរបាល​ក្រុង ស្រុក ខណ្ឌ ជា​សេនាធិការ​ត្រូវ​ចុះ​ត្រួតពិនិត្យ និង​ធ្វើ​ការអប់រំ​ណែនាំ​ដល់​ម្ចាស់​ទីតាំង​កែច្នៃ​យានយន្ត​ឱ្យ​បញ្ឈប់​រាល់​ការកែច្នៃ​យានយន្ត​ខុស​បច្ចេកទេស​។ ក្នុងករណីរ​បន្ត​លបលួច​កែច្នៃ​ត្រូវ​ចាត់វិធានការ​រដ្ឋបាល និង​វិធានការ​ច្បាប់​ឱ្យបាន​ម៉ឺងម៉ាត់​។​

​ដោយឡែក​កងកម្លាំង​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​គ្រប់​ថ្នាក់ ពិសេស​ស្នងការដ្ឋាន​នគរបាល​រាជធានី ខេត្ត ត្រូវ​ចាត់វិធានការ​បន្ទាន់​ណែនាំ​ដល់​កម្លាំង​ដែលមាន​សមត្ថកិច្ច​ក្រោម​ឱវាទ​ទាំងអស់ ធ្វើការ​ត្រួតពិនិត្យ និង​លុបបំបាត់​ឱ្យបាន​រាល់​ការប្រើប្រាស់​យានយន្ត​កែច្នៃ​បំពង់​ស៊ី​ម៉ាំង ឬ​ដោះ​បំពង់​ស៊ី​ម៉ាំង និង​ណែនាំ​ដល់​អ្នកបញ្ជា​យានយន្ត​បង្ក​សំឡេង​រំខាន​ដល់​ប្រជាពលរដ្ឋ​៕​ រក្សាសិទ្ធិដោយ៖ បញ្ញាស័ក្តិ

spot_img
×