Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា​-​ឥណ្ឌា លើកឡើងថា នឹង​ត​ភ្ជាប់​ជើងហោះហើរ​ត្រង់ ក្រោយពេល​ចប់​វិបត្តិ​កូ​វីដ​-១៩

spot_img

​ភ្នំពេញ​៖ ភាគី​កម្ពុជា​បាន​ឯកភាព​ជាមួយ​ភាគី​ឥណ្ឌា​ថា នឹង​រៀបចំ​ដំណើរ​ការតភ្ជាប់​ជើងហោះហើរ​ត្រង់ ក្រោយពេល​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ ត្រូវបាន​បញ្ចប់ ដើម្បី​ជំរុញ​សកម្មភាព​ទេសចរណ៍​ឡើងវិញ និង​ជំរុញ​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ ឱ្យ​កាន់តែ​ជិតស្និទ្ធ​ថែមទៀត​។​

​ការឯកភាព​នេះ ធ្វើឡើង​ក្នុងជំនួប​ពិភាក្សា​ការងារ​រវាង ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​កម្ពុជា ជាមួយ​លោកជំទាវ ទេ​វ្យា​នី ឧ​ត្ត​ម ខូ​ប្រា​ហ្កា​ដេ (Devyani Uttam Khobragade) ឯកអគ្គរដ្ឋទូត​ឥណ្ឌា​ប្រចាំ​កម្ពុជា នៅ​ទីស្ដីការ​ក្រសួងទេសចរណ៍ នា​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០២១​។​

​ថ្នាក់ដឹកនាំ​ទាំងពីរ​បានលើកឡើង​អំពី​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​ជា​ប្រវត្តិសាស្ត្រ​រវាង​កម្ពុជា​-​ឥណ្ឌា និង​បាន​ពង្រឹង​វិស័យ​ការទូត​កាន់តែ​ជិតស្និទ្ធ​ជាមួយគ្នា ក្រោម​ការដឹកនាំ​របស់ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​លោក ន​រិ​ន្ទ្រា ម៉ូ​ឌី (Narendra Modi) នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ឥណ្ឌា​។​

​កម្ពុជា​-​ឥណ្ឌា​មាន​ទំនាក់ទំនង​វប្បធម៌ និង​សាសនា​ជាមួយគ្នា​ដ៏​យូរលង់ ហើយ​កាលពីមុន​កើតមាន​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ ប្រជាជន​កម្ពុជា​ក៏​ចូលចិត្ត​ទៅលេង​កម្សាន្ត​នៅ​ឥណ្ឌា តាមរយៈ​ដំណើរ​ទេសចរណ៍​បែប​សាសនា​ច្រើន​ណាស់ដែរ ដូច្នេះហើយ​ទើប​ឯកឧត្តម​រដ្ឋមន្ត្រី ថោង ខុន បានស្នើ​ដល់​ស្ថានទូត​ឥណ្ឌា ក៏ដូចជា​រដ្ឋាភិបាល​ឥណ្ឌា ធ្វើយ៉ាងណា​រៀបចំ​ឱ្យមាន​ខ្សែ​ទស្សនកិច្ច​បែប​សាសនា​នេះ​ឡើងវិញ បន្ទាប់ពី​ចប់​វិបត្តិ​ជំងឺ​កូ​វីដ​-១៩​។​

​ទាក់ទង​នឹង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ទេសចរណ៍ លោក​រដ្ឋមន្ត្រី ថោង ខុន បានលើកឡើង​អំពី​សំណើ​ឱ្យមាន​ការតភ្ជាប់​ជើងហោះហើរ​ត្រង់​រវាង​កម្ពុជា​-​ឥណ្ឌា ក្រោយ​ពន្យារពេល​អស់​មួយរយៈ​ដោយសារ​ការរំខាន​ពី​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​។ លោកជំទាវ ទេ​វ្យា​នី ក៏បាន​អះអាងថា ការងារ​នេះ​ក៏​ជា​ការងារ​អាទិភាព​ក្នុង​បេសកកម្ម​ជា​ឯកអគ្គរដ្ឋទូត​របស់​លោកស្រី​ផងដែរ​។​

​បើតាម​លោកជំទាវ ទេ​វ្យា​នី ស្ថានទូត​ឥណ្ឌា​ប្រចាំ​កម្ពុជា នឹង​រួមសហការ​ជាមួយ​ក្រសួងទេសចរណ៍ និង​ភាគី​ពាក់ព័ន្ធ​ដទៃទៀត​ក្នុង​ការបន្ត​រៀបចំ​ទិវា​យោ​គៈ​អន្តរជាតិ (International Yuga Day) នៅ​រាជធានី​ភ្នំពេញ ខេត្តសៀមរាប ខេត្ត​ព្រះសីហនុ និង​ខេត្តបាត់ដំបង​ជាដើម​។​

​ឯកឧត្តម​បណ្ឌិត ថោង ខុន បានស្នើ​សុំឱ្យ​ឥណ្ឌា​បន្ត​រៀបចំ​ព្រឹត្តិការណ៍​ប្រណាំង​រថយន្ត​អាស៊ាន​-​ឥណ្ឌា និង​ចលនា​ទេសចរ​បើកបរ​ដោយ​ខ្លួនឯង ដែល​នឹង​ក្លាយជា​ព្រឹត្តិការណ៍​រឹតចំណង​មិត្តភាព ក៏ដូចជា​ជំរុញ​ចលនា​ទេសចរ​តាមផ្លូវ​គោក​រវាង​ឥណ្ឌា និង​អាស៊ាន​។ លោកជំទាវ​ឯកអគ្គរដ្ឋទូត​ក៏បាន​ទទួល​យល់ព្រម និង​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​គំនិត​ផ្ដួចផ្ដើម​នេះ ពីព្រោះ​វា​នឹង​ផ្ដល់​ប្រយោជន៍​ច្រើន​ដល់​វិស័យ​ទេសចរណ៍ ស្របពេល​បច្ចុប្បន្ន​យុវជន​ឥណ្ឌា​ពិតជា​ចូលចិត្ត​ខ្លាំងណាស់​ចំពោះ​ដំណើរ​ទេសចរណ៍​បែបនេះ​។​

​ស្ថានទូត​ឥណ្ឌា​ក៏បាន​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​បន្តទៀត ព្រមទាំង​អភិវឌ្ឍន៍​ទេសចរណ៍​ឌីជីថល ដោយ​លោកស្រី​ឯកអគ្គរដ្ឋទូត​ឥណ្ឌា​សន្យាថា នឹង​សម្របសម្រួល​ដល់​ការបណ្ដុះបណ្ដាល​អ្នកជំនាញ​ទេសចរណ៍​តាមរយៈ​ប្រព័ន្ធ​វីដេអូ​អន​ឡាញ​។​

​ក្រៅពីនេះ ស្ថានទូត​ឥណ្ឌា​ប្រចាំ​កម្ពុជា​ក៏​នឹង​ជួយ​
​កែលម្អ​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​តាម​តំបន់​អេកូ​ទេសចរណ៍ ទេសចរណ៍វប្បធម៌ ដូចជា​ការកែលម្អ​ផ្លូវ​ចូល ផ្លាកសញ្ញា ការបណ្ដុះបណ្ដាល​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន ឱ្យទទួល​ជំនាញ​ក្នុងការ​ស្វាគមន៍​ភ្ញៀវទេសចរ​កាន់តែ​ល្អប្រសើរ​។​

​ភាគី​ទាំងពីរ​នឹង​បង្កើត​ក្រុមការងារ ដែលមាន​សមាសភាព​ពី​ក្រសួងទេសចរណ៍ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ក្រសួង​ព័ត៌មាន និង​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​មួយចំនួនទៀត ក៏ដូចជា​ក្រុមការងារ​នៅ​ស្ថានទូត​ឥណ្ឌា​ប្រចាំ​កម្ពុជា និង​ក្រុមការងារ​ឥណ្ឌា​នៅ​រដ្ឋធានី​ញូ​វ​ដេលី​ផងដែរ ដើម្បី​អនុវត្ត​ការងារ​ទាំង​អម្បាលម៉ាន​នេះ​ឱ្យបាន​ល្អប្រសើរ ក្រោម​ការរំពឹងទុក​ថា​នឹង​ចាប់ផ្ដើម​អនុវត្ត​នៅក្រោយពេល​ចប់​វិបត្តិ​ជំងឺ​កូ​វីដ​-១៩៕​ រក្សាសិទ្ធិដោយ៖ បញ្ញាស័ក្តិ

spot_img
×