Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆ្នាំ​២០២០ ប្រៃសណីយ៍​កម្ពុជា រកចំណូលបាន ៦.៥​លាន​ដុល្លារ ធ្លាក់ចុះ​៤៦​ភាគរយ

spot_img

​ភ្នំពេញ​៖ ដោយសារ​កូ​វីដ​-១៩ អគ្គនាយក​ប្រៃសណីយ៍​កម្ពុជា លោក អោក បូរ៉ា បានឱ្យដឹងថា ប្រៃសណីយ៍​កម្ពុជា រកចំណូលបាន​៦.៥​លាន​ដុល្លារ​អាមេរិក ធ្លាក់ចុះ​៤៦​ភាគរយ​ ​លោក អោក បូរ៉ា ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​ជា អគ្គនាយក​ប្រៃសណីយ៍​កម្ពុជា បានលើកឡើង​ដូចនេះ ក្នុង​ពិធី​ចុះ​អនុស្សារណៈ ត្រីភាគី រវាង​ប្រៃសណីយ៍​កម្ពុជា សមាគម​ពាណិជ្ជកម្ម​ដឹកជញ្ជូន ទំនិញ និង​ក្រុមហ៊ុន ស៊ូ​ភើ​អេប តិច​ណូ​ឡូ​ជី ភីអិលស៊ី នៅ​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០២១​។​

​លោក អោក បូរ៉ា បាន​បញ្ជាក់ថា «​ចំណូល​ពី​ខែមីនា ទៅដល់​ខែកក្កដា គឺ​០​ភាគរយ​។ ដាច់​ឆ្នាំនេះ ចំណូល​ប្រៃសណីយ៍ ធ្លាក់ចុះ ៤៦​ភាគរយ​។ ឆ្នាំ​២០១៩ ទទួលបាន​ប្រមាណ ១៣​លាន​ដុល្លារ និង​ដាច់​ឆ្នាំ​២០២០ ទទួល​បានតែ ៦.៥​លាន​ដុល្លារ​ប៉ុណ្ណោះ​»​។​
​លោក អោក បូរ៉ា បាន​ឲ្យ​ដឹងថា ក្នុង​ឆ្នាំ​២០២០ ចាប់ពី​ខែមីនា រហូតដល់​ខែកក្កដា បាន​បិទ​ទាំងស្រុង បញ្ញើ​ទៅ​អន្ដរជាតិ ព្រោះថា ប្រៃសណីយ៍​កម្ពុជា ពឹង​ផ្អែកលើ​មធ្យោបាយ ក្រុមហ៊ុន​ដឹកជញ្ជូន​អន្ដរជាតិ ហើយ​នៅពេលនោះ ជា​ពេលដែល​កូ​វីដ​-១៩ រាល​ត្បាល​ខ្លាំង ដែល​ធ្វើ​ជើងហោះហើរ ត្រូវបាន​បិទ​ទាំងស្រុង​។​

​ចំពោះ​ផែនការ ដើម្បី​បង្កើន​ចំណូល ក្នុងឆ្នាំនេះ ត្រូវបាន​លោក អោក បូរ៉ា ប្រាប់​ឲ្យ​ដឹងថា ដើម្បី​ពង្រឹង​ចំណូល​ឡើងវិញ គឺ​មានតែ​ស្រូប​បញ្ញើ ក្នុងស្រុក ដោយ​ពង្រឹង​ប្រព័ន្ធ​ដឹកជញ្ជូន​ក្នុងស្រុក ដូច​ថ្ងៃនេះ បាន​ចាប់​ដៃគូ​សហការ ដើម្បី​ពង្រឹង​ប្រព័ន្ធ​ដឹកជញ្ជូន​ក្នុងស្រុក​។​

​លោក​អគ្គនាយក​ប្រៃសណីយ៍​កម្ពុជា បាន​គូសបញ្ជាក់ថា ជា​រៀងរាល់ឆ្នាំ ប្រៃសណីយ៍​កម្ពុជា ពឹង​ផ្អែកលើ​អន្ដរជាតិ ប្រមាណ​៩៥​ភាគរយ ដូច្នេះហើយ នៅពេលដែល​បិទ​ជើងហោះហើរ ប្រៃសណីយ៍​កម្ពុជា គឺ​ស្លាប់​តែម្ដង​។​
​លោក អោក បូរ៉ា បាន​បន្ថែមថា ប្រៃសណីយ៍​កម្ពុជា បាន​ខិតខំ​ស្វែងរក​ភ្នាក់ងារ ដើម្បី​ជួយប្រមូល​បញ្ញើ ក្នុងការ​សាង​បច្ចេកទេស​រឹងមាំ ក្នុង​គោលបំណង​ពង្រីង​ចំណូល ដើម្បី​ទប់ស្កាត់​នឹង​ជំងឺ​កូ​វីដ​-១៩​។ លោក​ថា ធ្វើ​ដូច្នេះ ប្រៃសណីយ៍​កម្ពុជា នឹង​អាច​កើន​ចំណូល​ពី​១៥ ទៅ​២០​ភាគរយ ក្នុង​ឆ្នាំ​២០២១​។​

​លោក អោក បូរ៉ា បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា «​ខ្ញុំ​គិតថា ចំណូល​ក្នុងស្រុក បើសិន​បើ​យើង​ពង្រឹង​ភ្នាក់ងារ​បាន ធ្វើបាន​ស្រប​នឹង​អ្វី ដែល​បច្ចេកទេស​មាន ស្រប​នឹង​បាន សហការ ជាមួយ​ក្រុមហ៊ុន​ដឹកជញ្ជូន ក្នុងស្រុក​ទៀត ខ្ញុំ​គិតថា យើង​អាច​កើន​ពី​១៥ ទៅ​២០​ភាគរយ សម្រាប់​បញ្ញើ​ក្នុងស្រុក នៅ​ឆ្នាំ​២០២១»​។​

​លោក អោក បូរ៉ា បាន​បន្ថែមថា ក្នុងចំណោម​បញ្ញើ​១,៥​លាន​កញ្ចប់ ជា​រៀងរាល់ឆ្នាំ របស់​ប្រៃសណីយ៍​កម្ពុជា មាន​៩៥​ភាគរយ ជា​បញ្ញើ​បរទេស ។ ដូច្នេះ​ដើម្បី​បង្កើន​ចំណូល​ឡើងវិញ ក្នុងស្ថានភាព​កូ​វីដ​១៩​នេះ គឺ​ត្រូវ​ពង្រឹង​ប្រព័ន្ធ​ដឹកជញ្ជូន​ក្នុងស្រុក​, បច្ចេកទេស​ដឹកជញ្ជូន​ក្នុងស្រុក និង​បង្កើន​ភ្នាក់ងារ​ប្រមូល​បញ្ញើ ជៀសវាង​ការពង្រីក​សាខា ដែល​ត្រូវ​ចំណាយ​ថវិកា​ច្រើន​។ តាមរយៈ​ផែនការ​សកម្មភាព​ថ្មី ដែល​បាន​ដាក់ចេញ​នេះ​, ឯកឧត្តម​រំពឹងថា បញ្ញើ​ក្នុងស្រុក តាមរយៈ​ប្រៃ​ណី​សយ៍​កម្ពុជា នឹងមាន​ការកើនឡើង​ពី​១៥​ទៅ​២០​ភាគរយ ក្នុង​ឆ្នាំ​២០២១​នេះ​។​

​គួរ​បញ្ជាក់ថា បើតាម​អគ្គនាយក​ប្រៃសណីយ៍​កម្ពុជា បើសិនជា​ស្ថានភាព​កូ​វីដ​-១៩ នៅតែ​បន្ដ ប្រៃសណីយ៍​កម្ពុជា ប្រឈម​នឹង​បញ្ហា​ខ្លាំង ដោយសារតែ​កម្ពុជា ពុំទាន់​មាន​ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ ក្នុងការ​សម្រួល​មធ្យោបាយ​ដឹកជញ្ជូន ពាក់ព័ន្ធ​នឹង​បញ្ញើ​នៅឡើយ​៕
​រក្សា​សិទ្ធិ​ដោយ​៖CEN

spot_img
×