Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រាជរដ្ឋាភិបាល លុប​លិខិត​កាន់កាប់​ដីចម្ការ​ស្រល់ នៅ​ស្រុក​អូររាំង និង​ក្រុង​សែន​មនោ​រម្យ និង ដកហូត​មកជា​សម្បត្តិ​រដ្ឋ​

spot_img

​ភ្នំពេញ​៖ រាជរដ្ឋាភិបាល​កម្ពុជា លុបចោល​រាល់​លិខិត​ទាំងឡាយ ដែល​ចេញ​ដោយ​អាជ្ញាធរភូមិ ឃុំ ស្រុក ខេត្ត មាន​ភាពមិន​ស្របតាម​នីតិវិធី​ពេញលេញ​កន្លងមក និង​ចេញ​ដីកា​ដកហូត​ដី​ទាំងនេះ​មកជា​សម្បត្តិ​រដ្ឋ​វិញ ចំពោះ​ចំណែក​ដីចម្ការ​ស្រល់​ក្នុងស្រុក​អូររាំង និង​ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី​។​

ទីស្តីការគណៈរដ្ឋមន្ត្រី ក៏​សម្រេច​ឱ្យ​រដ្ឋបាលខេត្ត​ត្រូវ​សហការ​ជាមួយ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ពិនិត្យ​ចាត់វិធានការ​មួយចំនួន​រួមមាន​៖ ចំណាត់ការ​ផ្លូវច្បាប់​ចំពោះ​បុគ្គល​ដែល​ពាក់ព័ន្ធ​នឹង​ការរៀបចំ​ឯកសារ​ក្លែងក្លាយ​, ចំណាត់ការ​ផ្លូវច្បាប់​ចំពោះ​បុគ្គល​ដែល​រឹងទទឹង ឬ​ពុំ​ព្រម​អនុវត្ត​ស្រប​គា​ម​វិធាន​នានា ដែល​អាជ្ញាធរ​ដាក់ចេញ​កន្លង​មក និង​នៅ​ជា​ធរមាន​, ចំណាត់ការ​ផ្លូវច្បាប់​លើ​អ្នកចេញ​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​មិន​ប្រក្រតី​លើដី​ស្ថិតក្នុង​ដែន​សមត្ថកិច្ច ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​, ចំណាត់ការ​ផ្លូវច្បាប់​លើ​រាល់​ការ​បំប្លែង​ដី​រដ្ឋ នៅក្នុង​ដែន​សមត្ថកិច្ច​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ មកជា​ដី​កម្មសិទ្ធិឯកជន​មិនមាន​ប្រក្រតីភាព ដោយ​មិនបាន​សុំ​ការសម្រេច​ពី​ប្រមុខ​រាជរដ្ឋាភិបាល តាមរយៈ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។​

​ទីស្តីការគណៈរដ្ឋមន្ត្រី ក៏បាន​សម្រេច​ឱ្យ​រដ្ឋបាលខេត្ត​ត្រូវ​រៀបចំ​ផែនការ​សកម្មភាព ដើម្បី​បើក​យុទ្ធនាការ​បោសសំអាត​ទ្រង់ទ្រាយ​ធំ លើ​ការរំលោភ​ទន្ទ្រាន ហ៊ុមព័ទ្ធ​យក​ដី​រដ្ឋ​ខុសច្បាប់​តាម​គ្រប់​រូបភាព ដោយមាន​កិច្ចសហការ​គាំទ្រ​ចូលរួម​ពី​កម្លាំងចម្រុះ​ថ្នាក់ជាតិ​។​

​ទីស្តីការគណៈរដ្ឋមន្ត្រី ក៏បាន​សម្រេច​ឱ្យ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ត្រូវ​ពិនិត្យ​លទ្ធភាព​អាច​ស្នើ​ធ្វើ​និយ័តកម្ម ឬ​ប្តឹងទៅ​តុលាការ​មោឃភាព ចំពោះ​វិញ្ញាបនបត្រ​សម្គាល់​អចលនវត្ថុ​ដែល​មិនបាន​បំពេញ​នីតិវិធី​ពេញលេញ​នៅ​ជា​ធរមាន​។​

​សូមបញ្ជាក់ថា ការសម្រេច​ខាងលើ​កើតមានឡើង​បន្ទាប់ពី លោក វេ​ង សាខុន កាលពី​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០២១ បានធ្វើ​ឡើង​លិខិត​មួយ​ស្នើសុំ​សម្តេច​តេ​ជោ ឱ្យមាន​ចំណាត់ការ​លើ​ការរំលោភ​កាន់កាប់​ដីចម្ការ​ស្រល់​នេះ​។ ក្នុង​លិខិត​នោះ លោក វេ​ង សាខុន បាន​រៀបរាប់​យ៉ាង​ដូច្នេះ​ថា ផ្ទៃដី​ដែល​រាជរដ្ឋាភិបាល​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន វូ​ជី​សាន និង​ក្រុមហ៊ុន ហួរ លីង វិនិយោគ​ដាំ​ដើម​ស្រល់​ស្ថិតនៅ​ក្នុងស្រុក​អូររាំង និង​ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី​នោះ ត្រូវបាន​រំលោភ​កាន់កាប់​ខុសច្បាប់​ជា​ហូរហែ​យ៉ាង​អនាធិបតេយ្យ​អស់​ជាច្រើន​ពាន់​ហិកតា តាមរយៈ​ការរំលោភ​ទន្ទ្រាន​យក​កាន់កាប់​ពី​ជន​មួយក្រុម​តូច​បំពាន​សិទ្ធិ​ស្របច្បាប់ ដោយ​គ្មាន​ខ្លាចរអែង​ច្បាប់ និង​ក្រុមហ៊ុន​វិនិយោគ​។​

លិខិត​ទីស្តីការគណៈរដ្ឋមន្ត្រី ៖ ករណី​រំលោភ​កាន់កាប់​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន រ៉ូ​ជី​សាន អិ​ល​អេស គ្រប ខូ​អិ​ល​ធី​ឌី​, ក្រុមហ៊ុន ហូរ​លីង (​ខេ​ម​បូ​ឌា​) អិន​ធើ​ណេ​សិ​នណល​ស៊ិន​សី​រេ​ន​, ដីចម្ការ​ស្រល់​រដ្ឋ និង​ដីចម្ការ ស្រល់​រុក្ខទិវា​ជាតិ​នៅ​ខេត្តមណ្ឌលគិរី រាជរដ្ឋាភិបាល​សម្រេច​ដូចខាងក្រោម ៖

១- រដ្ឋបាលខេត្ត​ត្រូវ​ចេញ​លិខិតនិរាករណ៍​លើ​លិខិត​ទាំងឡាយណា​ដែល​ចេញ​ដោយ​អាជ្ញាធរ ភូមិ ឃុំ ស្រុក ខេត្ត មាន​ភាពមិន​ស្របតាម​នីតិវិធី​ពេញលេញ​កន្លងមក និង​ត្រូវ​ចេញ​ដីកា​ដកហូត​ដី ទាំងនេះ​មកជា​សម្បត្តិ​រដ្ឋ​វិញ​។​

២- រដ្ឋបាលខេត្ត​ត្រូវ​សហការ​ជាមួយ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ពិនិត្យ​លើ​ចំណាត់ការ​ផ្លូវច្បាប់​ចំពោះ​បុគ្គល​ដែល​ពាក់ព័ន្ធ​នឹង​ការរៀបចំ​ឯកសារ​ក្លែងក្លាយ ចំណាត់ការ​ផ្លូវច្បាប់​ចំពោះ​បុគ្គល​ដែល​រឹងទទឹង ឬ​ពុំ​ព្រម​អនុវត្ត​ស្របតាម​វិធាន​នានា ដែល​អាជ្ញាធរ​ដាក់ចេញ​កន្លង​មក និង​នៅ​ជា​ធរមាន ចំណាត់ការ​ផ្លូវច្បាប់​លើ​ការចេញ​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​មិន​ប្រក្រតី លើដី​ស្ថិតក្នុង​ដែន​សមត្ថកិច្ច​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ចំណាត់ការ​ផ្លូវច្បាប់​លើ​រាល់​ការ​បំប្លែង​ដី​រដ្ឋ នៅក្នុង​ដែន​សមត្ថកិច្ច​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ មកជា​ដី​កម្មសិទ្ធិឯកជន​មិនមាន​ប្រក្រតីភាព ដោយ​មិន បាន​សុំ​ការសម្រេច​ពី​ប្រមុខ​រាជរដ្ឋាភិបាល តាមរយៈ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។​

៣ – រដ្ឋបាលខេត្ត​ត្រូវ​រៀបចំ​ផែនការ​សកម្មភាព ដើម្បី​បើក​យុទ្ធនាការ​បោសសំអាត​ទ្រង់ ទ្រាយ​ធំ លើ​ការរំលោភ​ទន្ទ្រាន​ហ៊ុមព័ទ្ធ​យក​ដី​រដ្ឋ​ខុសច្បាប់​តាម​គ្រប់​រូបភាព ដោយមាន​កិច្ចសហការ គាំទ្រ​ចូលរួម​ពី​កម្លាំងចម្រុះ​ថ្នាក់ជាតិ​។​

៤- ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ត្រូវ​ពិនិត្យ​លទ្ធភាព​អាច​ស្នើ​ធ្វើ​និយ័តកម្ម ឬ​ប្តឹង ទៅ​តុលាការ​មោឃភាព ចំពោះ​វិញ្ញាបនបត្រ​សម្គាល់​អចលនវត្ថុ​ដែល​មិនបាន​បំពេញ​នីតិវិធី​ពេញលេញ​នៅ​ជា​ធរមាន​។​

​លោក វេ​ង សាខុន បាន​បន្ថែមថា ដី​ដែល​គេ​រំលោភ​កាន់កាប់​នេះ ទីតាំង​ខ្លះ​មានការ​បញ្ជាក់​ទិញ​-​លក់​ដី ពី​បុគ្គល​ម្នាក់​ទៅ​បុគ្គល​ម្នាក់​របស់​អាជ្ញាធរ​មូល​ដ្ឋា​ន កន្លែង​ខ្លះទៀត​មាន​ទាំង​បណ្ណ​សម្គាល់​សិទ្ធិ​កាន់កាប់​អចលនវត្ថុ​ទៀតផង​។ ជាមួយគ្នានេះ ផ្ទៃ​ដីព្រៃ​ធម្មជាតិ​ដែល​បាន​រក្សាទុក ការពារ​តាម​ជ្រលង​ដងអូរ ក្នុង​តំបន់​សម្បទាន​ដី​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន​ទាំងពីរ​នេះ ក៏ត្រូវ​ទទួលរង​ការកាប់​រានទន្ទ្រាន​យក ធ្វើជា​កម្មសិទ្ធិ​ខុសច្បាប់​ផងដែរ​។​

​លោក​រដ្ឋមន្ត្រី​កសិកម្ម បាន​រៀបរាប់​ជូន​សម្តេច​តេ​ជោ​ទៀតថា ក្រៅពី​ព្រៃ​ស្រល់ និង​ព្រៃ​ធម្មជាតិ​នៅក្នុង​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​ទាំងពីរ​ខាងលើ ក៏មាន​ការកាប់​រាន ដុត ឈូសឆាយ និង​ហ៊ុមព័ទ្ធ​វាត​យក​ធ្វើជា​កម្មសិទ្ធិ​ខុសច្បាប់​នូវ​ដីចម្ការ​ឈើ​ស្រល់​របស់​រដ្ឋ និង​ដីចម្ការ​ឈើ​ស្រល់ ដែល​ព្រះករុណា ព្រះបាទ សម្ដេចព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​យាង​ដាំ​ក្នុង​ពិធី​រុក្ខទិវា​ជាតិ​ឆ្នាំ​២០០៥​ផងដែរ​។​

​លោក វេ​ង សាខុន បាន​សង្កត់ធ្ងន់ថា ទីតាំង​ខ្លះ​ដែល​គេ​បាន​ទន្ទ្រាន​យក​នេះ មាន​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ និង​លិខិត​កាន់កាប់​ទៀតផង​។​

​យោងតាម​ព័ត៌មាន​ពី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានឱ្យដឹងថា នៅ​ឆ្នាំ​២០០៥ រាជរដ្ឋាភិបាល បានផ្តល់​សិទ្ធិ​វិនិយោគ​ឱ្យ​ក្រុមហ៊ុន វូ​ជី​សាន នូវ​ផ្ទៃ​ទំហំ ១​ម៉ឺន​ហិកតា ដើម្បី​ដាំ​ដើម​ស្រល់ បន្លែ និង ផ្លែឈើ និង រោងចក្រ​កែច្នៃ​។ នៅ​ឆ្នាំ​២០១០ រាជរដ្ឋាភិបាល​ផ្តល់​សិទ្ធិ​វិនិយោគ​ឱ្យ​ក្រុមហ៊ុន​ហួរ​លីង នូវ​ផ្ទៃដី​ទំហំ ៨,៤០០​ហិកតា ដើម្បី​ដាំ​ដើម​ស្រល់​។​

​លោក វេ​ង សាខុន បាន​អះអាងថា ក្រុមហ៊ុន​ទាំងពីរ បានធ្វើ​ការដាំដុះ​ស្រល់​ជា​បន្តបន្ទាប់ ហើយ​គិត​មកដល់ពេលនេះ ដើម​ស្រល់​ដែល​បាន​ដាំ​រួច​អាចធ្វើ​អាជីវកម្ម​ប្រមូល​ផល​បាន​ផងដែរ​។ ប៉ុន្តែ​ផ្ទៃដី​ដែល​បាន​ដាំ​ស្រល់​រួច​នេះ ត្រូវបាន​រំលោភ​កាន់កាប់​ខុសច្បាប់​ជា​ហូរហែ​យ៉ាង​អនាធិបតេយ្យ​អស់​ជាច្រើន​ហិកតា តាមរយៈ​ការរំលោភ​ទន្ទ្រាន​យក​កាន់កាប់​ពី​ជន​មួយក្រុម​តូច បំពាន​សិទ្ធិ​ស្របច្បាប់ ដោយ​គ្មាន​ខ្លាចរអែង​ច្បាប់ និង​ក្រុមហ៊ុន​វិនិយោគ​។​

​សូមបញ្ជាក់ថា ការរំលោភ​ទន្ទ្រាន​យក​ដី​រដ្ឋ​មក​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​នេះ មិនមែនជា​រឿង​ថ្មី​នោះឡើយ​សម្រាប់​ខេត្តមណ្ឌលគិរី​។ កាលពី​ឆ្នាំ​២០២០ ក៏មាន​ការសើរើ​លើ​ករណី​រំលោភ​ទន្ទ្រាន​ដី​ជា​នៅ​ភូមិសាស្ត្រ​ស្រុក​អូររាំង និង​ស្រុក​កែវ​សីមា​ផងដែរ​។ កាលនោះ​ជន​ពាក់ព័ន្ធ​នឹង​ការចេញលិខិត​លក់​ទិញ​ដី​ទាំងនេះ បាន​រង​ការពិន័យ ហើយ​ក្នុងនោះ​អភិបាលស្រុក​កោះ​ញែក​លោក ស៊ិន វណ្ណ​វុ​ឌ្ឍ ត្រូវបាន​ដកហូត​តំណែង​ផងដែរ​៕
​រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×