Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កសិដ្ឋាន​ចិញ្ចឹម​ត្រី​លម្អ First Aquatic Indutrial​ ចំណាយ​ទុនវិនិយោគ​ចំនួន ៤​លាន​ដុល្លារ

spot_img

​ភ្នំពេញ​ ៖​ ឯកឧត្តម​រដ្ឋមន្ត្រី​កសិកម្ម​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ក្រុមហ៊ុន ​First Aquatic Indutrial​ដែល​បាន​ចុះ​ទុនវិនិយោគ​បង្កើត​កសិដ្ឋាន​ចិញ្ចឹម​ត្រី​លម្អ សមស្រប​តាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ក្នុងការ​គាំទ្រ និង​លើកទឹកចិត្ត​ដល់​វិនិយោគិន​ក្នុង និង​ក្រៅប្រទេស​សំដៅ​លើកស្ទួយ​វិស័យ​វារីវប្បកម្ម និង​ការនាំចេញ​ត្រី​លម្អ ក្នុងការ​ចូលរួម​ទ្រទ្រង់​ខឿនសេដ្ឋកិច្ច​ជាតិ​។​

ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ​បាន​អញ្ជើញ​មក​ពិនិត្យ​កសិដ្ឋាន​ចិញ្ចឹម​ត្រី​លម្អ First Aquatic Indutrial Co., Ltd នៅ​ភូមិ​កោះ​ផុស ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​នៅវេលា រសៀល​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍ ទី​២១ ខែមករា ឆ្នាំ​២០២១​។

Mr. Li Xuequn អ្នកគ្រប់គ្រង​ទូទៅ បាន​ជម្រាបជូន​ឯកឧត្តម​រដ្ឋមន្ត្រី​ជ្រាបថា កសិដ្ឋាន​បានចាប់ផ្តើម​ដំណើរការ​នៅ​ឆ្នាំ​២០១៧ ដោយ​ចំណាយ​ទុនវិនិយោគ​ចំនួន ៤​លាន​ដុល្លារ (​មិន​រួម បញ្ចូល​ការវិនិយោគ​លើ​ការកសាង​ហេ​ដ្ឋ​រចនា​ស​ម័​ន្ធ​សំខាន់ៗ​)​។ បច្ចុប្បន្ន​មាន​ចិញ្ចឹម​ត្រី​លម្អ (​ត្រី​នាគ​) នាំ​ពូជ​ចូល​ពី​ប្រទេស​ចិន ត្រី​បបែល​ទឹកសាប និង​ត្រី​ទឹកសាប​កម្ពុជា​ជាច្រើន​ប្រភេទ​ទៀត ផងដែរ​។ នៅ​ឆ្នាំ​ដំបូង​នេះ កសិដ្ឋាន​គ្រោង​នាំចេញ​ត្រី​នាគ​ជាង ១០០០​ក្បាល​/​ឆ្នាំ និង​ត្រី​បបែល​ជាង ៥០០០​ក្បាល​/​ឆ្នាំ ទៅកាន់​ទីផ្សារ​ប្រទេស​ចិន ដោយ​គិត​ក្នុងតម្លៃ​ត្រី​នាគ​ពេញវ័យ​លក់បាន ១០០០​ដុល្លារ​/​ក្បាល និង​ត្រី​បបែល ២០០​ដុល្លារ​/​ក្បាល (​តម្លៃ​អាស្រ័យ​លើ​ប្រភេទ​ពូជ ពណ៌ ទំហំ និង​អាយុ​)​។ កសិដ្ឋាន​ប្រើ​កម្មករ​សរុប ៥០​នាក់ ក្នុងនោះ​មាន​អ្នកជំនាញ​ជលផល​ទាំង​ខ្មែរ និង​ចិន​ចំនួន ១០​នាក់​។

​បន្ទាប់ពី​បាន​អញ្ជើញ​ពិនិត្យ​សកម្មភាព​ខ្សែសង្វាក់​ផលិតកម្ម​ក្នុង​កសិដ្ឋាន និង​បាន​ជ្រាប​អំពី​ដំណើរការ​នៃ​ការវិនិយោគ និង​កម្មវត្ថុ​នាំចេញ​របស់​ក្រុមហ៊ុន​រួចមក ឯកឧត្តម​រដ្ឋមន្ត្រី​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ក្រុមហ៊ុន​ដែល​បាន​ចុះ​ទុនវិនិយោគ​បង្កើត​កសិដ្ឋាន​ចិញ្ចឹម​ត្រី​លម្អ ដែល​សកម្មភាព​នេះ​សមស្រប​តាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ក្នុងការ​គាំទ្រ និង​លើកទឹកចិត្ត​ដល់​វិនិយោគិន​ក្នុង និង​ក្រៅប្រទេស​សំដៅ​លើកស្ទួយ​វិស័យ​វារីវប្បកម្ម និង​ការនាំចេញ​ត្រី​លម្អ ក្នុងការ​ចូលរួម​ទ្រទ្រង់​ខឿនសេដ្ឋកិច្ច​ជាតិ​។ ព្រមជាមួយ​សមិទ្ធផល​ដែល​ក្រុមហ៊ុន​សម្រេចបាន​នាពេល​បច្ចុប្បន្ន ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ណែនាំ​ឲ្យ​ក្រុមហ៊ុន​ត្រៀម​រៀបចំ​ឯកសារ​បច្ចេកទេស​ពាក់ព័ន្ធ​ដល់​ការចិញ្ចឹម សម្រាប់​ឈានទៅដល់​ការរៀបចំ​ពិធីសារ​នាំចេញ​ត្រី​លម្អ​ទៅកាន់​ប្រទេស​ចិន ដោយ​ត្រូវ​សហការ​ជាមួយ​រដ្ឋបាល​ជលផល​កម្ពុជា ធ្វើការ​ទំនាក់​ទំនងជា​មួយ​អគ្គ​រដ្ឋបាល​គយ​ចិន ស្នើសុំ​បែបបទ ឬ​លក្ខខណ្ឌ​តម្រូវ​ចាំបាច់​នានា​ពី​ភាគី​ចិន​ជា​ជំហាន​បឋម ដើម្បី​ឲ្យ​ដំណើរការ​នាំចេញ​នាពេលខាងមុខ​ប្រព្រឹត្ត​ទៅដោយ​រលូន ចៀសវាង​ការកកស្ទះ​ផលិតផល​ដែល​កសិដ្ឋាន​ចិញ្ចឹម​បាន​។ ឯកឧត្តម​រដ្ឋមន្ត្រី បាន​លើកទឹកចិត្ត​ក្រុមហ៊ុន ដោយ​បញ្ជាក់ថា​ក្រសួង ក៏​ដូច​រដ្ឋបាល​ជលផល​នឹង​រង់ចាំ​សហការ សម្របសម្រួល ដើម្បី​ឲ្យ​ដំណើរការ​វិនិយោគ​ចិញ្ចឹម​ត្រី​លម្អ និង​ដំណើរ​ការនាំ ចេញ​ត្រី​លម្អ​នេះ​សម្រេច​ទទួលបាន​ជោគជ័យ​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×