Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ក្រសួងពាណិជ្ជកម្ម បង្ហាញ​លទ្ធផល​នៃ​កិច្ចប្រជុំ​លើក​ទី​១ គណៈកម្មការ​ចម្រុះ​នៃ​កិច្ចសហប្រតិបត្តិការ​ ​លើ​វិស័យ​សេដ្ឋកិច្ចកម្ពុជា​-​ហុង​គ្រី

spot_img

ភ្នំពេញ ៖​កិច្ចប្រជុំ​លើក​ទី​១ គណៈកម្មការ​ចម្រុះ​នៃ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ចកម្ពុជា​-​ហុង​គ្រី ត្រូវបាន​រៀបចំឡើង រយៈពេល​០២​ថ្ងៃ គឺ​នៅ​ថ្ងៃទី ២០-២១ ខែមករា ឆ្នាំ​២០២១ តាមរយៈ​ប្រព័ន្ធ​វីដេអូ នៅ​ទីស្តីការ​ក្រសួងពាណិជ្ជកម្ម ហើយ​បានបញ្ចប់​ដោយ​ជោគជ័យ និង​ទទួលបាន​លទ្ធផល​ជា​ផ្លែផ្កា​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​។ លោកជំទាវ តឹក​រ៉េត កំរង រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម​កម្ពុជា និង​ឯកឧត្តម អ៊ី​ស្វាន់ ចូ (István Joó) អនុរដ្ឋមន្ត្រី​នៃ​ក្រសួងការបរទេស និង​ពាណិជ្ជកម្ម​ហុង​គ្រី ធ្វើជា​សហប្រធាន​ដឹកនាំ​កិច្ចប្រជុំ និង​មានការ​អញ្ជើញ​ចូលរួម​ពី​មន្ត្រីជាន់ខ្ពស់​មកពី​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​។​

​កិច្ចប្រជុំ​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​តាមដាន​វឌ្ឍនភាព​ការងារ និង​ជំរុញ​សកម្មភាព​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និង​វិស័យ​អាទិភាព​ផ្សេងៗ ដែល​ត្រូវបាន​ចុះហត្ថលេខា​ដោយ ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម និង ឯកឧត្តម Péter Szijjártó រដ្ឋមន្ត្រីការបរទេស និង​ពាណិជ្ជកម្ម​ហុង​គ្រី កាលពី​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០១៩ នា​អំឡុងពេល​ទស្សនកិច្ច​ជា​ផ្លូវការ​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ទីក្រុង​ប៊ុ​យ​ដា​ប៉េ​ស ប្រទេស​ហុង​គ្រី​។ ជា​លទ្ធផល ក្រុមការងារ​នៃ​គណៈកម្មការ​ចម្រុះ​កម្ពុជា​-​ហុង​គ្រី​បានកត់សម្គាល់​ពី​វឌ្ឍនភាព នៃ​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ តាមរយៈ​ការផ្លាស់ប្តូរ​ទស្សនកិច្ច និង​កិច្ច​ពិគ្រោះ​យោបល់​ជាប្រចាំ និង​បន្ត​បេ្ត​ជ្ញា​ចិត្ត​លើកស្ទួយ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ឱ្យ​កាន់តែ​ស៊ីជម្រៅ និង​ទូលំទូលាយ​បន្ថែមទៀត​។

​សម្រាប់​វិស័យ​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច ភាគី​ទាំងពីរ​បានបង្ហាញ​ពី​ឆន្ទៈ​ខ្ពស់​ក្នុងការ​អនុវត្ត​កិច្ចព្រមព្រៀង​ស្តីពី​ការជំរុញ និង​ការពារ​ការវិនិយោគ រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​ហុង​គ្រី ដែល​បាន​ចូល​ជា​ធរមាន កាលពី​ខែសីហា ឆ្នាំ​២០១៧ និង​បាន​ស្វាគមន៍​ការចូលរួម​ពី​ភ្នាក់ងារ​ជំរុញ​ការវិនិយោគ​ហុង​គ្រី (The Hungarian Investment Promotion Agency-HIPA) ក្នុង​ការជួយ​សម្រួល និង​ទាក់ទាញ​វិនិយោគិន​ហុង​គ្រី​មក​កម្ពុជា ក៏ដូចជា​ការស្វែងយល់​បន្ថែម​ពី​ផលិតផល​សក្តានុពល​ក​ម្ពុ​ជារួម​មាន​កសិកម្ម ក​សិ​-​ឧស្សាហកម្ម និង​ឧស្សាហកម្ម​កែច្នៃ ដែល​អាច​នាំ​ចេញទៅ​ទីផ្សារ​ហុង​គ្រី​បាន​។​

​សម្រាប់​វិស័យ​កសិកម្ម សន្តិសុខ​ស្បៀង និង​រុក្ខាប្រមាញ់ ភាគី​ទាំង​ពីរបាន​ពិភាក្សា​ពី​កិច្ចសហប្រតិបត្តិការ ដែលមាន​រយៈ​វែង​ស្តីពី​ការផ្លាស់ប្តូរ​ចំណេះដឹង និង​បទពិសោធន៍​ក្នុងការ​ចិ​ញ្ជឹ​ម​សត្វ និង​ធ្វើ​ស្រែចំការ ឱ្យមាន​ប្រសិទ្ធិភាព​ខ្ពស់ រវាង National Agricultural Research and Innovation Centre Research Institute for Fisheries and Aquaculture (NAIK HAKI) និង​ស្ថាប័ន​ពាក់ព័ន្ធ​វិស័យ​វារីវប្បកម្ម​នៅ​កម្ពុជា​។
​សម្រាប់​វិស័យ​គ្រប់គ្រង​ធនធានទឹក ភាគី​ទាំង​ពីរបាន​ឯកភាព​ក្នុង​ការជំរុញ​កិច្ចសហប្រតិបត្តិការ​ពា​ក់​ព័ន្ធ​នឹង​ការគ្រប់គ្រង​អាង​ទន្លេ (River basin) ឆ្លើយតប​នឹង​ផលប៉ះពាល់​នៃ​បម្រែបម្រួល​អាកាសធាតុ​លើ​បាតុភូត​រាំងស្ងួត និង​កង្វះខាត​ប្រភពទឹក និង​ការគ្រប់គ្រង​ធនធានទឹក​ប្រកបដោយ​ប្រសិទ្ធភាព និង​ប្រសិទ្ធ​ផល​។​
​សម្រាប់​វិស័យ​អប់រំ យុវជន និង​កីឡា ភាគី​ទាំង​ពីរបាន​ឯកភាព​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​ក្នុងការ​ផ្តល់​អាហារូបករណ៍ និង​ចែករំលែក​បទពិសោធន៍ ស្តីពី​សកម្មភាព​យុវជន យុទ្ធសាស្ត្រ​បណ្តុះបណ្តាល​ជំនាញ​ផ្នែក​វិជ្ជាជីវៈ​៤.០ (VET 4.0) និង​ការផ្លាស់ប្តូរ​ដំណើរ​ទស្សនកិច្ច​ប្រតិភូ​យុវជន​។ ភាគី​កម្ពុជា ក៏បាន​ថ្លែងអំណរគុណ​ដល់​ភាគី​ហុង​គ្រី សម្រាប់​ការបន្ថែម​ចំនួន​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា ចាប់ពី​ឆ្នាំ​សិក្សា​២០២១ នេះ​តទៅ​។​

​ក្រៅពី​វិស័យ​សំខាន់ៗ​ខាងលើ ភាគី​ទាំងពីរ​បាន​សម្តែង​ចំណាប់អារម្មណ៍ និង​បេ្ត​ជ្ញា​ចិត្ត​គាំទ្រ​ពង្រីក​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ វប្បធម៌ ទេសចរណ៍ អាកាសចរ​ស៊ីវិល ផងដែរ​។ បន្ថែម​ពីនេះ ក្រុមការងារ​នៃ​គណៈកម្មការ​ចម្រុះ នឹង​ខិតខំ​អនុវត្ត​ឱ្យមាន​ប្រសិទ្ធភាព​នូវ​អនុស្សារណៈ​នៃ​ការយោគយល់​គ្នា (MoU) ដែល​បាន​ចុះហត្ថលេខា​នាពេល​កន្លងមក តាមរយៈ​ការផ្លាស់ប្តូរ​មតិយោបល់ និង​ដំណើរ​ទស្សនកិច្ច​។​

​ភាគី​ទាំង​ពីរបាន​ពិភាក្សា​អំពី​លទ្ធភាព​ប្រើប្រាស់​គម្រោង​ឥណទាន Tied Aid Credit Cooperation សម្រាប់​គម្រោង​អភិវឌ្ឍ​តេ​ជោ​ភូមិ ១០០ និង​ការសិក្សា​លម្អិត​ដោយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ស្តីពី​លទ្ធភាព​នៃ​ការប្រើប្រាស់​ឥណទាន​នេះ​សម្រាប់​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​អាទិភាព​របស់​កម្ពុជា មានដូចជា​៖ កសិកម្ម សុវត្ថិភាព​ម្ហូបអាហារ ប្រព័ន្ធគ្រប់គ្រង​ធារាសាស្ត្រ បច្ចេកវិទ្យា​ឌីជីថល និង​នវានុវត្តន៍​ជាដើម​។​
​ជា​កិច្ចបញ្ចប់​ភាគី​ទាំង​ពីរបាន​ចុះហត្ថលេខា​លើ​កំណត់ហេតុ​រួម​នៃ​កិច្ចប្រជុំ​លើក​ទី​១ គណៈកម្មការ​ចម្រុះ​នៃ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យសេដ្ឋកិច្ច​កម្ពុជា​-​ហុង​គ្រី នៅក្នុង​បរិយាកាស​ដ៏​ស្និទ​ស្នាល​រីករាយ និង​បាន​ព្រមព្រៀង​ថា​នឹង​គ្រោង​រៀបចំ​កិច្ចប្រជុំ​លើក​ទី​២ គណៈកម្មការ​ចម្រុះ​នេះ​នៅ​ទីក្រុង​ប៊ុ​យ​ដា​ប៉េ​ស ប្រទេស​ហុង​គ្រី នៅពេល​វេលា​សម​ស្រម នាពេល​អនាគត​៕
​រក្សា​សិទ្ធិ​ដោយ​៖CEN

spot_img
×