Wednesday, January 26, 2022

រាជរដ្ឋាភិបាល​ស្វាគមន៍ ការ​សំណូមពរ​របស់​សហព័ន្ធ​សហជីព​សេរី​កម្មករ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​

​ភ្នំពេញៈ អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា​ស្វាគមន៍​ចំពោះ​ការលើកឡើង​របស់​សហ​ព័ន្ធ​សហជីព​សេរី​កម្មករ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​សំណូមពរ​ដល់​រាជរដ្ឋាភិបាល​ចាត់ការ​ស៊ើបអង្កេត​តាម​នីតិវិធី​ស្វែង​រកមុខ​ឃាតករ​ពិតប្រាកដ និង​អ្នកបញ្ជា​ពីក្រោយ​ខ្នង​ដែល​បានសម្លាប់​លោក​ជា វិជ្ជា យកមក​ផ្តន្ទាទោស​តាមច្បាប់​។

​ការស្វាគមន៍​នេះ បានធ្វើ​ឡើង​បន្ទាប់ពី​សហព័ន្ធ​សហជីព​សេរី​កម្មករ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​រម្លឹក​ខួប ១៧​ឆ្នាំ នៃ​មរណភាព​លោក ជា វិជ្ជា អតីត​ប្រធាន​សហជីព​សេរី​កម្មករ នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០២១​។ ដោយ​នៅក្នុង​ពិធី​រម្លឹក​ខួប​នេះ សហព័ន្ធ​សហជីព​សេរី​កម្មករ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អំពាវនាវ និង​សំណូមពរ​យ៉ាងទទូច​ឲ្យ​សមត្ថកិច្ច​នគរ​យុត្តិធម៌​គ្រប់​ថ្នាក់ និង​គ្រប់ផ្នែក ជាពិសេស​ស្ថាប័ន​រដ្ឋាភិបាល​ចាត់ការ​ស៊ើបអង្កេត​តាម​នីតិវិធី​ស្វែង​រកមុខ​ឃាតករ​ពិតប្រាកដ និង​អ្នកបញ្ជា​ពីក្រោយ​ខ្នង​ដែល​បានសម្លាប់​លោក​ជា វិជ្ជា យកមក​ផ្តន្ទាទោស​តាមច្បាប់​។​

​ជាការ​ឆ្លើយតប​លោក​ផៃ ស៊ី​ផាន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា បាន​មានប្រសាសន៍ប្រាប់ CEN ថា ការលើកឡើង​នេះ រាជរដ្ឋាភិបាល​ស្វាគមន៍ និង​តែងតែ​លើកទឹកចិត្ត​ដល់​អ្នក​ដែលមាន​ព័​ត៍​មាន ឬក៏​ភស្តុតាង​ណា​ថ្មី អាចដាក់​បង្ហាញ​ជូនទៅ​តុលាការ មិនមែន​បានសេចក្តីថា យើង​ទាត់ចោល មិន​សើរើ គឺ​បើក​ជំហរ​នៅក្នុង​សាច់​រឿងនេះ​។
​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជាក់ថា “​រដ្ឋាភិបាល​មិនមាន​ជំហរ​ការពារ​ពួក​ឃាតករ​ទេ និង​លើកទឹកចិត្ត​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​បើសិន​ជាមាន​ភស្តុតាង​ថ្មី សូមមេត្តា​យកមក​បង្ហាញ​ព្រះរាជអាជ្ញា​តុលាការ​នឹង​ចាត់វិធានការ​បន្តទៅទៀត​”​។​

​សូមជម្រាបថា លោក​ជា វិជ្ជា អតីត​មេដឹកនាំ​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវបាន​ខ្មាន់កាំភ្លើង​បាញ់សម្លាប់​នៅមុខ​តូប​លក់​កាសែត​ក្បែរ​របង​ខាងលិច​វត្ត​លង្ការ កាលពី​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០០៤ រហូតមកដល់​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០២១ នេះ គឺមាន​រយៈពេល ១៧​ឆ្នាំ​ហើយ​៕ រក្សា​សិទ្ធិ​ដោយៈ ចេស្តារ​