Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លទ្ធផលនៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស នៃ​កិច្ចសន្ទនា កិច្ចសហប្រតិបត្តិការ​អាស៊ី​លើក​ទី​១៧

spot_img

​ភ្នំពេញ ៖ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បានចេញ​លទ្ធផល នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស នៃ​កិច្ចសន្ទនា កិច្ចសហប្រតិបត្តិការ​អាស៊ី​លើក​ទី​១៧ នៅ​ថ្ងៃទី​២១ ខែមករា ឆ្នាំ ២០២១ តាមរយៈ​ប្រព័ន្ធ​វីដេអូ​។​

​នៅ​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០២១ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រី ការបរទេស​នៃ​កិច្ចសន្ទនា​កិច្ចសហប្រតិបត្តិការ​អា​ស៊ី លើក​ទី​១៧ (17″ Ministerial Meeting of the Asia Cooperation Dialogue – ACD) ដែលមាន​ឯកឧត្តម ម៉េ​វ​លុត ឆា​វូ​ស៊ូ​លុ រដ្ឋមន្ត្រីការបរទេស​នៃ សាធារណរដ្ឋ​តួ​ក​គី ជា​ប្រធាន​នៃ​កិច្ចប្រជុំ​។

​កិច្ចប្រជុំ​នេះ សម្រេចបាន​នូវ​លទ្ធផល​សំខាន់ៗ ដូចខាងក្រោម​៖

​ក្រោម​មូលបទ “​ទេសចរណ៍​តាម​គន្លង​ថ្មី មាន​សុវត្ថិភាព និង​សុខ​ភាពល្អ​” (The New Normal and Safe and Healthy Tourism) ប្រទេស​ជា​សមាជិក ACD បានទទួល​ស្គាល់​នូវ​ភាពចាំបាច់​បន្ទាន់ ក្នុងការ​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​បណ្តាលមកពី​ជំងឺ​រាតត្បាត​កូ​វីដ​-១៩ និង​បាន​ឯកភាព​រួមគ្នា ដោះស្រាយ​ផលប៉ះពាល់​លើ​បញ្ហា​សង្គម​-​សេដ្ឋកិច្ច រួមទាំង​វិស័យ​ទេសចរណ៍ តាមរយៈ​អភិក្រម​ពហុ​វិស័យ​។ កិច្ចសហការ​រួមគ្នា​នេះ រួមបញ្ចូល​ទាំង​វិធានការ​ចាំបាច់​ទាំងអស់​ក្នុងការ​ការពារ​សុខភាព និង សុវត្ថិភាព ការពង្រឹង​កិច្ចសហប្រតិបត្តិការ​និង​ការគាំទ្រ​គ្នា​ទៅវិញទៅមក ការរួម​កម្លាំង​ក្នុង​កិច្ចខិតខំ ប្រឹងប្រែង​ស្តារ​និង​អភិវឌ្ឍ​ទេសចរណ៍​ជាតិ​ឡើងវិញ ការចែករំលែក​ចំណេះដឹង​និង​ឧ​ត្ត​មា​នុ​វត្ត​ន៍ ក៏ដូចជា ការជំរុញ​លំហូរ​វិនិយោគ និង​ពាណិជ្ជកម្ម​ក្នុង​តំបន់​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​សន្តិសុខ ផ្នែក​សុខាភិបាល និង​ការ​ស្តារឡើងវិញ​ប្រកបដោយ​ចីរភាព ។​

​នៅក្នុង​កិច្ចប្រជុំ​នេះ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន​ចែករំលែក​អង្គប្រជុំ​នូវ ការប្តេជ្ញាចិត្ត​ដ៏​រឹងមាំ​របស់​កម្ពុជា ក្នុងការ​ដាក់ចេញ​នូវ​ផែន​ការចាក់​វ៉ាក់សាំង​ថ្នាក់ជាតិ​ជូន​ប្រជាជន ប្រកបដោយ​ប្រសិទ្ធភាព និង​ផែនការ​ស្តារឡើងវិញ​វិស័យ​ទេសចរណ៍​គ្រប់​ជ្រុងជ្រោយ ដែល​មិន​ត្រឹមតែ ធានា​នូវ​ការស្តារ​ប្រកបដោយ​សុវត្ថិភាព និង​ឆាប់រហ័ស នៃ​ក្បាលម៉ាស៊ីន​ជំរុញ​កំណើន​ដ៏​សំខាន់​សម្រាប់ ជាតិ​នោះទេ ថែមទាំង​រួមចំណែក​យ៉ាងសកម្ម និង​ប្រកបដោយ​ការទទួលខុសត្រូវ​ដល់​ការស្តារ​វិស័យ​ទេសចរណ៍ និង​វិស័យ​ផ្សេងទៀត ក្នុង​តំបន់​ទាំងមូល​។​

​ជាងនេះទៅទៀត ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់​សាជាថ្មី​នូវ​ការប្តេជ្ញាចិត្ត​របស់ ប្រទេស​សមាជិក​ទាំងអស់ ដើម្បី​បន្ត​ឱ្យ ACD ឈាន​ទៅជា​វេទិកា​ពហុភាគី ដ៏​សំខាន់​ក្នុងការ​លើកកម្ពស់ កិច្ចសន្ទនា និង​ការពឹងផ្អែក​គ្នា​ទៅវិញទៅមក នៅ​គ្រប់​វិស័យ​នៃ​កិច្ចសហប្រតិបត្តិការ​។ រដ្ឋមន្ត្រីការបរទេស និង​តំណាង​ជាន់ខ្ពស់​របស់ ACD ក៏បាន​សម្តែង​នូវ​ការកោតសរសើរ​ដល់ ប្រទេស​តួ​ក​គី ក្នុងតួនាទី​ជា​ប្រធាន​ប្រកបដោយ​ជោគជ័យ​សម្រាប់​អាណត្តិ ២០១៩-២០២០ និង​ការបន្ត​ធ្វើជា​ប្រធាន​រហូតដល់​ខែកញ្ញា ឆ្នាំ ២០២១​។​

​អង្គប្រជុំ​បាន​បិទ​បញ្ចប់​ដោយ​ការអនុម័ត​សេចក្តីថ្លែងការណ៍​ទីក្រុង​អង់កា​រ៉ា​នៃ​រដ្ឋមន្ត្រីការបរទេស​ACD ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

spot_img
×