Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដោះស្រាយ​រឿង​រំលោភ​សម្លាប់​នារី​អូ​តេស មិន​ចេញ អគ្គស្នងការ​ប៉ូលីស​ហ្វីលីពីន ចេញ​បញ្ជា​ឲ្យ​ដក​មេប៉ូលីស​ក្រុង Makati ដូច​ស្ពៃ​

spot_img

​បទបញ្ជា​មួយ​ត្រូវបាន​ធ្វើឡើង ដើម្បី​ដក​មេប៉ូលីស​តំបន់​អ្នកមាន​មួយ នៃ​រដ្ឋធានី​ហ្វីលីពីន ដោយសារ​ដោះស្រាយ​មិនបាន​ល្អ​នាំ​ឲ្យ​មានការ​រិះគន់ ទាក់ទង​នឹង​ករណី​ស្លាប់​នារី​អូ​តេស Christine ដែល​គេ​ចោទថា​នាង​ត្រូវបាន​រំលោភ​បូក និង​សម្លាប់ ពី​សំណាក់​បុរស​ចំនួន ១១​នាក់ ដែល​បាន​ចូលរួម​កម្មវិធី​ជប់លៀង​ជាមួយ​នាង កាលពី​យប់​ថ្ងៃ​ឆ្លង​ឆ្នាំ​ថ្មី​២០២១ កន្លងទៅនេះ​។​

​គួររំលឹកថា នារី​អាកាសចរណ៍​នាង នាង Christine Dacera អាយុ ២៣ ឆ្នាំ ត្រូវបាន​គេ​ប្រទះឃើញ​សន្លប់​បាត់ស្មារតី​នៅក្នុង​អាង​ងូតទឹក​នៃ​បន្ទប់​របស់​នាង នៅឯ​សណ្ឋាគារ​ប្រណីត​ម៉ា​នី​ឡា បន្ទាប់ពី​ពិធីជប់លៀង​ឆ្នាំ​ថ្មី​។ នាង​ត្រូវបាន​ប្រកាសថា​ស្លាប់ បន្ទាប់ពី​មិត្តភក្តិ និង​បុគ្គលិក​សណ្ឋាគារ បាន​ដឹក​នាង​ទៅកាន់​មន្ទីរពេទ្យ Makati City ។​

​នៅពេលនោះ ប៉ូលីស​បានប្រកាស​ភ្លាមៗ​ថា នាង​ត្រូវបាន​គេ​ចាប់រំលោភ និង​សម្លាប់ ហើយ​បាន​នាំខ្លួន​បុរស ៣ នាក់ ដែល​បាន​ចូលរួម​អបអរ​ជាមួយ Dacera ទៅ​មន្ទីរ​ឃុំខ្លួន​ជា​បណ្តោះអាសន្ន ប៉ុន្តែ ក្រោយមក ព្រះរាជអាជ្ញា​បាន​ដោះលែង​ពួកគេ ដោយ​ហេតុផល​ខ្វះ​ភស្តុតាង​គ្រប់គ្រាន់ នៅក្នុង​ដំណាក់កាល​ស៊ើបអង្កេត​ដំបូង​។​

​តែ​ទោះយ៉ាងណា ជា​លទ្ធផល មេប៉ូលីស​ក្រុង​ម៉ា​កា​ទី​លោក Harold Depositar នៅពេលនេះ​ត្រូវបាន​អគ្គស្នងការ​ប៉ូលីស​ហ្វីលីពីន លោក​ឧ​ត្ត​ម​សេនីយ៍ Debold Sinas បានចេញ​បញ្ជា​ឱ្យ​ដក​ចេញពី​ការងារ ស្របពេល​ផ្ទុះ​ការរិះគន់​ពី​មហាជន ទៅលើ​ការដោះស្រាយ​របស់​នាយក​ដ្ឋា​ន​របស់លោក​ចំពោះ​ករណី​ដ៏​ធំ​មួយ​នេះ​។​

​កាលពី​ថ្ងៃទី ៤ ខែមករា ប៉ូលីស​បានប្រកាសថា ពួកគេ​បាន​ដោះស្រាយ​ករណីនេះ ដោយ​និយាយថា ពួកគេ​បាន​ចាប់ខ្លួន​ជនសង្ស័យ ៣ នាក់ ខណៈដែល ៩ នាក់​ទៀត នៅ​ពុំទាន់​បាន​ចូលខ្លួន​មក​បំភ្លឺ​នៅឡើយ​។​

​បើទោះបីជា​ការពិនិត្យ​សុខភាព​មិនទាន់​បានសំរេច​នៃ​ការស្លាប់​នេះ​ក៏ដោយ ក៏ប៉ុន្តែ លោក Depositar បាន​បញ្ជាក់ថា ពួកគេ​បាន “​រំលោភ​ករណី​ឃាតកម្ម​” នេះ​រួចហើយ​។​

​ប៉ុន្ដែ ចន្លោះប្រហោង​ក្នុង​កំណត់ហេតុ​ជា​ផ្លូវការ​បាន​លេចចេញ បន្ទាប់ពី​ជនសង្ស័យ​ម្នាក់​ឈ្មោះ ហ្គ្រេ​ហ្គោ​រី យ៉ូ​ដឺ​ហ្គូ​ម៉ាន ត្រូវបាន​ដកស្រង់​សម្តី​ដោយសារ​ព័ត៌មាន ABS-CBN បាន​និយាយថា “​មនុស្ស​គ្រប់គ្នា​” ក្នុងចំណោម​បុរស​ទាំង ១២ នាក់ ដែល​ចូលរួម​ជប់លៀង​ជាមួយ Dacera គឺ​សុទ្ធតែជា​ខ្ទើយ​។​

​គាត់​ក៏បាន​និយាយថា «​ចំណាប់អារម្មណ៍​របស់​ខ្ញុំ​ចំពោះ​នាង គឺ​នាង​ចូលចិត្ត​ដើរលេង​ជាមួយ​សមាជិក LGBT»​។

​ចំណែក​បុរស​ម្នាក់ទៀត​ឈ្មោះ Valentine Rosales ដែល​ត្រូវបាន​គេ​ចាប់បាន​តាមរយៈ​វីដេអូ​កាមេរ៉ា​សុវត្ថិភាព ថើប​ជាមួយ Dacera នៅ​ច្រក​ផ្លូវ​នៃ​សាល​សណ្ឋាគារ ក៏បាន​អះអាងថា នាង​បានចាប់ផ្តើម​ថើប​ខ្លួន ដោយនិយាយ​ថា​នាង​ធម្មតា​អ៊ីចឹង​ទេ​ពេលដែល​នាង​ផឹក​ស្រវឹង​។​

​ដោយឡែក ការិយាល័យ​រដ្ឋអាជ្ញា ក្រោយមក​បាន​និយាយថា “​ភស្តុតាង​ដែល​បាន​បញ្ជូន​មកទល់ពេលនេះ គឺ​មិន​គ្រប់គ្រាន់​ដើម្បី​បញ្ជាក់ថា Dacera ត្រូវបាន​គេ​រំលោភ​នោះទេ​” ។​

​ប៉ូលីស​ក៏ត្រូវ​បាន​គេ​រិះគន់​ផងដែរ ចំពោះ​ការមិនធ្វើ​របាយការណ៍​អំពី​ការពុល​ជាតិគីមី នៅពេល​សាកសព​របស់​នាង​ត្រូវបាន​រកឃើញ​។​

​រឿងក្តី​នេះ​កាន់តែ​ស្មុគស្មាញ នៅពេលដែល​ជនសង្ស័យ​២​នាក់​បាន​អះអាងថា ពួកគេ​ត្រូវបាន​បង្ខំ​ឱ្យធ្វើ​សេចក្តីថ្លែងការណ៍​មិន​ពិត​អំពី​ការប្រើប្រាស់​គ្រឿងញៀន នៅក្នុង​ពិធីជប់លៀង​ឆ្នាំ​ថ្មី ពីព្រោះ​ប៉ូលីស​បាន “​ធ្វើ​ទារុណកម្ម​ផ្លូវចិត្ត​” ពួកគេ​។​

​ប៉ុន្តែ ម្តាយ​របស់ Dacera បន្ត​ទទូចថា​មានការ​លេង​មិន​ត្រឹមត្រូវ​។​

​អ្នកស្រី Sharon Dacera បាន​ប្រាប់​កម្មវិធី​ព័ត៌មាន Headstart ថា “​សំរាប់​ខ្ញុំ​កូនស្រី​របស់ខ្ញុំ​ត្រូវបាន​គេ​រំលោភ​” ។​

​អ្នកស្រី​បាន​និយាយ​ទាំង​ឈឺចាប់​ថា “​ប្រសិនបើ​អ្នក​បានឃើញ​រាងកាយ​របស់​គ្រីស្ទី​ន ហើយ​ប្រសិន​អ្នកជា​ម្តាយ នោះ​អ្នក​ប្រាកដ​ជាមាន​អារម្មណ៍​ឈឺចាប់​”​។​

​ក្រុមគ្រួសារ​បានដាក់​ពាក្យ​បណ្តឹង​ចោទប្រកាន់​មន្ត្រី​ប៉ូលីស​ផ្នែក​វេជ្ជសាស្ត្រ ពីបទ​ធ្វេសប្រហែស និង​អសមត្ថភាព​ចំពោះ​ការដាក់​របាយការណ៍​មិន​ទៀងទាត់ និង​មិន​ត្រឹមត្រូវ​នៃ​របាយការណ៍ និង​លិខិតបញ្ជាក់​មរណភាព​អំពី Dacera​។​

​ទន្ទឹមនឹងនេះ ខណៈ​មន្ត្រី​កំពុង​រង់ចាំ​លទ្ធផល​នៃ​ការធ្វើ​កោសល្យវិច័យ​ជា​លើក​ទី​២ នោះ​ក្រុមគ្រួសារ​របស់​នាង​ជឿជាក់ថា លទ្ធផល​នឹង​ប្រាកដ​ណាស់​បង្ហាញថា Dacera ត្រូវបាន​គេ​បង្ខំ​សេព​គ្រឿងញៀន ដែលនាំឱ្យ​នាង​ត្រូវគេ​ចាប់រំលោភ និង​ឃាតកម្ម​តែម្តង​៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​

spot_img
×