Saturday, May 11, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្រ្ដីកម្ចាត់មីនកម្ពុជា៖ ខេត្តរតនគិរីជាខេត្តមានចំណាត់ថ្នាក់លេខ១ បន្សល់ទុកគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ

spot_img

ខេត្តរតនគិរី ៖ មន្រ្ដីជាន់ខ្ពស់អាជ្ញាធរគ្រប់គ្រងសកម្មភាពកម្ចាត់មីនកម្ពុជា បានចាត់ទុកខេត្តរតនគិរី ថា ជាខេត្តមានចំណាត់ថ្នាក់លេខ១ ដែលបន្សល់ទុក នូវគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះក្នុងសម័យសង្គ្រាម។ ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរ​គ្រប់គ្រងសកម្មភាពកម្ចាត់មីន និងសង្គ្រោះជនពិការដោយសារមីន នៅកម្ពុជា បានឲ្យដឹងថា ខេត្តរតនគិរី គឺជាខេត្តអតីតសមរភូមិសង្រ្គាមប្រយុទ្ធដ៏ក្ដៅគគុក ដែលបានបន្សល់ទុកគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះប្រមាណជិត ២លានគ្រាប់ ដែលមានចំណាត់ថ្នាក់លេខ១ បើធៀបខេត្តដ៏ទៃទៀត នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម លីធុជ ឲ្យដឹងដូច្នេះ នៅក្នុងពិធីសំណេះសំណាល សួរសុខទុក្ខ និង​ចែកចាយគ្រឿងឧបភោគបរិភោគដល់ជនពិការដោយសារមីន នៅក្នុងស្រុកលំផាត់ កាលពីព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ។

ក្នុងឱកាសនោះដែរ អនុប្រធានទី១ អាជ្ញាធរមីនរូបនេះ បានអោយដឹងទៀតថា ដោយកិច្ចខិតខំប្រឹងប្រែង របស់​រាជរដ្ឋាភិបាលចាប់ពីឆ្នាំ១៩៩២ ដល់ឆ្នាំ២០១៧ កម្ពុជាបានរំដោះផ្ទៃដីបានចំនួន ១៥០០គីឡូម៉ែ្រតការ៉េ ក្នុងនោះបានរកឃើញ និងបានកំទេចគ្រាប់មីនបានចំនួន ៤០០លានគ្រាប់។ លោកបន្តថា បញ្ហាគ្រោះថ្នាក់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅប្រទេសកម្ពុជា បើប្រៀបធៀបជាមួយបណ្តាប្រទេស ដែលមានបញ្ហាមីនដូចគ្នានៅទូទាំងពិភពលោក គឺអត្រាគ្រោះថ្នាក់នៅប្រទេសកម្ពុជា នៅតែមានកំរិតខ្ពស់ជាងគេនៅឡើយ។

ឯកឧត្តម ទេសរដ្ឋមន្ត្រី លី ធុជ បានបន្តថា ជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះដោយសារសង្គ្រាម ក្នុងខេត្តរតនគិរី គិតពីឆ្នាំ១៩៧៩ ដល់ខែធ្នូ ឆ្នាំ២០១៧ មានជនរងគ្រោះសរុបចំនួន ២៧៣នាក់ ហើយក្នុងនោះមានជនរងគ្រោះដោយសារមីនចំនួន ១០៣នាក់ និងសំណល់ជាតិផ្ទុះដោយសារ សង្គ្រាម ១៧០នាក់។ ដោយឡែកក្នុងឆ្នាំ២០១០ មកដល់ឆ្នាំ២០១៧ ក្នុងខេត្តរតនគិរី មានអ្នករងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះដោយសារសង្គ្រាមចំនួន ១៦នាក់ មូលហេតុបណ្ដាលមកពីការលេងគ្រាប់ ច្នៃគ្រាប់ នៅជិតអ្នកលេងគ្រាប់ និងការដុតភ្លើងនៅតាមតំបន់ដែលមានផលប៉ះពាល់សំណល់ជាតិផ្ទុះពីសង្រ្គាម ។

ឯកឧត្តម បញ្ជាក់ថា ពោះករណីផ្ទុះមីនតោននៅខេត្តរតនគិរី ក្នុងឆ្នាំ ២០១៧ កន្លងទៅថ្មីៗនេះមានរហូតដល់ទៅ ៧ ករណី បានបង្កអោយមានអ្នករបួសចំនួន ៣ នាក់ ដោយមូលហេតុបង្កអោយកើតមានគ្រោះថ្នាក់នេះ គឺដោយ​សារតែសន្ទុះ នៃការអភិវឌ្ឃមានការកើនឡើងយ៉ាងខ្លាំង ដែលធ្វើអោយប្រជាជនមានលទ្ធភាពប្រើប្រាស់​គ្រឿងចក្រ ក្នុងការដាំដំណាំកសិកម្ម រួមទាំងការរុករានដីសម្រាប់ដាំដំណាំ និងរុករកអនុផលព្រៃឈើផងដែរ ដូចនេះ អាជ្ញាធរមីន នឹងចាំបាច់ត្រូវពន្លឿនការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដើម្បីរំដោះដីជូនប្រជាពលរដ្ឋក្នុងការបង្កបង្កើនផលប្រកបដោយសុវត្ថិភាព ។

យោងតាមការស្រាវជ្រាវទិន្នន័យមូលដ្ឋាន(BLS) បានបង្ហាញថា ប្រទេសកម្ពុជា នៅមានផ្ទៃដីដែលសង្ស័យមាន​មីន និងសំណល់ជាតិផ្ទុះដោយសារសង្គ្រាម ១៦៤៦គឺឡូម៉្រែតក្រឡាទៀត ដែលត្រូវការបោសសំអាត និងត្រូវការថវិការប្រមាណ ៤០៦លានដុល្លាសហរដ្ឋអាមេរិច។ អាជ្ញាធរកំចាត់មីនកម្ពុជា បានឲ្យដឹងថា ក្នុង១ឆ្នាំៗកម្ពុជា ត្រូវការថវិការដោះមីនចំនួន ៤០លានដុល្លាអាមេរិចហើយខេត្ត ដែលរងប៉ះពាល់ខ្លាំងជាងគេបន្ទាប់ពីខេត្តរតនគិរី គឺមានដូចជាខេត្តបាត់ដំបង ឧត្តមានជ័យ បន្ទាយមានជ័យ ប៉ៃលិន និងខេត្តព្រះវិហារ៕ ដោយ ៖ សមុទ្រឈើ

spot_img
×