Wednesday, January 26, 2022

ឯកឧត្តម សាយ សំ​អាល់ និង​ឯកអគ្គរដ្ឋទូត​អូស្ត្រាលី ពិភាក្សាគ្នា​លើ​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​ន៍​ធនធានមនុស្ស​និង​ពង្រឹង​ការគ្រប់គ្រង​បរិស្ថាន​

​ភ្នំពេញ​៖ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន នា​រសៀល ថ្ងៃ​សុក្រ ទី​២២ ខែមករា ឆ្នាំ​២០២១ បានអនុញ្ញាត​ទទួល​ជួបពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម Pablo Chiho Kang ឯកអគ្គរដ្ឋទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា នា​ទីស្តីការ​ក្រសួងបរិស្ថាន​។

​ឯកឧត្តម Pablo Chiho Kang បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ​កម្ពុជា​-​អូស្ត្រាលី នាពេល​កន្លងមក​។ ឯកឧត្តម បានបញ្ជាក់​ពី​ការពង្រឹង​និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ​កម្ពុជា​-​អូស្ត្រាលី តាមរយៈ​សកម្មភាព​អភិវឌ្ឍន៍​នានា​បន្តទៀត​។​

​ក្នុងឱកាស​នោះ ឯកឧត្តម សាយ សំ​អាល់ បាន​ស្នើឱ្យ​រដ្ឋាភិបាល​អូស្ត្រាលី​បង្កើន​កិច្ចសហប្រតិបត្តិការ​លើ​ផ្នែក​អប់រំ បណ្តុះបណ្តាល​វិជ្ជាជីវៈ ការផ្លាស់ប្តូរ​ទស្សនកិច្ច​សិក្សា និង​អាហារូបករណ៍​ដល់​សិស្ស​-​និស្សិត​កម្ពុជា ដើម្បី​រួមចំណែក​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា​។ ជាមួយគ្នានេះ ឯកឧត្តម​រដ្ឋមន្ត្រី បាន​ស្នើឱ្យ​រដ្ឋាភិបាល​អូស្ត្រាលី​ពិចារណា​លើ​ជំនួយ​បច្ចេកទេស​លើ​ការគ្រប់គ្រង​បរិស្ថាន ជាពិសេស​ការរៀបចំ​ទីក្រុង​និរន្តរភាព ដែលមាន​ផែនការ​គ្រប់គ្រង​លើ​អនាម័យ​បរិស្ថាន ការគ្រប់គ្រង​សំរាម និង​ទឹក​កខ្វក់​ជាដើម​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​