Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រកាស​ប្រកួត​កីឡា​ទោចក្រយាន​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ ប្រចាំឆ្នាំ​២០២០, កីឡាករ​-​កីឡាការិនី​ទាំងអស់​ត្រូវ​ឈរលើ​ស្មារតី​កីឡា ដើម្បី សុខភាព សន្តិភាព មិត្តភាព សាមគ្គីភាព និង​បង្កើន​គុណ​ផល​បច្ចេកទេស​

spot_img

សៀមរាប​៖ នៅ​ព្រឹក​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០២១ ការប្រកួត​កីឡា​ទោចក្រយាន​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ ប្រចាំឆ្នាំ​២០២០ ត្រូវបាន​ប្រកាស​បើក​ការប្រកួត​ជា​ផ្លូវការ ក្រោម​អធិបតីភាព ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម និង​ជា​ប្រធាន​សហព័ន្ធ​ខ្មែរ​កីឡា​ទោចក្រយាន ដោយមាន​ការចូលរួម​ពី​ឯកឧត្តម ពៅ ពិ​សិទ្ធិ អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប ឯកឧត្តម លោកជំទាវ លោក លោកស្រី​ដែលជា​ថ្នាក់ដឹកនាំ និង​ជា​មន្ត្រីរាជការ​ក្រសួងពាណិជ្ជកម្ម មន្ត្រីរាជការ អាជ្ញា​ធម៌​ខេត្តសៀមរាប ក្រុម​ម៉ូតូ​BMW កីឡាករ​-​កីឡាការិនី និង​ភ្ញៀវ​កិ​តិ្ត​យស​ជាតិ​-​អន្តរជាតិ​ជាច្រើនរូប​។​

​ថ្លែង​ក្នុងឱកាស​បើក​ការប្រកួត​នេះ ឯកឧត្តម​ប្រធាន​សហព័ន្ធ​ខ្មែរ​កីឡា​ទោចក្រយាន បាន​ណែនាំ​កីឡាករ​-​កីឡាការិនី​ទាំងអស់​ត្រូវ​ឈរលើ​ស្មារតី កីឡា​ដើម្បី សុខភាព សន្តិភាព មិត្តភាព សាមគ្គីភាព និង​បង្កើន​គុណ​ផល​បច្ចេកទេស និង​ត្រូវមាន​ការយោគយល់​គ្នា គោរព​បាន​ត្រឹមត្រូវ​តាម​បទបញ្ជា​បច្ចេកទេស​នៃ​ការប្រកួត ដោយ​ឈរលើ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ មិន​គិតតែ​ពី​ការយក​ឈ្នះ​-​ចាញ់​ឡើយ​។​

​ឯកឧត្តម​ប្រធាន​ក៏បាន​ស្នើ​ដល់​មន្ត្រី​គណៈកម្មការ​បច្ចេកទេស​សហព័ន្ធ​ខ្មែរ​កីឡា​ទោចក្រយាន ត្រូវខិតខំ​ប្រឹងប្រែង​យក​អស់កម្លាំង​កាយ​ចិត្ត ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​ក្នុងការ​រៀបចំ​ព្រឹត្តិការណ៍​ប្រកួត ជូន​ដល់​កីឡាករ​-​កីឡាការិនី ប្រកបដោយ​ភាព​យុ​តិ្ត​ធម៌ មិន​លម្អៀង និង​គោរព​បាន​តាម​បទបញ្ជា​បច្ចេកទេស នៃ​ការប្រកួត​ធ្វើឱ្យ​ការប្រកួត​ប្រព្រឹត្ត​ទៅដោយ​រលូន និង​ទទួលបាន​ជោគជ័យ​ជា​ផ្លែផ្កា​។​

​ឆ្លៀត​ក្នុងឱកាស​នោះ ឯកឧត្តម​ប្រធាន​បាន​សម្ដែង​នូវ​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ប្រតិភូ​ដឹកនាំ​ក្រុមកីឡា ទោចក្រយាន​ទាំងអស់​ក្នុង​កិ​ច្ទ​សហការ​រៀបចំ​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ទោចក្រយាន​នេះ​ប្រកបដោយ​ស្មារតី​មិត្តភាព សាមគ្គីភាព និង​គុណភាព ជាពិសេស​អាជ្ញាធរខេត្ត​សៀមរាប ដែល​បាន​សហការគ្នា​ក្នុង​ការធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ ព្រឹត្តិការណ៍​ប្រកួត​ខាងលើ​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ និង​យកចិត្តទុកដាក់​ខ្ពស់ ដែល​ញុំ​ា​ង​ឱ្យ​កម្មវិធី​នេះ ទទួលបាន​កីឡាករ​-​កីឡាការិនី ចូលរួមបាន​យ៉ាងច្រើន​កុះករ​។​

​ឯកឧត្តម​ប្រធាន​បាន​បញ្ជាក់ថា នៅសល់​ការប្រកួត​ជើងឯក​ថ្នាក់ជាតិ​ត្រឹមតែ​២​ដង​ទៀត និង​ការប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២១ នៅ​ប្រទេស​វៀតណាម មួយទៀត នឹង​ដល់ពេល​ប្រទេស​យើង​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​ហើយ ហើយ​ស៊ី​ហ្គេម ឆ្នាំ​២០២៣ នាពេលខាងមុខ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានផ្តល់​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​ចំនួន​ពីរ​គឺ​៖ ទី​១ ត្រូវ​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​ឱ្យបាន​ល្អ ទោះ​មិន​បានឈ្នះ​មេដាយ ឬ​ឈ្នះ​មេដាយ​តិចក្តី និង​ទី​២ ការ​ឈ្នះ​មេដាយ​គឺ​ត្រឹមត្រូវ​យុត្តិធម៌ មិនត្រូវ​ចង់​ឈ្នះ​មេដាយ​ដោយ​រំលោភបំពាន​ច្បាប់ ឬ​លក្ខន្តិកៈ​នៃ​ការប្រកួត​ឡើយ​។​

​សូម​ជម្រាបជូន​ថា ក្រោម​គម្រោង​ថវិកា​គាំទ្រ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ដើម្បី​អភិវឌ្ឍ​វិស័យ​កីឡា​ជាតិ​ឆ្ពោះទៅ​ប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣ ដែល​ព្រះរាជាណាចក្រ​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ សហព័ន្ធ​ខ្មែរ​កីឡា​ទោចក្រយាន សហការ​ជាមួយ​សាលាខេត្ត​សៀមរាប បានរៀបចំ​ការប្រកួត​កីឡា​ទោចក្រយាន​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ ប្រចាំឆ្នាំ​២០២០ ដើម្បី​ជ្រើសរើស​កីឡាករ កីឡាការិនី​ឆ្នើម​ប្រចាំឆ្នាំ សម្រាប់​ហ្វឹកហាត់​បំប៉ន​សមត្ថភាព ត្រៀម​ចូលរួម​ការប្រកួត​កីឡា​ស៊ី​ហ្គេម និង​ការប្រកួត​អន្តរជាតិ​នានា​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×