Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ដ្រី​ពាណិជ្ជកម្ម ផ្ដល់​អនុសាសន៍​គន្លឹះ​ជូន​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម និង​មន្ត្រី​សាខា​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ ឱ្យ​អនុវត្តន៍​ឱ្យបាន​ខ្ជាប់ខ្ជួន​

spot_img

​បន្ទាយមានជ័យ ៖ ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បានផ្ដល់​អនុសាសន៍​គ​ន្លឹះ និង​ជា​ការងារ​អាទិភាព​មួយចំនួន ដល់​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម និង​មន្ត្រី​សាខា​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​ក​.​ប​.​ប​.) ខេត្តបន្ទាយមានជ័យ ឱ្យ​បន្ត​អនុវត្តន៍​ឱ្យបាន​ខ្ជាប់ខ្ជួន ដើម្បីឱ្យ​ការងារ​មាន​ប្រសិទ្ធិភាព​ខ្ពស់ និង​លទ្ធផល​កាន់តែ​ល្អប្រសើ​។​

​ការផ្ដល់​អនុសាសន៍​គ​ន្លឹះ​នេះ បាន​ធ្វើឡើង​ក្នុងពេលដែល​ឯកឧត្តម​រដ្ឋមន្ត្រី​អញ្ជើញ​ជួប​សំណេះសំណាល ជាមួយ​មន្ត្រីរាជការ​នៃ​មន្ទីរ​ពាណិជ្ជកម្ម និង​សាខា ក​.​ប​.​ប ខេត្តបន្ទាយមានជ័យ នៅ​រសៀល​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០២១ នេះ ដែលមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រសួងពាណិជ្ជកម្ម មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម និង​សាខា ក​.​ប​.​ប ជាច្រើនរូប​ទៀត​។​

​ក្នុងឱកាស​នោះ ឯកឧត្តម​រដ្ឋមន្ត្រី​បានផ្តល់​អនុសាសន៍​គន្លឹះ និង​បានចង្អុលបង្ហាញ​ការងារ​សំខាន់ៗ និង​ជា​ការងារ​អាទិភាព ដែល​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម និង​មន្ត្រី​សាខា ក​.​ប​.​ប ខេត្ត​ត្រូវ​យកចិត្តទុកដាក់ និង​ខិតខំ​បដិបត្តិ​ឱ្យបាន​ខ្ជាប់ខ្ជួន​។ អនុសាសន៍​សំខាន់ៗ​ទាំងនោះ​រួមមាន​៖

​ទី​១- ស្នើ​មន្ត្រីរាជការ​មន្ទីរ​ពាណិជ្ជ​កម្ម និង​សាខា ក​.​ប​.​ប បន្ត​ខិតខំ​យកចិត្តទុកដាក់​ក្នុងការ​ពង្រីក​ចំណេះ​ដឹងខ្លួន​បន្ថែមទៀត ទាំង​កម្រិត​ជំនាញ និង​ភាសាបរទេស តាមរយៈ​ការសិក្សា​បន្ថែម ការស្រាវជ្រាវ និង​ដកស្រង់​នូវ​បទពិសោធន៍​ពី​មន្ត្រី​ដែលមាន​សមត្ថភាព និង​ជាពិសេស​រួមសហការ​គ្នា​ចុះ​ផ្សារ​ត្រួតពិនិត្យ សុ​វត្តិភាព ផលិតផល ទំនិញ គ្រឿងឧបភោគ បរិភោគ ឱ្យ​កាន់តែ​ស្វាហាប់ ដើម្បី​ការពារ​សុខភាព​របស់​ប្រជាពលរដ្ឋ ឱ្យ​ដូចជា​ការពារ​សុខភាព​បងប្អូន កូនចៅ​របស់​ខ្លួនឯង​ដែរ​។​

​ទី​២- ស្នើឱ្យ​មន្ត្រីរាជការ​មន្ទីរ​ពាណិជ្ជ​កម្ម និង​សាខា ក​.​ប​.​ប​. បន្តធ្វើ​សហប្រតិបត្តិ​ការឱ្យ​កាន់តែ​ជិតស្និទ្ធ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ចូលរួម​ផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ​នូវ​រាល់​គោលការណ៍ លិខិតបទដ្ឋាន​ច្បាប់ និង​កម្មវិធី​កែទម្រង់​ស៊ីជម្រៅ​របស់​រាជរដ្ឋាភិបាល ជាពិសេស​របស់​ក្រសួងពាណិជ្ជកម្ម សំដៅ​ជួយ​សម្រួល​ពាណិជ្ជកម្ម ជំរុញ​ការនាំចេញ និង​ការផ្តល់​សេវាសាធារណៈ​ជូន​ប្រជាពលរដ្ឋ​កាន់តែ​ល្អ​។​

​ទី​៣- បញ្ចៀស​ដាច់ខាត​ការទាមទារ​កម្រៃ​សេវា​ក្រៅផ្លូវការ​ពី​អា​ជីករ ពាណិជ្ជករ ផលិតករ អ្នក​នាំចេញ និង​សេវា​ផ្សេងៗ ដែល​ផ្ទុយ​ពី​ខ្លឹមសារ​ប្រកាស​រួម​ស្តីពី​កម្រង​សេវាសាធារណ​:​រវាង​ក្រសួងពាណិជ្ជកម្ម និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។​

​ទី​៤- ស្នើ​បន្ត​ជំរុញ​ពង្រឹង​បន្ថែម​យន្តការ​តាមដាន និង​ត្រួតពិនិត្យ​ការគ្រប់គ្រង​អាជីវកម្ម សេវាកម្ម ពាណិជ្ជកម្ម ថ្លៃទំនិញ និង​សន្និធិ​ទំនិញ​ចាំបាច់ ស្រូវ​-​អង្ករ ប្រេងឥន្ធនៈ និង​ការធ្វើ​ពាណិជ្ជកម្ម​ទំនិញ​នៅតាម​ព្រំដែន ដោយ​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​។ និង​ជំរុញ​យន្តការ​ដោះស្រាយ​រាល់​បញ្ហា​ដល់​កសិករ ផលិតករ ដោយ​ផ្តោតលើ​ផលិតផល​សក្តានុពល​ចំនួន ៥​មុខ មាន់​ស្រែ បន្លែ ដំឡូង ស្រូវ​ប្រណិត និង​សូត្រ ដោយ​បង្កើត​ផ្សារ​ចុង​សប្តាហ៍​។​

​ទី​៥- ថ្មី​ក្រសួង​នេះ ក្រសួង​បាន​បង្កើត​ក្រុមប្រឹក្សា​ពិន័យ សំដៅ​ទប់ស្កាត់ និង​ពង្រឹង​ការអនុវត្ត​ច្បាប់​ស្តីពី​លក្ខន្តិកៈ​មន្ត្រីរាជការ​ស៊ីវិល បង្កា​នូវ​បាតុភាព​អសកម្ម មិន​គោរព​វិន័យ ពុករលួយ រំលោភច្បាប់ និង​បទបញ្ជាផ្ទៃក្នុង​។​

​ទី​៦- ពេល​ចុះ​អនុវត្តន៍​ការងារ និង​នៅក្នុង​ជីវភាព​ប្រចាំថ្ងៃ ក្នុងស្ថានភាព​ថ្មី​នៃ​ជំងឺ​កូ​វីដ​-១៩ នាពេលនេះ ស្នើ​ឯកឧត្តម លោកជំទាវ លោក លោកស្រី ត្រូវមាន​ស្មារតី​ប្រុងប្រយ័ត្ន​ជាប់​ជានិច្ច និង​ត្រូវអនុវត្ត​ឱ្យបាន​ត្រឹមត្រូវ​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​។​

​ជាមួយគ្នា​នោះដែរ ឯកឧត្ដម​រដ្ឋមន្ត្រី​បាន​សម្ដែង​នូវ​ការកោតសរសើរ​ចំពោះ​សមិទ្ធផល និង​ស្នាដៃ​ជាច្រើន​ដែល​មន្ទីរ​ពាណិជ្ជកម្ម និង​សាខា ក​.​ប​.​ប ខេត្តបន្ទាយមានជ័យ សម្រេចបាន​កន្លងមក​គួរ​ជាទី​មោទនៈ ដែល​ឆ្លុះបញ្ចាំង​ឱ្យឃើញ​ពី​ការបំពេញភារកិច្ច ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ ជាពិសេស​កិច្ចសហការ​ល្អជា​មួយរ​ដ្ឋ​បាល​ខេត្ត និង​អង្គភាព​មន្ទីរ​ពាក់ព័ន្ធ​ក្នុង​ខេត្តបន្ទាយមានជ័យ​ផងដែរ​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×