សត្វដំរី១ក្បាលអាយុ ៤០ ឆ្នាំ បានងាប់គួរឲ្យអាសូរ បន្ទាប់ពីអ្នកស្រុកក្នុងភូមិ បានគប់បំណែកដុំភ្លើងដុតកង់ឡានដាក់វា បណ្តាលឱ្យឆេះនៅតំបន់ស្លឹកត្រចៀករបស់ដំរីនោះយ៉ាងសន្ធោសន្ធៅ។ យោងតាមសារព័ត៌មាន Business Today បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅ Masinagudi ក្នុងទីក្រុង Nilgiris ប្រទេសឥណ្ឌា។
នៅក្នុងវីដេអូដែលបង្ហាញពីហេតុការណ៍នោះ សត្វដំរីរងគ្រោះអាចត្រូវបានគេមើលឃើញថា កំពុងព្យាយាមរកផ្លូវចេញពីភូមិ និងស្ថិតឆ្ងាយពីអ្នកវាយប្រហាររបស់វា ប៉ុន្តែ វាមិនអាចរត់គេចចេញបាន។
អ្នកល្បាតព្រៃ ក្រោយមក បានរកឃើញដំរីនេះមានរបួសនៅត្រង់ត្រចៀក និងខ្នងយ៉ាងធ្ងន់ធ្ងរ។ ដំរីរងគ្រោះនេះ បន្ទាប់មក ក៏ត្រូវបានប្រកាសថាបានងាប់ នៅពេលដែលវាត្រូវបានដឹកទៅកាន់មន្ទីរពេទ្យ។
ហេតុការណ៍បានកើតឡើងនេះផងដែរ ក៏បង្ករលកកំហឹងយ៉ាងខ្លាំងក្លា មិនត្រឹមតែក្នុងចំណោមអ្នកស្រឡាញ់សត្វប៉ុណ្ណោះទេ ប៉ុន្តែក៏មានតារាឥណ្ឌាផងដែរ ក្នុងនោះរួមទាំងតារាសម្តែង Koena Mitra បានធ្វើការថ្កោលទោសចំពោះទង្វើដែលគ្មានធម៌មេត្តានេះ។
ចាប់តាំងពីកំហឹងមហាជនបានផ្ទុះឡើង មនុស្ស២នាក់ត្រូវបានប៉ូលិសចាប់ឃុំខ្លួន ពីបទឃោរឃៅលើសត្វ។
គេក៏សង្ឃឹមយ៉ាងមុតមាំថា អាជ្ញាធរឥណ្ឌានឹងចាត់វិធានការចាំបាច់ចំពោះជនល្មើស៕ រក្សាសិទ្ធិដោយ៖ លឹម ហុង