Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​ក្រឡាហោម ស ខេង ៖ ប្រជាជន​កម្ពុ​ជាមាន​ចំនួន ១៥,៦ លាន​នាក់ កើនឡើង​ពី ១៣,៤​លាន​នាក់​នៅក្នុង​ឆ្នាំ​២០០៨

spot_img

​ភ្នំពេញៈ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​ជំរឿន​ទូទៅ​ប្រជាជន​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ឆ្នាំ​២០១៩ តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានប្រកាស​ផ្សព្វផ្សាយ​របាយការណ៍​ជាតិ​នៃ​លទ្ធផល​ចុងក្រោយ ជំរឿន​ទូទៅ​ប្រជាជន​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ឆ្នាំ ២០១៩ នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភ្នំពេញ​ភូ​គី​ត្រា នៅ​ព្រឹក​ថ្ងៃ​២៦ ខែមករា ឆ្នាំ​២០២១​។​

​សម្តេច​ក្រឡាហោម ស ខេង បាន​មានប្រសាសន៍ថា ការប្រកាស​ផ្សព្វផ្សាយ​របាយការណ៍​ជាតិ​នៃ​លទ្ធផល​ចុងក្រោយ​ជំរឿន​ទូទៅ​ប្រជាជន​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ឆ្នាំ​២០១៩ ដែលជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ដ៏​សំខាន់​មួយ​សម្រាប់​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​ប្រព្រឹត្តទៅ​ប្រកបដោយ​ជោគជ័យ ស្របតាម​ច្បាប់​ជា​ធរមាន​។ ការដឹកនាំ​គ្រប់​សកម្មភាព​ការងារ​ជំរឿន​ទូទៅ​ប្រជាជន​ឆ្នាំ​២០១៩ បាន​ប្រព្រឹត្តទៅ​ល្អប្រសើរ និង​រលូន​តាម​ផែនការ​ជំរឿន​។ គុណភាព​ជំរឿន​ឆ្នាំ​២០១៩ បាន​កើនឡើង​ប្រៀបធៀប​នឹង​ជំរឿន​ឆ្នាំ​២០០៨​កន្លងមក ជាទូទៅ​គឺមាន​តែ​ការធ្វើជំរឿន​ប្រជាជន​ប៉ុណ្ណោះ​ទេ ដែល​អាច​ផ្តល់នូវ​ការឆ្លុះបញ្ចាំង​អំពី​ស្ថានភាព​ប្រជាជន​របស់ ប្រទេស​រហូតដល់​កម្រិត​ថ្នាក់​ក្រុម​តូចៗ និង​ជួយ​ដល់​រាជរដ្ឋាភិបាល​ក្នុងការ​រៀបចំតាក់តែង អនុវត្ត​គោលនយោបាយ មាន​ប្រសិទ្ធិភាព ដូចជា គោលនយោបាយ​ជាតិ​ប្រជាជន និង​រៀបចំ​គម្រោង​កម្មវិធី​ផ្សេងៗ ដើម្បី​ទទួលបាន​នូវ តុល្យភាព​រវាង​ប្រជាជន និង​ការអភិវឌ្ឍ​។ ជំរឿន​ប្រជាជន គឺជា​ប្រភពព័ត៌មាន​តែមួយគត់​ស្តីអំពី​ចំនួន និង​ចរិត លក្ខណៈ​ប្រជាជន​។

​សម្តេច​ក្រឡាហោម​បាន​បញ្ជាក់ថា ជំរឿន​ប្រជាជនមាន វិសាលភាព​រឹងមាំ ល្អិតល្អន់ និង​អាច​ផ្តល់អោយ​នូវ​ចំនួន​ប្រជាជន​ក្នុង តំបន់​រហូតដល់​ថ្នាក់​តូចៗ​ថែមទៀត ដែល​ប្រភព​ទិន្នន័យ​ផ្សេងៗ​ទៀត​មិនមាន​ឡើយ​។​

​សម្តេច​ក្រឡាហោម​បាន​បញ្ជាក់ថា តាម​លទ្ធផល​ចុងក្រោយ​នៅ​ថ្ងៃទី​០៣ ខែមីនា ឆ្នាំ ២០១៩ ប្រជាជន​កម្ពុ​ជាមាន​ចំនួន ១៥,៦ លាន​នាក់ កើនឡើង​ពី ១៣,៤​លាន​នាក់​នៅក្នុង​ឆ្នាំ​២០០៨​។ អត្រាកំណើន​ប្រចាំ​ឆ្នាំមាន ១,៤ ភាគរយ នៅ​ឆ្នាំ​២០១៩​។ អត្រាកំណើន​បាន​ធ្លាក់ចុះ​ពី ១,៥ ភាគរយ នៅ​ឆ្នាំ​២០០៨​។ ការធ្លាក់ចុះ​នេះ គឺ​ដោយសារ​ការ អនុវត្ត​ដោយ​ជោគជ័យ​នូវ​គោលនយោបាយ​ជាតិ​ប្រជាជន ក៏ដូចជា​កិច្ចសហប្រតិបត្តិការ​ជា​សាធារណៈ​ដើម្បី​កាត់ បន្ថយ​លទ្ធភាព​បង្ក​កំណើត និង​មរណភាព​។ អត្រាកំណើន​ប្រជាជន​នៅ​ខ្ពស់ជាង​អត្រា​មធ្យម​នៃ​ប្រជាជាតិ អាស៊ីអាគ្នេយ៍​។ នៅមាន​កិច្ចការ​ជាច្រើន ដើម្បី​ធ្វើ​ក្នុងការ​បង្កើន​នូវ​លក្ខ​ខ័​ណ្ឌ​សុខភាព​ប្រជាជន​អោយ​ប្រសើរ ឡើង​នូវ​សេវា​សុខភាព​បន្ត​ពូជ​របស់​ស្ត្រី និង​ការកាត់បន្ថយ​នូវ​មរណភាព​កុមារ ទារក និង​មរណភាព​មាតា​។​

​ក្នុងចំណោម​រាជធានី ខេត្ត​ទាំងអស់ រាជធានី​ភ្នំពេញ​មាន​ប្រជាជន​ច្រើនជាងគេ គឺ ២.២៨១.៩៥១​នាក់ ឬ ១៤,៧% តាម​លំដាប់លំដោយ ខេត្តកណ្តាល (៧,៧%) ព្រៃវែង (៦,៨%) សៀមរាប (៦,៥%) បាត់ដំបង (៦,៤%) តាកែវ (៥,៨%) និង​កំពង់ចាម (៥,៨%) ចំណែក​ខេត្ត​កែប​វិញ មាន​ប្រជាជន​ទាប​បំផុត (០,៣%) ប៉ុណ្ណោះ ។

សម្តេច​ក្រឡា​ហោ​ន​បានបញ្ជាក់​ទៀង​ថា “​យើង​សង្កេតឃើញ​មាន​និន្នាការ​កើនឡើង​នូវ​តំបន់​ទីប្រជុំជន​ទូទាំងប្រទេស​។ ភាគរយ​នៃ​ប្រជាជន ទីប្រជុំជន​បាន​កើ​នេ​ពី ១៩,៥ ភាគរយ នៅ​ឆ្នាំ​២០០៨ ដល់ ៣៩,៤ ភាគរយ នៅ​ឆ្នាំ ២០១៩ ដែល​បញ្ជាក់​ពី ជោគជ័យ​ក្នុងការ​ដឹកនាំ​របស់​រា​ជ​រដ្ឋាភិបាល​។ ប្រជាជន​ដែល​ធ្លាប់ធ្វើ​ការផ្លាស់ប្តូរ​លំនៅ​ដ្ឋា​ន​ក្នុង​អតីតកាល​មុន​ធ្វើ ជំរឿន​មានតែ ២១,៥​ភាគរយ ក្នុងចំណោម​ប្រជាជន​សរុប​។ ជំរឿន​ឆ្នាំ​២០១៩ ប្រជាជន​ផ្លាស់​ទី​ពី​ជនបទ នៅ​តំបន់​ទីប្រជុំជន​បាន​កើនឡើង​។ នេះ​មានន័យថា​ទីក្រុង និង​ទីប្រជុំជន​យើង​មាន​ប្រជាជន​កាន់តែច្រើន ដែលនាំឱ្យ​មាន​តំរូវការ​លំនៅដ្ឋាន និង​សម្ភារៈប្រើប្រាស់​ផ្សេងៗ​ទៀត​កើនឡើង​។ ជំរឿន​បង្ហាញថា ភាសា​ខ្មែរ គឺជា​ភាសា​កំណើត​ច្រើន​លើសលុប​នៅក្នុង​ប្រទេស គឺ ៩៥,៨ ភាគរយ​។ អ្នក​និយាយ​ភាសា​កំណើត​ជនជាតិដើម​ភាគតិច រួមមាន ២,៩ ភាគរយ ។ អ្នក​និយាយ​ភាសាបរទេស​ជា​ភាសា​កំណើត​រួម​មានតែ​១,៤ ភាគរយ ប៉ុណ្ណោះ​”៕ រក្សា​សិទ្ធិ​ដោយៈ ចេស្តារ​

spot_img
×