ភ្នំពេញ៖ ដោយសារក្រសួងកសិកម្ម បានចាត់វិធានការផ្អាកការនាំចូលប្រភេទត្រីមួយចំនួន ដែលប្រជាកសិករក្នុងស្រុក អាចចិញ្ចឹមបាននោះ ធ្វើឱ្យវារីវប្បករ មានទឹកចិត្តក្នុងការពង្រីកការចិញ្ចឹមត្រីតាមបែបវារីវប្បកម្មកើនឡើង។
លោក ផាន់ ភិរម្យ ដែលមានកសិដ្ឋានចិញ្ចឹមត្រីដំណើរការជាង ៥ឆ្នាំ ហើយបច្ចុប្បន្នកសិដ្ឋានរបស់លោក មានស្រះចិញ្ចឹមត្រីប្រាចំនួន ៨ស្រះ ទំហំចាប់ពី ៦ ០០០-១០ ០០០ម៉ែត្រការ៉េ លើផ្ទៃដី ៦ហ.ត. និងមានសមត្ថភាពផលិតត្រីប្រាបាន ៧ ០០០តោន/ឆ្នាំ។
ជាមួយគ្នានេះ លោកក៏កំពុងជីកស្រះចិញ្ចឹមត្រីពោ និងត្រីប្រា ពង្រីកបន្ថែម ដើម្បីឆ្លើយតបតាមតម្រូវការទីផ្សារដែលចេះតែមានការកើនឡើងជាលំដាប់ ខណៈតម្លៃត្រីគ្រប់ប្រភេទមានការកើនឡើងល្អប្រសើរឡើង ក្រោយក្រសួងកសិកម្មមានវិធានការក្នុងការទប់ស្កាត់ត្រីនាំចូល។
បើតាមឯកឧត្តម វេង សុខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ថា បច្ចុប្បន្ន តម្លៃត្រីពោ ត្រីប្រា និងត្រីមួយចំនួនទៀត មានការកើនឡើងល្អប្រសើរ ដោយសារ ក្រសួងបានចាត់វិធានការផ្អាកការនាំចូលប្រភេទត្រីមួយចំនួន ដែលប្រជាកសិករអាចចិញ្ចឹមបាន ហើយបាននិងកំពុងប្រមូលចាប់ត្រីយកទៅផ្គត់ផ្គង់ឲ្យទីផ្សារ។
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម បានថ្លែង គាំទ្រនិងលើកទឹកចិត្តឱ្យវារីវប្បករកម្ពុជា បន្តពង្រឹងពង្រីកបន្ថែមទាន់ឱកាសមាសមកដល់។ ឯកឧត្តម បានមានប្រសាសន៍បែបនេះ បន្ទាប់ពីបានដឹងថា កសិករចិញ្ចឹមត្រីលោក ផាន់ ភារម្យ កំពុងជោគជ័យក្នុងការចិញ្ចឹមត្រីចម្រុះ ស្ថិតនៅភូមិសង្កើប ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម។
ដោយឃើញនៅសកម្មភាពនេះ ឯកឧត្តមរដ្ឋមន្ត្រី បានអំពាវនាវ និងលើកទឹកចិត្តឱ្យវារីវប្បករកម្ពុជាត្រូវបន្តខិតខំពង្រីកមុខរបរនេះបន្ថែម ដោយត្រូវសហការជាមួយរដ្ឋបាលជលផលអនុវត្តបច្ចេកទេស ឲ្យបានត្រឹមត្រូវ ចងក្រងបណ្តុំផលិត ចូលជាសមាជិកសមាគមវារីវប្បករកម្ពុជាបើអាចរៀបចំ កន្លែងប្រមូលទិញ និងលក់ចែក ចាយត្រី និងផលត្រីរបស់សមាជិក ធ្វើយ៉ាងនេះដើម្បី ទទួលបានព័ត៌មានទីផ្សារ បរិមាណផ្គត់ផ្គង់ និងតម្រូវការទីផ្សារ និងឈានទៅបង្កើតកន្លែង កែច្នៃផលត្រី ដើម្បីបង្កើនតម្លៃបន្ថែម បង្កើតការងារ និងជាពិសេសកាត់បន្ថយហានីភ័យ ដោយសារបរិមាណផលិតលើសពីតម្រូវការ។ ហើយខាងក្រសួងកសិកម្ម ក៏បានត្រៀមជាស្រេចចាត់ឱ្យរដ្ឋបាលជលផលចាំជួយសហការជាមួយវារីវប្បករ៕
រក្សាសិទ្ធិដោយ៖CEN