Wednesday, January 26, 2022

អស់ទាស់​ហ្មង​! លោកយាយ​ម្នាក់​បង្ខំចិត្ត​ជិះ Toy Scooter ទៅផ្ទះ​ទាំងយប់​អធ្រាត្រ គាត់​ប្រាប់​ហេតុផល​ប៉ូលិស គឺ​ដោយសារតែ​… (​វីដេអូ​)

​ស្ត្រី​ជា​អ្នកថែរក្សា​សួន​កុមារ​វ័យ​ចំណាស់​ម្នាក់ ថ្មីៗ​នេះ បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ជាខ្លាំង នៅក្នុង​ប្រទេស​ចិន បន្ទាប់ពី​គេ​បាន​ប្រទះឃើញ​គាត់​កំពុង​ជិះ Toy Scooter នៅលើ​ផ្លូវធំ​មួយ​យ៉ាង​រំភើយ​។​

​យោងតាម​សារព័ត៌មាន MailOnline បាន​ឲ្យ​ដឹងថា ស្ត្រី​ចំណាស់​នោះ​ដែលមាន​ឈ្មោះ Hou អាយុ ៧៦ ឆ្នាំ ត្រូវបាន​គេ​ថត​កំពុង​ជិះ​តុក្កតា​អគ្គិសនី​សម្រាប់​កូនក្មេង នៅលើ​ដងផ្លូវ​ក្នុង​ទីក្រុង​។​

​នៅក្នុង​វីដេអូ​ដែល​ត្រូវបាន​ថត​ដោយ​អ្នកមើល នោះ​ដូនចាស់​រូបនេះ អាច​ត្រូវ​បានឃើញ​កំពុង​ជិះ​យ៉ាង​ស្រួល នៅលើ​ដងផ្លូវ​។ វីដេអូ​នេះ​បាន​រីក​រាលដាល​យ៉ាង​លឿន បន្ទាប់ពី​ត្រូវបាន​គេ​បង្ហោះ​ឡើងលើ​បណ្តាញ​សង្គម ហើយក៏​ត្រូវបាន​ចាប់អារម្មណ៍​ពី​សំណាក់​អាជ្ញាធរ​ផងដែរ​។​

​នៅពេល​ប៉ូលិស​ក្នុង​តំបន់​សួរនាំ លោកយាយ Hou បាន​ប្រាប់​ឲ្យ​ដឹងថា គាត់​ធ្វើការ​ជា​អ្នកមើល​កុមារៗ​ជិះ​លេង​កម្សាន្ត នៅក្នុង​ឧទ្យាន​ជួល​តុក្កតា​អគ្គិសនី​ជិះ​លេង​មួយកន្លែង​។​

​លោកយាយ Hou បាន​ពន្យល់ថា គាត់​ឈឺ​ជើង​ជា​យូរ​មកហើយៗ ពឹង​ផ្នែក​ទៅលើ​កូនប្រុស​របស់គាត់ ដែល​តែង​មក​យក​គាត់​ទៅផ្ទះ បន្ទាប់​ចប់​ការងារ​។ ប៉ុន្តែ នៅថ្ងៃនោះ ដោយសារ​កូនប្រុស​របស់គាត់​ជាប់រវល់​មិនបាន​មក​យក ជាហេតុ​ធ្វើ​ឲ្យ​គាត់​សម្រេចចិត្ត​ជិះ​ស្កុ​ត​តឺ​ទៅផ្ទះ​តែម្តងទៅ​។ លោកយាយ Hou ក៏បាន​បញ្ជាក់​ហេតុផល​មួយ​ថា ផ្ទះ​របស់គាត់​ក៏​មិន​ឆ្ងាយ​ពី​កន្លែងធ្វើការ​ប៉ុន្មាន ហើយ​ណាមួយ​ចរាចរណ៍​នៅពេល​យប់ ក៏​រាង​ស្បើយ​ផងដែរ​។​

​តែ​ទោះយ៉ាងណា បន្ទាប់ពី​ប៉ូលិស​បានធ្វើ​ការណែនាំ​អំពី​សុវត្ថិភាព​នៅលើ​ដងផ្លូវ ដូនចាស់​រូបនេះ ក៏បាន​សន្យា​នឹង​ឈប់​តុក្កតា​កូនក្មេង នៅលើ​ដងផ្លូវ​បែបនេះ​ទៀតហើយ​។​

​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ជាច្រើន បាន​យល់ឃើញថា ករណី​របស់​លោកយាយ Hou មើលទៅ​ពិត​គួរឱ្យ​ស្រឡាញ់​ណាស់ ប៉ុន្តែ អ្នក​ផ្សេងទៀត ក៏បាន​សម្តែង​នូវ​ការព្រួយបារម្ភ​អំពី​សុវត្ថិភាព​របស់​អ្នកជិះ​វ័យ​ចំណាស់​រូបនេះ ជាមួយនិង​អ្នកធ្វើដំណើរ​ផ្សេងទៀត នៅលើ​ដងផ្លូវ​៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​