Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ការគ្រប់គ្រង​ប្រទេស និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច លើកកម្ពស់​ជីវភាព​ប្រជាជន រវាង​កម្ពុជា​-​វៀតណាម​

spot_img

​ភ្នំពេញ ៖ ក្នុង​រយៈពេល​ជាង ៤០​ឆ្នាំ នៃ​ការដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា កន្លងមកនេះ កម្ពុជា​សម្រេចបាន​នូវ​សមិទ្ធផល​សេដ្ឋកិច្ច​-​សង្គម ជាច្រើន ដោយ​អនុវត្តបាន​យ៉ាង​ជោគជ័យ​នូវ​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ ដំណាក់កាល​ទី​៣ របស់​រាជរដ្ឋាភិបាល​កម្ពុជា ដឹកនាំ​ដោយ​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​។

​ទោះបីជា​ស្ថានភាព​សេដ្ឋកិច្ច​អន្តរជាតិ​ពុំមាន​ស្ថិរភាព​យ៉ាងណា​ក៏ដោយចុះ ក៏​កម្ពុជា​នៅតែ​រក្សាបាន​នូវ​កំណើនសេដ្ឋកិច្ច​របស់ខ្លួន​ជា​មធ្យម ៧,៧% ដែរ ក្នុង​រយៈពេល​ពីរ​ទស​វត្សរ៍​កន្លងមកនេះ ដោយបាន​ស្ដែងឡើង​តាមរយៈ​ការបើក​ទូលាយ​នូវ​វិស័យ ឧស្សាហកម្ម វាយ​ន​ភណ្ឌ សំណង់ កសិកម្ម ទេសចរណ៍ និង​អចលនទ្រព្យ​។

​កម្រិតជីវភាព​រស់នៅ​របស់​ប្រជាជន​កម្ពុជា​ត្រូវបាន​កែលម្អ​គួរ​ឲ្យ​កត់សម្គាល់ ដោយ​អត្រា​នៃ​ភាពក្រីក្រ បាន​ថយចុះ​ពី ៣៣,៥% នៅ​ឆ្នាំ​២០០៤ មក​នៅត្រឹម ១៣% នា​ឆ្នាំ​២០១៦​។ ដើម្បី​សម្រេចបាន​នូវ​កិច្ចការ​នេះ ប្រទេសជាតិ​បាន​អនុវត្ត​នូវ​គោលនយោបាយ ម៉ាក្រូសេដ្ឋកិច្ច ដោយមាន​ការប្រុងប្រយ័ត្ន សំដៅ​រក្សា​កំណើនសេដ្ឋកិច្ច ឱ្យ​ប្រកបទៅដោយ​ស្ថេរភាព ជំរុញ​ពិពិធ​កម្ម​សេដ្ឋកិច្ច និង​កម្លាំង​ប្រកួតប្រជែង ជំរុញ​ផលិតកម្ម និង​ការប្រើប្រាស់​ទាំង​ផលិតផល និង​កម្លាំង​ពលកម្ម​ក្នុងស្រុក​។​

​សន្តិភាព ស្ថេរភាព​នយោបាយ និង​សន្តិសុខ បាន​ជួយ​ដល់​ប្រទេសជាតិ​បន្ត​សម្រេចបាន​នូវ​សមិទ្ធផល​សំខាន់ៗ​ក្នុងការ​អភិវឌ្ឍ និង​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជាជន​។ ក្នុង​បរិបទ​នៃ​ការផ្លាស់ប្ដូរ​ជា​សាកល និង​តំបន់ រាជរដ្ឋាភិបាល​កម្ពុជា នៅតែ​ប្រកាន់ខ្ជាប់​នូវ​ការរក្សា​គោលនយោបាយ​អព្យាក្រឹត មិន​ចូលបក្ស​សម្ព័ន្ធ រួមចំណែក​យ៉ាង​ធំធេង​ក្នុងការ​ការពារ​បូរណភាព​ទឹកដី អធិបតេយ្យភាព ផលប្រយោជន៍​ជាតិ និង​អភិវឌ្ឍ​ប្រទេសជាតិ​។

​កម្ពុជា​ជា​សមាជិក​ដ៏​សកម្ម​ជាច្រើន​នៃ​រចនាសម្ព័ន្ធ​សហប្រតិបត្តិការ​តំបន់ មាន​ជាអាទិ៍ គណៈកម្មាធិការ​អន្តរជាតិ​ទន្លេមេគង្គ អង្គការ​តំបន់ត្រីកោណ​អភិវឌ្ឍ​កម្ពុជា ឡាវ វៀតណាម និង​អនុតំបន់​ទន្លេមេគង្គ​បើកទូលាយ​។ កម្ពុ​ជាមាន​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយនឹង​ប្រទេស និង​ដែនដី​ប្រមាណ ១៦០ លើ​ពិភពលោក និង​កំពុង​បើកទូលាយ ឆ្ពោះទៅរក​កិច្ចសហប្រតិបត្តិការ​ជាមួយនឹង​បណ្ដា​ប្រទេស​ធំៗ និង​ដៃគូ​អភិវឌ្ឍន៍​ជាច្រើន​ទៀត ហើយ​កម្ពុជា​ក៏​កំពុងតែ​ខិតខំ​ប្រឹងប្រែង​បង្កើន​កិច្ចសហប្រតិបត្តិការ​ផ្លាស់​ប្ដូរ​បទពិសោធន៍​ជាមួយនឹង​ប្រទេសជិតខាង​ឲ្យ​កាន់តែ​ប្រសើរ​ជា​បន្តបន្ទាប់​ទៀតផង​ដែរ​។

​ស្ដីពី​ប្រទេស​ក្បែរ​ខាង​ជាប់​កម្ពុជា​ភាគ​ខាងកើត​ឯណេះ​វិញ ដែលមាន​លក្ខណៈសម្បត្តិ​សេដ្ឋកិច្ច​ស្រដៀង​គ្នា​នឹង​កម្ពុជា​ដែរនោះ គឺ​ប្រទេស​វៀតណាម ដែល​ពេលនេះ កំពុង​ទទួល​នូវ​ព្រឹត្តិការណ៍​នយោបាយ​ដ៏​សំខាន់​មួយ​សម្រាប់​ប្រទេស​ខ្លួន​នោះ គឺ​មហាសន្និបាត​បក្ស​កុម្មុយនីស្ត​វៀតណាម លើក​ទី​១៣ ជា​បក្សនយោបាយ​ដែល​កំពុង​ដឹកនាំ​ប្រទេស​សព្វថ្ងៃនេះ​។​

​គួររំលឹកថា កាលពី​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០២១ កន្លងមក លោក ហ្វា​ង ប៊ិ​ញ​គន់ សមាជិក​គណៈកម្មាធិកា​រ​កណ្ដាល ប្រធាន​គណៈកម្មការ​កិច្ចការបរទេស​នៃ​គណបក្ស​កុម្មុយនីស្ត​វៀតណាម បានប្រកាស​ឱ្យដឹងពី​ការរៀបចំ​សន្និសីទកាសែត​មួយ ស្ដីពី គោលនយោបាយ យុទ្ធសាស្ត្រ និង​កិច្ចសហប្រតិបត្តិការ ជម្រាបជូន​អង្គទូត និង​អង្គការ​អន្តរជាតិ​នានា ប្រចាំ​នៅ​ប្រទេស​វៀតណាម ដើម្បី​ចូលរួម​ជ្រួតជ្រាប អំពី​ខ្លឹមសារ​រួម​នៃ​មហាសន្និបាត​កុម្មុយនីស្ត​វៀតណាម​លើក​ទី​១៣ ដែល​នឹង​ប្រព្រឹត្តទៅ នៅ​រដ្ឋធានី​ហាណូយ ចាប់ពី ថ្ងៃទី​២៥ ខែមករា ដល់ ថ្ងៃទី​២ ខែកុម្ភៈ ឆ្នាំ​២០២១ ព្រោះនេះ​ជា​ព្រឹត្តិការណ៍​នយោបាយ​ដ៏​មាន​សារៈសំខាន់​បំផុត​របស់​ប្រទេស​វៀតណាម​។

​យោងតាម​ព័ត៌មាន​នៃ​ទីភ្នាក់ងារសារព័ត៌មាន​វៀតណាម បាន​ឲ្យ​ដឹងថា មហាសន្និបាត​នេះ​និង​មានការ​អញ្ជើញ​ចូលរួម​ពី​ប្រតិភូ ១៥៨៧​នាក់ តំណាង​ឲ្យ​សមាជិក​សមាជិកា​បក្ស​កុម្មុយនីស្ត​វៀតណាម​សរុប​ចិត្ត ៥,២​លាន​នា់​។

​បើតាម​លោក ហ្វា​ង ប៊ិ​ញ​គន់ ប្រទេស​វៀតណាម​បាន​ឆ្លងកាត់​ការអនុវត្ត​នូវ​កិច្ចការ​ផ្លាស់ប្ដូរ​ថ្មី​អស់​រយៈពេល ៣៥​ឆ្នាំ​កន្លងមកហើយ ដោយ​សម្រេចបាន​នូវ​សមិទ្ធផល​ដ៏​ធំធេង មាន​អត្ថន័យ​ជា​ប្រវត្តិសាស្ត្រ​ក្នុង​កិច្ច​ការកសាង និង​ការពារ​ប្រទេស​។ ក្នុង​បរិបទ​នៃ​សភាពការណ៍​អន្តរជាតិ និង​តំបន់​មានការ ប្រែប្រួល​យ៉ាង​ស្មុគស្មាញ បាន​លេចឡើង​នូវ​ការលំបាក​ជាច្រើន ការ​ប្រឈម​ដ៏​ធំ​ក្នុង​សភា​ពនៃ​ការ​ចៃដន្យ ហើយ​បាន​បង្កឡើង ទាំង​ការ​ប្រឈម​ផង និង​ជា​ឱកាស​អភិវឌ្ឍន៍​ផង ដែល​ពេលនោះ​បក្សកុម្មុយនិស្ត​វៀតណាម បានកំណត់​នូវ​ភារកិច្ច​ដ៏​សំខាន់​ក្នុង​ការបន្ត​ដឹកនាំ​ប្រទេស ជំរុញ​ការផ្លាស់ប្ដូរ​ថ្មី សកម្ម​ក្នុង​ការធ្វើសមាហរណកម្ម​អន្តរជាតិ​។

​ក្នុង​ថេរ​វា​លា ៣៥​ឆ្នាំ នៃ​ដំណើរការ​ផ្លាស់ប្ដូរ​ថ្មី វៀតណាម​បានសម្រេច​នូវ​សមិទ្ធផល​សំខាន់​ក្នុង​កិច្ចការ​ឧស្សាហូបនីយកម្ម អគ្គិសនី​ភាវូបនីយកម្ម ដោយបាន​នាំ​ប្រទេសជាតិ​ពី​ប្រទេសមួយ​ដ៏​ក្រីក្រ​បំផុត​លើ​ពិភពលោក ទៅកាន់​ប្រទេសមួយ​ដែលមាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ទាប ហើយពី​មួយថ្ងៃ​ទៅមួយថ្ងៃ ប្រទេស​នេះ​កាន់តែ​ធ្វើ​សមាហរណកម្ម​ចូល​ជ្រៅ​ទៅក្នុង​តំបន់ និង​ពិភពលោក ហើយ​ដែល​ឆ្លើយតប​មកវិញ គឺ​បានធ្វើឱ្យ​ជីវភាព​រស់នៅ​របស់​ប្រជាជន ត្រូវបាន​កែលម្អ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ កិត្តិ​ស័ព្ទ និង​កិត្យានុភាព​របស់​ប្រទេសជាតិ​លើ​ឆាក​អន្តរជាតិ កាន់តែ​ត្រូវបាន​លើកកម្ពស់​ឡើង​។​

​វៀតណាម បាន​ឈានឡើង​ដោយបាន​ក្លាយទៅជា​រដ្ឋ​មួយ​ក្នុងចំណោម​រដ្ឋ ដែលមាន​ខឿន​ឧស្សាហកម្ម​ប្រកបដោយ​ថាមពល ប្រកួតប្រជែង​សាកល (CIP) ក្នុង​កម្រិត​ដ៏​ខ្ពស់​ស្ថិតនៅក្នុង​ក្រុម​នៃ​បណ្ដា​ប្រទេស ដែលមាន​ថាមពល​ក្នុង​លំដាប់​ប្រកួតប្រជែង ក្នុង​ទីតាំង​ទី​៤៤ លើ​ពិភពលោក នា​ឆ្នាំ​២០១៨ នេះ​បើ​យោងតាម​អង្គការ UNIDO ។ ក្នុងដំណាក់កាល​ពី ឆ្នាំ​១៩៩០ ដល់ ២០១៨ វៀតណាម​បាន​ឡើង​ចំណាត់ថ្នាក់​រហូតដល់​ទៅ ៥០​កាំ , ពី​ឆ្នាំ ២០១០ ដល់ ២០១៨ ឡើង ២៣​កាំ​។

​ឧស្សាហកម្ម គឺជា​វិស័យ​ដែលមាន​កំណើន​ខ្ពស់បំផុត​នៅក្នុង​សេដ្ឋកិច្ចជាតិ​វៀតណាម រួមវិភាគទាន​ប្រមាណ ៣៨% នៅក្នុង​ផលិតផល​ជាតិ​សរុប (GDP) ហើយ​បាន​ក្លាយទៅជា​វិស័យ​ដ៏​ស្រួច​នៃ​ការនាំចេញ​រួមចំណែក​នាំ​ឲ្យ​ប្រទេស​វៀតណាម​ដណ្ដើមបាន​លំដាប់​ទី​២២ នៃ​បណ្តា​ប្រទេស​នាំចេញ​ដ៏​ធំ នា​ឆ្នាំ​២០១៨ កន្លងមក​។

​នៅក្នុង​ចំណោម​ទំនិញ ៣២​មុខ នៃ​ការនាំចេញ​នោះ គិត​ជា​បរិមាណ​ទឹកប្រាក់ សរុប ១​ពាន់​លាន​ដុល្លារ នា​ឆ្នាំ​២០១៩ ក្នុងនោះ​ទំនិញ​ឧស្សាហកម្ម មាន ២៩​មុខ ក្នុងចំណោម ៣២​មុខ នៃ​ទំនិញ​នាំចេញ ហើយ ៥/៥ នៃ​ទំនិញ​នាំចេញ​បាន​កើន​ដល់ ១០​ពាន់​លាន​ដុល្លារ មានមុខ​ទំនិញ​ដូចជា គ្រឿង​អេ​ឡិច​ត្រូ​និ​ច វាយ​ន​ភណ្ឌ គ្រឿង​ឈើ ម៉ាស៊ីន ឧបករណ៍ បរិក្ខារ​នានា ។ វិស័យ​ឧស្សាហកម្ម​មួយចំនួន មាន​ទីតាំង​ឈរជើង​យ៉ាងរឹងមាំ​លើ​ពិភពលោក​នា​សព្វថ្ងៃនេះ ដូចជា វាយ​ន​ភណ្ឌ​

​ជាប់​លំដាប់​ទី​៧​ខាង​ការនាំចេញ , ស្បែក​ជាប់​លំដាប់​ទី​៣ ផ្នែក​ផលិត​កម្មជាប់​លំដាប់​ទី​២​ខាង​នាំចេញ រីឯ​គ្រឿង​ឈើ​វិញ​ជាប់​លំដាប់​ទី​៥ ខាង​នាំចេញ​។​

​បើ​យោងតាម​ចំណាត់ថ្នាក់​អាជីវកម្ម​ធំៗ​បំផុត​នៅ​ប្រទេស​វៀតណាម​ប្រចាំឆ្នាំ​២០១៩ កន្លងមក​ក្នុងចំណោម​ក្រុមហ៊ុន ១០​ធំៗ​បំផុត មាន​ក្រុមហ៊ុន​ចំនួន​៨ ដែល​ស្ថិតនៅក្នុង​វិស័យ ឧស្សាហកម្ម ក្នុងនោះ ៧/១០ ជា​ក្រុមហ៊ុន​ក្នុងស្រុក ត្រូវជា ៥/១០ នៃ​ក្រុមហ៊ុន​ឯកជន​ធំៗ​បំផុត នៅក្នុង​ទូទាំងប្រទេស​។ ក្រុមហ៊ុន​ឧស្សាហកម្ម​វៀតណាម​ធំៗ​ប្រមូលផ្តុំ​លើ​វិស័យ​នានា​មានដូចជា ប្រេង អគ្គិសនី រ៉ែ រថយន្ត ដែកថែប ទឹកដោះគោ និង​គ្រឿ​បរិភោគ​ផ្សេងៗ​។​

​ដំណើរការ​រៀបចំឡើង​វិញ​នូវ​ទម្រង់​ឧស្សាហកម្ម​របស់​វៀតណាម ត្រូវបាន​ធ្វើឡើង ដោយ​ផ្សារភ្ជាប់​ជាមួយនឹង​រូបភាព​បង្កើន​កំណើន លើកកម្ពស់​ទិន្នផល​ពលកម្ម​ឲ្យ​បាន​ខ្ពស់បំផុត នៅក្នុង​សមាសភាព​សេដ្ឋកិច្ចជាតិ​ជាមួយនឹង​អត្រាកំណើន​ផលិតផល​ជាតិ សរុប (GDP) កើន ពី ២៦,៦៣% នា​ឆ្នាំ​២០១១ មក ២៧,៨១% នៅ​ឆ្នាំ​២០១៥ និង​២៨,៥៥% នៅ​ឆ្នាំ​២០១៩​។​
​រចនាសម្ព័ន្ធ​នៃ​វិស័យ​ឧស្សាហកម្ម​បាន​បម្រែបម្រួល​ទៅតាម​ទិសដៅ​បន្ថយ​អត្រា ឧស្សាហកម្ម​រុករក (​ពី​៣៦,៤៧% នៅ​ឆ្នាំ ២០១១ ចុះមក​ដល់ ២៦,៦១% នៅ​ឆ្នាំ ២០១៩) ហើយ​កើន អត្រា​ឧស្សាហកម្ម​កែច្នៃ​បង្កើត​ថ្មី​(​ពី ៤៩,៨២% នៅ​ឆ្នាំ ២០១១ ទៅដល់ ៥៤,៥៧% នៅ​ឆ្នាំ ២០១៩) ហើយ​បាន​ក្លាយជា​ចលករ​កំណើន​ដ៏​សំខាន់​នៃ​វិស័យ​ឧស្សាហ​ម​ក្ម​ទាំងមូល​។​

​រចនាសម្ព័ន្ធ​បច្ចេកវិជ្ជា​នៅក្នុង​វិស័យ​ឧស្សាហកម្ម មានការ​ផ្លាស់ប្តូរ​ទៅតាម​ទិសដៅ និង​បច្ចេកវិជ្ជា​ទំនើប​ជឿនលឿន​កាន់តែ​ទំនើប​ជាង​មុន ដោយមាន​ការប្រែប្រួល​យ៉ាងខ្លាំង​ពី​វិស័យ ដែល​ប្រើ​កម្លាំង​ពលកម្ម​ច្រើន​ដូចជា វាយ​ន​ភណ្ឌ និង​ស្បែក នៅក្នុង​វិស័យ​ឧស្សាហកម្ម​បច្ចេកវិជ្ជា ដូចជា ម៉ាស៊ីន​គ​ណិ​តូប​ករ​ណ៍ ផលិតផល​អេ​ឡិ​ក​ត្រូ​និក ទូរស័ព្ទ ជាដើម​។​

​ការវិនិយោគ​ដើម្បី​អភិវឌ្ឍ​ក្នុង​វិស័យ​ឧស្សាហកម្ម​កាន់តែ​ត្រូវបាន​បើកទូលាយ​ឡើង ការវិនិយោគ​ផ្ទា​ល់ពី​បរទេស ឬ FDI បានក្លាយ​ទៅជា​កម្លាំង​ដ៏​សំខាន់​សម្រាប់​ការអភិវឌ្ឍន៍ ឧស្សាហកម្ម និង​រំកិល​រចនាសម្ព័ន្ធ​អភិវឌ្ឍន៍​ឧស្សាហកម្ម​វៀតណាម តាមផ្លូវ​ទំនើបកម្ម (​អត្រា ៧០%​នៃ​ទុនវិនិយោគ​ដោយផ្ទាល់​ពី​បរទេស​នៅក្នុង​វិស័យសេដ្ឋកិច្ច​នានា ក្នុងនោះ នៅក្នុង​ឧស្សាហកម្ម​កែច្នៃ ច្នៃ​បង្កើត​ថ្មី មាន​អត្រា​ដ៏​ធំ​បំផុត ពោលគឺ រហូតដល់​ទៅ​ប្រមាណ ៦០% ឯណោះ​)​។

​ការវិនិយោគទុន​ដោយផ្ទាល់​ពី​បរទេស (FDI) មាននូវ​តួនាទី​ធំ​ក្នុងការ​បង្កើតឡើង នូវ​រូបភាព​មួយចំនួន​នៃ​វិស័យ​ឧស្សាហកម្ម​ដែលជា​កម្លាំង​ដ៏​ស្រួចស្រាល់​នៃ​សេដ្ឋកិច្ច​មាន​ជាអាទិ៍ សារគមនាគមន៍ ការរុករក​ចម្រាញ់​ប្រេងឥន្ធនៈ អេ​ឡិ​ក​ត្រូ​និក បច្ចេកវិជ្ជា​ព៌​ត​មាន​វិទ្យា ដែកថែប ស៊ីម៉ងត៍ វាយនភ័ណ្ឌ ឧស្សាហកម្ម​ស្បែក​… បាន​បង្កើតឡើង​នូវ​មូលដ្ឋានគ្រឹះ​ដ៏​សំខាន់​សម្រាប់ កំណើន រយ​:​ពេល​វែង ក៏ដូចជា​ជំរុញ​ដំណើរការ​ទំនើប​នីយកម្ម និង ឧស្សាហូបនីយកម្ម របស់​វៀតណាម​។​

​ក្នុង​រយ​:​ពេលកន្លងមក មេដឹកនាំ​កម្ពុជា​និង​វៀតណាម​បាន​ឯកភាពគ្នា​បន្ត​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​ន៍ ដោយបាន​ចេញ​នូវ​សេចក្តីប្រកាស​រួម និង​ចុះហត្ថលេខា​រួម លើ​កិច្ចព្រមព្រៀង​នានា​រវាង​ប្រទេស​ទាំងពីរ ផ្សព្វផ្សាយ​ព៌​ត៌មាន​បាន​យ៉ាង​ស៊ីជម្រៅ ជូន​ដល់​ប្រជាជន ជាពិសេស មនុស្ស​ជំនាន់​ក្រោយ ស្តីពី​ទំនាក់ទំនង​រវាង​កម្ពុ​ជា និង​វៀតណាម អនុវត្តន៍​បាន​យ៉ាង​ល្អ​ប្រពៃ​នូវ​អនុស្សរណៈ និង​ផែនការ​កិច្ចសហប្រតិបត្តិការ ស្តីពី ការការពារ​ប្រទេស និង​សន្តិសុខ មាននូវ ដំណោះស្រាយ​ជាក់ស្តែង​សម្រាប់​ដោះស្រាយ​នូវ​ការលំបាក​នានា ដើម្បី​នាំមក​នូវ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យសេដ្ឋកិច្ច រវាង​ប្រទេស​ទាំងពីរ ឲ្យ​មានការ​អភិវឌ្ឍន៍​រឹងមាំ បន្ត​រក្សា​នូវ​សកម្មភាព ពាណិជ្ជកម្ម និង​សម្រួល​ដល់​ការដឹកជញ្ជូន​ផ្លាស់ប្តូរ​ទំនិញ​នៅតាម​ច្រកព្រំដែន​រួម ក្នុងដំណាក់កាល​នៃ​ការផ្ទុះ​ឡើង​នៃ​រោគរាតត្បាត​សាកល COVID-19​។​

​សព្វថ្ងៃនេះ បើ​និយាយ​ពី​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​វិនិយោគទុន​របស់​វៀតណាម​មកកាន់​កម្ពុជា គឺ​ទទួលបាន​នូវ​លទ្ធផល​ល្អ​ប្រពៃ​ណាស់​ចាប់តាំងពី​ឆ្នាំ ២០០៥ រហូតដល់​បច្ចុប្បន្ន​, វៀតណាម បាន​វិនិយោគ​មកកាន់​កម្ពុជា​លើ​គម្រោង​ចំនួន ១៨៤ គិត​ជា​បរិមាណ​ទឹកប្រាក់​ប្រមាណ ២,៧៦​ពាន់​លាន​ដុល្លារ​អាមេរិក ជាប់​លំដាប់​ទី​៣ នៃ​ការវិនិយោគ​ចេញ​ក្រៅប្រទេស​របស់​វៀតណាម ហើយ​ចាប់តាំងពី​ឆ្នាំ​២០១៥ រហូតមក​ទល់នឹង​សព្វថ្ងៃនេះ វៀតណាម​បាន​អនុវត្ត​នូវ​គម្រោង វិនិយោគ​ចំនួន ១០ ដែល​គម្រោង​នីមួយៗ​មាន​បរិមាណ​ទឹកប្រាក់​សរុប​ពី ៣០ ដល់ ៧០​លាន​ដុល្លារ​អាមេរិក ដោយ​ផ្តោតទៅលើ​វិស័យ កសិកម្ម ធនាគារ និង ទូរគមនាគមន៍​។​

​ជាមួយនឹង​លទ្ធផល​ដ៏​គួរ​ជាទី​គាប់ចិត្ត​ក្នុង​កិច្ចសហប្រតិបត្តិការ​ន​យោ​បាយ​សេដ្ឋកិច្ច​រវាង​ប្រទេស​ទាំងពីរ​ក្នុង​រយ​:​កាល​កន្លងមក បាននិងកំពុង​តែ​បង្កលក្ខណ​:​ងាយស្រួល​ដល់​ប្រទេស​ទាំងពីរ បន្ត​ជំរុញ​ទំនាក់ទំនង​ឲ្យ​កាន់តែ​ល្អប្រសើរ​ឡើង​បន្ថែមទៀត នូវ​រាល់​កិច្ចការ​ជាក់ស្តែង​។

​ជាមួយនឹង​គម្រោង​ពហុ​បំណង​ពិពិធ​កម្ម​នូវ​រាល់​ចំណងទាក់ទង​ក្រៅប្រទេស ឈរលើ​ស្មារតី​ពង្រឹង​ឯករាជ្យ​ជាតិ អធិបតេយ្យភាព​ជាតិ និង​បូរណភាព​ទឹកដី កម្ពុជា​នឹង​បន្ត​អនុវត្ត​នូវ​គោលនយោបាយ​ការបរទេស​ដោយ​បើកទូលាយ បង្កើន​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​ជាមួយនឹង​បណ្តា​ប្រទេស​ធំៗ ដៃគូ​អភិវឌ្ឍន៍ និង​មិត្តភក្ដិ​ជា​ប្រពៃណី ក្នុងនោះ​ក៏មាន​វៀតណាម​ផង​។​

​ជាមួយនឹង​ទំនាក់​ទំនងជា​ប្រពៃណី​ពី​ក្នុង​ប្រវត្តិសាស្ត្រ​និង​សុ​ឆន្ទៈ​នៃ​ប្រទេស​ទាំងពីរ ទំនាក់ទំនង កម្ពុជា​វៀតណាម នឹង​បន្ត​ចម្រើន​លូតលាស់​ដោយ​នាំមក​នូវ ផលប្រយោជន៍ និង​វិបុលភាព សម្រាប់​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​ដូច​មាននៅ​ក្នុង​ការបញ្ជា​ក់​អះអាង​របស់ សម្តេច តេ​ជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នា​ឳ​កាស​ខួប​លើក​ទី​៤២ ទិវា​រំដោះជាតិ​កម្ពុជា (៧​មករា ១៩៧៩ -៧​មករា ២០២១) កន្លងមក​៕​ដោយ ៖ អង្គភាព​ព័ត៌មាន CEN

spot_img
×