Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក ជា វ៉ាន់​ដេ​ត ដឹកនាំ​គណៈប្រតិភូ​ក្រសួង​ចូលរួម​កិច្ចប្រជុំ ថ្នាក់​រដ្ឋមន្ត្រី​ឌីជីថល​អាស៊ាន​លើក​ទី​១ ក្រោម​ប្រធានបទ “ អាស៊ាន​៖ សហគមន៍​ត​ភ្ជាប់​ដោយ​ឌីជីថល ”

spot_img

​ភ្នំពេញ​៖ ដោយមាន​ការឯកភាព​ពី​រាជរដ្ឋាភិបាល នៅ​ថ្ងៃទី​២១-២២ ខែមករា ឆ្នាំ​២០២១ លោក ជា វ៉ាន់​ដេ​ត រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ បាន​ដឹកនាំ​គណៈប្រតិភូ​ក្រសួង​ចូលរួម​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ឌីជីថល​អាស៊ាន​លើក​ទី​១ តាម​ប្រព័ន្ធ​វីដេអូ ក្រោម​ប្រធានបទ “​អាស៊ាន​៖ សហគមន៍​ត​ភ្ជាប់​ដោយ​ឌីជីថល​” និង​កិច្ចប្រជុំ​ពាក់ព័ន្ធ ដោយមាន​ការអញ្ជើញ​ចូលរួម​ពី រដ្ឋមន្ត្រី និង​មន្ត្រីជាន់ខ្ពស់​ទទួលបន្ទុក​វិស័យ​ទូរគមនាគមន៍​និង​បច្ចេកវិទ្យា​ឌីជីថល នៃ​ប្រទេស​សមាជិក​អាស៊ាន ព្រមទាំង​ដៃគូ​អភិវឌ្ឍ​ដូចជា​ចិន ជប៉ុន កូរ៉េ ឥណ្ឌា សហរដ្ឋអាមេរិក និង​សហភាព​ទូរគមនាគមន៍​អន្តរជាតិ​។​

​កិច្ចប្រជុំ​ប្រចាំ​ឆ្នាំនេះ ត្រូវបាន​រៀបចំឡើង​ក្នុង​គោលបំណង (១) ត្រួតពិនិត្យ​និង​វាយតម្លៃ​ការអនុវត្ត​ការងារ​កន្លងមក (២) ពិនិត្យ​និង​អនុម័ត​ផែនការ​សកម្មភាព​សម្រាប់​អនុវត្ត​ក្នុង​ឆ្នាំ​២០២១ និង (៣) អនុម័ត​ផែនការមេ​ឌីជីថល​អាស៊ាន​ឆ្នាំ​២០២៥ ។
​កិច្ចប្រជុំ​នេះ​រដ្ឋ​សមាជិក បាន​ពិភាក្សា​លើ​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​ក្នុង​ការកសាង​សហគមន៍​ឌីជីថល​មួយ​ប្រកបដោយ​បរិ​យា​ប័ន្ន និង​និរន្តរភាព ពិសេស​ការឆ្លើយតប​ទាន់ពេលវេលា​ក្នុងអំឡុងពេល និង​ក្រោយ​ការ​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ដោយ​ពង្រឹង​ភាពស៊ីសង្វាក់​ផ្នែក​គោលនយោបាយ ការអភិវឌ្ឍ​បច្ចេកវិទ្យា​និង​ហេដ្ឋារចនាសម្ព័ន្ធ​ឌីជីថល ការដោះស្រាយ​បញ្ហា​ប្រឈម​នៃ​សន្តិសុខ​បច្ចេកវិទ្យា ការកសាង​ធនធានមនុស្ស​នៅក្នុង​តំបន់ ការប្រើប្រាស់​បញ្ញា​សិប្បនិម្មិត និង​ជាពិសេស​ការប្រើប្រាស់​បច្ចេក​វិទ្យា 5G ដែល​ត្រូវបាន​ពិភាក្សា​យ៉ាង​លម្អិត​អំពី​បញ្ហា​ប្រឈម ដំណោះស្រាយ​និង​ពេលវេលា​សមស្រប​នៃ​ការដាក់​ដំណើការ​ជា​ផ្លូវការ​ក្នុងប្រទេស​អាស៊ាន​។​

​រដ្ឋមន្ត្រី​ឌីជីថល​អាស៊ាន​បានបង្ហាញ​ឆន្ទៈ​ក្នុង​ការសហការ​ជាមួយ​ដៃគូ​អភិវឌ្ឍ ដូចជា​ចិន ជប៉ុន កូរ៉េ ឥណ្ឌា សហរដ្ឋអាមេរិក និង​សហភាព​ទូរគមនាគមន៍​អន្តរជាតិ ក្នុងការ​បង្កើន​កិច្ចសហប្រតិបត្តិការ​ឌីជីថល ការអភិវឌ្ឍ​ធនធានមនុស្ស និង​ការពង្រីក​វិសាលភាព​នៃ​ការប្រើប្រាស់​បច្ចេកវិទ្យា​ថ្មីៗ និង​ពង្រឹងសមត្ថភាព​សន្តិសុខ​បច្ចេកវិទ្យា និង​ការអនុវត្ត​ផែនការមេ​ឌីជីថល​អាស៊ាន ឆ្នាំ​២០២៥​។​

​ក្នុងឱកាស​នោះ លោក​រដ្ឋមន្ត្រី ជា វ៉ាន់​ដេ​ត បាន​មានប្រសាសន៍ថា ការវិវឌ្ឍ​ឌីជីថល​បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​កាត់បន្ថយ​ផលប៉ះពាល់​នៃ​ជំងឺ​កូ​វីដ​-១៩ និង​ផ្តល់នូវ​ដំណោះស្រាយ​ប្រកបដោយ​ប្រសិទ្ធភាព​ដើម្បី​រក្សា​នូវ​និរន្ត​ភាព​នៃ​សកម្មភាព​កិច្ចការរដ្ឋ​បាល​និង​អាជីវកម្ម​។ ប្រទេស​សមាជិក​អាស៊ាន ចាំបាច់​ត្រូវ​ធ្វើការ​រួមគ្នា​ដើម្បី​ពង្រឹង​ទំនាក់ទំនង​រវាង​រដ្ឋ​ជា​សមាជិក​និង​ដៃគូ​អភិវឌ្ឍ ប្រែ​កា្ល​យ​ជា​សហគមន៍​ដែល​ត​ភ្ជាប់​ដោយ​ឌីជីថល និង​ជំរុញ​ការកាត់បន្ថយ​គម្លាត​ឌីជីថល រួមចំណែក​ព​ន្លឿ​ន​ការ​ស្តារឡើងវិញ និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​និង​សង្គម​។ ឯកឧត្តម​រដ្ឋមន្ត្រី បាន​បន្ថែមទៀតថា កម្ពុជា​បាននិងកំពុង​ខិតខំ​ប្រឹងប្រែង​ក្នុងការ​ពង្រឹង ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ទូរគមនាគមន៍​ទាំង​ទូរ​សព្ទ​ចល័ត និង​អ៊ិន​ធឺ​ណិ​ត ដើម្បី​ផ្ដល់​សេវា​ប្រកបដោយ​ទំនុកចិត្ត និង​មានតម្លៃ​សមរម្យ ព្រមទាំង​លើកកម្ពស់​អក្ខរកម្ម​ឌីជីថល​។​
​លោក​រដ្ឋមន្ត្រី បាន​បញ្ជាក់ថា កម្ពុជា​ត្រៀមខ្លួន​រួចជាស្រេច​ក្នុងការ​ធ្វើការ​រួមគ្នា​ជាមួយ​រដ្ឋ​ជា​សមាជិក​និង​ដៃគូ​អភិវឌ្ឍ​ទាំងអស់ ដើម្បី​ប្រែក្លាយ​អាស៊ាន​ទៅជា​សហគមន៍​ឌីជីថល​និង​ប្លុក​សេដ្ឋកិច្ច​មួយ​ឈានមុខ​គេ ដែល​ជំរុញ​កំណើនសេដ្ឋកិច្ច​ដោយ​ប្រើ​បច្ចេកវិទ្យា និង​ប្រព័ន្ធ​ឌីជីថល​ប្រកបដោយ​សុវត្ថិភាព​។​

​សូមបញ្ជាក់​ផងដែរ​ថា កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ឌីជីថល​អាស៊ាន​លើក​ទី​១ ដែលមាន​ប្រទេស​ម៉ាឡេស៊ី​បានធ្វើ​ជា​ម្ចាស់ផ្ទះ ត្រូវបាន​ប្ដូរ​ឈ្មោះ​ពី​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ទូរគមនាគមន៍ និង​ព័ត៌មានវិទ្យា​អាស៊ាន​(TELMIN) ចាប់តាំងពី​ឆ្នាំ​២០០០ រហូតដល់​ឆ្នាំ​២០១៩ ដើម្បី​ស្របតាម​និន្នាការ​សកល​នៃ​ការផ្លាស់ប្តូរ​ផ្នែក​បច្ចេក​
​វិទ្យា​។ កិច្ចប្រជុំ​នេះ​ធ្វើ​ឡើងជា​រៀងរាល់ឆ្នាំ ដោយ​ប្តូរ​វេន​ក្នុងចំណោម​បណ្តា​រដ្ឋ​សមាជិក​អាស៊ាន​៕
​រក្សា​សិទ្ធិ​ដោយ​៖CEN

spot_img
×