Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រឿង​លក់​ដី​ខ្យល់​យកលុយ​រត់គេចខ្លួន ! ប៉ូលិស​មិនទាន់​ចាប់បាន​ប្រធាន​ក្រុ​ហ៊ុន B.I.D និង​បក្ខពួក

spot_img

​ភ្នំពេញៈ រហូតមកដល់​ពេលនេះ សមត្ថកិច្ច​នៅ​មិនទាន់​ចាប់ខ្លួន​មេក្លោង​ចំនួន ៣​នាក់ ដែល​លក់​ដី​ខ្យល់​ឲ្យ​ប្រជាពលរដ្ឋ​យកលុយ​អស់​ជាង ៩​ម៉ឺន​ដុល្លារ រួច​រត់​គេចខ្លួនបាត់​។ មេក្លោង​ទាំងបី​នាក់ គឺ​ក្នុងនោះ​មាន​ប្រធាន​ក្រុមហ៊ុន ប៊ី​ស្ស​នេស អ៊ិន​ឌី​ភែ​ន​ដិ​ន​ថ៍ ឌី​ស្ទ្រី​ប្យូ​ទ័​រ ឯ​.​ក (B.I.D) រួមទាំង​បក្ខពួក​ចំនួន​ពីរ​នាក់​ទៀត​។ ប៉ុន្តែ​សមត្ថកិច្ច​នៅតែ​អះអាង​អំពី​ការ​តាម​ស្វែងរក​ចាប់ខ្លួន​មនុស្ស​ទាំងបី​នាក់​នេះ ដើម្បី​យកមក​ផ្តន្ទាទោស​តាមច្បាប់​។​

លោក​ឧ​ត្ត​ម​សេនីយ៍​ទោ គង់ មនោ ស្នងការ​នគរបាល​ខេត្តកោះកុង បាន​ថ្លែងប្រាប់ CEN នៅ​រសៀល​ថ្ងៃទី​២៩ ខែមករា នេះ​ថា ប្រធាន​ក្រុមហ៊ុន B.I.D និង​បក្ខពួក រហូតមកដល់​ពេលនេះ​នៅ​មិនទាន់​ចាប់ខ្លួនបាន​នៅឡើយ​ទេ ដោយ​កំពុងតែ​តាម​ចាប់ ហើយ​ជនសង្ស័យ​រត់គេច​ដល់​ខេត្ត​ត្បូងឃ្មុំ​។​

ស្នងការ​នគរបាល​ខេត្តកោះកុង​បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា “​សមត្ថកិច្ច​កំពុងតែ​តាម​ចាប់ និង​កំពុងតែ​ចេញ​ដីកា​លើក​ទី​២ តាម​ចាប់​ដល់​ត្បូងឃ្មុំ ដោយ​មិនមែន​នៅក្នុង​ដែនដី​ខេត្តកោះកុង វា​ពន្លាត​ដែនដី ហើយ​កំពុងតែ​ចាប់ខ្លួន គឺប្រធាន​ក្រុមហ៊ុន B.I.D និង​បក្ខពួក​”​។​
សូមជម្រាបថា ការស្វែងរក​ចាប់ខ្លួន​មេក្លោង​ទាំងបី​នាក់​នេះ បាន​ធ្វើឡើង​បន្ទាប់ពី​មាន​ប្រជាពលរដ្ឋ​ចំនួន ១៤​នាក់​ដែល​ចាញ់បោក​ក្រុមហ៊ុន​បានដាក់​ពាក្យបណ្តឹង​ប្តឹងទៅ​សមត្ថកិច្ច​ខេត្តកោះកុង រឿង​ក្រុមហ៊ុន B.I.D លក់​ដី​ពុះ​ឡូត៍​នៅ​ភូមិ​បឹង​ឃុន​ឆាង សង្កាត់​ស្មាច់មានជ័យ ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង ប៉ុន្តែ​បែរជា​ក្រុមហ៊ុន​គ្មាន​ដី​ឲ្យ​ប្រជាពលរដ្ឋ​ទៅវិញ​។​

សមត្ថកិច្ច​ខេត្តកោះកុង​បាន​ឲ្យ​ដឹងថា មេក្លោង​ចំនួន ៣​នាក់ ដែល​តាមរក​ចាប់ខ្លួន​មានដូចជាៈ ១. ឈ្មោះ បាន បញ្ញា ប្រធាន​ក្រុមហ៊ុន B.I.D ។ ២. ឈ្មោះ ភន ទី​គា ។ ៣. ឈ្មោះ លី ប៊ុន​រដ្ឋ​ថី ។ ជន​ទាំង​បីនាក់​នេះ ត្រូវបាន​ព្រះរាជអាជ្ញា​សម្រេច​ចេញ​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន (​នាំខ្លួន​)​។ បច្ចុប្បន្ន​សមត្ថកិច្ច​នគ​របាល​ខេត្តកោះកុង កំពុងធ្វើការ​ស្វែងរក​ចាប់ខ្លួន​ជនល្មើស​ទាំងបី​នាក់​នេះ​យកមក​ផ្តន្ទាទោស​តាមច្បាប់​។

ប្រភព​បាន​បន្តថា សំណុំ​រឿងនេះ មាន​ដើមបណ្តឹង​ចំនួន ១៤​នាក់ ចាញ់បោក​អស់​លុយ​ចំនួន ៩៤២៦៧​ដុល្លារ​។ ដើមបណ្តឹង​មានដូចជាៈ ១. ហេង ភារ​ក្ស ២. លី ស្រី​ទូច ៣. អ៊ួ​ន ស្រីនាថ ៤. ខែត្រ កុសល ៥. កាន សម្បូរ ៦. ញូ​ត គ​ន្ធា ៧. មាស អេ​ឡែ​ត ៨. មាស អេ​ដែន ៩. មាស អេ​ឡែ​ន ១០. ឈួន ភាព ១១. អៀម ប៉ុណ្ណា​រ៉េត ១២. ម៉ក់ ទាវ ១៣. ប៉ែន វ័យ និង​ទី​១៤. យ៉​ន ចន្ថា​។​

យោងតាម​របាយការណ៍​បាន​បង្ហាញថា កាល​អំឡុង​ខែកុម្ភៈ ឆ្នាំ​២០២០ ក្រុមហ៊ុន ប៊ី អាយ ឌី បាន​បើក​លក់​ដី​ពុះ​ឡូ​តិ៍ នៅ​ភូមិ​បឹង​ឃុន​ឆាង សង្កាត់​ស្មាច់មានជ័យ ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង លើ​ផ្ទៃដី​ពុះ​ឡូ​តិ៍​ប្រហែល ៥​ហិកតា ដោយមាន​ស្នាក់​ការលក់​មួយកន្លែង ហើយ​ក៏មាន​ប្រជាពលរដ្ឋ​ជាច្រើន បាននាំគ្នា​ទៅ​ទិញ​ដី​ពុះ​ឡូ​តិ៍​នេះ ជា​បន្តបន្ទាប់ ដោយ​បានធ្វើ​កិច្ចសន្យា​ជា​លាយលក្ខណ៍អក្សរ និង​មានការ​ប្រគល់​ប្រាក់​មាន​ថតរូប​ទុកជា​ភស្តុតាង នៅ​ស្នាក់​ការលក់​របស់​ក្រុមហ៊ុន ស្ថិតនៅ​ទី​រួម​ខេត្តកោះកុង​។ ការទិញ​លក់​នេះ មាន​ប្រជាពលរដ្ឋ​ខ្លះ​បាន​បង់ប្រាក់​ផ្តាច់ ខ្លះ​បង់​តាម​ដំណាក់កាល និង​ខ្លះ​បង់​រំលស់​។ ស្រាប់តែ​នៅ​ចុងខែ​វិច្ឆិកា ឆ្នាំ​២០២០ មាន​ប្រជាពលរដ្ឋ​ជាច្រើន​នាក់ បាន​ទៅ​ដាក់ពាក្យ​បណ្ដឹង​នៅ​នគរបាល​ខេត្តកោះកុង ដោយ​ចោទប្រកាន់ថា ក្រុមហ៊ុន​គ្មាន​ដី​ប្រគល់ជូន​ពួកខ្លួន​ពិតប្រាកដ​នោះទេ​៕ រក្សា​សិទ្ធិ​ដោយៈ ចេស្តារ​

spot_img
×