Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រី​ទេសចរណ៍​ជំ​រុញឱ្យ​សហគមន៍​កោះ​ព្រហ្មចារី​យ៍ ខេត្តក្រចេះ រួមគ្នា​ថែរក្សា​សត្វ​ផ្សោត​ឱ្យបាន​គង់វង្ស ដើម្បី​បង្កើន​ភាព​ទាក់ទាញ​ទេសចរ​

spot_img

​ក្រចេះ ៖ ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​ជំរុញ​យ៉ាង​ម៉ឺងម៉ាត់​ដល់​ប្រជា​សហគមន៍​កោះ​ព្រហ្មចារី​យ៍​ជ្រោយ​បន្ទាយ អង្គការ WWF និង​ភាគី​ពាក់ព័ន្ធ បន្ត​រួមគ្នា​ថែរក្សា​អភិរក្ស​សត្វ​ផ្សោត​នៅតាម​ទន្លេមេគង្គ​ឱ្យបាន​គង់វង្ស​តទៅ​មុខ ដើម្បី​បង្កើន​ភាព​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ ដោយ​លោក​បាន​បញ្ជាក់ថា សម្រាប់​ខេត្តក្រចេះ និង​ខេត្តស្ទឹងត្រែង សត្វ​ផ្សោត​ប្រៀបដូចជា​ប្រាសាទ​អង្គរ​ទី​ពីរ​យ៉ាង​ដូច្នេះ​ដែរ​។​

​ការ​ថ្លែង​បែបនេះ​របស់​ឯកឧត្តម​រដ្ឋមន្ត្រី ថោង ខុន ត្រូវបាន​ធ្វើឡើង​ក្នុងឱកាស​ជួប​សំណេះសំណាល​ជាមួយ​ប្រជា​សហគមន៍​ព្រហ្មចារី​យ៍​ជ្រោយ​បន្ទាយ​ប្រមាណ នាក់ នា​ព្រឹក​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០២១​។​

​សហគមន៍​កោះ​ព្រហ្មចារី​យ៍ ជា​សហគមន៍​អេកូ​ទេស​រណ៍​ថ្មី​មួយ​នៅតាម​បណ្តោយ​ដង​ទន្លេមេគង្គ ស្ថិតក្នុង​ឃុំ​ជ្រោយ​បន្ទាយ ស្រុក​ព្រែក​ប្រសព្វ ខេត្តក្រចេះ មាន​ចម្ងាយ​ប្រមាណ ១៧ គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្ត​។ សហគមន៍​នេះ​ទើបតែ​ត្រូវបាន​បង្កើតឡើង​នៅ​ចុងឆ្នាំ​២០២០ ដោយមាន​ការជួយជ្រោមជ្រែង​ពី​មន្ទីរ​ទេសចរណ៍​ខេត្តក្រចេះ និង​អង្គការ WWF​។​

​ក្នុងឱកាស​សំណេះសំណាល​ជាមួយ​ប្រជា​សហគមន៍​នោះ ឯកឧត្តម​រដ្ឋមន្ត្រី ថោង ខុន បាន​លើកឡើងថា ខេត្តក្រចេះ គឺជា​គោលដៅ​ទេសចរណ៍​ដ៏​សំខាន់​ក្នុងចំណោម​ខេត្ត​ដទៃ​នៅ​តំបន់​ភូមិភាគ​ឦសាន ពិសេស​គឺមាន​សក្ដានុពល​អេកូ​ទេសចរណ៍​ដ៏​សម្បូរបែប ពិសេស​គឺមាន​សត្វ​ផ្សោត​ដែលជា​សត្វ​ដ៏​កម្រ​នៅលើ​ពិភពលោក​។​

​ឯកឧត្តម​បាន​បន្តថា ភ្ញៀវ​អន្តរជាតិ​ភាគច្រើន គឺ​ចង់​មក​ទស្សនា​សត្វ​ផ្សោត​ទន្លេមេគង្គ​នៅ​កម្ពុជា​។ សម្រាប់​ខេត្តក្រចេះ ក៏ដូចជា​ខេត្តស្ទឹងត្រែង សត្វ​ផ្សោត​គឺ​ប្រៀបដូចជា​ប្រាសាទអង្គរវត្ត​ទី​ពីរ​យ៉ាង​ដូច្នេះ​ដែរ ដែល​នៅលើ​ពិភពលោក​សត្វ​ប្រភេទ​នេះ​បាន​ផុត​ពូជ​សឹងតែ​អស់ហើយ ប៉ុន្តែ​មាន​សក្ដានុពល​ដ៏​មាន​ភាព​ទាក់ទាញ និង​មានគុណ​តម្លៃ​ដ៏​ធំ​មហាសាល​សម្រាប់​វិស័យ​ទេសចរណ៍​ជាតិ​។​

​ដោយសារ​ចេះតែមាន​ការរំខាន​ធ្វើឱ្យ​សត្វ​ផ្សោត​បាត់បង់​ជា​បន្តបន្ទាប់ លោក​រដ្ឋមន្ត្រី​បានស្នើ​យ៉ាងទទូច​ដល់​ប្រជា​សហគមន៍ អ្នក​ប្រក​បរបរ​នេសាទ ក៏ដូចជា​អង្គការ WWF និង​ភាគី​ពាក់ព័ន្ធ​ដទៃទៀត ត្រូវ​បន្ត​រួមគ្នា​ថែរក្សា​អភិរក្ស​សត្វ​ផ្សោត ក៏ដូចជា​សត្វព្រៃ​ដទៃទៀត (​សត្វ​ក្ដាន់​) ឱ្យបាន​នៅ​គង់វង្ស​ត​ទៅមុខទៀត ដើម្បី​បង្កើន​ភាព​ទាក់ទាញ​ភ្ញៀវទេសចរ​នានា​។​

​ឯកឧត្តម​បានស្នើ​ប្រជាពលរដ្ឋ​កុំទៅ​នេសាទ​នៅ​កន្លែង​សត្វ​ផ្សោត​រស់នៅ ពីព្រោះ​សត្វ​ប្រភេទ​នេះ​ងាយ​នឹងរង​គ្រោះថ្នាក់​ណាស់ និង​មាន​ការកកើត​យឺត មិនអាច​រំខាន​ដល់​ការរស់នៅ​របស់​ពួកវា​បានឡើយ​។​

​នៅពេល​ប្រជាពលរដ្ឋ​ថែរក្សា​សត្វ​ផ្សោត​បានរស់នៅ​គង់វង្ស​ហើយ ប្រជាពលរដ្ឋ​អាច​ងាក​មក​ប្រកបមុខរបរ​បម្រើសេវា​កម្ម​ជូន​ភ្ញៀវទេសចរ នោះ​ប្រជាពលរដ្ឋ​នឹង​ទទួលបាន​ប្រាក់ចំណូល​កាន់តែច្រើន​ពី​វិស័យ​ទេសចរណ៍ និង​ការចូលរួម​អភិរក្ស​សត្វ​ផ្សោត និង​សត្វព្រៃ​ដទៃ ពិសេស​គឺ​ទទួលបាន​ប្រាក់ចំណូល​ច្រើនជាង​ការនេសាទ ជាង​ការកាប់​ព្រៃឈើ ឬ​ការ​បរបាញ់​សត្វ​នោះ​ទៅទៀត​។​

​ឯកឧត្តម​បណ្ឌិត ថោង ខុន ក៏បាន​ណែនាំ​ឱ្យ​មន្ទីរ​ទេសចរណ៍​ត្រូវ​ពង្រឹង​ការបណ្ដុះបណ្ដាល​ជំនាញ​
​បដិសណ្ឋារកិច្ច ការបម្រើ​សេវាកម្ម​ជូន​ភ្ញៀវ​ឱ្យបាន​ជាប្រចាំ ដើម្បី​បង្កើន​គុណភាព​សេវាកម្ម​ជូន​ភ្ញៀវទេសចរ បង្កើន​ការផ្សព្វផ្សាយ​អំពី​គោលដៅ​របស់ខ្លួន និង​បង្កើន​ការទាក់ទាញ​ភ្ញៀវ​បន្ថែមទៀត​ផងដែរ​។ ប្រជា​សហគមន៍​ត្រូវ​ចេះ​ចិញ្ចឹមសត្វ ដាំ​បន្លែ ផ្លែឈើ និង​ពង្រីក​ផលិតផល​ទេសចរណ៍​ក្នុង​សហគមន៍​របស់ខ្លួន​ឱ្យ​កាន់តែច្រើន ត្រូវ​ចេះ​ច្នៃ​អ្វីដែល​សហគមន៍​មាន​ឱ្យ​ក្លាយទៅជា​ផលិតផល​ទេសចរណ៍​សម្រាប់​បង្ហាញ​ទៅកាន់​ភ្ញៀវទេសចរ នៅពេល​ពួកគេ​មក​ទស្សនា​នៅក្នុង​សហគមន៍​ព្រហ្មចារី​យ៍​ជ្រោយ​បន្ទាយ​នេះ​។​

​ឯកឧត្តម​រដ្ឋមន្ត្រី​បានស្នើ​ដល់​រដ្ឋបាល​ខេត្តក្រចេះ​ជួយ​សម្រួល​ការចរចា​ជាមួយ​រមណី​ដ្ឋា​ន​អន្លង់​ផ្សោត​កាំ​ពី ដើម្បី​មាន​ភ្ញៀវ​មួយចំនួន​ចង់​មក​ទស្សនា​សហគមន៍ ដោយ​ភ្ជាប់​ខ្សែរ​ទស្សនកិច្ច​ពីរ​មណី​ដ្ឋា​ន​អន្លង់​ផ្សោត​កាំ​ពី ហើយ​សូមឱ្យ​មានការ​ទំនាក់ទំនង​ជាមួយ​សហគមន៍​ព្រហ្មចារី​យ៍​ជ្រោយ​បន្ទាយ ដើម្បីឱ្យ​ប្រជា​សហគមន៍​ទទួលបាន​កម្រៃ​ពី​ការបម្រើ​សេវាកម្ម​ជូន​ភ្ញៀវទេសចរ​។​

​ជាមួយគ្នា​នោះ ឯកឧត្តម​រដ្ឋមន្ត្រី​ក៏បាន​ស្នើ​ទៅកាន់​លោកជំទាវ ឆាយ ស៊ីវ​លីន ប្រធាន​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា (CATA) ក្នុងនាម​តំណាង​ផ្នែក​ឯកជន ជួយ​ផ្សព្វផ្សាយ​អំពី​សហគមន៍​កោះ​ព្រហ្មចារី​យ៍​ជ្រោយ​បន្ទាយ និង​រៀបចំ​កញ្ចប់​ទស្សនកិច្ច​មកកាន់​តំបន់​នេះ​ឱ្យបាន​កាន់តែច្រើន​។​

​សូមជម្រាបថា សហគមន៍​កោះ​ព្រហ្មចារី​យ៍​ជ្រោយ​បន្ទាយ​នេះ សម្បូរ​ទៅដោយ​សក្តានុពល​ទេសចរណ៍​បែប​ធម្មជាតិ​ជា​ច្រី​ន រួមមាន​៖ ព្រៃឈើ សត្វ​ស្លាប កោះ សត្វព្រៃ (​ពិសេស​គឺ​សត្វ​ក្តាន់​) ទេសភាព​ព្រៃ​លិច​ទឹកទន្លេ​មេគង្គ សូម្បីតែ​សត្វ​ផ្សោត​ទន្លេមេគង្គ​ដ៏​កម្រ​ក៏​ស្ថិតនៅ​តំបន់​នេះ​ផងដែរ​។ នៅទីនេះ​ទេសចរ​អាច​ជិះទូក​មើល​ទេសភាព​ព្រៃ​លិច​ទឹក ទ​ន្ស​នា​សត្វ​ស្លាប សម្រាកលម្ហែ ងូតទឹក​កម្សាន្ត និង​ពិសា​អាហារ​នៅតាម​កោះ​ស្អាតៗ​ជាច្រើន​។ សហគមន៍​ក៏មាន​ផ្តល់​សេវាកម្ម​ម្ហូបអាហារ និង​ស្នាក់​នៅតាម​ផ្ទះ​ស្នាក់​សហគមន៍​ផងដែរ​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×