Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រូ​ដិ​នស​ល​កម្ពុជា និង ធនាគារ ភ្នំពេញ ពាណិជ្ជ សហការគ្នា​ដើម្បី​ពង្រីក​លទ្ធភាព​ក្នុង​ការទទួល​បានការ​ការពារ​ហិរញ្ញវត្ថុ​សម្រាប់​ពលរដ្ឋ​កម្ពុជា​

spot_img

​ភ្នំពេញ ៖ ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត ព្រូ​ដិ​នស​ល កម្ពុជា និង​ធនាគារ ភីភី​ស៊ី​ប៊ែ​ង បានប្រកាស​ភាពជា​ដៃគូ​រវាង​ក្រុមហ៊ុន​ទាំងពីរ ដើម្បី​ផ្ដល់​ការការពារ និង​តម្រូវការ​ហិរញ្ញវត្ថុ​ដែល​សក្ដិសម​សម្រាប់​ពល​រដ្ឋ​កម្ពុជា​ឲ្យ​បាន​កាន់តែ​ទូលំទូលាយ​។
​ភាពជា​ដៃគូ​ដែល​ត្រូវ​បានអនុម័ត​ដោយ ធនាគារជាតិ​នៃ​កម្ពុជា និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នេះ​នឹង​ពង្រីក​លទ្ធភាព​សម្រាប់​ព​ល​រដ្ឋ​កម្ពុជា ក្នុងការ​ទទួលបាន​សេវា​ធានារ៉ាប់រង​អាយុជីវិត​ឲ្យ​កាន់តែច្រើន ដើម្បី​ជួយ​ការពារ និង​ផ្ដល់​សុវត្ថិភាព​ហិរញ្ញវត្ថុ នាពេល​អនាគត​របស់​ពួកគេ​។

​ក្រោម​ភាពជា​ដៃគូ​នេះ ប្រជា​ពលរ​ដ្ធ​កម្ពុជា​នឹង​អាច​ទទួលបាន​សេវា​ធានារ៉ាប់រង​អាយុជីវិត​ដែល​សក្ដិសម​សម្រាប់​ពួកគេ​បំផុត របស់​ក្រុមហ៊ុន ព្រូ​ដិ​នស​ល កម្ពុជា បាន​តាមរយៈ​បណ្ដាញ និង​សាខា​យ៉ាង​ទូលំទូលាយ​របស់ ធនាគារ ភីភី​ស៊ី​ប៊ែ​ង​។
​ព្រឹត្តិការណ៍​នេះ​ប្រព្រឹត្តឡើង​ក្រោម​អធិបតីភាព​របស់ លោក លោក ប៊ូ ច័ន្ទ​ភី​រូ អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន ឧស្សាហកម្ម​ហិរញ្ញវត្ថុ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង លោក ហេង បូម​ករា អគ្គនាយករង​ត្រួតពិនិត្យ នៃ​ធនាគារជាតិ​នៃ​កម្ពុជា​។​
​លោក ប៊ូ ច័ន្ទ​ភី​រូ បាន​មានប្រសាសន៍ថា ៖ «​ការ​ចែកចាយ​ផលិតផល​ធានារ៉ាប់រង​តាមរយៈ​ធនាគារ គឺ​មិនអាច​ខ្វះ​បាន និង​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ជម្រុញ​ការរីកចម្រើន​។ ភាពជា​ដៃគូ​រវាង​ធនាគារ និង​ក្រុមហ៊ុន​ធានារ៉ាប់រង​ពិត​ជាមាន​សារៈសំខាន់ និង​ផ្ដល់​អត្ថប្រយោជន៍​ទាំងសងខាង ដោយ​ក្រុមហ៊ុន​ធានារ៉ាប់រង​ទទួលបាន​កំណើន​នៃ​ការលក់ និង ចំពោះ​ធនាគារ​អាចជួយ​ឲ្យ​អតិថិជន​របស់ខ្លួន​ទទួលបាន​នូវ​ការការពារ​កម្ចី​របស់​ធនាគារ​តាមរយៈ​ផលិតផល​ធានារ៉ាប់រង​ផងដែរ​។​»

​លោក ហេង បូម​ករា មានប្រសាសន៍ថា ៖«​ការរៀបចំ​ពិធី​នា​ថ្ងៃនេះ​គឺជា​សក្ខីភាព​ដ៏​សំខាន់​ដែល​ឆ្លុះ​ប​ញ្ជាំ​ង​ពី​ការរីកចម្រើន​ឥតឈប់ឈរ​នៃ​វិស័យ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា និង​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ល្អ​រវាង​ប្រតិបត្តិ​ករ​វិស័យ​ធនាគារ និង​វិស័យ​មិនមែន​ធនាគារ​។ ពោ​គ​គឺ​រវាង ធនាគារ ភីភី​ស៊ី​ប៊ែ​ង និង ក្រុមហ៊ុន ព្រូ​ដិ​នស​ល​កម្ពុជា ដែល​កិច្ចសហការ​នេះ​ជា​កត្តា​ដ៏​សំខាន់​ក្នុងការ​ចូលរួមចំណែក​អភិវឌ្ឍ​វិស័យ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​។​»
​លោក Sanjay Chakrabarty នាយក​ប្រតិបត្តិ នៃ​ក្រុមហ៊ុន ព្រូ​ដិ​នស​ល កម្ពុជា មានប្រសាសន៍ថា​៖ «​នៅ​ក្រុមហ៊ុន ព្រូ​ដិ​នស​ល​កម្ពុជា គោលបំណង​របស់​យើង គឺ​ជួយ​ប្រជាពលរដ្ឋ​គ្រប់រូប​ឲ្យ​ទទួលបាន​នូវ​ជីវិត​ដ៏​ប្រសើរ​។

​ចាប់តាំងពី​ការចាប់ផ្ដើម​អាជីវកម្ម​របស់​យើង​នៅ​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ ២០១៣ មក ក្រុមហ៊ុន ព្រូ​ដិ​នស​ល កម្ពុជា បានអនុម័ត​ផ្ដល់ប្រាក់​សំណង​សរុប​ចំនួន ១១,១ លាន​ដុល្លារ និង​បានផ្ដល់​ការការពារ​ហិរញ្ញវត្ថុ​ជូន​ម្ចាស់​បណ្ណ​សន្យា​រ៉ាប់រង​ចំនួន​ជាង ២៥​ម៉ឺន​នាក់ (​គិត​ត្រឹម​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២០)​។
​ការផ្ដល់ប្រាក់​សំណង​ទាំងអស់នេះ​បាន​ជួយ​ដល់​ក្រុមគ្រួសារ​កម្ពុជា ក្នុង​ការស្តារ​ស្ថានភាព​គ្រួសារ​របស់​ពួកគេ បន្ទាប់ពី​មាន​ហេតុការណ៍​អកុសល​បានកើត​ឡើង​។ ជំងឺ​រាតត្បាត​ជាស​កល​កូ​វីដ​-19 កំពុង​បន្ត​កើតឡើង ខណៈដែល​អត្រា​នៃ​ការប្រើប្រាស់​សេវា​ធានារ៉ាប់រង​អាយុជីវិត​ក្នុងប្រទេស​កម្ពុជា​នៅមានកម្រិត​ទាប​នៅឡើយ ដូច្នេះ​គោលបំណង​របស់​យើង​គឺ​កាន់តែ​ចាំបាច់ និង​បន្ទាន់​ជាង​ពេលណាៗ ទាំងអស់​ក្នុង​ប្រវត្តិសាស្ត្រ​របស់​យើង​នៅក្នុង​ប្រទេស​កម្ពុជា​។​»

​លោក Sanjay Chakrabarty បាន​បន្ថែមទៀតថា​៖ «​ក្នុងនាម​ជា​អ្នកការពារ​ផ្នែក​សុខុមាលភាព​ហិរញ្ញវត្ថុ​របស់​អតិថិជន​ធនាគារ​បាន​ដើរតួនាទី​យ៉ាងសំខាន់ ក្នុងការ​ណែនាំ​ដល់​អតិថិជន​អំពី​ការការពារ និង​តម្រូវការ​ហិរញ្ញវត្ថុ​របស់​ពួកគេ​។ យើង​មាន​សេចក្ដីសោមនស្ស​រីករាយ​ដែល​បាន​ចាប់​ដៃគូ​ជាមួយ​ធនាគារ ភីភី​ស៊ី​ប៊ែ​ង ហើយ​យើង​ទន្ទឹងរង់ចាំ​ជួយ​ការពារ​សុខភាព និង​ទ្រព្យសម្បត្តិ​របស់​អតិថិជន​ពួកគេ​ផងដែរ​។​»
​នាយក​ប្រតិបត្តិ ធនាគារ ភីភី​ស៊ី​ប៊ែ​ង លោក Shin Chang Moo បាន​មានប្រសាសន៍ថា​៖ «​ធនាគារ ភីភី​ស៊ី​ប៊ែ​ង តែងតែមាន​ទំនុកចិត្ត​លើ​កិច្ច​សហ​ប្រតិ​ប​ត្កិ​ការ​។ យើង​ជឿជាក់ថា កិច្ចសហប្រតិបត្តិការ​ជាមួយ​ដៃគូ​ដែល​ត្រឹមត្រូវ អាចជួយ​ឲ្យ​យើង​នាំយក​ផលិតផល​ពិសេសៗ និង​ផ្ដល់ជូន​នូវ​សេវាកម្ម​កាន់តែ​ប្រសើរ​សម្រាប់​អតិថិជន​របស់​យើង​។ ចាប់ពី​ថ្ងៃនេះ​តទៅ តាមរយៈ​ភាពជា​ដៃគូ​ជាមួយ ក្រុមហ៊ុន ព្រូ​ដិ​នស​ល កម្ពុជា យើង​នឹង​អាចជួយ​គាំទ្រ​អតិថិជន​របស់​យើង ដោយ​បំពេញ​ទាំង​តម្រូវការ​ការពារ និង​តម្រូវការ​សន្សំ ដើម្បី​ជួយ​ឲ្យ​ពួកគេ​សម្រេចបាន​នូវ​គោលដៅ​ហិរញ្ញវត្ថុ​រយៈពេល​យូរអង្វែង​។​»
​ភាពជា​ដៃគូ​រវាង ក្រុមហ៊ុន ព្រូ​ដិ​នស​ល កម្ពុជា និង​ធនាគារ ភីភី​ស៊ី​ប៊ែ​ង បាន​គូសបញ្ជាក់​ពី​ភាពរស់រវើក និង​រឹងមាំ​នៃ​សេដ្ឋកិច្ចកម្ពុជា ជាមួយនឹង​ចក្ខុវិស័យ​ឈានមុខ ដែលជា​ភាព​ទាក់ទាញ​សម្រាប់​ទិសដៅ​លើ​ការវិនិយោគ​រយៈពេល​វែង​៕
​រក្សា​សិទ្ធិ​ដោយ​៖CEN

spot_img
×